នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីមកពីបណ្ដាប្រទេសមហាអនុតំបន់មេគង្គបានជួបពិភាក្សាគ្នាដើម្បីរកមធ្យោបាយអភិវឌ្ឍរបៀងសេដ្ឋកិច្ច និងជំរុញឱ្យមានការប្រកួតប្រជែងនៅក្នុងអនុតំបន់នេះ។ មន្ត្រីតំណាងកម្ពុជាអះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងខិតខំធ្វើយ៉ាងណាដើម្បីទាញប្រយោជន៍ពីរបៀងសេដ្ឋកិច្ចនេះ តែអ្នកជំនាញសេដ្ឋកិច្ចថ្លែងថា កម្ពុជាត្រូវធ្វើការងារជាច្រើនបន្ថែមទៀត។
មន្ត្រីជាន់ខ្ពស់កម្ពុជាលើកឡើងថា រដ្ឋាភិបាលកំពុងខិតខំធ្វើយ៉ាងណាឱ្យកម្ពុជាអាចទទួលបានប្រយោជន៍កាន់តែច្រើនពីរបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ ជាជាងគ្រាន់តែជាផ្លូវឆ្លងកាត់សេដ្ឋកិច្ច ខណៈបណ្ដាប្រទេសនៅក្នុងអនុតំបន់នេះកំពុងជំរុញរបៀងសេដ្ឋកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែង។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីមកពីប្រទេសមហាអនុតំបន់មេគង្គដែលរួមមានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា(ភូមា) ថៃ និងវៀតណាមបានជួបពិភាក្សាគ្នាអំពីការអភិវឌ្ឍរបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍ និងវិស័យឯកជន។ កិច្ចប្រជុំដែលមានឈ្មោះថា វេទិការបៀងសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គលើកទី៨ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្ដួចផ្ដើម និងបទអន្តរាគមន៍ផ្សេងៗក្នុងគោលបំណងរកមធ្យោបាយពង្រីករបៀងសេដ្ឋកិច្ចតាមរយៈការពង្រឹងការតភ្ជាប់ និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងរបៀងសេដ្ឋកិច្ចមហាអនុតំបន់នេះ។
ក្នុងសន្និសីទព័ត៌មានក្រោយពីវេទិកា លោកសុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) និងជារដ្ឋមន្ត្រីមហាអនុតំបន់មេគង្គប្រចាំកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាគោលនយោបាយនានាដើម្បីធ្វើឱ្យមានការទាក់ទាញ ហើយអាចប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់។
លោកសុខ ចិន្ដាសោភាបន្តថា៖
«ជាក់ស្ដែងនៅឆ្នាំកន្លងទៅនេះ ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា២០១៥-២០២៥។ ក្នុងនោះ យើងមានចែងតែម្ដងថា យើងត្រូវខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ យើងត្រូវលើកទឹកចិត្តវិស័យកសិឧស្សាហកម្ម ។ យើងត្រូវខិតខំជួយវិស័យធុនតូច សហគ្រាសធុនតូច និងមធ្យម។ ប៉ុន្តែទន្ទឹមនឹងនេះ យើងបានចង្អុលទៅទៀតថា ការខិតខំនោះ យើងត្រូវធ្វើទៅតាមដងរបៀងភ្នំពេញទៅបាវិត តាមដងរបៀងភ្នំពេញទៅបាវិតប៉ោយប៉ែត និងតាមដងភ្នំពេញទៅក្រុងព្រះសីហនុ»។
លោកចាន់ សុផល ប្រធានមជ្ឈមណ្ឌលដើម្បីការសិក្សាគោលនយោបាយ មានប្រសាសន៍ថា ផែនការអភិវឌ្ឍន៍ឧស្សាហកម្មជាការល្អមួយ តែលោកថា ការអនុវត្តផែនការនេះឱ្យបានល្អគឺមិនមែនជារឿងងាយស្រួលនោះទេ។
លោកមានប្រសាសន៍ថា៖
«ពីព្រោះមានពាក់ព័ន្ធនឹងស្ថាប័នច្រើន ហើយត្រូវការល្បឿន មិនមែនថា យើងចេះតែថា ទុកចាំសិន ចាំសហការគ្នាពីស្ថាប័នមួយទៅស្ថាប័នមួយ ស្ថាប័នមួយយឺតធ្វើឱ្យយឺតទាំងអស់គ្នា។ អញ្ចឹងខ្ញុំចង់និយាយថា ការអនុវត្តគោលនយោបាយនោះក៏អាចថា មិនងាយស្រួលប៉ុន្មានដែរ។ ហើយបើសិនជាចង់ធ្វើលើសពីគោលនយោបាយនោះទៀតគឺយើងត្រូវ ប្រហែលជាខំកាត់បន្ថយថ្លៃដើមអគ្គិសនីបន្ថែមទៀតឱ្យបានច្រើនជាងអ្វីដែលមាននៅក្នុងគោលនយោបាយនោះ»។
បើតាមលោកសុខ ចិន្ដាសោភា វេទិការបៀងសេដ្ឋកិច្ចគឺជាឱកាសសម្រាប់កម្ពុជាក្នុងការស្វែងយល់ពីសកម្មភាពក៏ដូចជាផែនការអភិវឌ្ឍន៍របស់ប្រទេសនៅក្នុងតំបន់។
គួរបញ្ជាក់ថា របៀងសេដ្ឋកិច្ចផ្ដោតសំខាន់លើសកម្មភាពសេដ្ឋកិច្ច មានដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ និងនគរូបនីយកម្ម និងការដាក់ចេញនូវបទបញ្ញត្តិនានាសម្រាប់អនុវត្តនៅក្នុងតំបន់ភូមិសាស្ត្រដែលបានកំណត់រួច។
មហាអនុតំបន់មេគង្គ (GMS) មានរបៀងសេដ្ឋកិច្ចចម្បងចំនួន៣គឺរបៀងសេដ្ឋកិច្ចជើង-ត្បូង រវាងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ និងប្រទេសចិន របៀងសេដ្ឋកិច្ចខាងត្បូង ដែលរត់តាមបណ្ដោយភាគខាងត្បូងនៃមហាអនុតំបន់នេះ និងជារបៀងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា និងរបៀងសេដ្ឋកិច្ចកើត-លិច ដែលលាតសន្ធឹងជាង១៣០០គីឡូម៉ែត្រពីកំពង់ផែដាណាង (Da Nang) នៃប្រទេសវៀតណាមឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃរហូតដល់ប្រទេសមីយ៉ាន់ម៉ា(ភូមា)៕