កងកម្លាំងសន្តិសុខលីប៊ីបាននិយាយថា ពួកគេបានចាប់ខ្លួនបងប្អូនប្រុស និងឳពុករបស់អ្នកដាក់គ្រាប់បែកអត្តឃាតនៅ Manchester ឈ្មោះ Salman Abedi។
អ្នកនាំពាក្យម្នាក់របស់កងកម្លាំងប្រឆាំងនឹងភេរវកម្មលីប៊ីបាននិយាយថាកាលពីពេលថ្មីៗនេះ Hasham Abedi បានទាក់ទងជាមួយបងប្អូនប្រុសរបស់គាត់ហើយបានដឹងអំពីផែនការរបស់ Salman Abedi ក្នុងការវាយប្រហារនោះ។
អ្នកនាំពាក្យរូបនេះបាននិយាយថា «យើងមានភស្តុតាងថា គាត់មានការទាក់ទងជាមួយ Daesh ជាមួយបងប្អូនប្រុសគាត់។ យើងបានតាមដានគាត់ជាងមួយខែកន្លះមកហើយ»។
ឈ្មោះ Salman Abedi បានបំផ្ទុះខ្លួនឯងនៅក្នុងរង្គភូមិឈ្មោះ Manchester Arena បណ្តាលឱ្យមនុស្ស២២នាក់ស្លាប់ និងមានមនុស្សច្រើននាក់ទៀតត្រូវរបួស ក្នុងពេលខ្លីក្រោយការបញ្ចប់ការប្រគុំតន្ត្រីប៉ុបរបស់នាង Ariana Grande ដែលជាអ្នកចម្រៀងអាមេរិកាំងវ័យក្មេង។
លោក Ramadan ដែលជាឳពុករបស់ Abedi បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកបាននិយាយជាមួយកូនប្រុសលោកកាលពី៥ថ្ងៃមុននេះហើយ «អ្វីៗទាំងអស់មានភាពធម្មតា»។
លោក Ramadan បាននិយាយនៅក្នុងក្រុង Tripoli ដែលលោករស់នៅទីនោះថា កូនប្រុសលោកគ្មានជំនឿជ្រុលនិយមទេ។ តែទោះជាយ៉ាងណាក៏ដោយក៏លោកបានថ្លែងបន្ថែមថា Abedi មិនបានប្រាប់លោកថាគាត់ទៅ Manchester ទេនៅពេលគាត់ចាកចេញពីប្រទេសលីប៊ីកាលពីសប្តាហ៍មុន។
លោក Ramadan Abedi បាននិយាយប្រាប់ Reueters ថាលោកថ្កោលទោស«សកម្មភាពភេរវកម្មលើពួកជនស៊ីវិល និងក្រុមមនុស្សស្លូតត្រង់គ្មានទោសពៃរ»។
លោក Ian Hopkins មេប៉ូលិសក្រុង Manchester បាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃពុធថា «ជាការច្បាស់លាស់ណាស់ថានេះជាបណ្តាញមួយដែលយើងកំពុងធ្វើការស៊ើបអង្កេត» ហើយថា Abedi មិនមែនធ្វើសកម្មភាពភេរវកម្មនេះតែឯកឯងទេ៕