ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខេត្ត​ជុំវិញ​ភ្នំពេញ ក៏​មិន​អនុញ្ញាត​ឲ្យ​ទូក​និង​ផ្ទះ​បណ្តែត​ទឹក​ចល័ត ទៅ​សំ​ចត​ដែរ


រូបឯកសារ៖ ​ទិដ្ឋភាព​ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជា​នេសាទ​ជាង​១០០​គ្រួសារ​នៅលើដង​​​ទន្លេសាប​ ​ខាងជើង​ស្ពាន​ជ្រោយចង្វាថ្មី​ ដែលផ្លាស់​ទី​ដើម្បី​ការពារ​មិនឲ្យ​ត្រីស្លាប់​ក្នុងបែ​ដោយ​កត្តា​អាកាស​ធាតុ​ក្តៅ​, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី​ ០២ ខែឧសភា​ ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ ​ទិដ្ឋភាព​ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជា​នេសាទ​ជាង​១០០​គ្រួសារ​នៅលើដង​​​ទន្លេសាប​ ​ខាងជើង​ស្ពាន​ជ្រោយចង្វាថ្មី​ ដែលផ្លាស់​ទី​ដើម្បី​ការពារ​មិនឲ្យ​ត្រីស្លាប់​ក្នុងបែ​ដោយ​កត្តា​អាកាស​ធាតុ​ក្តៅ​, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី​ ០២ ខែឧសភា​ ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/វីអូអេ)

រដ្ឋបាល​នៃ​បណ្ដា​ខេត្ត​ដែល​មាន​ព្រំ​ប្រទល់​ក្បែរ​ខាង​នឹង​រាជ​ធានី​ភ្នំពេញ លើក​ឡើង​ថា​ខ្លួន​ក៏​មិន​អនុញ្ញាត​ឱ្យ​ទូក​នេសាទ និង​ផ្ទះ​បែ​លើ​ទឹក ​ដែលនឹង​អាច​ចល័ត​ពី​ភ្នំពេញ​ទៅ​សំចតតាំងទី​ក្នុង​ភូមិសាស្ត្ររបស់​ខ្លួន​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២ ​ខែ​មិថុនា ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូន​ដំណឹងស្តីពី​ «ការ​រុះ​រើ ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក​ ផ្ទះ​តូចៗ និង​សំណង់​មិន​រៀប​ចំ​រៀប​រយ​លើ​ផ្ទៃ​ទន្លេ​ នៅ​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ» ដោយ​ដាក់​ឱសាន​វាទ​ឱ្យរុះរើជាបន្ទាន់ត្រឹម​រយៈ​ពេល​១​សប្តាហ៍​តែ​ប៉ុណ្ណោះ។​

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​រស់​នៅ​លើ​ផ្ទៃ​ទន្លេ​កន្លង​មកបង្ក​ឲ្យ​បាត់​បង់​សណ្តាប់​ធ្នាប់​ ប៉ះ​ពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូហ្ស៊ី​ និង​ការ​បញ្ចេញ​កាក​សំណល់​បន្ទោបង់​ទៅ​ក្នុង​ទន្លេ​ ដែល​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជីវៈ​ចម្រុះ​ក្នុង​ទឹក​ ខូច​គុណ​ភាព​ទឹក​ បំពុល​បរិស្ថាន​ និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជ​ធានី​ភ្នំពេញ​ ព្រម​ទាំង​ប៉ះ​ពាល់​ដល់​សុខភាព​នៃ​ប្រជា​ពល​រដ្ឋ​ដែល​បាន​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត​ដោយ​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​ចិញ្ចឹម​ត្រី​តាម​បែ​ទន្លេ​ មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ។

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ក៏​ត្រៀមចាត់​វិធាន​ការ​រដ្ឋបាល​មួយ​ចំនួន​ ​ដោយ​ពុំ​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូត​ខាត​ ឬ​ការ​បាត់បង់​ណា​មួយ​ឡើយ​ ហើយ​ករណី​រឹងរូស​ អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំ​រឿង​បញ្ចូន​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់។

ពាក់ព័ន្ធ​នឹង​ការ​រុះ​រើ ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក​នេះ​ អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​ដែល​ជាប់​រាជ​ធានី​ភ្នំពេញ​ក៏​លើកឡើង​ដែរ​ថា ខ្លួន​មិន​អនុញ្ញាត​ឲ្យ​មាន​ការផ្លាស់​ផ្ទះ​ចល័ត​លើ​ទឹកនេះ ចូល​ទៅ​តាំង​ទី​លំនៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​នោះ​ទេ។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល​បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​គណៈ​បញ្ជាការ​ខេត្ត​កណ្តាល បាន​ប្រជុំ​ពិភាក្សា​គ្នា​ និង​ត្រួត​ពិនិត្យ​មើល​លើ​ការងារនេះ​យ៉ាង​ហ្មត់ចត់​ហើយ​ មិន​អនុញ្ញាត​ជា​ដាច់​ខាត​ចំពោះ​ការ​តាំង​ទី​លំនៅ​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កណ្តាល។

លោក​អភិបាល​ខេត្ត​កណ្ដាល​បានប្រាប់វីអូអេថា៖ ​

«ប្រសិន​បើ​គាត់​ហូរ​មក​ដល់​ខេត្ត​កណ្តាល​ទៀត​ អា​ហ្នឹង​វា​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ជម្រាប​គាត់​ថា​យើង​មិន​អនុញ្ញាត​ឲ្យ​នៅ​លើ​ទឹក​អញ្ចឹង​ទេ​ វា​ប៉ះពាល់​បរិស្ថាន​ សណ្តាប់​ធ្នាប់​ ការគ្រប់គ្រង​ក្នុង​ដែន​ដី​លំបាក​ណាស់ វា​ប្រឈម​ណាស់​ ហើយជា​ពិសេស​គឺ​បរិស្ថាន​តែម្តង។ ហើយ​ការ​តាំង​ទី​លំ​នៅ​ដែល​វា​មិន​មាន​លក្ខណៈ​ត្រឹម​ត្រូវ​បែប​នេះ គឺ​យើង​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​សាងសង់​ក្នុង​ទឹក​អញ្ចឹង​ក្នុង​ខេត្ត​កណ្តាល​ទេ»។

អភិបាល​ខេត្ត​កំពង់ចាម ​លោក អ៊ុន ចាន់ដា បាន​ប្រាប់​យ៉ាង​ខ្លី​ថា​ ជុំវិញ​ករណី​ការ​រុះរើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ ​គឺ​លោក​មិន​ទាន់​មាន​វិធាន​ការ​អ្វី​នោះ​ទេ ដោយ​សារ​តែ​ខេត្ត​កំពង់​ចាម​ មិន​មាន​ផ្ទះ​បែ​ត្រី​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ខេត្ត​កំពង់​ចាម​ អត់​មាន​ទេ​រឿង​ផ្ទះ​បែទឹក បែ​ត្រី​អី ប្រែ​ទឹក​អត់​មាន​ហ្មង»។

ចំណែក​លោក​ ឈួរ ​ច័ន្ទឌឿន​ អភិបាល​ខេត្ត​កំពង់​ឆ្នាំង ​សុំ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ច្រើននោះ​ទេ ដោយ​លោក​លើក​ឡើង​ថាលោក​កំពុង​ជាប់​រវល់។

លោក​ថ្លែង​ថា៖ «ឥឡូវ​អត់ទេ ខ្ញុំ​អត់​ទេ ខ្ញុំ​កំពុង​ប្រជុំ​កន្លែង​ធ្វើការ​ អត់​មា​ន​ឆ្លើយ​ព័ត៌មាន​អី​កើត​ទេ។ ខ្ញុំ​កំពុង​ប្រជុំ​ សុំ​ទោស»។

រាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា​មក​ដល់ថ្ងៃ​នេះ គឺ​មាន រយៈ​ពេល​លើស​មួយ​អាទិត្យ​ហើយ​ដែល​ជា​ថ្ងៃ​ឱសាន្ត​វាទ​នៃ​ការរុះរើ​ផ្ទះ​ពី​លើ​ផ្ទៃ​ទឹក​ ប៉ុន្តែការ​រុះរើ​ហាក់​បីដូច​ជា​មាន​ការ​យឺតយ៉ាវ​ ទោះ​បី​ជា​អាជ្ញាធរ​មូលដ្ឋានខិតខំ​ផ្សព្វ​ផ្សាយ និង​ពន្យល់ណែនាំ​យ៉ាង​ណា​ក៏​ដោយ។​

លោក ឃ្លាំង ​ហួត អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ប្រជាជន​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​មាន​ប្រមាណ​ជាង​១​ពាន់​គ្រួសារ​ ហើយ​រុះ​រើ​បាន​ប្រមាណ​ជា​៣០​ភាគរយ​ ដែលក្នុង​នោះ​អាជ្ញាធរ​ ក៏​កំពុង​អនុវត្តវិធាន​ការ​ជា​បន្ត​បន្ទាប់​ ដូច​ជា​ការ​ចុះ​ចែក​ខិត្តប័ណ្ឌ​និង​ឃោសនា​ផ្សព្វផ្សាយ​ជាដើម។

លោក​អភិបាល​ខណ្ឌ​រូប​នេះ​ ក៏​បាន​បញ្ជាក់​ទៀត​ថា ​លោក​ផ្ទាល់​ក៏​មិន​ដឹង​ពេល​ណា​អាច​នឹង​ធ្វើ​កិច្ច​ការ​រុះ​រើនេះ​ចប់​នោះ​ដែរ ព្រោះ​លោក​ថា ​បច្ចុប្បន្ន​មានសំណូម​ពរ​ពី​លោក​ឯកអគ្គ​រដ្ឋ​ទូត​រៀត​ណាម​ប្រចាំ​ប្រទេសកម្ពុជា។​

«អាហ្នឹង​ពិនិត្យ​មើល​លើ​ជាក់ស្តែង​ យើង​មិន​អាច​សន្និដ្នាន​ដឹង​មុន​នោះ​ទេ​ ពី​ព្រោះ​យើង​មាន​ខាង​អគ្គ​រាជទូត​ប្រចាំ​នៅ​កម្ពុជា​ខាង​វៀត​ណាម គេ​សំណូម​ពរ​ទៅ​សាលា​ក្រុង​ភ្នំពេញ ​អាហ្នឹង​សំខាន់​លើ​ថ្នាក់​លើ​ទេ»។​

ជុំវិញ​ប្រជាជន​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​នេះ លោក​អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ប្រជាជន​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​ភាគ​ច្រើន​ជា​ជនជាតិ​ខ្មែរ​ឥស្លាម និង​ជនជាតិ​វៀតណាម ​ដែល​មួយ​ចំនួន​មាន​ដើម​កំណើត​ខ្មែរ​ និង​មួយ​ចំនួន​ទៀត​មក​រស់នៅ យូរៗ​ទៅ ក៏​មាន​សញ្ជាតិ​ខ្មែរ។ ក្នុង​នោះ​ក៏​មាន​ជនចំ​ណាក​ស្រុក​ខុស​ច្បាប់​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​ចំណាត់ការយ៉ាង​ណា​ជុំវិញ​ជន​ចំណាក​ស្រុក​ទាំងនេះ គឺ​មាន​តែ​រង់ចាំ​ចំណាត់​ការ​ពី​ក្រសួង​មហា​ផ្ទៃ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖​ «បើ​និយាយ​ទៅ​មាន​ជន​ជាតិ ខ្មែរ​ឥស្លាម​ មាន​ជន​ជាតិ​វៀត​ណាម​ដើម​កំណើត​ខ្មែរ​ ដើម​កំណើតវៀត​ណាម​ ដែល​គាត់​ចុះ​មក​ស្រុក​ខ្មែរ​យូរៗ​ទៅ​គាត់​មាន​សញ្ជាតិ​ខ្មែរ​អី​អញ្ជឹង​ទៅ។​ វា​តែង​តែ​មាន​ហើយ​ ប្រទេស​ណា​ក៏​មាន​ជន​ចំណាក់​ស្រុក​ខុស​ច្បាប់​ដែរ​ សូម្បី​តែ​អាមេរិកាំង​ក៏​វា​មាន​ដែរ វា​តែងតែ​មាន​ហើយ​រឿង​ចំណាក​ស្រុក​ហ្នឹង»។​

សាលា​ខណ្ឌ​ច្បារ​អំពៅ ក៏​បាន​បង្ហោះ​សារ​មួយ​នៅ​គេហ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ដែរ​ថា៖

«លោក ចេង មុនីរ៉ា ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ និង​ជា​ប្រធានគណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ បាន​បន្ត​ដឹក​នាំ​កម្លាំង​ចម្រុះ ចុះ​តាម​ដង​ទន្លេ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ ណែនាំ ជំរុញ​ដល់​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ​ និង​សំណង់​មិន​រៀប​រយ​លើ​ផ្ទៃ​ទន្លេ​ អោយ​រុះរើ​ និង​ចល័ត​ចេញ ​បាន​ទាន់​ពេល​វេលា មុន​ពេល​ការ​អនុវត្ត​វិធានការណ៍​របស់​រដ្ឋបាល​ខណ្ឌ»។

VOA ព្យាយាម​ទាក់ទងលោក ម៉េត​ មាស​ភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានីភ្នំពេញ ​លោក ​កែវ វណ្ណ​ថន អ្នក​នាំ​ពាក្យ​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​ និង​លោក ​ស៊ឹម ជី ប្រធាន​សមាគម​ខ្មែរ-វៀតណាម ដោយ​ទូរស័ព្ទ​ចូល​ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​នោះទេ។

ចំណែក លោក វណ្ណ សុផាត ​មន្ត្រី​ស៊ើប​អង្កេត​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មើល​ឃើញ​ថា ​រដ្ឋ​គួរ​តែ​មាន​រៀប​ចំ​កន្លែងសមរម្យ​មុន​នឹង​ធ្វើ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ឬ​រុះរើ​បែបនេះ ដោយ​ត្រូវ​គោរព​សិទ្ធិ​នៃ​ការ​រស់​នៅ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ពិសេស​គឺ​សិទ្ធិ​មនុស្ស​អន្តរជាតិ​តែ​ម្តង។ ​

លោក​បន្ត​ថា​ ប្រសិន​បើ​ពលរដ្ឋ​ទាំង​នោះ​ ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ​គឺ​រដ្ឋ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​ស្ថាន​ទូត​របស់​ពួកគេ ដើម្បី​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​ដើមដោយ​សុវត្ថិ​ភាព​វិញ៕

XS
SM
MD
LG