ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​ស្នើ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ជំនួប​រវាង​លោក Donald Trump និង​លោក Kim Jong Un


មនុស្ស​ម្នា​មើល​កម្មវិធី​ទូរទស្សន៍​ដេល​បង្ហាញ​រូបភាព​របស់​លោក​ប្រធានាធិបតី​អាមេរិក (រូប​ស្តាំ) និង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ៍​រថភ្លើង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។
មនុស្ស​ម្នា​មើល​កម្មវិធី​ទូរទស្សន៍​ដេល​បង្ហាញ​រូបភាព​របស់​លោក​ប្រធានាធិបតី​អាមេរិក (រូប​ស្តាំ) និង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ៍​រថភ្លើង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ថៃ​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ជំនួប​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ដ៏​ក្ដៅ​គគុក​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ស្រប​ពេល​ដែល​ទីកន្លែង​ប្រជុំ​នេះ​នៅ​មិន​ទាន់​កំណត់​ឡើង​នៅ​ឡើយ។

រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Don Pramudwinai បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​ថា៖ «ប្រទេស​ថៃ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួយ​សម្របសម្រួល និង​រៀបចំ​ជំនួប​នេះ» ទោះបីជា​លោក​បាន​សង្កត់​ធ្ងន់​ថា ប្រទេស​ថៃ​មិន​ទាន់​ត្រូវ​បាន​គេ​ទាក់ទង​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ក៏​ដោយ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ថៃ​បដិសេធ​មិន​ផ្ដល់​យោបល់​ណា​មួយ​លើ​រឿង​នេះ​នោះ​ទេ។

លោក Kim Jong Un គ្រោង​នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ហើយ​ជំនួប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​មុន​ពេល​ជំនួប​រវាង​លោក Kim Jong Un និង​លោក Trump ចូល​មក​ដល់។

កាល​ពី​ដើម​ខែ​នេះ លោក Trump បាន​និយាយ​ថា មាន​ទីតាំង ៥ កន្លែង ដែល​កំពុង​ត្រូវ​បាន​ពិចារណា​សម្រាប់​ជំនួប «ដែល​ប្រហែល​ជា​ធ្វើ​ឡើង​នៅ​ដើម​ខែ​មិថុនា» ខាង​មុខ​នេះ ដែល​លោក​សង្ឃឹម​ថា លទ្ធផល​នៃ​ជំនួប​នេះ​នឹង​ឈាន​ដល់​ការ​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

ប៉ុន្តែ លោក Trump មិន​បាន​បញ្ជាក់​លម្អិត​អំពី​ទីតាំង​ណា​នោះ​ទេ។

ប្រទេស​ថៃ​គឺ​ជា​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក និង​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​ផង​ដែរ។

ក្រសួង​ការពារ​ជាតិ​ថៃ​បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​លោក Prawit Wongsuwon កំពុង​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក James Mattis និង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សន្តិសុខ​មាតុភូមិ​មួយ​ចំនួន​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG