ពួកព្រះរាជអាជ្ញាថៃនិយាយថា ពួកគេនឹងចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ពីបទរំលោភច្បាប់ដែលហាមប្រាមមិនឱ្យរិះគន់រាជវង្សានុវង្សថៃ។
អ្នកនាំពាក្យម្នាក់នៃការិយាល័យអគ្គរាជអាជ្ញាបាននិយាយប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃពុធនេះថាលោក Thaksin អាយុ ៧៤ ឆ្នាំ ត្រូវតែចេញបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃទី ១៨ ខែមិថុនា ដើម្បីឆ្លើយនឹងការចោទប្រកាន់។
លោក Winyat Chartmontri មេធាវីលោក Thaksin បានថ្លែងប្រាប់ពួកអ្នកសារព័ត៌មានថា កូនក្តីលោកមិនអាចទៅតុលាការបានទេពីព្រោះនៅពេលនេះលោកកំពុងមានជំងឺកូវីដ១៩។
ការចោទប្រកាន់នេះផ្អែកលើបទសម្ភាសន៍មួយដែលលោកបានផ្តល់ដល់ពួកអ្នកកាសែតបរទេស កាលពីឆ្នាំ ២០១៥ នៅក្រុងសេអ៊ូល។
មនុស្សជាង ២៧០ នាក់ ត្រូវបានកាត់ក្តីកាលពីប៉ុន្មានឆ្នាំមុននេះ ដោយសារបានរំលោភលើច្បាប់ប្រមាថព្រះចេស្តានៃប្រទេសថៃ ដែលជាច្បាប់តឹងតែងបំផុតមួយក្នុងពិភពលោកដែលអាចនាំមានទោសជាប់ពន្ធនាគារ ១៥ ឆ្នាំ។
មន្ត្រីរូបនេះបានពោលថា លោក Thaksin ក៏នឹងត្រូវចោទប្រកាន់ដែរពីបទរំលោភច្បាប់ឧក្រិដ្ឋកម្ម កុំព្យូទ័ររបស់ប្រទេសផងដែរ៕
វេទិកាបញ្ចេញមតិ