ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ទាំង​ពីរ និង​ទីបញ្ជាការ​អង្គការ​សហប្រជាជាតិ UNC ជួប​ប្រជុំ​គ្នា​ម្ដង​ទៀត​ដើម្បី​លុប​បំបាត់​អាវុធ​នៅ​តំបន់​សន្តិសុខ​រួម JSA


ទីភ្នាក់ងារ UNC មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ភូមិ Panmunjom ក្នុង​តំបន់​ស​គ្មាន​យោធា ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
ទីភ្នាក់ងារ UNC មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ភូមិ Panmunjom ក្នុង​តំបន់​ស​គ្មាន​យោធា ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

ប្រទេស​កូរ៉េ​ខាង​ជើង កូរ៉េ​ខាង​ត្បូង និង​ទីបញ្ជាការ​អង្គការ​សហប្រជាជាតិ​គាំទ្រ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ហៅ​កាត់​ថា UNC បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពិភាក្សា​បន្ថែម​អំពី​គម្រោង​លុប​បំបាត់​អាវុធ​នៅ​តំបន់​សន្តិសុខ​រួម JSA ក្នុង​តំបន់​គ្មាន​យោធា DMZ នៃ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង បន្ទាប់ពី​ភាគី​ទាំង ៣ បាន​ជួប​ប្រជុំ​គ្នា​ម្ដង​រួច​មក​ហើយ​កាល​ពី​សប្ដាហ៍​មុន ដោយ​បាន​ពិភាក្សា​អំពី​វិធី​អនុវត្ត​កិច្ច​ព្រមព្រៀង​យោធា​ដ៏​ទូលំទូលាយ​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​អន្តរ​កូរ៉េ​លើក​ទី ៣ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​នោះ។

លោក​ឧត្ដមសេនីយ៍​ឯក Wayne Eyre មេបញ្ជាការ​រង​នៃ​ទីបញ្ជាការ UNC និយាយ​ថា ទីបញ្ជាការ UNC នឹង​អនុវត្ត​តាម​បេសកកម្ម​របស់​ខ្លួន​ដើម្បី​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​ការទូត​នៅ​ពេល​បច្ចុប្បន្ន​នេះ។

អ្នក​ជំនាញ​នានា​បាន​ស្នើ​ឲ្យ​ទីបញ្ជាការ UNC នេះ ដើរ​តួនាទី​សកម្ម​មួយ ស្រប​ពេល​ដែល​កូរ៉េ​ទាំង​ពីរ​វិវឌ្ឍ​ទៅ​រក​ការ​ធ្វើ​ឲ្យ​ព្រំដែន​យោធា​ក្លាយទៅជា​តំបន់​សន្តិភាព​មួយ។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ «ផ្ដោត​លើ​ការ​ពិនិត្យ និង​វាយ​តម្លៃ​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រតិបត្តិការ​ដោះ​មីន​នៅ​តំបន់​សន្តិសុខ​រួម JSA និង​ផ្ដោត​លើ​ការ​ប្រឹក្សា​យោបល់​អំពី​គម្រោង​ដក​អាវុធ និង​ប៉ុស្តិ៍​យាម​កាម​ចេញ​ពី​តំបន់​នោះ ក៏​ដូចជា​រៀបចំ​ចាត់ចែង​មន្ត្រី​សន្តិសុខ​យាម​កាម​ឡើង​វិញ និង​គម្រោង​អនាគត​សម្រាប់​ការ​ផ្ទៀងផ្ទាត់​ឡើង​វិញ​ទៅ​វិញ​ទៅ​មក​ផង​ដែរ»។

ប្រទេស​កូរ៉េ​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​បន្ថែម​ទៀត​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។ ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ថា ការ​ពិភាក្សា​លើក​ក្រោយ​នេះ​នឹង​ផ្ដោត​លើ​វិធី​បង្កើត និង​ប្រតិបត្តិ​គណៈកម្មាធិការ​យោធា​រួម​គ្នា ដែល​មាន​តួនាទី​ពង្រឹង​កិច្ច​ព្រមព្រៀង​យោធា​រវាង​ប្រទេស​ទាំង​ពីរ និង​អំពី​វិធី​បង្កើត​ក្រុម​ស្រាវជ្រាវ​រួម​គ្នា​មួយ​សម្រាប់​តំបន់​នៃ​ទន្លេ Han ដែល​ត្រូវ​បាន​បិទ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​កាត់ ដោយសារតែ​ភាព​តានតឹង​ដែល​កើន​ឡើង​កន្លង​មក៕

XS
SM
MD
LG