ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកលវិទ្យាល័យ​កូឡុំប៊ី​ធ្វើការ​ស្រាវជ្រាវ​អំពី​ចំនួន​កុមារ​កំព្រា​នៅ​កម្ពុជា


រូបឯកសារ៖ កុមារ​កំព្រា​កម្ពុជា​លេង​ជាមួយ​គ្នា ខណៈពេលដែល​ពួកគេ​រង់ចាំ​មនុស្ស​យក​ទៅ​ចិញ្ចឹម​នៅ​មណ្ឌល​កុមារកំព្រា​កៀនស្វាយ នៅ​រាជធានី​ភ្នំពេញ។

យោងតាម​ការ​ស្ទង់​មតិ​ឆ្នាំ​២០១៤​របស់​អង្គការ​ Unicef កាលពី​កុមារ​ចំនួន​ប្រមាណ​១១.០០០នាក់ កំពុង​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ចំនួន​២២៨​កន្លែង​នៅទូទាំង​ប្រទេស​កម្ពុជា។

ប្រទេស​កម្ពុជា​កំពុង​មាន​ចំនួន​កុមារ​ដែល​រស់នៅ​តាម​មណ្ឌល​កុមារ​កំព្រា​ច្រើន ហើយ​ចំនួន​មជ្ឈមណ្ឌល​កុមារ​កំព្រា​ក៏​មាន​ចំនួន​កាន់តែ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។ ក៏ប៉ុន្តែ មិន​មាន​ការ​ស្រាវជ្រាវ ឬ​ទន្និន័យ​ពិតប្រាកដ​ណាមួយ អាច​កំណត់​ឲ្យ​ច្បាស់​ពី​ចំនួន​កើន​ឡើង​នេះ​នៅ​ឡើយ​ទេ។

យោងតាម​ការ​ស្ទង់​មតិ​ឆ្នាំ​២០១៤​របស់​អង្គការ​ Unicef កាលពី​កុមារ​ចំនួន​ប្រមាណ​១១.០០០នាក់ កំពុង​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ចំនួន​២២៨​កន្លែង​នៅទូទាំង​ប្រទេស​កម្ពុជា។ យ៉ាងណាមិញ ទាំង​ចំនួន​កុមារ និង​ទាំង​ចំនួន​មណ្ឌល​កុមារ​កំព្រា​នៅ​កម្ពុជា​ ត្រូវ​បាន​សន្និដ្ឋាន​ថា​ មាន​ចំនួន​ច្រើន​ជាង​នេះ ដោយសារ​តែ​ការ​ស្ទង់​មតិ​នេះ​មិន​បាន​រួម​បញ្ចូល​ចំនួន​មណ្ឌល​កុមារ​កំព្រា ដែល​មិន​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​ក្នុង​បញ្ជី​របស់​ក្រសួង​កិច្ចការ​សង្គម។

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កំណត់​ទំហំ​នៃ​បញ្ហា​នេះ សកលវិទ្យាល័យ Columbia នៅ​សហរដ្ឋ​អាមេរិក បាន​ដឹកនាំ​ការ​ស្រាវជ្រាវ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដើម្បី​ជួយ​រដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ​ស្វែងយល់​ឲ្យ​ច្បាស់​ពី​ទន្និន័យ​ពិតប្រាកដ​នៃ​កុមារ​ដែល​រស់នៅ​តាម​មណ្ឌល​កុមារ​កំព្រា និង​ចំនួន​មណ្ឌល​កុមារ​កំព្រា​នៅ​កម្ពុជា​ទាំង​មូល។

លោកស្រី Lindsay Stark សាស្ត្រាចារ្យ​ខាង​សុខភាព និង​ការ​ធ្វើចំណាក​ស្រុក​ទាំង​បង្ខំ ដែល​បាន​ដឹកនាំ​ការ​ស្រាវជ្រាវ​នេះ បាន​ប្រាប់ VOA ថា កុមារ​ជា​ច្រើន​នាក់​មិនមែន​ជា​កុមារ​កំព្រា​ទេ។

លោក​ស្រី​បាន​បន្ថែម​ថា មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​ឪពុក​ម្តាយ​របស់​កុមារ​ទាំង​នេះ​ឲ្យ​កូន​របស់​ពួកគេ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា ដោយសារ​តែ​ពួកគេ​ជឿថា នៅ​ទីនោះ កូន​ៗ​របស់​ពួកគេ​នឹង​ទទួល​បាន​ឱកាស​រៀនសូត្រ និង​ការ​មើល​ថែទាំ​ល្អជាង​រស់នៅ​ក្រោម​បន្ទុក​របស់​ខ្លួន ដែល​ភាគច្រើន​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ។

លោកស្រី​ថា៖​«‍អ្វី​ដែល​យើង​ព្រួយបារម្ភ​នោះ​គឺថា ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ពីរ ឬ​បន្ទាប់បន្សំ ដែល​ឪពុកម្តាយ​នាំ​គ្នា​ជឿ​ថា កូន​របស់​ពួកគេ​នឹង​ទទួល​បាន​ឱកាស​ល្អ ដោយ​ចាកចេញ​ពី​ការ​ថែទាំ​របស់​ខ្លួន ដោយ​មិន​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ចាកចេញ​ពី​ភាពក្រីក្រ ដើម្បី​ពង្រីក​ឱកាស​ទទួល​បាន​ការ​អប់រំ​របស់​កុមារ​នៅ​កម្ពុជា»។

ការ​ស្រាវជ្រាវ​នៅ​តាម​ប្រទេស​ផ្សេងៗ​ជា​ច្រើន បាន​រក​ឃើញ​ថា ក្នុង​រយៈពេល​យូរ​អង្វែង កុមារ​ដែល​រស់នៅ​ក្រោម​ការ​ថែទាំ​របស់​មណ្ឌល​កុមារ​កំព្រា​នឹង​ប្រឈម​«‍បញ្ហា​ប៉ះពាល់​ដល់​ប្រាជ្ញា និង​បញ្ហា​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម» បើ​ធៀប​នឹង​កុមារ​ដែល​រស់នៅ​ក្រោម​ការ​ថែទាំ​របស់​ឪពុកម្តាយ។

លោក​ស្រី Stark បាន​បកស្រាយ​ពី​ផល​ប៉ះពាល់​នេះ​ថា៖​«‍បញ្ហា​នេះ​នឹង​ប៉ះពាល់​ខ្លាំង​លើ​កុមារ​ទាំង​អស់​នោះ ដែល​រស់នៅ​តាម​មណ្ឌល​កុមារ​កំព្រា ជាពិសេស​នៅ​ពេល​ដែល​គេ​ធំដឹងក្តី ស្វែងរក​ការងារ និង​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​រួម​ចំណែក​កសាង​សង្គម»។

នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​ឃើញ​មាន​របាយការណ៍​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​បញ្ហា​រំលោភ​បំពាន​លើ​រូបរាង​កាយ និង​ខាង​ផ្លូវ​ភេទ​របស់​កុមារ ដែល​រស់នៅ​តាម​មណ្ឌល​កុមារ​កំព្រា។ ជាក់ស្តែង កាលពី​ពេល​ថ្មីៗ​នេះ លោក ហង្ស វិបុល ដែល​ជា​ប្រធាន​មណ្ឌល​កុមារ​កំព្រា​ឈ្មោះ «‍ផ្ទះ​យើង» ដែល​មាន​ទីតាំង​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស​ពី​បទ​ប្រព្រឹត្តិ​សកម្មភាព​អាសអាភាស​មក​លើ​កុមារ ដែល​រស់នៅ​ក្រោម​ការ​មើល​ថែទាំ​របស់​មណ្ឌល​លោក ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣ឆ្នាំ និង​តម្រូវ​ឲ្យ​សង​សំណង​ដល់​ជន​រងគ្រោះ។

ក៏​ប៉ុន្តែ ការ​ស្រាវជ្រាវ​លើ​បញ្ហា​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច​លើ​កុមារ​មិន​ត្រូវបាន​ធ្វើ​ឡើង​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ដោយសារ​តែ​បញ្ហា​សីលធម៌​ក្នុង​ការ​ស្រាវជ្រាវ។ នេះ​បើ​យោង​តាម​ការ​បកស្រាយ​របស់​លោកស្រី​សាស្ត្រាចារ្យ Lindsay Stark។

«‍យើង​ដឹង​ច្បាស់​ណាស់​ថា ​ការ​រំលោភបំពាន​លើ​កុមារ​ពិត​ជា​កើត​មាន​ឡើង។ ក៏​ប៉ុន្តែ ការណ៍​ដែល​យើង​ទៅ​ព្យាយាម​កំណត់​វិសាលភាព​នៃ​អំពើ​ហិង្សា និង​ការ​រំលោភបំពាន​ទាំង​នោះ នៅ​តាម​មណ្ឌល​កុមារ​កំព្រា ដោយ​ទៅ​ជួប​កុមារ​ជា​ជន​រងគ្រោះ​តែ​មួយ​ថ្ងៃ ហើយ​ចាកចោល​កុមារ​ទាំង​នោះ វា​នឹង​បង្ក​ជា​បញ្ហា​សីលធម៌​ធ្ងន់ធ្ងរ​ណាស់​ក្នុង​ការ​ស្រាវជ្រាវ»។

ក្រោយ​ពី​មាន​ការ​បង្ហាញ​ជា​ក្តី​ព្រួយ​បារម្ភ​ជា​បន្តបន្ទាប់​ពី​ចំនួន​កើន​ឡើង​នៃ​កុមារ និង​មណ្ឌល​កុមារ​កំព្រា​មក កាលពី​ចុង​ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ប្រកាស​មួយ ក្នុង​គោល​បំណង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​លើ​គុណភាព និង​ប្រព័ន្ធ​គ្រប់គ្រង​របស់​មណ្ឌល​កុមារ​កំព្រា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​ទាមទារ​ឲ្យ​មណ្ឌល​កុមារ​កំព្រា​ទាំង​អស់​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជា​ផ្លូវការ​ជាមួយ​ក្រសួង​សង្គមកិច្ច និង​គោរព​ទៅ​តាម​បទដ្ឋាន​នៃ​ការ​ថែទាំ​កុមារ។

លោក​ស្រី​សាស្ត្រាចារ្យ Stark សង្ឃឹម​ថា លទ្ធផល​នៃ​ការ​ប្រមូល​ទន្និន័យ​នៃ​ចំនួន​កុមារ​រស់នៅ​តាម​មណ្ឌល​កុមារ​កំព្រា និង​ចំនួន​មណ្ឌល​កុមារ​កំព្រា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​សកល​វិទ្យាល័យ Columbia នឹង​ផ្សព្វផ្សាយ​នៅ​ចុង​ខែ​មីនា​នេះ នឹង​ជួយ​ដល់​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ជា​ដៃគូ​របស់​ខ្លួន ដើម្បី​ធ្វើការ​រួម​គ្នា​លើ​ការ​កែទម្រង់​គោលនយោបាយ​ស្តី​ពី​សុខមាលភាព​សង្គម​ដ៏​មាន​ប្រសិទ្ធភាព ដែល​នៅ​ខ្វះខាត​នៅ​ឡើយ​នៅ​កម្ពុជា៕

XS
SM
MD
LG