ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ភ្នំពេញ​បញ្ជា​ឲ្យ​រុះរើ​ផ្ទះ​បណ្តែត​ទឹក ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម​ស្រប


រូប​ឯកសារ៖ ទូកនេសាទ​របស់​ពលរដ្ឋ​​ឈប់សំចត​នៅ​ច្រាំង​ទន្លេមេគង្គ​ក្នុង​រាជធានី​ភ្នំេពញ​ នៅល្ងាច​​​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)
រូប​ឯកសារ៖ ទូកនេសាទ​របស់​ពលរដ្ឋ​​ឈប់សំចត​នៅ​ច្រាំង​ទន្លេមេគង្គ​ក្នុង​រាជធានី​ភ្នំេពញ​ នៅល្ងាច​​​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

សាលា​រាជ​ធានី​ភ្នំពេញបាន​បង្គាប់​ឲ្យប្រជា​ពល​រដ្ឋ​រុះ​រើ​ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់នៅ​លើ​ផ្ទៃ​ទន្លេ​ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ ដោយ​ទុក​រយៈ​ពេល​មួយ​សប្តាហ៍។

ចំណាត់​នេះ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​រក្សា​បរិស្ថាន ជីវៈ​ចម្រុះ គុណ​ភាព​ទឹក ផ្លូវ​នាវា​ចរណ៍​និង​សោភ័ណភាព​ទីក្រុង។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ចុះ​ហត្ថលេខា​ដោយ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង កាល​ពី​ថ្ងៃ​ពុធ ទី​២ ខែ​មិថុនា។

អាជ្ញាធរ​ភ្នំពេញ​បាន​ទុក​ពេល​មួយ​សប្តាហ៍ គឺ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​មិថុនា សម្រាប់​ការ​រុះរើ ឬ​ចល័ត​ចេញ​ជា​បន្ទាន់ ហើយ​ក្នុង​ករណី​មិន​មាន​ការ​រុះរើ​ អាជ្ញាធរ​មូលដ្ឋាន​និង​មន្រ្តី​ពាក់ព័ន្ធនឹង​ចាត់​វិធាន​ការ​រដ្ឋបាល ហើយ​អាច​ឈាន​ដល់​ការ​ប្រើ​ប្រាស់​ចំណាត់​ការ​ផ្លូវ​ច្បាប់​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង។

លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋបាល​ខណ្ឌ​របស់​លោក​កំពុង​រៀប​ចំ​ផ្តល់​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​ផ្ទៃ​ទន្លេ។

លោក​ថ្លែង​ថា៖ «គោលការណ៍​អត់​មាន​រឿង​បម្លាស់​ទី​ទេ គឺ​មាន​ន័យ​ថា​ពាក្យ​ថា​បម្លាស់​ទី​គឺ​ឲ្យ​គាត់​ចេញ​ពី​ទឹក​មួយ​ទៅ​កន្លែង​មួយ​ឬ​ឲ្យ​ពី​ទឹក​ទៅ​គោក។ អា​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទឹក​ទន្លេ បែ​ត្រី ឬ​ក៏​ការ​ស្នាក់​នៅ​ហ្នឹង វា​ពាក់ព័ន្ធ​រឿង​បរិស្ថាន»។

អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ​រូប​នេះ​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​នា​ពេល​បច្ចុប្បន្ន​នេះ រដ្ឋបាល​ខណ្ឌ​ក៏​កំពុង​ស្រង់​ចំនួន​គ្រួសារ ឬ​សំណង់​នៅ​លើ​ផ្ទៃ​ទឹក ដើម្បី​កំណត់ចំនួន​ជាក់​លាក់។

រូប​ឯកសារ៖ ជីវិតលើទូកនេសាទរបស់ប្រជាជនខ្មែរឥស្លាម ដែលសំចតនៅច្រាំងទន្លេមេគង្គ ភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA Khmer)
រូប​ឯកសារ៖ ជីវិតលើទូកនេសាទរបស់ប្រជាជនខ្មែរឥស្លាម ដែលសំចតនៅច្រាំងទន្លេមេគង្គ ភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA Khmer)

VOA​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ឃ្លាំ​មើល​និង​ការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ គាំទ្រ​ចំណាត់​ការ​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ថែរក្សា​បរិស្ថាន សណ្តាប់ធ្នាប់ សោភ័ណភាព​និង​គុណភាព​ទឹក​ទន្លេ។ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​សម្រាប់​ប្រជាពលរដ្ឋ​ផង​ដែរ។

លោកថ្លែង​ថា៖ «បើ​យើង​មើល​ទៅ​វា​ម្យ៉ាង​ម្នាក់​ទេ។ បើ​សិន​ជា​ថា​កំហុស​របស់​ពួក​គាត់​ទាំង​ស្រុង​អាហ្នឹង​ក៏​វា​មិន​ទាន់​ត្រូវ​ដែរ ព្រោះ​នៅ​ពេល​ដែល​សង់​ហេតុ​អី​បាន​ជា​អាជ្ញាធរ​ហ្នឹង​មិន​ហាម​ឃាត់។ អា​នេះ​ជា​បញ្ហា​កន្លែង​ហ្នឹង​ដែរ។ អញ្ចឹង​ហើយ​បាន​ជា​ចង់​ឲ្យ​ធ្វើ​ម៉េច ការ​ដោះ​ស្រាយ​យើង​មិន​មែន​ដោះ​ស្រាយ​ឲ្យ​រួច​ពី​កន្លែង​ហ្នឹង​ប៉ុន្តែ​វា​មាន​បញ្ហា​តទៅ​ទៀត​ដែល​ចេញ​ពី​ដំណោះ​ស្រាយ​ហ្នឹង​ទេ»។

ចំណែក​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(FACT)​លោក​ឱម សាវ៉ាត ទទួល​ស្គាល់​ចំណាត់​ការ​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​បរិស្ថាន​តាម​ដង​ទន្លេ និង​សណ្តាប់ធ្នាប់​នៅ​តាម​ទីក្រុង។ ប៉ុន្តែ​លោក​ក៏​បារម្ភ​អំពី​ផលប៉ះពាល់​លើ​ជីវភាព​របស់​ពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​ការ​នេសាទ ដោយ​លោកទទូច​ឲ្យ​មាន​ដំណោះស្រាយ​សម​ស្រប​សម្រាប់ពួកគេ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​ប្រសិន​បើ​សាលា​ក្រុង​រៀប​ចំ ខ្ញុំ​គិត​ថា​វា​ល្អ​ដែរ។ ក៏​ប៉ុន្តែ​ត្រូវ​តែ​មាន​ការ​ដោះ​ស្រាយ​ដើម្បី​ឲ្យ​សមស្រប​ពីព្រោះ​ទី​មួយ​អាច​ថា​គាត់​មិន​មាន​ដី​នៅ​ខាង​លើ​អី​ផ្សេងៗ។ ប៉ុន្តែ​ក្នុង​នាម​រដ្ឋាភិបាល លោក​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​អស់​ហ្នឹង»។

គួរ​រំឭក​ថា​កាល​ពី​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​សមាគម​វៀតណាម​បាន​ចាត់​ចំណាត់​ការ​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ជន​ជាតិ​វៀត​ណាម​រាប់​រយ​គ្រួសារ​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​រស់​នៅ​លើ​បឹង​ទន្លេ​សាប ដោយ​ឲ្យ​ពួក​គេ​ផ្លាស់​មក​រស់​នៅ​លើ​គោក​វិញ ក្រោម​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG