ស្ថានីយបោះឆ្នោតក្នុងរដ្ឋ South Carolina បានបើកទ្វារហើយកាលពីថ្ងៃសៅរ៍ដែលនៅទីនោះក្រុមអ្នកបោះឆ្នោតខាងគណបក្សប្រជាធិបតេយ្យនឹងធ្វើការជ្រើសរើសរវាងលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីការបរទេសស.រ.អា. និងលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Vermont។ ការបោះឆ្នោតនេះជាការប្រកួតប្រជែងចុងក្រោយបង្អស់នៅមុនការបោះឆ្នោតបឋមរួមថ្ងៃអង្គារនៅជាង១០រដ្ឋដែលភាសាអង់គ្លេសហៅថា Super Tuesday នៅសប្តាហ៍ក្រោយដែលនៅពេលនោះនឹងមានការបញ្ចេញប្រតិភូជាងមួយពាន់នាក់សម្រាប់ការតែងតាំងបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យ។
ការស្ទង់មតិនៅទូទាំងរដ្ឋនេះបង្ហាញថាលោកស្រី Clinton នាំមុខលោក Sanders ៥០ភាគរយ។
លោក Chris Williams អ្នកបោះឆ្នោតម្នាក់មកពីក្រុង Columbia រដ្ឋ South Carolina បាននិយាយប្រាប់ VOA ថា លោកបានបោះឆ្នោតជូនលោកស្រី Hillary Clinton ពីព្រោះ «លោកស្រីជាបេក្ខជនមានលក្ខណៈសម្បត្តិល្អជាងគេ និងមានទស្សនៈល្អបំផុតសម្រាប់ឱ្យប្រទេសនេះមានចលនាទៅមុខ»។ លោក Williams បានថ្លែងថា លោកយល់ថា គោលនយោបាយរបស់លោក Sanders មាន «ភាពស្រពិចស្រពិលបន្តិច»។
លោក Jerry Shipes អ្នកធ្វើការខាងប្រៃសណីយ៍ដែលបានចូលនិវត្តន៍ហើយនោះមកពីក្រុង Columbia រដ្ឋ South Carolina បាននិយាយថា លោកបានបោះឆ្នោតជូនលោក Bernie Sanders ពីព្រោះ «លោកហាក់ដូចជាមនុស្សរបស់ប្រជារាស្ត្រ និងជាមនុស្សរបស់ប្រជារាស្ត្រអាមេរិកាំងឋានៈកណ្តាល»។
ជ័យជម្នះយ៉ាងច្រើននៅក្នុងរដ្ឋ South Carolina នឹងបង្កើនការគាំទ្រដល់លោកស្រី Clinton ក្នុងចំណោមជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកដែលជាក្រុមសំខាន់មួយខាងប្រជាសាស្ត្រក្នុងចំណោមក្រុមអ្នកបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ និងអាចនាំឱ្យលោកស្រីមានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅទូទាំងប្រទេសផងដែរ។ កាលពីសប្តាហ៍មុន លោកស្រីបានទទួលការគាំទ្រពីលោក James Clyburn សមាជិកសភាស.រ.អា.ជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកដែលមានឥទ្ធិពលក្នុងរដ្ឋ South Carolina។
លោកស្រី Clinton បានមានប្រសាសន៍កាលពីថ្ងៃសុក្រនៅក្នុងការប្រជុំមួយក្នុងក្រុង Columbia រដ្ឋ South Carolina ថា «ការបោះឆ្នោតបឋមនៅ South Carolina មានសារៈសំខាន់ជាពិសេសសម្រាប់ខ្ញុំពីព្រោះខ្ញុំចង់បញ្ជូនសញ្ញាខ្លាំងមួយថា រដ្ឋ South Carolina ប្រុងប្រៀបធ្វើការផ្លាស់ប្តូរហើយ»៕