ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​ កាត់​បន្ថយ​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់ ត្រួតពិនិត្យ​សីតុណ្ហភាព​ខ្លួន​របស់​ភ្ញៀវទេសចរ នៅពេល​ពួកគេ​មកដល់​អាកាស​យានដ្ឋាន Suvarnabhumi Airport នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់ ត្រួតពិនិត្យ​សីតុណ្ហភាព​ខ្លួន​របស់​ភ្ញៀវទេសចរ នៅពេល​ពួកគេ​មកដល់​អាកាស​យានដ្ឋាន Suvarnabhumi Airport នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

ប្រទេស​ថៃ នឹង​កាត់​បន្ថយការ​ធ្វើ​ចតាឡឺស័ក​សម្រាប់​អ្នក​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ មក​ត្រឹម​ចំនួន​៧ថ្ងៃ​វិញ​ ​ដែល​នឹងចាប់​ផ្តើម​ពីខែ​តុលា​ខាង​មុខ​នេះ​តទៅ។ នេះ​បើតាមការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​ថៃកាលពី​ថ្ងៃ​ចន្ទ​ នៅពេល​ដែល​ប្រទេស​នេះ ​កំពុង​ស្វះស្វែង​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍នេះ​ឡើង​វិញ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នោះ។

មុន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ប្រទេស​ថៃ ​បាន​ទាក់ទាញ​ទេសចរណ៍​ជិត៤០​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ក៏ប៉ុន្តែការរឹតត្បិត​ការធ្វើ​ដំណើរ​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​វិស័យមួយនេះ​ដួលរលំ​ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាង​២០ឆ្នាំកន្លង​ទៅ​នេះ។

ថៃ កំពុង​ជំរុញ​ឲ្យ​បើក​វិស័យ​នេះ​ឡើង​វិញ ថ្វីបើ​នៅ​រងផល​ប៉ះពាល់​នៃ​ការឆ្លង​រលក​ទី៣​នៃ​វីរុស​ដែលតា​ដ៏​ប្រល័យ​នៅ​ឡើយ​ក៏ដោយ។

ពួក​អាជ្ញាធរ​ថៃ បាន​និយាយ​ថា ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ត​ទៅ​ រយៈពេល​នៃការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស នឹង​ត្រូវ​បន្ថយ​មក​ត្រឹម​រយៈ​ពេល​៧ថ្ងៃ​វិញ​ លែង​១៤​ថ្ងៃទៀត​ហើយ​ ប្រសិន​បើ​ពួកគេមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំងនោះ។

ដោយ​ឡែក​ភ្ញៀវ​ទេសចរណ៍​ដែល​គ្មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១០​ថ្ងៃ ប្រសិន​បើពួកគេ​ចូល​ក្នុង​ប្រទេស​ថៃ​តាម​ជើងយន្តហោះ ​និង​រយៈ​ពេល​១៤​ថ្ងៃ ប្រសិនបើ​ពួក​គេធ្វើ​ដំណើរ​តាម​ផ្លូវ​គោក។

ភ្ញៀវ​ទេសចរទាំង​អស់ នឹង​តម្រូវ​យ៉ាង​ហោចណាស់​ឲ្យ​មាន​ការធ្វើតេស្ត​កូវីដ​អវិជ្ជមាន​២ ដងផង​ដែរ។

លោក​ស្រី Rachada Dhanadirek អ្នក​នាំពាក្យ​រង​របស់​រដ្ឋាភិបាល​ថៃ បាន​ច្រានចោលការព្រួយ​កង្វល់​អំពី​ពួក​អ្នក​ធ្វើ​ដំណើរ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ចូល​ក្នុង​ប្រទេស​ថៃ។

លោក​ស្រីបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា «ខ្ញុំ​គិត​ថា វិធានការ​ទាំង​នេះ មាន​ប្រសិទ្ធិភាព​គ្រប់​គ្រាន់​ដើម្បី​ពិនិត្យ​ឆែកឆេរ​ថា​ តើ​ពួកគេ​បាន​ឆ្លង​ជំងឺ​នោះ​ ឬ​ក៏អត់»៕

XS
SM
MD
LG