ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​ថៃ​​ជ្រើស​រើស​​រដ្ឋធម្មនុញ្ញ​ថ្មី​​គាំទ្រ​ដោយ​​​យោធា


ប្រធាន​គណៈកម្មាធិការ​បោះឆ្នោតលោក Supachai Somcharoen (កណ្តាល) ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យគណៈកម្មាធិការ​បោះឆ្នោតក្នុង​ទីក្រុង​បាំងកកកាលពី​ថ្ងៃទី​០៨ សីហា ២០១៦។
ប្រធាន​គណៈកម្មាធិការ​បោះឆ្នោតលោក Supachai Somcharoen (កណ្តាល) ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យគណៈកម្មាធិការ​បោះឆ្នោតក្នុង​ទីក្រុង​បាំងកកកាលពី​ថ្ងៃទី​០៨ សីហា ២០១៦។

ប្រជា​ពលរដ្ឋ​ថៃ​ភាគ​ច្រើន​បាន​សម្រេច​ឯកភាព​ជាមួយ​នឹង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​យោធា​ថៃ​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​កាល​ពី​ថ្ងៃ​ទី​៧​ខែ​សីហា​ កន្លង​ទៅ​នេះ។

​រដ្ឋ​ធម្មនុញ្ញ​នេះ​ត្រូវ​បាន​មេ​ដឹកនាំ​យោធា​អះអាង​ថា ​បាន​បើក​ផ្លូវ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ ​ប៉ុន្តែ​អ្នក​រិះគន់​វិញ​យល់​ឃើញ​ថា​ រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​តួនាទី​របស់​ពួក​យោធា​នៅ​ក្នុង​រដ្ឋាភិបាល​មាន​ភាព​ស្រប​ច្បាប់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។​

លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​ត្រូវ​បាន​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ទី​១០​ខែ​សីហា​កន្លង​ទៅ​នេះ​ថា ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ដោយ​មាន​សំឡេង​៦១,៣​ភាគរយ។​

នៅ​ក្នុង​ការ​ធ្វើ​ប្រជា​មតិ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ អ្នក​បោះ​ឆ្នោត​តម្រូវ​ឲ្យ​ឆ្លើយ​សំណួរ​ពីរ​ ដែលមានចម្លើយ​«ព្រម»​ ឬ​«មិន​ព្រម»​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​ និង​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​នាយករដ្ឋមន្ត្រី​ថ្មី​ចេញ​ពី​កិច្ចប្រជុំ​រួមគ្នា​រវាង​ព្រឹទ្ធ​សភា​ដែល​មាន​សមាជិក​២៥០​រូប​និង​រដ្ឋសភា​ដែល​មាន​សមាជិក​ ៥០០​រូប។​

អ្នក​ទិតៀន​លើក​ឡើង​ថា ​កិច្ច​ប្រជុំ​រួម​រវាង​សភា​ទាំង​ពីរ​ថ្នាក់​ក្នុង​ការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី​នឹង​បើក​ឱកាស​ឲ្យ​មាន​ការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ដែល​មិន​ឆ្លង​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ក្នុង​អាណត្តិ​ថ្មី​របស់​រដ្ឋាភិបាល​នា​ពេល​អនាគត។​

នៅ​មុន​ការ​ធ្វើ​ប្រជា​មតិ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ចូល​មក​ដល់ ​រដ្ឋាភិបាល​ថៃ​បាន​ហាម​យ៉ាង​តឹងតែង​មិន​ឲ្យ​មាន​ការ​ពិភាក្សា​វែកញែក​ពាក់ព័ន្ធ​នឹង​សេចក្ដី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​ទេ ​ដោយ​បាន​ចាប់​ខ្លួន​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​ ដែល​ក្នុង​នោះ​មាន​និស្សិត​ផង​ដែរ។ ​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ប្រឆាំង​នេះ​គឺ​ធ្វើ​ឡើង​ផ្អែក​លើ​ច្បាប់​ដ៏​តឹងតែង​ដែល​ឈាន​ដល់​ការ​ផាក​ពិន័យ ​និង​ការ​ដាក់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ​ផង​ដែរ។​

អង្គការ​លើកលែង​ទោស​អន្តរជាតិ ​Amnesty International ​បាន​លើក​ឡើង​ថា​ ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ក្នុង​ស្ថាន​ការណ៍​នៃ​«ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ»​ ដែល​បង្កើត​ឲ្យ​មាន​«បរិយាកាស​បំភិត​បំភ័យ»។​

អ្នក​បោះ​ឆ្នោត​បាន​រិះគន់​ថា ​ការ​មិន​ទទួល​បាន​ព័ត៌មាន​អំពី​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ​និង​ការ​ហាម​ប្រាប​មិន​ឲ្យ​មាន​ការ​ពិភាក្សា​វែកញែក​អំពី​រដ្ឋធម្មនុញ្ញ​នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​មាន​ភាព​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​គាំទ្រ ​ឬ​មិន​គាំទ្រ​រដ្ឋ​ធម្មនុញ្ញ​នេះ។​ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​នៅ​មុន​ការ​ធ្វើ​ប្រជាមតិ​រដ្ឋ​ធម្មនុញ្ញ​នេះ។​

ការិយាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​Prayut Chan-o-cha ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​៧ ​ខែ​សីហា​ថា ​ការ​ធ្វើ​ប្រជា​មតិ​រដ្ឋ​ធម្មនុញ្ញ​នេះ​«ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ឡើង​ក្នុង​លក្ខខណ្ឌ​មាន​តម្លាភាព​ និង​ភាព​បើក​ទូលាយ»។​

នៅ​ឯ​ស្ថានីយ​បោះ​ឆ្នោត​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៧​ ខែ​សីហា​កន្លង​ទៅ​នេះ ​ លោក Yosporn Limpaphan ​បាន​និយាយ​ថា ​លោក​គាំទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ​ពីព្រោះ​លោក​ចង់​ឃើញ​ប្រទេស​ថៃ​វិវឌ្ឍ​ទៅ​មុខ។​

លោក ​Yosporn Limpaphan ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​មក​ស្ថានីយ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ​ដើម្បី​បោះ​ឆ្នោត​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នេះ ​ដើម្បី​កុំ​ឲ្យ​ប្រទេស​វិល​ត្រឡប់​ទៅ​រក​ស្ថាន​ការណ៍​ដូច​កាល​ពី​អតីត​កាល។ ​ប្រសិន​បើ​សេចក្ដី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​នេះ​មិន​ត្រូវ​បាន​គេ​បោះ​ឆ្នោត​គាំទ្រ​នោះ​ទេ​ នោះ​ខ្ញុំ​ចង់​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​នៅ​កាន់​តំណែង​ដដែល​ដើម្បី​ដឹកនាំ​ប្រទេស​បន្ត​ទៅ​មុខ​ទៀត»។​

ប្រជា​ពលរដ្ឋ​ថៃ​ភាគ​ច្រើន ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ធំៗ​ បាន​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួកគេ​វិញ​នៅ​តាម​ខេត្ត​ផ្សេងៗ​ដើម្បី​បោះ​ឆ្នោត​នៅ​តាម​ស្ថានីយ​បោះ​ឆ្នោត​របស់​ពួក​គេ​ក្នុង​ចំណោម​ស្ថានីយ​បោះ​ឆ្នោត​ទាំង​៩៥​០០០​ស្ថានីយ​នៅ​ទូទាំង​ប្រទេស ​ដោយ​ក្នុង​នោះ​មាន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រហែល​៥០​លាន​នាក់។​

ភាព​ចលាចល​ផ្នែក​នយោបាយ

រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​គឺ​ជា​រដ្ឋធម្មនុញ្ញ​ទី​២០​របស់​ប្រទេស​ថៃ ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​សម្រេចយក​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​តាំង​ពី​ឆ្នាំ​១៩៣២​មក ​និង​បន្ទាប់​ពី​ប្រទេស​នេះ​ឆ្លង​កាត់​ភាព​វឹកវរ​ផ្នែក​នយោបាយ​អស់​រយៈពេល​មួយ​ទសវត្ស​កន្លង​មក។​

ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ Yingluck Shinawatra ​កាល​ពី​ឆ្នាំ​២០១៣ ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដោយយោធា​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១៤ ​ដែល​ដឹកនាំ​ដោយ​មេ​បញ្ជាការ​យោធា​លោក​ Prayut Chan-o-cha ​ដែល​ឥឡូវ​នេះ​លោក​គឺ​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ និង​ជា​ប្រមុខ​រដ្ឋាភិបាល​យោធា ​ដែល​ហៅ​ថា​ ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព ​និង​សន្តិសុខ ​(National Council for Peace and Order)។​

ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​មក ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព ​និង​សន្តិសុខ​នេះ​បាន​ក្ដោបក្ដាប់​អំណាច​គ្រប់គ្រង​យ៉ាង​ណែន​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ក្រោម​អំណាច​គ្រប់គ្រង​របស់​រដ្ឋាភិបាល​យោធា​នេះ និង​ការ​រិះគន់​អំពី​ការ​រឹត​បន្តឹង​ចំពោះ​សេរីភាព​នយោបាយ។

អ្នកស្រី​ Noi ​ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​ ហើយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​ បាន​និយាយ​ថា ​អ្នកស្រី​ចង់​ឃើញ​លោក ​Prayut ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​រំពឹង​ថា ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧។​

អ្នកស្រី​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ចូលចិត្ត​លោក ​Prayut Chan-o-cha។​ ដូច្នេះ​ខ្ញុំ​ឯកភាព​ជាមួយ​គាត់។ ​ប្រទេស​ថៃ​ត្រូវ​ការ​លោក ​Prayut ​មួយ​រយៈ​សិន។ ​បន្ទាប់ពី​លោក​បាន​ធ្វើ​អ្វីៗ​ចប់​សព្វ​គ្រប់​រួចរាល់​ហើយ ​យើង​អាច​មាន​ការ​បោះ​ឆ្នោត​បាន‍»។​

ការ​ផ្ដោត​លើ​អំពើ​ពុករលួយ

នៅ​ក្នុង​ទីក្រុង​ឈៀងម៉ៃ​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ​លោក ​Tawan Laopeth ​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​នឹង​ផ្ដោត​លើ​បញ្ហា​មួយ​ចំនួន​ដូចជា​អំពើ​ពុករលួយ​ជាដើម។​

លោក ​Tawan ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖​

«មនុស្ស​រាល់​គ្នា​ចង់​ឃើញ​ប្រទេស​ថៃ​មាន​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ​ទាំង​ផ្នែក​សេដ្ឋកិច្ច ​សង្គម​ និង​នយោបាយ។ ​ពួក​យើង​មិន​ចង់​ឃើញ​ប្រទេស​ដើរ​ថយ​ក្រោយ​ទៅ​រក​សម័យ​កាល​ខ្មៅ​ងងឹត ​ដែល​មាន​មនុស្ស​វាយ​ប្រយុទ្ធ​គ្នា ​និង​មាន​អំពើ​ពុករលួយ​នោះ​ទេ‍»។​

ចំណែក​អ្នក​បោះ​ឆ្នោត​ផ្សេង​ទៀត​ ដូចជា​តួ​សម្ដែង​ល្បី​ឈ្មោះ​លោក​ Willy Macintosh ​ជា​ដើម ​បាន​និយាយ​ថា​ មាន​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ស្ថាន​ការណ៍​នយោបាយ​ទៅ​ថ្ងៃ​មុខ។

លោក ​Macintosh ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​ «សព្វថ្ងៃ​នេះ ​ប្រទេស​ថៃ​មិន​មែន​ជា​ដែន​ដី​នៃ​ស្នាម​ញញឹម​ទៀត​ទេ ​ពីព្រោះ​ដោយសារ​តែ​បញ្ហា​អំពើ​ពុករលួយ​ និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​មិន​អាច​ដោះស្រាយ​បាន ​ហើយ​ប្រជា​ពលរដ្ឋ​កំពុង​តែ​បាត់​បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​នយោបាយ​សព្វថ្ងៃ​នេះ​ហើយ‍»។​

អ្នក​គាំទ្រ​លោកស្រី​ Yingluck​ អតីត​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​គេ​ទម្លាក់​ចេញ​ពី​តំណែង ដឹកនាំ​ដោយ​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ ​(UDD) ​ដែល​គេ​ស្គាល់​ថា​ ជា​ក្រុម​អាវ​ក្រហម​នោះ ​គឺ​ជា​ក្រុម​នៅ​ក្នុង​ចំណោម​អ្នក​ធ្វើ​យុទ្ធនាការ​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ។​

គណបក្ស​នយោបាយ​សំខាន់ៗ ​ដូចជា​គណបក្ស​ភឿថៃ ​(Pheu Thai Party)​ របស់​លោកស្រី ​Yingluck ​និង​គណបក្ស​អ្នក​ប្រជា​ធិបតេយ្យ ​(Democrat Party)​ របស់​លោក ​Abhisit Vejjajiva ​ក៏​មិនគាំទ្រ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​យល់​ព្រម​ចំពោះ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ដែរ។​

នៅ​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ​គណបក្ស​នយោបាយ​សំខាន់ៗ​នឹង​មាន​តួនាទី​ថយ​ចុះ​ជាង​មុន ​ដែល​នឹង​បើក​ឱកាស​ឲ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះដែល​ខ្សោយ​ជាង​មុន ​និង​មាន​លក្ខណៈ​តូច​ជាង​មុន។​

លោកស្រី ​Tida Thavornseth ​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ ​UDD​ បាន​លើកឡើង​ថា ​ចំនួន​អ្នក​បោះ​ឆ្នោត​បាន​ចេញ​ទៅ​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​តិច​ជាង​៨០​ភាគរយ​ ទោះបី​ជា​មន្ត្រី​សន្តិសុខ​បាន​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ក៏​ដោយ។។ ​ចំនួន​៨០​ ភាគរយ​នេះ​ជា​តួលេខ​ដែល​រំពឹង​ទុក​ដោយ​អាជ្ញាធរ​បោះ​ឆ្នោត។​

លោកស្រី​និយាយ​យ៉ាង​ដូច្នេះ​ថា៖​ «នៅ​តាម​ស្ថានីយ​បោះ​ឆ្នោត​ភាគ​ច្រើន​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ចេញ​ទៅ​បោះ​ឆ្នោត។ ​ប៉ុន្តែ​នៅ​តាម​ស្ថានីយ​បោះ​ឆ្នោត​ខ្លះ ​មាន​ទាហាន​ជា​ច្រើន​ចេញ​មក​បោះ​ឆ្នោត។ ​គេ​មិន​សូវ​ឃើញ​មាន​ប្រជា​ពលរដ្ឋ​សាមញ្ញ​ចេញ​មក​បោះ​ឆ្នោត​នោះ​ទេ។​ ដូច្នេះ ​ខ្ញុំ​ខ្លាច​ថា ​ចំនួន​អ្នក​បោះ​ឆ្នោត​ដែល​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ​ចេញ​ទៅ​បោះ​ឆ្នោត​ប្រហែល​មាន​តែ​៥០​ភាគរយ​ប៉ុណ្ណោះ‍»។​

ប៉ុន្តែ​លោក ​Titpol Phakdeewanich ​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​មក​ពី​សាកល​វិទ្យាល័យ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត ​Ubon Ratchathani ​ភាគ​ពាយព្យ​ប្រទេស​ថៃ ​បាន​បញ្ជាក់​ថា ​អ្នក​គាំទ្រ​ក្រុម​អាវ​ក្រហម​មួយ​ចំនួន​អាច​បោះ​ឆ្នោត​គាំទ្រ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ ​ដោយសារ​តែ​ខ្លាច​រដ្ឋាភិបាល​យោធា​នៅ​បន្ត​កាន់​អំណាច​បន្ថែម​ទៀត ​និង​ដោយសារ​តែ​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ជា​ថ្មី​នៅ​ពេល​ខាង​មុខ។​

លោក​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖​ «មាន​ឱកាស​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ត្រូវ​គេ​អនុម័ត​បាន ដោយសារ​តែ​អ្នក​គាំទ្រ​ក្រុម​អាវ​ក្រហម​ភាគ​ច្រើន​ដែល​ខ្ញុំ​និយាយ​ជាមួយ ​មាន​អារម្មណ៍​ថា ​ពួកគេ​មួយ​ចំនួន​បាន​បោះ​ឆ្នោត​គាំទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ‍។ ​ខ្ញុំ​មិន​ចង់​មាន​ន័យ​ថា ​ការ​បោះ​ឆ្នោត​យល់​ចំពោះ​រដ្ឋធម្មនុញ្ញ​នេះ​គឺ​ជា​ការ​គាំទ្រ​រដ្ឋាភិបាល​យោធា​នោះ​ទេ ​ប៉ុន្តែ​ការ​បោះ​ឆ្នោត​យល់​ព្រម​ពី​ពួក​អាវ​ក្រហម​គឺ​គ្រាន់តែ​ជា​ការ​ចង់​ឲ្យ​ប្រទេស​វិល​ត្រឡប់​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​វិញ​តែ​ប៉ុណ្ណោះ ​ពីព្រោះ​រដ្ឋាភិបាល​យោធា​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ថា ​ប្រសិនបើ​អ្នក​បោះ​ឆ្នោត​គាំទ្រ​រដ្ឋ​ធម្មនុញ្ញ​នេះ ​ប្រទេស​របស់​យើង​នឹង​វិល​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​វិញ‍»។​

ពួក​យោធា​បាន​និយាយ​ថា ​ប្រសិនបើ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​មិន​ត្រូវ​បាន​គេ​គាំទ្រ​នោះ​ទេ​ នោះ​ខ្លួន​នឹង​តាក់តែង​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ទៀត ​ដោយ​មិន​មាន​ការ​ពិភាក្សា​វែកញែក​អ្វី​នោះ​ទេ ​ហើយនឹងចាប់ផ្ដើម​ផ្ដោត​លើ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ថ្មី​នា​ឆ្នាំ​ក្រោយ។​

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នានា ​និយាយ​ថា ​ការ​គ្រប់គ្រង​របស់​ពួក​យោធា​លើ​ព្រឹទ្ធ​សភា​ដែល​បង្កើត​ឡើង​តាម​ការ​ជ្រើស​តាំង ​និង​រដ្ឋសភា​ដែល​មាន​អំណាច​ខ្សោយ​ជាង​មុន ​អាច​បណ្ដាល​ឲ្យ​ពួក​យោធា​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​ហោច​ណាស់​ក៏​៥​ឆ្នាំ​ទៅ​មុខ​ទៀត​ដែរ ​បើ​ផ្អែក​លើ​មាត្រា​ស្ដី​ពី​ដំណាក់​កាល​អន្តរកាល​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ថៃ៕​

ប្រែ​សម្រួល​ដោយ៖ ​ភី សុភាដា​

XS
SM
MD
LG