កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយមួយ រវាងរដ្ឋាភិបាលប្រទេសកូឡុំប៊ី និងក្រុមចលនាឧទ្ទាមបះបោរមួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែកញ្ញា កន្លងទៅនេះ ដើម្បីបញ្ចប់ការវាយប្រហារបះបោរដែលកើតមានអស់រយៈពេលដ៏យូរមកហើយ នៅតំបន់អឌ្ឍគោលខាងលិច។
ក្នុងសុន្ទរកថាដែលបានថ្លែងក្រោយពេលចុះហត្ថលេខលើកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីកូឡំប៊ី Juan ManuelSantos មេដឹកនាំជាន់ខ្ពស់បំផុតនៃកងកម្លាំងយោធាបដិវត្តន៍កូឡុំប៊ី(FARC) គឺលោកRodrigo Londono (ដែលមនុស្សភាគច្រើនស្គាល់ឈ្មោះក្រៅរបស់លោកថា Timochenko) បាននិយាយថា៖ «គ្មានអ្នកណាម្នាក់ បានបោះបង់ចោលមនោគមវិជ្ជារបស់ខ្លួននោះទេ»។
មេដឹកនាំបះបោររូបនេះ បានសុំការខមាលទោសចំពោះរាល់ការខូចខាតនិងគ្រោះថ្នាក់ទាំងអស់ ដែលចលនារបស់លោកបានបង្កឡើងជាងប៉ុន្មានទសវត្សរ៍មកនេះ។
ប្រភពថវិកាចម្បងរបស់កងអាវុធហត្ថបដិវត្តន៍របស់កូឡុំប៊ី(FARC) បានមកពីឧស្សាហកម្មកូកាអ៊ីនខុសច្បាប់ក្នុងប្រទេស និងការបះបោរប្រដាប់អាវុធនៃប្រទេសនេះនិងជាជម្លោះចុងក្រោយដ៏ខ្លាំងក្លាមួយ កើតចេញពីការជំរុញទឹកចិត្តតាមមនោគមវិជ្ជារបស់ប្រទេសគុយបា និងសូវៀត ដែលប្រឆាំងនឹងស្ថាប័នប្រជាធិបតេយ្យក្នុងប្រទេសនៅទ្វីបអាមេរិក។
បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់មេដឹកនាំ Timochenko លោកប្រធានាធិបតីប្រទេសកូឡុំប៊ី Juan Manuel Santos បានប្រកាសថា៖ «គ្មានសង្រ្គាមទៀតទេ។ ខ្ញុំស្វាគមន៍អ្នកមកចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យ ប្តូរពីការកាន់អាវុធ ទៅជាការបោះឆ្នោត និងប្តូរពីការកាន់អាវុធ ទៅជាការបញ្ចេញមតិយោបល់»។
ជម្លោះដែលចាប់ផ្ដើមតាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៦០នោះ បានធ្វើឲ្យមនុស្សរាប់លាននាក់រស់នៅខ្ចាត់ខ្ចាយ និងស្លាប់បាត់បង់ជីវិតអស់ជាង២៥០.០០០នាក់។ នៅទំព័រមុខរបស់កាសែតអ៊ែល តៀមប៉ូ El Tiempo ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានដាក់ចំណងជើងយ៉ាងច្បាស់ថា៖ «La paz luego de 267,162 muertos(សន្តិភាពបន្ទាប់ពីស្លាប់អស់២៦៧.១៦២នាក់)»។
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួច លោកBan Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយក្នុងសន្និសីទសារព័ត៌មានថា តាមធម្មតា លោកមិនធ្វើដំណើរក្នុងពេលទិវាបើកមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកំពុងតែប្រារព្ធឡើងនៅទីក្រុងញូវយ៉កនោះទេ ប៉ុន្តែ លោកចង់ពង្រឹងការប្តេជ្ញាចិត្តរបស់លោកផ្ទាល់ចំពោះដំណើរការសន្តិភាពនៅក្នុងប្រទេសកូឡុំប៊ី។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំកោតសរសើរចំពោះគ្រប់ភាគីដែលប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងការដោះលែងជាដំណាក់កាលដំបូងនៃក្រុមអនីតិជនចេញពីក្រុមបដិវត្តន៍កងអាវុធហត្ថFARC-EP។ ភាគីទាំងពីរ ក៏បានទទួលស្គាល់នូវការទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស ក្នុងរយៈពេលជម្លោះរាប់ទសវត្សរ៍នោះ ជាការទទួលស្គាល់មួយដែលអាចជួយដល់ដំណើរការផ្សះផ្សាបាន»។
លោក Banមានប្រសាសន៍បន្ថែមថា អង្គការសហប្រជាជាតិ បានដាក់អ្នកសង្កេតការណ៍ដែលគ្មានបំពាក់អាវុធ ចំនួន២០០នាក់ ឲ្យធ្វើការជាមួយជនរងគ្រោះនៅក្នុងប្រទេសកូឡុំប៊ី និងអង្គការនេះ «នឹងបន្តរក្សាការប្រុងប្រយ័ត្ន» នៅក្នុងដំណើរឆ្ពោះទៅមុខជាមួយនឹងបទឈប់បាញ់។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែកញ្ញានេះ នៅទីក្រុងកំពុងផែ Caribbeanដែលបង្កើតឡើងក្នុងសតវត្សរ៍ទី១៦ ថាសហរដ្ឋអាមេរិក អាចលុបឈ្មោះក្រុមបដិវត្តន៍កងអាវុធហត្ថ ចេញពីបញ្ជីភេវរកម្មបាន ដោយផ្អែកទៅលើការអនុវត្តនៃកិច្ចព្រមព្រៀងសន្តិភាពនេះ។
លោក Kerry និយាយថា៖ «សេចក្តីប្រកាសកិច្ចព្រមព្រៀងនេះ គឺគ្រាន់តែជាគំនិតមួយទេ ប៉ុន្តែ ភាពជាក់ស្ដែងនោះ គឺការអនុវត្ត។ ដូច្នេះ យើងចាំមើលថាតើវាដំណើរការយ៉ាងណា ហើយយើងក៏បានត្រៀមនឹងសើរើ និងធ្វើការវិនិច្ឆ័យរួចជាមួយធាតុពិតដែរ នៅពេលមានការអនុវត្តជាក់ស្តែង»។
ការដោះគ្រាប់មីន
ក្រុមបដវិត្តន៍កងប្រដាប់អាវុធកូឡុំប៊ី ក៏បានយល់ព្រមសហការក្នុងការដោះគ្រាន់មីនផងដែរ។ នេះគឺជាកិច្ចការមួយដែលដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសន័រវែស។ ប្រទេសកូឡុំប៊ី ជាប្រទេសដែលមានផ្ទៃដីមានគ្រាប់មីនច្រើនជាងគេ លំដាប់ទីពីរ នៅលើពិភពលោក បន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថាន ហើយការផ្ទុះគ្រាប់មីន ដែលបានបណ្តាលឲ្យប្រជាជនស្លាប់ ប្រហែល១១.៥០០នាក់ ចាប់តាំងពីឆ្នាំ១៩៩០មក។
សហរដ្ឋអាមេរិក កំពុងទទួលបានការសរសើរលើការនាំឲ្យមានកិច្ចព្រមព្រៀងនេះ ដែលក្រុមអ្នកការទូតនៅ Washington ពិពណ៌នាថា ជាព្រឹត្តិការណ៍រូបបរិវត្តន៍ ផ្លាស់ប្តូរសម្រាប់ប្រទេសកូឡុំប៊ី និងតំបន់អាមេរិក និងជាព្រឹត្តិការណ៍មួយដែលលោកប្រធានាធិបតី Barack Obama បានហៅថាសមិទ្ធិផលស្នាដៃមួយសំខាន់បំផុត នៅក្នុងអាណត្តិតំណែងប្រធាជាធិបតីរបស់លោក។
លោកប្រធានាធិបតីប្រទេសកូឡុំប៊ី Santos ដែលបានធ្វើការអះអាងដាក់កិត្តិយសលោកក្នុងការបញ្ចប់សង្រ្គាមប្រថុយកេរ្តិ៍ឈ្មោះនិងការបញ្ចប់សង្រ្គាមនោះ បានស្នើឲ្យសហរដ្ឋអាមេរិកបង្កើនការចូលរួមក្នុងដំណើរចរចារយៈពេលបួនឆ្នាំនេះ ដែលភាគច្រើនធ្វើឡើងនៅប្រទេសគុយបា។ បេសកកជនពិសេស Bernard Aronson ត្រូវបានដាក់ឈ្មោះឲ្យចូលរួមនៅក្នុងកិច្ចពិភាក្សា។
លោក Arsonson បានប្រាប់ VOA ប៉ុន្មានម៉ោងមុនពិធីចាប់ផ្ដើមថា៖ «សង្គ្រាមនេះ មានតែមនុស្សសាច់ស្រស់ ឈាមស្រស់ ដែលរងទុក្ខ។ ការដែលឃើញទុក្ខវេទនាទាំងអស់នេះ បញ្ចប់ទៅ គឺជារឿងគួរឲ្យត្រេកអរខ្លាំងណាស់»។
នៅក្នុងឆ្នាំសារពើពន្ធ២០១៧ សហរដ្ឋអាមេរិក គ្រោងនឹងចំណាយថវិកាចំនួន៤៥០លានដុល្លារ ដើម្បីជួយប្រទេសកូឡុំប៊ីលើដំណើរការផ្នែកសេវាកម្ម សន្តិសុខ ប៉ូលិស ការអប់រំ សុខភាព ផ្លូវថ្នល់ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសឲ្យទូលំទូលាយ បន្ទាប់ពីមិនបានដំណើរការក្នុងអំឡុងពេលជម្លោះជាច្រើនទសវត្សរ៍។
ក្រុមអ្នកគាំទ្រគម្រោងនេះ ក៏បានកត់សម្គាល់លើកិច្ចប្រឹងប្រែងធ្វើការជាមួយកសិករ ដើម្បីទទួលសិទ្ធិកាន់កាប់ដីធ្លី ក៏ដូចជាការទទួលបានបណ្តាញដឹកជញ្ជូនសម្រាប់ដំណាំកសិផលស្របច្បាប់របស់ពួកគេ ជាជាងការដាំដំណាំកូកាអ៊ីន។ កិច្ចព្រមព្រៀងនោះ មានរួមបញ្ចូលទាំងកិច្ចប្រឹងប្រែងអំពីយុត្តិធម៌អន្តរកាល ដែលក្រុមអ្នកគាំទ្រសង្ឃឹមថា នឹងនាំទៅរកការផ្សះផ្សានៅតាមទីជនបទ។
ពួកគេក៏បានព្យាករណ៍ផងដែរថា វានឹងជំរុញធ្វើឲ្យកំណើនផលិតផលក្នុងស្រុកសរុបរបស់កូឡុំប៊ី កើនឡើងទ្វេដង ប្រៀបនឹងកម្រិតល្បឿនបច្ចុប្បន្ន និងមានល្បឿនកើនឡើងមួយជាបីចំពោះការវិនិយោគពីបរទេស នៅឆ្នាំបន្តបន្ទាប់ទៀត ក្រោយពីកើតមានរឿងអវិជ្ជមាន និងការហូរចេញនូវការដកទុន។
Marcela Escobari អ្នកជំនួយការរដ្ឋបាល ប្រចាំនៅការិយាល័យអាមេរិកឡាទីននៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ បាននិយាយថា៖ «វាជារឿងពិបាកខ្លាំងណាស់ ក្នុងការយកឈ្នះលើសេដ្ឋកិច្ចដំណាំកូកាអ៊ីន ប៉ុន្តែ វាអាចធ្វើទៅបានតាមរយៈការបង្ខិតបង្ខំ និងអំពើហិង្សា»។
ប្រែសម្រួលដោយ សើ សាយ្យាណា