ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូរ៉េ​ទាំង​ពីរ​ចាប់ផ្ដើម​ដោះ​មីន​ចេញ​ពី​ព្រំដែន​រួម​របស់​ពួកគេ


មនុស្សម្នា​មើល​ការ​ផ្សាយ​ទូរទស្សន៍​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​ចន្ទ​នេះ ទាហាន និង​ក្រុម​អ្នក​ជំនាញ​នានា​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​បាន​ចាប់ផ្ដើម​ដោះ​មីន​ចេញ​ពី​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​កាត់​បន្ថយ​ភាព​តានតឹង ដែល​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​កាល​ពី​ខែ​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន។

គេ​មិន​ទាន់​ឃើញ​មាន​ការ​បញ្ជាក់​អះអាង​ណា​មួយ​ភ្លាមៗ​ពី​ខាង​ភាគី​កូរ៉េ​ខាង​ជើង ដែល​ថា​ទាហាន​របស់​ខ្លួន​បាន​ចាប់ផ្ដើម​អនុវត្ត​នូវ​គម្រោង​នេះ​នោះ​ទេ ដែល​នេះ​ជា​គម្រោង​មួយ​សម្រេច​ឡើង​រវាង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។

បើ​យោង​ទៅ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​នេះ ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដោះ​មីន​ទាំង​អស់​ចេញ​ពី​តំបន់​សន្តិសុខ​រួម JSA នៅ​ក្នុង​រយៈពេល ២០ ថ្ងៃ​ខាង​មុខ​នេះ។

ការ​ដោះ​មីន​នេះ​ក៏​ធ្វើ​ឡើង​នៅ​តាម​ផ្នែក​មួយ​ចំនួន​នៃ​ស្រុក Cheorwon ក្នុង​ខេត្ត Gangwon ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ ដែល​ជា​កន្លែង​មួយ​នៃ​ការ​ប្រយុទ្ធ​គ្នា​សាហាវ​បំផុត​រវាង​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​សម័យ​សង្គ្រាម​កូរ៉េ។

នៅ​ឆ្នាំ ២០១៩ ខាង​មុខ​នេះ ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ការ​រុករក​សាកសព​ទាហាន​រាប់​រយ​នាក់ ដែល​គេ​គិត​ថា​បាន​កប់​បាត់​នៅ​ក្នុង​ស្រុក Cheorwon នេះ។

កិច្ច​ព្រមព្រៀង​កាត់​បន្ថយ​ភាព​តានតឹង​នេះ ក៏​មាន​ចែង​ផង​ដែរ​នូវ​ការ​ដក​ប៉ុស្តិ៍​ត្រួត​ពិនិត្យ និង​អាវុធ​ចេញ​ពី​តំបន់​សន្តិសុខ​រួម JSA បន្ទាប់ពី​ដោះ​មីន​រួច​រាល់​ហើយ។ ហើយ​ទាហាន​ដែល​នៅ​ឈរ​ជើង​នៅ​តំបន់​នោះ នឹង​ត្រូវ​ដក​អាវុធ​ចេញ៕

XS
SM
MD
LG