ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាក​ស្រុក​រង់ចាំ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក


ជន​ទេសន្តរប្រវេសន៍​និង​អ្នក​ឆ្លង​ព្រំដែន​ធម្មតា​ត្រូវ​បាន​គេ​ថត​បាន​នៅ​ស្ពាន El Paso del Norte ព្រំដែន​ម៉ិកស៊ិក និង​សហរដ្ឋអាមេរិក។
ជន​ទេសន្តរប្រវេសន៍​និង​អ្នក​ឆ្លង​ព្រំដែន​ធម្មតា​ត្រូវ​បាន​គេ​ថត​បាន​នៅ​ស្ពាន El Paso del Norte ព្រំដែន​ម៉ិកស៊ិក និង​សហរដ្ឋអាមេរិក។

នៅ​ឯ​ស្ពាន El Paso del Norte ដែល​ជា​ច្រក​ព្រំដែន​រវាង​ទីក្រុង Ciudad Juarez ប្រទេស​ម៉ិកស៊ិក និង​ទីក្រុង El Paso នៃ​រដ្ឋ Texas សហរដ្ឋ​អាមេរិក ឧបសគ្គ​ដំបូង​បំផុត​សម្រាប់​ជន​ចំណាក​ស្រុក​ដែល​មក​ដល់​ព្រំដែន​សហរដ្ឋអាមេរិក​គឺ​ការ​រង់ចាំ​រយៈពេល​យូរ​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក។

នាង Vilma Mendez Morales ជន​ចំណាក​ស្រុក​មកពី​ប្រទេសក្វាតេម៉ាឡា (Guatemala) បាន​និយាយ​ថា៖ «ដំណើរការ​នេះ​មាន​ការ​លំបាក​ខ្លាំង។ វា​ត្រជាក់​ខ្លាំង​ណាស់ ហើយ​កម្ដៅ​ព្រះអាទិត្យ​ក៏​ខ្លាំង​ផង​ដែរ។យើង​គ្មាន​ម្លប់​ជ្រក ឬ​ក៏​អ្វី​ផ្សេង​ដើម្បី​ការពារ​ខ្លួន​ពី​អាកាសធាតុ​ទាំង​នេះ​ទេ។ ប៉ុន្តែ​យើង​មក​ដល់​ទី​នេះ​ហើយ។ ជីវិត​មាន​ការ​លំបាក ប៉ុន្តែ​យើង​នៅតែ​បន្ត​ដំណើរ​ឆ្ពោះ​ទៅមុខ​ដដែល»។

មាន​ជន​ចំណាក​ស្រុក​ប្រហែល ២០០ នាក់ រង់ចាំ​នៅ​ឯ​ស្ពាន El Paso del Norte ស្ទើរតែ​រាល់​ថ្ងៃ ដើម្បី​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន ដូច្នេះ​ពួកគេ​អាច​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​ស្រប​ច្បាប់​បាន។ ប៉ុន្តែ​ក្រុម​ជន​ចំណាក​ស្រុក​នៃ​បណ្ដា​ប្រទេស​អាមេរិក​កណ្ដាល​ជា​ច្រើន​ទៀត​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​មក​កាន់​ព្រំដែន​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​គេ​មាន​ចម្ងល់​អំពី​ពេល​វេលា​រង់ចាំ​នៅ​ពេល​អនាគត​សម្រាប់​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ឯ​ព្រំដែន​សហរដ្ឋ​អាមេរិក។

នាង Illiana Holgium មេធាវី​ផ្នែក​អន្តោប្រវេសន៍​បាន​បញ្ជាក់​ថា៖ «ជន​អន្តោប្រវេសន៍​ទាំងនោះ​ពិតជា​ធ្វើ​តាម​ច្បាប់​ដែល​យើង​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ ពួកគេ​បង្ហាញ​ខ្លួន​នៅ​ឯ​ព្រំដែន ដែល​ពួកគេ​នឹង​ត្រូវ​អាជ្ញាធរ​ត្រួត​ពិនិត្យ និង​ដំណើរការ​នីតិវិធី ហើយ​បន្ទាប់​មក ពួកគេ​អាច​ត្រូវ​គេ​ដាក់​ឃុំ ឬ​ដោះលែង​ឲ្យ​ចូល​ទៅ​កាន់​ទឹក​ដី​សហរដ្ឋអាមេរិក»។

មេធាវី​ផ្នែក​អន្តោប្រវេសន៍​នានា​បាន​និយាយ​ថា បទបញ្ជា​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​ដាក់​កំហិត​ដល់​ការ​ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​អ្នក​ដែល​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​ស្រប​ច្បាប់ គឺ​ជា​ទង្វើ​ខុស​ច្បាប់។

សហជីព​សេរីភាព​ការពារ​ជនស៊ីវិល​របស់​សហរដ្ឋអាមេរិក ដែល​ហៅ​កាត់​ថា ACLU បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​បទ​បញ្ជា​នេះ។

លោក Shaw Drake អ្នក​ប្រឹក្សា​គោល​នយោបាយ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​ព្រំដែន​របស់​អង្គការ ACLU បាន​និយាយ​ថា៖ «នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក នរណា​ម្នាក់​ដែល​មក​ដល់​ច្រក​ព្រំដែន​សហរដ្ឋ​អាមេរិក គឺ​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន ប្រសិន​បើ​ពួកគេ​មាន​ការ​ភ័យខ្លាច​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ»។

នៅ​ពេល​ដែល​ពួកគេ​ចូល​ទឹកដី​សហរដ្ឋអាមេរិក ចំពោះ​អ្នក​ដែល​ធ្វើ​ដំណើរ​មិន​មាន​កូន​តូចៗ​មក​ជាមួយ នឹង​ត្រូវ​ជាប់​ឃុំ​ដោយ​គ្មាន​ពេល​កំណត់។ លោក Eddy Gonzalez បាន​ចាក​ចេញ​ពី​ប្រទេស​គុយបា​កាល​ពី​បី​ឆ្នាំ​មុន។

លោក​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ប្រទេស​របស់​ខ្ញុំ​អស់​រយៈ​ពេល​ជិត ៣ ឆ្នាំ​ហើយ ខ្ញុំ​បាន​ដេក​នៅ​ទី​នេះ​អស់​រយៈពេល ៦ ថ្ងៃ​មក​ហើយ ដូច្នេះ​ជាប់​ឃុំ ៣ ខែ​ក៏​មិន​មែន​ជា​បញ្ហា​អ្វី​ដែរ ដោយសារតែ នៅ​ទី​បំផុត ខ្ញុំ​នឹង​មាន​សេរីភាព»។

អ្នក​ដែល​ធ្វើ​ដំណើរ​ដោយ​មាន​កូនៗ​មក​ជាមួយ នឹង​មិន​ត្រូវ​គេ​ដាក់​ឃុំ​យូរ​នោះ​ទេ ដោយសារតែ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​បាន​ហាម​ឃាត់​មិន​ឲ្យ​ដាក់​ឃុំ​កុមារ​លើស​ពី ២០ ថ្ងៃ។ ក្រុម​មន្ត្រី​ព្រំដែន​បាន​ដាក់​ពួកគេ​នៅ​លើ​រថយន្ត​ក្រុង ហើយ​បាន​បញ្ជូន​ពួកគេ​ទៅ​កាន់​កន្លែង​ស្នាក់នៅ​បណ្ដោះ​អាសន្ន។

នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​ជា​អចិន្ត្រៃយ៍​ចំពោះ​បញ្ហា​នេះ។ លោក Bob Pena អ្នក​តំណាង​ស្រុក El Paso ខាង​គណបក្ស​សាធារណរដ្ឋ បាន​និយាយ​ដូច្នេះ​ថា៖ «យើង​ត្រូវ​បិទ​ព្រំដែន​នេះ។ ខ្ញុំ​ដឹង​ថា ជញ្ជាំង​ព្រំដែន​គឺ​ជា​រូបភាព​ដ៏​អាក្រក់។

តើ​យើង​ខ្វល់​អំពី​រូបភាព​ជញ្ជាំង​ព្រំដែន​នេះ ឬ​ក៏​យើង​ខ្វល់​អំពី​ការ​ដោះស្រាយ​បញ្ហា? យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ។ យើង​ត្រូវតែ​មាន​ប្រព័ន្ធ​គ្រប់គ្រង​មួយ​ទៅ​លើ​អ្នក​ដែល​ធ្វើ​ការ​នៅ​សហរដ្ឋ​អាមេរិក​ថា​តើ​ពួកគេ​ធ្វើ​ការ​ស្រប​ច្បាប់​ឬ​ក៏​អត់? នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ»។

ដោយ​ក្រុម​ជន​ចំណាក​ស្រុក​នៃ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាមេរិក​កណ្ដាល​ធ្វើ​ដំណើរ​កាន់តែ​ជិត​មក​ដល់​ព្រំដែន​សហរដ្ឋ​អាមេរិក រដ្ឋបាល​របស់​លោក Trump បាន​ដាក់​ពង្រាយ​ទាហាន​ជាង ៥ ពាន់​នាក់​នៅ​ព្រំដែន​ភាគ​ខាងត្បូង។

ទោះបីជា​ទាហាន​ប្រហែល​ជា​នឹង​ត្រូវ​ដាក់​ពង្រាយ​បន្ថែម​ទៀត​ក៏​ដោយ ក៏​នេះ​គ្រាន់តែ​ជា​ដំណោះស្រាយ​បណ្ដោះ​អាសន្ន​មួយ​តែ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ ហេង រស្មី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG