គណៈកម្មការរៀបចំការបោះឆ្នោតគ.ជ.ប. នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា កម្ពុជាមិនទាន់មានលទ្ធភាពក្នុងការរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោត ឬបង្កើតការិយាល័យបោះឆ្នោតសម្រាប់ពលករចំណាកស្រុកនៅក្រៅប្រទេសនោះទេ។ ការឆ្លើយតបនេះធ្វើឡើងក្រោយពីមានការស្នើសុំពីគណបក្សជំទាស់ និងភាគីពាក់ព័ន្ធនានាឲ្យមានប្រព័ន្ធចុះឈ្មោះដោយងាយស្រួលសម្រាប់កម្មករ។ ពួកគេយល់ថា ពលករចំណាកស្រុកកម្ពុជាមានចំនួនច្រើន ដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោតនាពេលខាងមុខ។
លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនៅមានភាពស្មុគស្មាញ និងចំណាយពេលយូរសម្រាប់ពលករដែលនៅក្រៅប្រទេសដែលត្រូវវិលត្រឡប់មកកម្ពុជាដើម្បីចុះឈ្មោះបោះឆ្នោត។ លោកថា នៅក្នុងប្រទេសប្រជាធិបតេយ្យដទៃ មានការរៀបចំឲ្យមានការបោះឆ្នោតនៅស្ថានទូត ឬភ្នាក់ងារទូត ដើម្បីជួយសម្រួលការបោះឆ្នោតដល់ពលរដ្ឋរបស់គេដែលធ្វើការក្រៅប្រទេស។ លោកបន្ថែមថា គណបក្សជំទាស់ក៏ធ្លាប់បានស្នើសុំឲ្យមានការិយាល័យបោះឆ្នោតតាមព្រំដែន ឬតាមស្ថានទូត។
«យើងមិននិយាយទៅដល់ឥទ្ធិពលនៃការបោះឆ្នោត យ៉ាងម៉េចទេ តែយើងនិយាយពីការធានាសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។ នៅក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ណាស់ថា ពលរដ្ឋខ្មែរទាំង២ភេទគឺត្រូវទទួលបាននូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ។ ដូច្នេះគ.ជ.ប. ត្រូវខិតខំរកមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីផ្ដល់សិទ្ធិដល់ពលរដ្ឋយើង»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សជំទាស់ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច លើកឡើងថា ការចុះឈ្មោះ និងការបោះឆ្នោតគឺជាសិទ្ធិសំខាន់របស់ពលរដ្ឋ។ គណបក្សកាន់អំណាចក៏អំពាវនាវឲ្យពលរដ្ឋត្រឡប់មកស្រុកកំណើតដើម្បីចុះឈ្មោះ និងបោះឆ្នោតដែរ។ តែលោកសុខ ឥសានបន្តថា ការទាមទាររបស់គណបក្សជំទាស់ឲ្យមានការបោះឆ្នោតតាមស្ថានទូតនានាគឺផ្ទុយពីច្បាប់ ហើយវាគ្រាន់តែជាការទាញយកផលចំណេញនយោបាយរបស់គណបក្សជំទាស់តែប៉ុណ្ណោះ។
«អាហ្នឹងជារបៀបទេ គេធ្វើរបៀបនយោបាយ។ គេទាក់ទាញ ហើយយកសមានចិត្តអ្នកចំណាកស្រុកហ្នឹងថា គណបក្សសង្គ្រោះជាតិមានចិត្តចង់ឲ្យបងប្អូនបំពេញកាតព្វកិច្ចអីអញ្ចឹង។ តែច្បាប់វាអត់មានចែង។ ហើយគាត់ចង់ឲ្យបោះឆ្នោតនៅស្ថានទូត។ ហើយដល់ពេលចាញ់ឆ្នោត គាត់ថា ស្ថានទូតហ្នឹងអត់ឯករាជ្យ»។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប. បានឲ្យដឹងថា កម្ពុជាមិនទាន់អាចរៀបចំឲ្យមានការបោះឆ្នោតនៅក្រៅប្រទេសបានទេ ដោយសារសំណូមពរនេះមិនមានកំណត់នៅក្នុងច្បាប់បោះឆ្នោត។
«ច្បាប់គឺចែងឲ្យរៀបចំការិយាល័យបោះឆ្នោតនៅក្នុងប្រទេស។ អញ្ចឹងបើការិយាល័យហ្នឹងនៅក្រៅប្រទេសមិនអាចធ្វើបានតែម្តង។ អ្នកដែលមានការងារនៅខាងក្រៅ គ.ជ.ប.បានអូសរយៈពេលដល់៣ខែឲ្យគាត់អញ្ជើញមកចុះឈ្មោះបោះឆ្នោត»។
យ៉ាងណាក៏ដោយ ក្រុមមន្ត្រីសង្គមស៊ីវិលយល់ថា ចំនួនពលករចំណាកស្រុកប្រមាណជាង១លាននាក់កំពុងធ្វើការនៅក្រៅប្រទេសគឺជាផ្នែកមួយសំខាន់ចំពោះលទ្ធផលបោះឆ្នោតនាពេលខាងមុខ។ ទាក់ទងនឹងបញ្ហានេះ សង្គមស៊ីវិលលើកឡើងថា គួរតែមានយន្តការផ្សេងៗទៀតដើម្បីធានាឲ្យពលករទាំងនោះអាចចូលរួមបោះឆ្នោតបាន។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្រែ្វលដែលឃ្លាំមើលការបោះឆ្នោត បានឲ្យដឹងថា ចំនួនពលករនៅក្រៅប្រទេសមានឥទ្ធិពលក្នុងការកំណត់លទ្ធផលបោះឆ្នោត ដោយសារចំនួនពលករនៅក្រៅប្រទេសប្រហែលស្មើនឹង១០%នៃចំនួនអ្នកបោះឆ្នោតសរុបនៅកម្ពុជា។ លោកយល់ថា រដ្ឋាភិបាលកម្ពុជាគួរតែរៀបចំឲ្យមានការចុះឈ្មោះ និងការបោះឆ្នោតសម្រាប់ពលករនៅប្រទេសថៃជាការសាកល្បង។
«ឧទាហរណ៍ យើងអាចធ្វើជាអន្តរបញ្ញតិ្តមួយ។ ការសាកល្បងនៅប្រទេសថៃមួយចុះ។ ហើយប្រទេសថៃហ្នឹង ពលករ កម្មករ ហើយហ្នឹងពលរដ្ឋ វាច្រើន អញ្ចឹងគេអាចធ្វើការសាកល្បងដែរ ដើម្បីឲ្យអ្នកចំណាកស្រុកបានចុះឈ្មោះបោះឆ្នោតផង ហើយយើងពិនិត្យមើលផងថា តើវាអាចដំណើរការ។ បើនិយាយពីថវិកាក៏អស់មិនច្រើនដែរ ព្រោះវានៅជាប់កម្ពុជា»។
លោកមឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស បានឲ្យដឹងថា កន្លងមករដ្ឋាភិបាលកម្ពុជាមិនទាន់បានសហការជាមួយរដ្ឋាភិបាលបរទេសដើម្បីជួយសម្រួលឲ្យពលករកម្ពុជានៅក្រៅប្រទេសបានត្រឡប់មកចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅកម្ពុជានោះទេ។ លោកថ្លែងថា ការណ៍នេះទំនងជាដោយសារគណបក្សកាន់អំណាចមិនមានជំនឿចិត្តថា ពលករកម្ពុជាដែលនៅក្រៅស្រុកទាំងនោះនឹងបោះឆ្នោតឲ្យគណបក្សខ្លួន។
«ប្រហែលជាគណបក្សកាន់អំណាចបារម្ភខ្លាចពលករខ្មែរយើងនៅក្រៅប្រទេសមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច ដោយសារនិន្នាការកន្លងមក អ្នកនៅក្រៅប្រទេសហ្នឹងក៏មិនសូវគាំទ្របក្សកាន់អំណាចទេ ដោយសារតែគាត់ឈឺចាប់ គាត់មើលឃើញភាពខុសគ្នារវាងការដឹកនាំ មើលឃើញសេវាសាធារណៈរបស់គេ សេវាអប់រំ ជីវភាពរបស់នៅរបស់ពលរដ្ឋថៃហ្នឹង ហើយប្រៀបធៀបមកប្រទេសខ្លួនឯងហ្នឹង។ គាត់មានការរិះគន់ច្រើនទៅលើការដឹកនាំរដ្ឋយើង ពេលបច្ចុប្បន្ន»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនាឆ្នាំ២០១៧ខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ហើយដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតនឹងចាប់ផ្ដើមពីថ្ងៃទី០១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕