ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​តម្កល់​សេចក្តី​សម្រេច​កាត់​ទោស​សកម្ម​ជន​គណបក្ស​ប្រឆាំង​១៣​នាក់


ឡាន ដឹកអ្នកទោសដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចេញពីតុលាការកំពូល ក្នុង រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
ឡាន ដឹកអ្នកទោសដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចេញពីតុលាការកំពូល ក្នុង រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

តុលាការ​កំពូល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សម្រេចតម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ ដោយ​បញ្ជា​ឱ្យ​នាំ​ខ្លួន​សកម្ម​ជន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៣​នាក់ ទៅ​ឃុំនៅ​មណ្ឌល​ឃុំឃាំងត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ បន្ត​ទៀត រហូត​ដល់គ្រប់​រយៈពេលកំណត់។

ពួកគេ​ទាំង​១៣​នាក់​នេះ​ត្រូវ​បានតុលាការ​ចោទ​ពី​បទ«រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ហើយ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​និង​សាលា​ឧទ្ធរណ៍​កាត់​ទោស​ដាក់​ពន្ធនាគារ​៥ឆ្នាំ តែ​ត្រូវ​ជាប់​ទោស​តែ​៣ឆ្នាំ​និង​៨​ខែ​។ ទោស​សល់​ពី​នោះ ​ត្រូវ​ព្យួរ។ នេះ​បើតាម​មេធាវី​ការពារ​សកម្មជន​ទាំង​នោះ គឺ​លោក សំ សុគង់​។

​ចៅក្រម​តុលាការ​កំពូល លោក ស៊ឹង បញ្ញាវុធ​ ប្រធាន​ប្រឹក្សា​ជំនុំ​ជម្រះ បាន​ប្រកាស​សាល​ដីកា ​ដោយបដិ​សេ​ធ​បណ្តឹង​សា​ទុក្ខ​របស់​ពួកគេ​ទាំង​១៣​នាក់ និង​បាន​ប្រកាសតម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​។

ក្រោយ​ចៅ​ក្រម​តុលាការ​កំពូលបិទ​បញ្ចប់​សវនាការ​នៃ​ការ​ប្រកាស​សាលដីកា លោក​មេធាវី សំ សុគង់ ​ដែល​ការពារ​ក្តី​ឱ្យ​អតីត​សកម្ម​ជន​ទាំង​១៣​នាក់​ ប្រាប់អ្នក​សារ​ព័ត៌​មាន​សំឡេង​សហរដ្ឋអាមេរិកវីអូអេ​នៅ​ខាង​ក្រៅ​តុលាការ​កំពូល​ថា​លោក​ខក​ចិត្ត​ចំពោះ​សាល​ដីកា​របស់​តុលា​ការ​កំពូល។ ​លោកថា​ ការ​កាត់​ទោស​របស់​តុលាការ​ថ្នាក់​ក្រោម​កាល​ពីកន្លង​ទៅ​មាន​កំហុស​មួយ​ចំនួន​ ដែលរួម​មាន«បំភ្លៃ​អង្គ​ហេតុ ​ការ​អនុវត្ត​ច្បាប់​ខុស និងសំអាង​ហេតុ និង​សេចក្តី​សម្រេច​ផ្ទុយ​គ្នា»។ ​ដូច្នេះលោក​ថា ​តុលាការ​កំពូល​គួរ​ពិចារណា​រ​ឱ្យ​សាលា​ឧទ្ធរណ៍​កាត់​ឡើង​វិញ ឬ​ដោះ​លែង​កូនក្តី​របស់​លោកឱ្យ​មាន​សេរី​ភាព។

អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន អំឡុងឆ្នាំ២០​២០។ ពួក​គេ​ត្រូវ​បានសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» កាល​ពី​ខែ​មីនា ​ឆ្នាំ​២០​២២។ តុលាការ​ចោទពួកគេ​ថា​បាន​ចូល​រួមក្នុង«ច​លនា​សង្គ្រោះ​ជាតិ» ដែល​បង្កើត​ឡើង​នៅ​ក្រៅ​ប្រទេស​ ​ដោយ​អតីត​មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ តាំង​ពីឆ្នាំ​២០​១៨​មក។ ​ពួក​គេ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​មិន​បាន​សម្រេច​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម​ រង្ស៊ី​ កាល​ពី​ឆ្នាំ​២០១៩។

អតីត​សកម្មជន​បក្ស​សង្គ្រោះជាតិក្នុង​ចំណោម​១៣​នាក់ រួមមាន ​លោក ស៊ុន ធន់ លោក ​ឆុន ប៊ុនឆាត​ លោក ​យឹម សារ៉េត ​លោក ជុំ​ ចាន់ ​លោក​ កែវ ថៃ​ លោក​ ឡុង ផារី​ លោក​ ពៀត​ ម៉ាប់​ លោក​ សុខ ចាន់ថា ​លោក​ ឃឹម ភាណា​ លោក ​ឃុត ច្រឹក ​លោក ​ញ៉ែម វ៉ាន​ លោក ​ថៃ គន្ធា​ និង​លោក ងិន ឃាន។

​កាល​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ត្រូវ​បាន​តុលាការ​កំពូលរំលាយ ពួកគេ​ខ្លះជា​សមា​ជិក​ក្រុម​ប្រឹក្សា​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត ខ្លះ​ជា​ចៅ​សង្កាត់ និង​ខ្លះ​ជា​ជំទប់​ឃុំ​ជា​ដើម​។

​ក្នុង​ពេល​កាត់​ក្តី​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ តុលាការ​បាន​យក​ភស្តុ​តាង​ដាក់​បន្ទុក ​ជា​ឃ្លីប​វីដេអូ​ជាង​៣​ម៉ោង​ទាក់​ទង​នឹង​ព្រឹតិ្ត​ការណ៍​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជាផ្លូវ​ការ​នៅ​សហ​រដ្ឋ​អាមេរិក និងភស្តុតាង​ដែល​ជា​ការ​សន្ទនា​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ​របស់​ជន​ជាប់​ចោទ​លោក ​ញ៉ែម វ៉ាន​ ​លោក ឡុង ផារី​ លោក ​ងិន ឃាន​ លោក​ ឃុត ច្រឹក​ និង​លោក​ យឹម សារ៉េត។

​បើ​តាម​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទនោះ មាន​ខ្លះ​ផ្តោត​លើ​ហេតុ​ការណ៍​នានា​ទាក់​ទិន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ និង​មួយ​ចំនួន​ផ្តោត​លើ​ការ​ចូលរួម​បង្កើត​បក្ស​នយោបាយ​ថ្មី​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​និង​ការ​និយាយ​អំពី​វត្តមាន​របស់​ប្រមុខ​ការទូត​អាមេរិក​នៅ​កម្ពុជា​ក្នុង​សវនា​ការ​របស់​លោក ​កឹម សុខា ​និង​ការ​ប៉ុនប៉ង​របស់​ជន​ជាប់​ចោទ​ម្នាក់​ឈ្មោះ​ ញ៉ែម វ៉ាន ​ដែល​ចង់​ទៅ​បំផ្ទុះ​គ្រាប់​បែក​ឆ្នុក​ក្នុង​ទឹកដី​ថៃ​ជាប់​តំបន់​ប៉ោយ​ប៉ែត។

មេធាវី​ការ​ពារ​ក្តី​ឱ្យ​ជនជាប់ចោទ​លោក សំ សុគង់​ ក៏​តែង​តែ​ការ​ពារ​កូនក្តី​ខ្លួន​ថាភស្តុ​តាង​ជា​វីដេអូ​ដែល​មានរយៈពេល​ជាង​បីម៉ោង​ មិន​ជាប់​ទាក់​ទង​នឹង​កូនក្តី​ទាំង​១៣​នាក់ដែល​កំពុង​ស្ថិត​ក្នុង​ឃុំ​ទេ។ លោក​បន្ត​ថា​ភស្តុ​តាង​នេះ ​ក៏មិន​សូវ​មាន​ប្រយោជន៍​ដល់​សវនាការ​កូនក្តី​របស់​លោក​ដែរ ហើយ​កូនក្តី​លោក​ក៏​ប្រាប់​លោក​ថា​ពួក​គាត់​មិន​ដែល​បាន​ឃើញ​ឃ្លីប​វី​ដេអូ​នោះ​ទេ​។

ក្រោយ​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ អ្នក​ស្រី អ៊ុក ចន្ធី ភរិយា​របស់​លោក ​យឹម សារ៉េត ចាត់​ទុក​ការកាត់​ទោស​របស់​តុលាការជា​រឿង​អយុត្តិ​ធម៌​សម្រាប់​ស្វាមី​និង​សកម្មជន​ផ្សេង​ទៀត។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​ការ​កាត់​ទោស​ក្រុម​គ្រួសារ​របស់​ខ្ញុំទាំង​១៣​នាក់​ហ្នឹង​ គឺកាត់​ទោស​ទាំង​អយុត្តិ​ធម៌ ដោយ​សារថាពួកគាត់​ទាំង​អស់​គ្នា​អត់​ មាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់របស់តុលាការ​ដំបូងទេ គឺ​តុលាការ​ដំបូង​កាត់​ទោស​គាត់ហ្នឹ​ង គឺ​កាត់ទោស​ដោយ​អត់​មាន​ភស្តុតាង​អ្វី​ទាំង​អស់ គឺជា​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​តែ​ម្តង»។

អ្នកស្រី ចន្ធី ចង់​ឃើញ​អ្នក​នយោ​បាយ​ខ្មែរ​ជជែក​រក​ដំណោះ​ស្រាយ ទើប​ស្វាមី​អាច​មាន​សេរី​ភាព​ឡើង​វិញ។

អ្នកស្រី​បន្ត​ថា៖ «ស្រុកខ្មែរ​យើង​លុះត្រា​មាន​បរិបទ​នយោ​បាយ​ធូរស្រាល អាហ្នឹង​ទើបសង្ឃឹម​ថា ពួកគាត់​ត្រូ​វ​គេ​ដោះ​លែង។ បើ​ថា​អត់មាន​បរិបទនយោបាយ​ធូរស្រាលទេ គឺ​ពួកគាត់​នៅតែជាប់​ឃុំ​រហូត​។ ទាល់តែគាត់អនុវត្ត​ទោសគាត់​ចប់សព្វ​គ្រប់ហ្មង»។
​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​ស្រី ​ម៉ៅ ធីតា ​អ្នក​នាំ​ពាក្យ​តុលាការ​កំពូលបាន​នៅ​ឡើយ​ទេ។

លោក ​យី សុខសាន្ត​ ​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ដែល​បាន​ចូល​ស្តាប់​ក្នុង​សវនាការ​ យល់​ឃើញ​ថាតុលាការកំពូលគួរ​តែ​ប្រើ​ឆន្ទានុ​សិទ្ធ​សម្រេច​ឱ្យ​អតីត​សកម្ម​ជន​សង្គ្រោះ​ជាតិ​ទាំង​១៣​នាក់នេះ មាន​សេរីភាព ព្រោះ​អ្នក​ជាប់​ទោស​ទាំង​នេះ​បាន​អនុវត្ត​ទោស​បានប្រមាណ​៧០%​ហើយ​។ លោក​ក៏​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោ​បាយ ដើម្បី​បញ្ចៀស​សម្ពាធ​ទណ្ឌ​កម្ម​លើ​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «បើ​យើង​គិត​ថា​កម្ពុជា​មាន​សន្តិភាព​មែន មាន​ន័យ​ថា អ្នក​នយោ​បាយ​មិន​មានទោស​ទេ​។ ​គឺ​ច្បាប់​យើង​មាន​ចែង​គ្រប់​គ្រាន់​ពាក់​ព័ន្ធ​ទៅ​នឹង​ផ្តល់​សិទ្ធិ​សេរីភាព​ឱ្យពួកគេ​បាន​ធ្វើ​នយោបាយ​ ដោយ​អហិង្សា ​ដោយ​ស្មើ​ភាព​ចំពោះ​ការ​ប្រកួត​ប្រជែង ដែល​មាន​អាជ្ញា​កណ្តាល​មួយ​ឯក​រាជ្យ»​៕

XS
SM
MD
LG