ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសម្តែងជំនឿចិត្តថា រុស្ស៊ីនឹងត្រូវចាញ់ ហើយព្រមានថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានបង្ហាញថា អឺរ៉ុបគួរអភិវឌ្ឍផលិតកម្មអាវុធរួមគ្នាជាមួយអ៊ុយក្រែន និងបង្កើតឃ្លាំងអាវុធឱ្យបានគ្រប់គ្រាន់ដើម្បីការពារប្រទេសរបស់ខ្លួន។
លោក Zelenskyy បានថ្លែងដូចនេះតាមរយៈប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំការពារជាតិក្នុងរដ្ឋធានីស្តុកខុល ប្រទេសស៊ុយអែត កាលពីថ្ងៃអាទិត្យម្សិលមិញ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom បានបង្ហាញការតាំងចិត្តនៃប្រទេសរបស់លោកក្នុងការជួយគាំទ្រដល់ប្រទេសអ៊ុយក្រែន។
ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលជប៉ុនក៏បានប្តេជ្ញាចិត្ត ក្នុងការជួយគាំទ្រដល់អ៊ុយក្រែនផងដែរ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសជប៉ុនអ្នកស្រី Yoko Kamikawa បានធ្វើដំណើរទស្សនកិច្ចដែលមិនប្រកាសឱ្យដឹងជាមុនទៅកាន់អ៊ុយក្រែន ដែលធ្វើឱ្យអ្នកស្រីក្លាយជាឥស្សរជនបរទេសផ្លូវការលើកទី ១ ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេះ ក្នុងឆ្នាំ ២០២៤។
អ្នកស្រី Kamikawa ដែលត្រូវបានបង្ខំឱ្យរកកន្លែងសុវត្ថិភាពក្រោយមានសញ្ញាប្រកាសអាសន្នវាយប្រហារតាមអាកាសក្នុងរដ្ឋធានីកៀវ បានថ្កោលទោសការវាយប្រហារដោយគ្រាប់មីស៊ីលនិងដ្រូនរបស់រុស្ស៊ីលើជនស៊ីវិល ពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំសកល ដោយអ្នកស្រីបន្ថែមថា ប្រទេសជប៉ុននិងផ្តល់ជំនួយថវិកាបន្ថែមចំនួន ៣៧ លានដុល្លារដល់មូលនិធិទំនុកចិត្ត របស់អង្គការអូតង់ ដើម្បីទិញប្រព័ន្ធតាមដានយន្តហោះដ្រូន។
រុស្ស៊ីបានប្រើមីស៊ីលជាង ៣០០ គ្រាប់ និងដ្រូនជាង ២០០ គ្រឿង ក្នុងការវាយប្រហារនៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២៣ និងថ្ងៃចាប់ផ្តើមក្នុងឆ្នាំ ២០២៤ នេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមមន្ត្រីបាននិយាយថា ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលលឿនជាងសំឡេង និងមីស៊ីលសំកាំងប្រឆាំងនឹងគោលដៅរបស់អ៊ុយក្រែន ដោយវាយប្រហារនៅជិតសមរភូមិមុខនៅភាគខាងកើត ក៏ដូចជានៅតំបន់កណ្តាល និងភាគខាងលិចនៃប្រទេស។
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទនេះថា ជនស៊ីវិលយ៉ាងតិចបួននាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងយ៉ាងហោចណាស់ ៣០ នាក់ បានរងរបួស។ មន្ត្រីលោកខាងលិច និងអ្នកវិភាគធ្លាប់បានព្រមានថា រុស្ស៊ីកំពុងស្តុកទុកមីស៊ីលដើម្បីរៀបចំសម្រាប់យុទ្ធសាស្ត្រទម្លាក់គ្រាប់បែកក្នុងរដូវរងា ដោយសារអាកាសធាតុអាក្រក់បានធ្វើឲ្យខ្សែត្រៀមជួរមុខចម្ងាយ ១៥០០ គីឡូម៉ែត្រ ភាគច្រើននៅស្ថិតស្ថេរបន្ទាប់ពីសង្គ្រាមរយៈពេល ២២ ខែ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Associated Press, Agence France-Presse និង Reuters។
វេទិកាបញ្ចេញមតិ