ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​នឹង​លើក​ពី​បញ្ហា​លេច​ធ្លាយ​នូវ​ព័ត៌មាន​អំពី​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង Manchester មក​ពិភាក្សា​ជាមួយ​នឹង​លោក Trump


នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោកស្រី Theresa May ចាក​ចេញ​ពី​អគារ 10 Downing Street ទៅ​ក្រុង Manchester កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។
នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោកស្រី Theresa May ចាក​ចេញ​ពី​អគារ 10 Downing Street ទៅ​ក្រុង Manchester កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោកស្រី Theresa May គ្រោង​នឹង​លើក​ឡើង​ពី​បញ្ហា​ព្រួយ​បារម្ភ​មួយ​ចំនួន​មក​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ បញ្ហា​ព្រួយ​បារម្ភ​ទាំង​នោះ ពាក់ព័ន្ធ​នឹង​ការ​លេច​ចេញ​នូវ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​អំពី​សេចក្ដី​លម្អិត​នៃ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បោក​គ្រាប់​បែក​នៅ​ក្នុង​ទីក្រុង Manchester ចក្រភព​អង់គ្លេស ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោកស្រី Theresa May នឹង​ចូលរួម​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​អង្គការ​អូតង់ នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ស្រប​ពេល​ដែល​មាន​ការ​គំរាម​កំហែង​វាយ​ប្រហារ​ភេរវកម្ម​កម្រិត​ធ្ងន់ធ្ងរ​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​របស់​លោកស្រី។

ប៉ូលិស​ដែល​ធ្វើ​ការ​លើ​សំណុំ​រឿង​ផ្ទុះ​គ្រាប់​បែក​ក្នុង​ទីក្រុង Manchester នេះ និង​ដែល​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ដែល​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​នូវ​ព័ត៌មាន​អំពី​ការ​ផ្ទុះ​គ្រាប់​បែក​នេះ បាន​ឈប់​ចែក​រំលែក​ព័ត៌មាន​ជាមួយ​នឹង​សមភាគី​អាមេរិកាំង​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន BBC។

ការ​ឈប់​ចែកចាយ​ព័ត៌មាន​របស់​ប៉ូលិស​អំពី​ការ​វាយ​ប្រហារ​នេះ ជាមួយ​នឹង​សហរដ្ឋ​អាមេរិក នឹង​នៅតែ​មាន​ប្រសិទ្ធភាព រហូត​ទាល់តែ​មាន​ការ​ធានា​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា មិន​មាន​ការ​លេច​ចេញ​នូវ​ព័ត៌មាន​ណា​មួយ​ទៀត​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក​ជា​ច្រើន បាន​រាយការណ៍​អំពី​ឈ្មោះ​របស់​អ្នក​បោក​គ្រាប់​បែក​អត្តឃាត ដែល​មន្ត្រី​អង់គ្លេស​បាន​ផ្ដល់​ជូន​មន្ត្រី​អាមេរិកាំង មុន​ពេល​ដែល​ឈ្មោះ​របស់​អ្នក​បោក​គ្រាប់​បែក​នេះ ត្រូវ​បាន​មន្ត្រី​អង់គ្លេស​បង្ហាញ​ជា​សាធារណៈ។

កន្លង​មក បុរស ៨ នាក់ ត្រូវ​បាន​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ឯ​ការ​ប្រគុំ​តន្ត្រី​របស់​អ្នក​ចម្រៀង Ariana Grande កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ។ ការ​ផ្ទុះ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស ២២ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ ស្លាប់​បាត់​បង់​ជីវិត និង​មនុស្ស ៦៤ នាក់ ផ្សេង​ទៀត​រង​របួស។

គ្រាប់​បែក​នេះ ត្រូវ​បាន​បំផ្ទុះ​ដោយ​ជន​ម្នាក់​ឈ្មោះ Salman Abedi អាយុ ២២ ឆ្នាំ កើត​នៅ​ក្នុង​ទីក្រុង Manchesterចក្រភព​អង់គ្លេស និង​មាន​ប្រវត្តិ​មក​ពី​គ្រួសារ​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​លីប៊ី៕

XS
SM
MD
LG