ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​បញ្ជូន​ខ្មាន់​កាំភ្លើង​បាញ់​លោក លិម គិមយ៉ា ទៅ​ថៃ តែ​មិន​ទាន់​ផ្តល់​ព័ត៌មាន​ពី​ជន​សង្ស័យ​ទី២


រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧ បង្ហាញ​ពី​លោក លិម គិមយ៉ា ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មា AFP នៅក្នុង​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧ បង្ហាញ​ពី​លោក លិម គិមយ៉ា ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មា AFP នៅក្នុង​រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​កម្ពុជា​អះអាង​ថានឹង​បញ្ជូន​ខ្មាន់​កាំភ្លើង​ដែល​បាញ់សម្លាប់​អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិទៅ​ឱ្យ​ប្រទេស​ថៃ​ ប៉ុន្តែមិន​ទាន់​បញ្ចេញ​ព័ត៌មាន​ពីជន​សង្ស័យ​ជនជាតិ​ខ្មែរ ដែល​ត្រូវ​បាន​សារ​ព័ត៌មាន​ថៃ​ចុះ​ផ្សាយ​ថា​ជាប់​ពាក់​ព័ន្ធនឹងឃាត​កម្ម​។

លោក លិម គិមយ៉ា អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ខ្មាន់​កាំភ្លើងបាញ់​សម្លាប់​នៅ​ទីក្រុង​បាង​កក​កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២៥​។ ខ្មាន់កាំភ្លើង​ដែលជា​ជន​ជាតិ​ថៃ​ត្រូវ​ចាប់​ខ្លួន​បាន​នៅ​ស្រុកមោង​ឬស្សី ខេត្ត​បាត់ដំបង បន្ទាប់​ពីឆ្លង​ដែន​ចូល​កម្ពុជា។

បើតាម​សារព័ត៌មានថៃជាច្រើន​បាន​ផ្សព្វផ្សាយ​ថា មាន​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ត្រូវ​បាន​ប៉ូលិស​ថៃសង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​។​

លោក ទូច សុខៈ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​វីអូអេ​នៅ​ព្រហស្បតិ៍​ថា ​ជន​សង្ស័យដែល​ជា​ខ្មាន់​កាំភ្លើង ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ថៃ​វិញ​ នៅ​ពេល​កម្ពុជា​ទទួល​បានសំណើ​របស់​នគរ​បាលថៃ។

លោក​បញ្ជាក់​ថា៖​ «​ការ​បញ្ជូន​ខ្មាន់​កាំភ្លើង​ទៅ​កាន់​ប្រទេស​ថៃ​វិញ ​គឺ​ខ្ញុំ​មិន​អាច​កំណត់ ឬ​ឆ្លើយ​បាន​ទេ វា​អាស្រ័យ​លើ​ការ​បញ្ចប់​នីតិវិធី​របស់​នគរ​បាល​ជំនាញ​កម្ពុជា​យើង​។ ​ហើយ​អាស្រ័យ​ទៅ​លើ​ការ​ស្នើសុំ​របស់​ភាគី​ថៃ ​ដើម្បី​ធ្វើ​បត្យា​ប័ន​បញ្ជូ​នខ្មាន់កាំភ្លើង​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​»។

លោក ទូច សុខៈ ​បន្ថែម​ថា ​ជន​សង្ស័យ​ដែល​ជា​ខ្មាន់​កាំភ្លើងរត់​ចូល​កម្ពុជា​ដោយខុស​ច្បាប់ តាម​ព្រៃ​ភ្នំ ​ជ្រលង​ដង​អូរ​ ដើម្បី​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថ​កិច្ច​ថៃ​។

លោក​បញ្ជាក់​ថា៖ ​«ចំពោះ​ជន​សង្ស័យ ​ឬ​ខ្មាន់​កាំ​ភ្លើង ​ត្រូវ​បាន​ចាប់ខ្លួន​លើ​ទឹក​ដី​កម្ពុជា​នេះ ​វាមិន​មាន​អី​ចម្លែក​ទេ​។​ ទីមួយ ​គឺជា​នីតិវិធី​ជំនាញ​របស់​នគរ​បាល​ថៃ ​ដែល​គេ​តាម​ប្រមាញ់ ​តាម​ចាប់​ខ្លួន​ បណ្តេញ​ជា​បន្ត​បន្ទាប់​»​។

ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មានមួយ​កាលពី​ថ្ងៃពុធដោយ​បញ្ជាក់​ថា​៖​ «​ក្រោយ​ពេល​ធ្វើ​ស​កម្មភាព ​ជន​សង្ស័យ​បានរត់​គេច​ខ្លួន​ពីទី​ក្រុង​បាងកក ធ្វើដំណើរ​ឆ្ពោះ​មក​កាន់​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​។ ​ផ្អែក​តាម​សំណូម​ពរ​ស្នើ​សុំកិច្ច​សហការ​ និង​ព័ត៌មាន​ដែល​បាន​ផ្តល់​ដោយ​នគរ​បាល​ភូមិន្ទ​ថៃ [គឺ]​សមត្ថ​កិច្ច​នគរបាល​ជាតិ​កម្ពុជា ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រហូត​ដល់​នៅថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២៥ ​វេលា​ម៉ោង​១៣:​៥០​នាទី សមត្ថ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​រក​ឃើញ ​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ នៅ​ចំណុច​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ​ស្រុក​មោង​ឬស្សី ​ខេត្ត​បាត់​ដំបង»​។

លោក ដាញ់ អេង​ប៊ុន​ចាន់ ​ស្នង​ការ​នគរ​បាល​ខេត្ត​បាត់​ដំបង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​សមត្ថ​កិច្ច​មិន​បាន​សួរ​នាំ​ខ្មាន់​កាំភ្លើង​ពី​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់លោក លិម គិមយ៉ា​ នោះទេ ដោយ​សារ​ពេលវេលា​ខ្លី។

លោកបន្ថែម​ថា​៖ «​យើង​គ្រាន់​តែ​សួរ​ឈ្មោះ​ហ្នឹង ហើយ​បានបញ្ជាក់​ថា​គាត់​បាន​ធ្វើ​សកម្មភាព​ពិតហ្នឹង​ឯង​។ ការងារ​ផ្សេង​ៗ​យើង​អត់​បាន​សួរ​ទេ ​ដោយ​សារ​ពេល​វេលា​ខ្លី»។

បើ​តាម​ស្នងការ​ខេត្ត​បាត់ដំបង ខ្មាន់​កាំភ្លើងត្រូវ​បាន​បញ្ជូន​ពី​ស្នងការ​ខេត្ត​បាត់​ដំបង មក​កាន់​រាជ​ធានី​ភ្នំពេញ​ភ្លាមៗ​ បន្ទាប់​ពី​ចាប់​ខ្លួនដើម្បី​បន្ត​នីតិវិធី​។

ក្រៅពីខ្មាន់​កាំភ្លើង​ជា​ជនជាតិ​ថៃ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ អាជ្ញាធរ​ថៃ​បាន​ប្រកាស​ថា​មានជន​ជាតិខ្មែរ​ម្នាក់ត្រូវ​បាន​សង្ស័យ​ថាជាប់​ពាក់​ព័ន្ធនឹងឃាត​កម្ម​នេះ​។ ជន​សង្ស័យ​ជា​ជនជាតិ​ខ្មែរ​នោះ​មានឈ្មោះ ​ពេជ្រ គឹម​ស្រ៊ិន (PICH KIMSRIN) អាយុ​២៤ឆ្នាំ បានធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុងជាមួយលោក លិម គិមយ៉ា ​ចេញ​ពី​ខេត្ត​សៀម​រាប ​ដល់​ទីក្រុង​បាង​កក​ ប៉ុន្តែ​បុរស​នោះ​បានជិះ​យន្ត​ហោះ​ក្រុមហ៊ុន​ Angkor Air ​ត្រឡប់​មក​កម្ពុជាវិញ​ ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោងក្រោយលោក លិម គិមយ៉ា ត្រូវ​បាន​បាញ់​សម្លាប់​។ ​សមត្ថ​កិច្ច​ថៃ​សន្និ​ដ្ឋាន​ដោយ​យោង​តាម​ការ​ស៊ើប​អង្កេត ​ដែល​មាន​ទាំង​កាមេរ៉ា​សុវត្ថិ​ភាព​CCTV​តាម​ដង​ផ្លូវ​ និង​លិខិត​ឆ្លង​ដែន​នៃ​ការ​ចេញ​ចូល​ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន Thai PBS World និង​សារព័ត៌​មានអន្តរជាតិជា​ច្រើន​ទៀត​។

គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ថៃបាន​អំពាវ​ឱ្យ​អាជ្ញាធរ​ថៃស៊ើប​អង្កេត និង​ស្វែង​រក​មូល​ហេតុ​ឱ្យបាន​ច្បាស់ ដោយ​សារការ​បាញ់​សម្លាប់​នេះ​អាច​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​ថៃ​លើ​ឆាក​អន្តរ​ជាតិ​។ នេះ​បើ​តាម​កាសែត ​The Nation របស់​ថៃ​។

លោក ឆាយ គឹមខឿន ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថាសមត្ថកិច្ច​កំពុង​សួរ​នាំ​ជន​សង្ស័យ​ជា​ខ្មាន់​កាំភ្លើង​នោះ​ និង​កំពុង​ស៊ើប​អង្កេត​ជន​សង្ស័យ​ទីពីរដែល​ថៃ​ថា​មាន​ការ​ពាក់​ព័ន្ធ​។ ​

លោក​ថ្លែង​ថា៖ «​ការ​បញ្ជូន​ជន​សង្ស័យ​ទៅ​ពេល​ណាមិន​ទាន់​ជម្រាប​បាន​ទេ ​អាហ្នឹង​ស៊ី​សង​នីតិវិធី​ទេ​។ នីតិ​វិធី​លឿន ​ថៃ​ស្នើ​សុំ​ផ្លូវ​ការ​ អាហ្នឹង​យើង​នឹង​រៀបចំ​ជូន​។ ឥឡូវ​នេះ​យើង​កំពុង​តេ​សាក​សួរ យើង​មិន​ដឹង​ថា​មូល​ហេតុ​អ្វី​បាន​ជាគាត់​បាញ់​ទេ​។ ហើយ​ដោយ​ឡែក​ពាក់​ព័ន្ធ​ជន​សង្ស័យ​ទីពីរ​នេះ យើង​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​»។ ​

លោក​ អំ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ​និង​ថៃ​ ​ស៊ើប​អង្កេត​ករណី​នេះប្រកប​ដោយ​តម្លាភាព​ក្នុង​ការ​ចាប់អ្នក​ពាក់​ព័ន្ធ​មក​ផ្តន្ទាទោស ដើម្បី​ឈាន​ទៅ​បំបាត់​ការ​រិះគន់​នានា ​និង​ផ្តល់​យុត្តិ​ធម៌​ដល់​គ្រួសារ​ជនរង​គ្រោះ។

លោក​ប្រាប់​វីអូអេ​ថា៖ ​«រាជ​រដ្ឋា​ភិបាលកម្ពុជា​ត្រូវតែ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​ទាំងអស់​នេះ ហើយ​ផ្តល់កិច្ច​សហការ​ឱ្យ​បាន​ពេញ​លេញ​ផង​ដែរក្នុងការ​ស៊ើបអង្កេត និង​ការ​ស្រាវជ្រាវ​លើ​ករណី​ឃាតកម្ម​នេះ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យករណី​នេះ​ទទួល​បានយុត្តិធម៌​ពេញលេញ ​ហើយ​អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​នេះ​ ត្រូវ​តែ​ធានា​ថា អាជ្ញាធរ​ថៃ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ និង​បើក​កិច្ច​សហការ​ជាមួយ​កម្ពុជា បើសិន​ជា​ពាក់ព័ន្ធ​ជន​ណា​មួយ​ដែល​រត់​គេច​ខ្លួន​មក​កម្ពុជា​»​។

អតីត​សហ​ការី​កិច្ចការ​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ និង​ជាប្រធាន​គណ​បក្ស​ជំនាន់​ថ្មី លោក​ មាជ ​សុវណ្ណារ៉ា​ យល់​ថា ​ករណី​ឃាតកម្ម​នេះ គឺ​មាន​ការ​រៀបចំ​តាម​ផែន​ការ​ច្បាស់​លាស់។ លោក​ថា ​អាជ្ញាធរថៃ និង​បារាំង ​នឹង​ស៊ើប​អង្កេត​ស្វែង​រក​ការ​ពិត និង​ផ្តល់យុត្តិធម៌​សម្រាប់​លោក​ លិម ​គិមយ៉ា​។

លោក​ប្រាប់​វីអូអេថា៖ ​«​អ៊ីចឹង​ខ្ញុំ​មើល​ឃើញ ​ហេតុ​ផល​ជា​បុគ្គល​ខ្ញុំ គឺការ​រៀប​ចំទុក ​ទៅតាម​បណ្តាញ​នៃ​ក្រុម​បក្ស​ពួកនៅ​ពីក្រោយ​នៃ​ការ​ជួល​ឱ្យអតីត​ជន​ជាតិ​ថៃ ដែល​ជា​អតីត​ទាហាន​ជើង​ទឹក​របស់ប្រទេស​ថៃ មក​បាញ់​លោក លិម គិមយ៉ា នៅ​កណ្តាល​ទីក្រុង​បាំងកក កាល​ពី​ល្ងាច​ថ្ងៃទី៧ ខែ​មករា​នោះ ​គឺថាមិន​មែន​ជារឿង​អចេតនា គឺ​រឿងណា​មួយ​ចៃដន្យ​ទេ។ ​គឺជា​ការ​ប្រុងប្រៀប​រៀបចំ​ទុក​ជាស្រេច យើង​មើល​ថា​តើ​ជា​គំនុំ​បុគ្គល​កើតទេ? ជនជាតិ​ថៃ​ដែល​បាញ់​ហ្នឹង ​ហើយ​លោក លិម គិមយ៉ា​ ជា​ជនជាតិ​ខ្មែរ ជា​អតីត​តំណាង​រាស្ត្រ ​ហើយ​ជា​សញ្ជាតិ​បារាំង​ទៅ​ទៀត​‍»។

ក្រោយ​លោក លិម គិមយ៉ា ត្រូវ​បាន​បាញ់​សម្លាប់ គេ​ឃើញ​អ្នក​នយោ​បាយ​មក​ពី​គណ​បក្ស​ប្រឆាំង​ និង​អង្គការ​អន្តរ​ជាតិ​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា​ រដ្ឋា​ភិបាល​កម្ពុជា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​នោះ​។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​បដិសេធ​ថាករណី​បាញ់​សម្លាប់នោះមិន​ជាប់​ពាក់​ព័ន្ធ​នឹង​រដ្ឋា​ភិបាល​ឡើយ ​និង​ថា​ការ​ចោទ​ប្រកាន់​នោះ ​គឺជា​វប្បធម៌​លាប​ពណ៌ និង​ជា​ការ​ដាក់​បន្ទុក​ដោយ​គ្មាន​ភស្តុ​តាង​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG