ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើង​ទៀន​បន្ត​ទាម​ទារ​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នៃ​ការ​បោក​គ្រាប់​បែក កាល​ពី​២៦​ឆ្នាំ​មុន


ពិធីបុណ្យបង្សុកូលគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងអំពើភេរវកម្មដោយគ្រាប់បែកដៃឆ្នាំ១៩៩៧ រាជធានីភ្នំពេញ ថ្ងៃទី៣០មីនា២០២៣។ (លាស់ លីបលីប/វីអូអេ)
ពិធីបុណ្យបង្សុកូលគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងអំពើភេរវកម្មដោយគ្រាប់បែកដៃឆ្នាំ១៩៩៧ រាជធានីភ្នំពេញ ថ្ងៃទី៣០មីនា២០២៣។ (លាស់ លីបលីប/វីអូអេ)

នៅ​ក្នុង​ឱកាស​ខួប​២៦​ឆ្នាំ​នៃ​សោកនាដ​កម្ម ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ១៩៩៧​នៃ​ការ​បោក​គ្រាប់​បែក​សម្លាប់​មនុស្ស គណបក្ស​ភ្លើង​ទៀន​បាន​ប្រកាស​បន្ត​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ដែល​ស្លាប់​និង​របួស។

កាល​ពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ​២០២៣ ថ្នាក់​ដឹកនាំ សកម្ម​ជន និង​អ្នកគាំទ្រ​គណ​បក្ស​ភ្លើង​ទៀន​មួយ​ចំនួន បាន​ជួប​ជុំគ្នា​នៅ​បរិវេណ​ស្តូប​វីរ​បាតុករ មុខ​អតីត​មន្ទីរ​រដ្ឋ​សភា ដែល​បច្ចុប្បន្ន​ជា​អគារ​តុលាការ​កំពូល ដើម្បី​រៀបចំ​ពិធី​បុណ្យ​បង្សុ​កូល គោរព​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់ ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ចំនួន​៤​គ្រាប់។

គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ក្នុង​សារ​បង្ហោះ​លើ​ហ្វេស​ប៊ុក​របស់​គណបក្ស​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «រយៈ​ពេល ២៦​ឆ្នាំ​កន្លង​មក​នេះ ក្រុម​គ្រួសារ​ជនរងគ្រោះ នៅ​តែ​ទទួល​រង​នូវ​ការ​ឈឺ​ចាប់ ដោយ​សារ​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពី​ភេរវ​កម្ម​នៃកា​រវា​យ​ប្រហារ​ដោយ​គ្រាប់​បែកដៃ នៅ​ពុំទាន់​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ផ្តន្ទា​ទោស​នៅ​ឡើយ»។

គណបក្ស​ភ្លើងទៀន​បន្ត​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​មាន​សមត្ថកិច្ច «វែក​មុខនិង​ចាប់​ខ្លួន​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ភេរវ​កម្ម​នេះ យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ជា​ធរ​មាន ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា»។

កាល​ពី​ថ្ងៃ​ទី៣០ ​ខែមីនា ឆ្នាំ​១៩៩៧ មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ចំនួន​៤​គ្រាប់​ទៅ​លើ​ក្រុម​បាតុករ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ​ដែល​កាល​នោះ​ជា​ប្រធាន​គណបក្សជាតិខ្មែរ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​ពី​មុខ​អតីត​អគារ​រដ្ឋសភា។

ព្រឹត្តិការណ៍​បោក​គ្រាប់​បែក​កាល​ពី​២៦​ឆ្នាំ​នោះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៦​នាក់ និង​របួស​ជាង​១០០​នាក់ ដែល​កាល​នោះ​មាន​ការ​ធ្វើ​បាតុកម្ម​ដោយ​លោក សម រង្ស៊ី ដើម្បី​ទាមទារ​ឱ្យមាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គណបក្ស​ប្រឆាំង​ជា​រៀង​រាល់​ឆ្នាំ​បាន​រៀបចំ​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់។

ក្នុង​ពិធី​បុណ្យ​បង្សុ​កូល​នោះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ថ្លែង​ថា​លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​វាយប្រហារ ដែលកើត​ឡើង​អស់​រយៈ​ពេល​២៦ឆ្នាំ​មក​ហើយ ប៉ុន្តែមិន​ទាន់​ឃើញ​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «ទាក់​ទង​ទៅ​នឹង​ព្រឹត្តិការណ៍​សោកនាកម្ម​នៅ​ថ្ងៃ​៣០ មីនា ឆ្នាំ​១៩៩៧​នោះ បើ​តាម​FBI សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​របាយ​ការណ៍​ថា​បញ្ហា​នេះ​មាន​ទាក់​ទង​ទៅ​នឹងមន្ត្រី​ដែល​មាន​ឋានៈ​មាន​តួនាទី​ធំ​នៅ​ក្នុង​រដ្ឋាភិបាល​កម្ពុជា»។

លោក​បន្ថែម​ទៀត​ថា​គណបក្ស​ភ្លើង​ទៀននឹង​វែក​រក​មុខ​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នេះ​ឱ្យ​បាន នៅ​ពេល​ខ្លួនឡើង​កាន់​អំណាច។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថាគណបក្ស​ប្រឆាំង​តែង​តែ​យក​ឱកាស​នេះ ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល និង​ឃោសនា​នយោ​បាយ​របស់​គណបក្ស​ខ្លួន ដើម្បី​ជា​ប្រយោជន៍។ លោកជំរុញ ឱ្យ​ខាង​ភាគី​ទាំង​អស់​គួរ​តែ​សហការ​គ្នា ដើម្បី​ចាប់​ជន​ល្មើស​ប្រសើរ​ជាង​ការ​វាយ​ប្រហារ​គ្នា។

លោក​ថ្លែង​ថា៖ «សុំ​ឱ្យ​បក្ស​ប្រឆាំង​កុំ​យក​អារឿង​ហ្នឹង​ទៅ​ជា​រឿង​នយោបាយ​អី។ យើង​នាំ​គ្នា​ចាប់​ជន​ល្មើស​ល្អ​ជាង មិន​មែន​យក​រឿង​នយោបាយ​ដាក់​កំហុស​អ៊ីចឹង​ទេ។ ចង់​និយាយ​ថា​យើង​រួម​គ្នា​ស្វែង​រក​ជន​ល្មើស។ កុំ​អះ​អាង​ថា​សមត្ថកិច្ច​មិន​យក​ចិត្ត​ទុក​ដាក់ សមត្ថកិច្ច​មិន​អើពើ​មិន​មែន​អ៊ីចឹង​ទេ។ ចោរ​បើ​យើង​មិន​នាំ​គ្នា​ចាប់​ទេ​វា​បាន​ចិត្ត ហើយ​បើ​យើង​ទម្លាក់​កំហុស​តែ​មក​លើ​សមត្ថកិច្ច​តែ​ម្នាក់ បើ​យើង​មិន​ផ្ដល់​ភស្តុតាង មិន​ផ្ដល់​ព័ត៌មាន សាក្សី​អី គឺ​រក​វា​មិន​ឃើញ​អាហ្នឹង​វា​អ៊ីចឹង»។

លោក​បន្ថែម​ថា​សមត្ថកិច្ច​មិន​ទាន់​បិទ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ ហើយ​សមត្ថកិច្ច​នៅ​តែ​បន្ត​ស៊ើប​អង្កេត​ដដែល។

កាល​ពី​ខួបព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​២០១៧ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (Human Rights Watch) បាន​អះអាងថា​រដ្ឋាភិបាល​កម្ពុជា​បាន​ការពារ និង​ដំឡើង​តំណែង​ដល់​ជន​ទាំង​ឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បោក​គ្រាប់​បែក​នេះ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរ​ជាតិ លោក ប្រ៊ែ​ដ អាដាម ​(Brad Adams) បាន​ថ្លែង​កាល​ពី​ឆ្នាំ​២០១៧​ថា៖ « ភស្តុតាង​ច្បាស់ៗ​ដែល​បង្ហាញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​អំពើ​ដ៏​សាហាវ​ឃោរ​ឃៅ​នេះ គឺ​មាន​ន័យថា​ការស៊ើបអង្កេត​ផ្ទៃ​ក្នុង​ដ៏​ហ្មត់​ចត់​មួយ គឺ​មិន​បាន​កើត​ឡើង និង​គ្មាន​ថ្ងៃ​កើត​ឡើង​នោះ​ទេ»។

បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​៤​គ្រាប់​កាល​នោះ ធ្វើ​ឡើង​ក្នុង​បំណង​សម្លាប់​លោក សម រង្ស៊ី តែ​វា​បាន​សម្លាប់​បាតុករ និង​អ្នក​ដែល​ឈរ​ក្បែរ​នោះ ដោយ​រួម​ទាំង​កុមារ និង​បាន​ខ្ទាត​អំបែង​គ្រាប់​ទៅលើ​អ្នក​លក់​ដូរ​នៅ​តាម​ផ្លូវ។ កាល​នោះ លោក សម រង្ស៊ី បាន​គេច​ខ្លួន​រួច ដោយ​របួស​ស្រាល​នៅ​ជើង៕

XS
SM
MD
LG