រដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃទី២៨ ខែឧសភាថា ខ្លួនបានអនុម័តសុពលភាពទិដ្ឋាការស្នាក់នៅយូរជាងមុនសម្រាប់ទេសចរ និស្សិតថ្នាក់ក្រោយឧត្តមសិក្សា និងបុគ្គលិកធ្វើការពីចម្ងាយ ព្រមទាំងអនុម័តលក្ខខណ្ឌទិដ្ឋាការល្អជាងមុនសម្រាប់និវត្តជន ដើម្បីជំរុញវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ក្នុងគ្រាដែលសេដ្ឋកិច្ចថៃនៅទ្រឹង។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ Reuters។
កម្មវិធីនឹងចាប់ផ្តើមនៅខែមិថុនា ដោយអនុញ្ញាតឲ្យអ្នកដំណើរមកពីប្រទេសចំនួន ៩៣ គឺកើនឡើងពីបច្ចុប្បន្នចំនួន ៥៧ ស្នាក់នៅរយៈពេល ៦០ ថ្ងៃ ហើយអ្នកដំណើរច្រើនទៀតក៏អាចទទួលបានទិដ្ឋាការពេលមកដល់ផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke ដែលបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន។
លោកបន្ថែម Wacharonke ថា និស្សិតបរទេសនឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅបន្ត ១ឆ្នាំទៀត ក្រោយពីបញ្ចប់ការសិក្សា រីឯការតម្រូវឲ្យមានធានារ៉ាប់រ៉ងសម្រាប់ជនបរទេស ដែលចង់រស់នៅជានិវត្តជនក្នុងប្រទេសថៃ ក៏នឹងត្រូវសម្រួលផងដែរ។
វិស័យទេសចរណ៍ ជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយ និងក៏ប្រភពផ្តល់ការងារដ៏ធំដល់ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំជាងគេទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
វិធានការថ្មីនេះ ត្រូវបានធ្វើឡើងជាផ្នែកមួយនៃការខិតខំជំរុញកំណើនទេសចរ ជាពិសេសមកពីប្រទេសសំខាន់ៗនិងរីកចម្រើនយ៉ាងលឿនបំផុត ដោយការពន្យារពេលស្នាក់នៅពី ៣០ ថ្ងៃរហូតដល់ ៦០ ថ្ងៃ សម្រាប់ទិដ្ឋាការពេលមកដល់។
សុពលភាពនៃទិដ្ឋាការដែលគេហៅថា «ពនេចរឌីជីថល» ឬ digital nomads សម្រាប់អ្នកធ្វើការឲ្យខ្លួនឯង និងបុគ្គលិកដែលធ្វើការពីចម្ងាយ នឹងត្រូវពន្យាររហូតដល់ ៥ ឆ្នាំ គឺកើនពី ៦០ ថ្ងៃពេលបច្ចុប្បន្ន ដោយការស្នាក់នៅម្តងៗ ត្រូវកម្រិតត្រឹម១៨០ ថ្ងៃ។
ប្រទេសថៃ កត់ត្រាទេសចរចំនួន ១៤,៣ លាននាក់ ចូលមកពីខែមករា ដល់ថ្ងៃទី ២៦ ខែឧសភាឆ្នាំនេះ ហើយដាក់គោលដៅទាក់ទាញភ្ញៀវបរទេសចំនួន ៤០ លាននាក់ សម្រាប់មួយឆ្នាំពេញ ដោយទទួលបានចំណូល ៩៥,៧៣ ពាន់លានដុល្លារ។
នៅឆ្នាំ ២០១៩ មុនជំងឺឆ្លងរាតត្បាត ប្រទេសថៃស្វាគមន៍អ្នកដំណើរចូលមកចំនួន ៣៩,៩លាន នាក់ ដែលមិនធ្លាប់មានពីមុនមក ដោយរកចំណូលបានប្រមាណ ៥២ ពាន់លានដុល្លារ៕
ប្រែសម្រួលដោយលោក សាយ មុន្នី
វេទិកាបញ្ចេញមតិ