ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ធ្វើទស្សនកិច្ចទៅលីទុយអានីដើម្បីពិភាក្សាអំពីការគាំទ្ររបស់អឺរ៉ុបចំពោះអ៊ុយក្រែន


ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​លីទុយអានី​លោក Gitanas Nauseda ចាប់ដៃគ្នា​នៅ​ក្នុង​ជំនួប​មួយ នៅ​រដ្ឋធានី Vilnius ប្រទេសលីទុយអានី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (Ukrainian Presidential Press Office via AP)
ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​លីទុយអានី​លោក Gitanas Nauseda ចាប់ដៃគ្នា​នៅ​ក្នុង​ជំនួប​មួយ នៅ​រដ្ឋធានី Vilnius ប្រទេសលីទុយអានី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (Ukrainian Presidential Press Office via AP)

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ថ្ងៃ​ពុធ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លីទុយអានី​សម្រាប់​ការ​ពិភាក្សា​ដែល​លោក​ថា​នឹង​ផ្ដោត​លើ​បញ្ហា​សន្តិសុខ ការ​ចូល​ជា​សមាជិក​របស់​អ៊ុយក្រែន​នៅ​ក្នុង​អង្គការ​អូតង់ (NATO) និង​សហភាព​អឺរ៉ុប កិច្ច​សហប្រតិបត្តិការ​ផ្នែក​ដ្រូន និង​ការ​សម្របសម្រួល​ការ​គាំទ្រ​របស់​អឺរ៉ុប។

លោក Zelenskyy ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​នឹង​សម្ដែង​ការ​ដឹងគុណ​ចំពោះ​ប្រទេស​លីទុយអានី​សម្រាប់ «ការ​គាំទ្រ​ឥត​ឈប់ឈរ​លើ​អ៊ុយក្រែន​តាំងពី​ឆ្នាំ ២០១៤ មក និង​ជាពិសេស​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្នុង​អំឡុង​ការ​ឈ្លានពាន​ពេញ​ទំហឹង​របស់​រុស្ស៊ី [លើ​អ៊ុយក្រែន]»។

ខុទ្ទកាល័យ​លោក​ប្រធានាធិបតី Gitanas Nauseda នៃ​ប្រទេស​លីទុយអានី​បាន​បញ្ជាក់​ថា បន្ថែម​ទៅ​នឹង​ការ​ពិភាក្សា​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន មេដឹកនាំ​ទាំងពីរ​ក៏​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជន​លីទុយអានី​និង​ជួប​ជាមួយ​នឹង​ជន​ភៀសខ្លួន​អ៊ុយក្រែន​ដែល​រស់នៅ​ក្នុង​ប្រទេស​លីទុយអានី​ផង​ដែរ។

លោក Zelenskyy បាន​ធ្វើ​ទស្សនកិច្ច​ម្ដងម្កាល​ទៅ​ក្រៅ​ប្រទេស​អ៊ុយក្រែន​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​ពេញ​ទំហឹង​លើ​ប្រទេស​របស់​លោក​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២២ មក។

លោក​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រៅពី​ប្រទេស​លីទុយអានី លោក​ក៏​នឹង​ធ្វើ​ទស្សនកិច្ច​ផង​ដែរ​ទៅ​កាន់​ប្រទេស​អេស្តូនី​និង​ប្រទេស​ឡេតូនី។

លោក Zelenskyy និង​មន្ត្រី​អ៊ុយក្រែន​ផ្សេង​ទៀត​បាន​បង្ហាញ​អំពី​តម្រូវការ​នៅ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​នៅ​ចំ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​ជា​រៀងរាល់​ថ្ងៃ​ពី​រុស្ស៊ី។ នៅ ឆ្នាំ​នេះ រុស្ស៊ី​បាន​បង្កើន​ការ​វាយ​ប្រហារ​ខុស​ធម្មតា​ដោយ​ប្រើ​ដ្រូន​និង​ជាពិសេស​មីស៊ីល ដែល​ជា​រឿយៗ​សំដៅ​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​បាន​ត្រឡប់​ចូល​ធ្វើការ​វិញ​នៅ​សប្ដាហ៍​នេះ បន្ទាប់ពី​បាន​ឈប់​សម្រាក​រដូវ​ចូលឆ្នាំ​ថ្មី ៣ សប្ដាហ៍ ដើម្បី​បន្ត​ធ្វើការ​ឱ្យ​បាន​ការ​ព្រមព្រៀង​អំពី​បញ្ហា​សន្តិសុខ​ព្រំដែន​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​អាច​បញ្ជូន​ជំនួយ​បន្ថែម​ទៀត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​បាន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG