ក្រុមអ្នកបោះឆ្នោតក្នុងប្រទេសថៃប្រុងប្រៀបបោះឆ្នោតនៅថ្ងៃអាទិត្យនេះលើរដ្ឋធម្មនុញ្ញថ្មីមួយដែលត្រូវបានដាក់ស្នើដោយក្រុមយោធាគ្រប់គ្រងប្រទេស។
សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះដែលគាំទ្រដោយពួកយោធានឹងតែងតាំងនាយករដ្ឋមន្ត្រីម្នាក់ដែលមិនកើតឡើងតាមរយៈការបោះឆ្នោតនៅក្នុងពេលមានការទាល់ច្រកខាងនយោបាយ និងតែងតាំងព្រឹទ្ធសភាមួយរូបមិនកើតឡើងតាមរយៈការបោះឆ្នោត គឺជ្រើរើសយកអាសនៈបម្រុងដែលលជាសមាជិកនៃក្រុមប្រឹក្សាយោធា។
ទោះណាជាក្រុមយោធាបាននិយាយថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះនឹងកាត់បន្ថយការបែកបាក់គ្នាខាងនយោបាយក្នុងប្រទេសក៏ដោយក៏ពួកអ្នករិះគន់បាននិយាយបង្ហាញហេតុផលថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះផ្តល់អំណាចច្រើនពេកឱ្យពួកយោធា។
ពួកអ្នកជំនាញក៏បាននិយាយដែរថា ការបោះឆ្នោតនេះគឺដើម្បីបញ្ជាក់ថាតើការគ្រប់គ្រងយោធានៅក្នុងប្រទេសថៃចាប់តាំងពីមានរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៤មកនោះ ត្រឹមត្រូវតាមច្បាប់ដែរឬយ៉ាងណា។
អ្នកបោះឆ្នោតថៃប្រមាណ៥០លាននាក់នឹងឆ្លើយនឹងសំណួរពីរនៅលើសន្លឹកឆ្នោត។ សំណួរទីមួយសួរថា តើពួកគេយល់ព្រមដល់សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះឬទេ? សំណួរទីពីរសួរថា តើពួកគេយល់ព្រមឬទេដល់សភាជាន់ខ្ពស់ដែលតែងតាំងដោយក្រុមប្រឹក្សាយោធា រួមជាមួយនឹងសភាជាន់ទាប ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីម្នាក់សម្រាប់បម្រើការក្នុងរយៈពេលអន្តរកាលប្រាំឆ្នាំចាប់តាំងពីការគ្រប់គ្រងយោធាទៅនោះ?
រដ្ឋធម្មនុញ្ញថ្មីនេះនឹងមានសមាជិកព្រឹទ្ធសភាតែងតាំងដោយក្រុមយោធាចំនួន២៥០នាក់រួមបញ្ចូលជាមួយនឹងសភាតំណាងរាស្ត្រមានសមាជិកជាប់ឆ្នោត ៥០០នាក់។
គេរំពឹងថាការបោះឆ្នោតជាតិនឹងមានធ្វើនៅឆ្នាំក្រោយតាមការសន្យារបស់ក្រុមប្រឹក្សាយោធា បើសិនរដ្ឋធម្មនុញ្ញរបស់ពួកគេទទួលការយល់ព្រម។ លោក Prayuth Chan-ocha នាយករដ្ឋមន្ត្រីបច្ចុប្បន្នក៏បានសន្យាដែរថា នឹងមានការបោះឆ្នោតនោះ។
លោកក៏បានសន្យាថា លោកនឹងមិនលាលែងចេញពីតំណែងទេ ទោះណាជាការបោះឆ្នោតប្រជាមតិថ្ងៃអាទិត្យនេះទទួលលទ្ធផលបែបណាក៏ដោយ។
គណបក្សធំៗទាំងពីរក្នុងប្រទេសថៃបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញដែលបានត្រូវស្នើនេះដោយបាននិយាយបង្ហាញហេតុផលថា រដ្ឋធម្មនុញ្ញនេះមានភាពមិនប្រជាធិបតេយ្យទេ។ ពួកនិស្សិតសកម្មជនឋិតនៅក្នុងចំណោមពួកអ្នករិះគន់ខ្លាំងបំផុតដល់ការគ្រប់គ្រងយោធាហើយពួកនិស្សិតជាង១២នាក់បានត្រូវឃុំឃាំងដោយសារបានធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះ។
ក្រុមយោធាបានប្រើច្បាប់គាំទ្រការបោះឆ្នោតប្រជាមតិនេះដើម្បីពិន័យនិងដាក់គុករហូតដល់១០ឆ្នាំនូវពួកជនទាំងឡាយណាដែលធ្វើយុទ្ធនាការប្រឆាំងនឹងសេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះ។ទោះណាជាមិនទំនងជានឹងមានអំពើហិង្សាក៏ដោយ រដ្ឋាភិបាលយោធាមានការត្រួតត្រាតឹងរ៉ឹងខាងសន្តិសុខ ហើយអាជ្ញាធរនឹងដាក់ពង្រាយប៉ូលិសមួយម៉ឺននាក់សម្រាប់ការបោះឆ្នោតនៅថ្ងៃនេះ៕