ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថា ការ​កើន​ឡើង​មេរោគ​អ៊ីនធឺណិត​ជា​ភាសា​ចិន​អាច​ប្រជែង​លើស​​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ជា​ភាសា​រុស្ស៊ី 


រូបឯកសារ៖ បុរស​ម្នាក់​វាកំពុង​ចុច​កុំព្យូទ័រ ខណៈ​ដែល​កូដ​អ៊ីនធឺណិត​ត្រូវ​បាន​គេ​បញ្ចាំង​លើលោក នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ២០១៧។
រូបឯកសារ៖ បុរស​ម្នាក់​វាកំពុង​ចុច​កុំព្យូទ័រ ខណៈ​ដែល​កូដ​អ៊ីនធឺណិត​ត្រូវ​បាន​គេ​បញ្ចាំង​លើលោក នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ២០១៧។

អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​រុស្ស៊ី​និង​អឺរ៉ុប​ខាង​កើត​បាន​គ្រប​ដណ្ដប់​លើ​ពិភព​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ប៉ុន្តែ​ពួកគេ​ប្រហែល​ជា​នឹង​ប្រឈម​នឹង​ឧបសគ្គ​ពី​ប្រទេស​ចិន​ដែល​ជា​គូ​ប្រជែង​ថ្មី។

អ្នក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន​សន្តិសុខ​តាម​អ៊ីនធឺណិត Proofpoint បាន​និយាយ​ថា ពួកគេ​បានឃើញ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ការ​រីក​សាយភាយ​នៃ​មេរោគ​អ៊ីនធឺណិត​ជា​ភាសា​ចិន​តាម​រយៈ​យុទ្ធនាការ​តាម​អ៊ីមែល​តាំងពី​ដើម​ឆ្នាំ ២០២៣ មក។ នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា​មាន​ការ​កើន​ឡើង​នៅ​ក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ជា​ភាសា​ចិន និង​ជា​ទំនោរ​ថ្មី​មួយ​នៅ​ក្នុង​ទិដ្ឋភាព​គំរាម​កំហែង​ជា​សាកល។

អ្នកស្រី Selena Larson អ្នក​វិភាគ​ជាន់​ខ្ពស់​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ខាង​ការ​គំរាម​កំហែង​នៅ​ក្រុមហ៊ុន Proofpoint ​និង​ជា​អ្នក​និពន្ធ​មួយ​រូប​នៃ​របាយការណ៍​ថ្មី​មួយ​របស់​ក្រុមហ៊ុន​នេះ​អំពី​មេរោគ​អ៊ីនធឺណិត​ជា​ភាសា​ចិន បាន​និយាយ​ថា ការ​កើន​ឡើង​នេះ​អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន។

អ្នកស្រី Larson បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា៖ «[មេរោគ​អ៊ីនធឺណិត​នេះ] អាច​មាន​ចំនួន​កើន​ឡើង ហើយ​មេរោគ​នេះ​មួយ​ចំនួន​អាច​មាន​លទ្ធភាព​ចូល​លុកលុយ​ក្នុង​អ៊ីនធឺណិត​ដោយ​ងាយ​ស្រួល។ ជាង​នេះ​ទៀត គេ​អាច​ឃើញ​មាន​សកម្មភាព​កើន​ឡើង​ពី​តួអង្គ​គំរាម​កំហែង​បែប​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​និយាយ​ភាសា​ចិន​ជា​ទូទៅ»។

នៅ​ពេល​ដែល​តួអង្គ​និយាយ​ភាសា​រុស្ស៊ី​នៅ​បន្ត​គ្រប​ដណ្ដប់​លើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត របាយការណ៍​របស់​ក្រុមហ៊ុន Proofpoint បាន​បញ្ជាក់​ថា ការ​កើន​ឡើង​នា​ពេល​ថ្មីៗ​នេះ​នូវ​មេរោគ​អ៊ីនធឺណិត​ជា​ភាសា​ចិន «ប្រហែល​ជា​អាច​ប្រជែង​យកការគ្រប​ដណ្ដប់​លើ​ឆាកឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​និយាយ​ភាសា​រុស្ស៊ី​និង​កំពុង​មាន​នៅ​លើ​សមរភូមិ​ផ្នែក​គំរាម​កំហែង»។

ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​ដែល​ស្ថិត​នៅ​ពី​ក្រោយ​យុទ្ធនាការ​ជា​ភាសា​ចិន​នេះ​បាន​ប្រើ​ប្រភេទ​កម្មវិធី​មេរោគ​បំផ្លាញ​តាម​អ៊ីនធឺណិត​ដែល​គេ​ស្គាល់​ថា Remote Access Trojan ឬ​ក៏ RAT។ មេរោគ​អ៊ីនធឺណិត​នេះ​ត្រូវ​បាន​គេ​បញ្ជូន​តាម​អ៊ីមែល និង​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន​តាម​អ៊ីនធឺណិត​មាន​លទ្ធភាព​អាច​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​បាន​ពី​ទីតាំង​ផ្សេង​និង​លួច​ទិន្នន័យ​ឬ​ក៏​ធ្វើ​សកម្មភាព​បំផ្លាញ​ផ្សេងៗ​ទៀត។

មេរោគ​អ៊ីនធឺណិត​ជា​ភាសា​ចិន​នេះ ដែល​ផ្ទុក​នៅ​ក្នុង​វិក្កយបត្រ​ក្លែងក្លាយ​បញ្ជូន​ទៅ​កាន់​អាជីវកម្ម​និង​គោលដៅ​ផ្សេង​ទៀត​ដែល​មិន​ដឹង​រឿង គឺ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ជា​ភាសា​ចិន​ដែល​គេ​សង្ស័យ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Proofpoint៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG