ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​​​ថា ការ​ចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​​កាន់​សាសនា​ឥស្លាម​កំពុង​បន្ដ​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​សដ៏ធំ​មួយ​ពី​​ក្រុម​នេះ


មន្ត្រី​ប៉ូលិស​ថៃ​ម្នាក់​ឈរ​នៅ​ពី​ក្រោយ​រថយន្ដ​ដឹក​ប្រេង​មួយ​គ្រឿង នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​ក្នុង​ខេត្ត Pattani ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២។
មន្ត្រី​ប៉ូលិស​ថៃ​ម្នាក់​ឈរ​នៅ​ពី​ក្រោយ​រថយន្ដ​ដឹក​ប្រេង​មួយ​គ្រឿង នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​ក្នុង​ខេត្ត Pattani ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២។

ប្រធាន​ក្រុម​អ្នក​ចរចា​របស់​រដ្ឋាភិបាល​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ១៨ ខែ​សីហា​ថា ការ​វាយប្រហារ​ដោយ​ហិង្សា​ក្នុង​ពេលផ្ទួន​គ្នាៗ ដែល​បាន​អង្រួន​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​ក្នុងពេល​ថ្មីៗ​នេះ​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ចចរចា​សន្តិភាព ឬ​ការ​ចរចា​សម្រាប់​បទ​ឈប់​បាញ់​ដែល​បាន​ស្វែង​រក​ជា​យូរមក​ហើយ​ជាមួយ​ក្រុម​បះបោរ​មូស្លីម​នោះ​ទេ។

យោធា​ថៃ​បាន​និយាយ​ថា ទីតាំង​ចំនួន ១៧ នៅ​ទូទាំង​ខេត្ត​ភាគខាងត្បូង​បំផុត​ចំនួន ៣​ របស់​ប្រទេស គឺ​ខេត្ត Pattani ខេត្ត Narathiwat និងខេត្ត Yala ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់បែក និង​ការ​ដុត​បំផ្លាញ​ជា​បន្ត​បន្ទាប់​នៅ​យប់​ថ្ងៃអង្គារ និង​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ដែល​ភាគ​ច្រើន​ជា​ហាង​លក់រាយ និង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ។ អាជ្ញាធរ​និយាយ​ថា បុរស​ម្នាក់​អាយុ ២១ ឆ្នាំរស់នៅ​ក្នុង​តំបន់​នោះ​បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​ដែល​បាន​កើត​ឡើង ហើយ​មនុស្ស​ចំនួន ៧ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ស្រាល។

Barisan Revolusi Nasional ហៅ​កាត់​ថា BRN ដែល​ជា​ក្រុមឧទ្ទាម​មូស្លីម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេសថៃ បាន​អះអាង​ទទួល​ខុសត្រូវចំពោះ​ការវាយប្រហារ​នៅក្នុង​សារ​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​របស់ខ្លួនកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ ខែសីហា និង​បាន​សុំទោស​ចំពោះ​មរណភាព​នេះ។ ក្រុមនេះ​បាននិយាយ​ថា ខ្លួន​ជ្រើសរើស​គោលដៅ​ជា​និមិត្តសញ្ញា​នៃ​មូលធន​និយម​ថៃ ដែល​ខ្លួន​បានស្តីបន្ទោស​ចំពោះ​ការ​បំផ្លាញ​អាជីវកម្ម​របស់​សហគមន៍។

ការវាយប្រហារ​ដែល​កម្រ​មាន​នៅ​ក្នុង​ទំហំ​នេះក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ការ​រីកចម្រើន​តិចតួច​នូវ​កិច្ចចរចា​សន្តិភាព​ជាច្រើន​ឆ្នាំ​រវាង​ក្រុម​ឧទ្ទាម BRN និង​ក្រុមប្រឹក្សា​សន្តិភាព​របស់​រដ្ឋាភិបាល។ បន្ទាប់ពី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​ខែ​បួស Ramadan របស់​សាសនា​ឥស្លាម​កាលពី​ដើម​ឆ្នាំ​នេះ ដែល​សន្មត​ថា​ជា​បទ​ឈប់​បាញ់​គ្នា​ទៅ​វិញ ទៅមក​ដែល​ត្រូវ​បាន​រៀបចំ​ទុក​ជាមុន ភាគី​ទាំងពីរ​បាន​យល់ព្រម​ចាប់​ផ្តើម​ការចរចា​លើ​បទ​ឈប់​បាញ់​យូរអង្វែង​មួយ​ជាមួយ​នឹង​យន្តការ​រួម​មួយ​សម្រាប់​ការ​ស៊ើបអង្កេត​ចំពោះ​ការបំពាន​លើ​ការ​ចោទប្រកាន់​ណាមួយ។

លោក​ឧត្តមសេនីយ៍ Wanlop Rugsanaoh ដែល​ជា​ប្រធាន​ក្រុម​កិច្ចចរចា​សន្តិភាព​បាន​ប្រាប់វីអូអេកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែសីហា​ថា ការ​វាយ​ប្រហារ​ចុង​ក្រោយ​បំផុត​នឹង​មិនធ្វើ​ឱ្យប៉ះពាល់​ដល់​កិច្ចចរចា​ទាំង​នោះ​ឡើយ។

លោក Rugsanaoh បាន​ថ្លែង​តាម​សារ​យ៉ាង​ដូច្នេះ​ថា៖ «គណៈកម្មការ​ចរចា​សន្តិភាព​សូម​បញ្ជាក់​ជា​ថ្មី​ថា ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ​ក៏​យើង​នឹង រក្សា​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​ឆ្ពោះ​ទៅ​មុខ​តាមរយៈ​មធ្យោបាយ​សន្តិភាព ស្រប​តាម​គោល នយោបាយ​របស់​រដ្ឋាភិបាល​ដើម្បី​នាំ​មក​នូវ​សុខ​សន្តិភាព និរន្តរភាព និង​ភាព​សុខដុមរមនា​ដល់​ ប្រជាពលរដ្ឋ​ក្នុង​តំបន់»។

លោក​បាន​បន្ថែម​ថា​៖ «កិច្ច​សន្ទនា​បន្ទាប់​ត្រូវ​បាន​គ្រោង​ទុក​ជា​បណ្តោះ​អាសន្ន​ក្នុង​រយៈពេល ១ ទៅ ២ ខែ​ខាង​មុខ ហើយ​វា​នឹង​នៅ​បន្ត​ធ្វើ​ឡើង​»។

លោក​ឧត្ដមសេនីយ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សំណើ​សុំ​ឈប់បាញ់​រយៈពេល​ពី ៣ ខែ​ទៅ ៤ ខែ​ជាមួយ​ក្រុមឧទ្ទាម BRN «នឹង​នៅ​តែ​ស្ថិត​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Wanlop បាន​ថ្កោលទោស​ចំពោះ​ការ​វាយ​ប្រហារនេះ។

លោក​បាន​ថ្លែង​ថា៖ «ការវាយប្រហារ​ទាំងនេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​ផលប៉ះពាល់​ជា​អវិជ្ជមាន​លើ​បរិយាកាស​សន្តិភាព និង​ការ​ជឿ​ទុក​ចិត្ត​ដែល​ប្រជាជន​មាន​ទៅ​លើ​ដំណើរការ​ចរចា​សន្តិភាព​ដែល បាន​រីកចម្រើន​ជា​លំដាប់​ផង​ដែរ»។

ក្រុម​ឧទ្ទាម​និង​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថាកំពុង​ព្យាយាម​បំផ្លាញ​បេតិកភណ្ឌ ​Malay​ ម៉ូស្លីម​ជា​ប្រវត្តិសាស្ត្រ​នៅភាគ​ខាង​ត្បូង​ប្រទេស​ថៃ ដែល​ជា​កេរដំណែល​របស់​ស្តេច Patani ដែល​ចក្រភព​អង់គ្លេស​ប្រគល់​ជូន​ស្តេច​សៀម​កាល​ពី​ឆ្នាំ ១៩០៩។ មនុស្សជាង ៧៣០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​គោលបំណង​ស្ដារ​ឯករាជ្យភាព​របស់​តំបន់​នៅ​ភាគខាងត្បូង​ចាប់តាំង​ពី​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​ជា​លើក​ចុងក្រោយ​បង្អស់​ក្នុង​ឆ្នាំ ២០០៤ ហើយ​រដ្ឋាភិបាល​បាន​ដាក់​ច្បាប់​អាជ្ញាសឹក​នៅ​ក្នុង​តំបន់​នោះ។

នៅក្នុង​អ្វី​ដែល​គេ​ជឿ​ថា​ជា​ការ​វាយ​ប្រហារ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុម​បះបោរ​បាន​បាញ់​សម្លាប់​អ្នក​ស្ម័គ្រ​ចិត្ត​ការពារ​ក្នុង​តំបន់​ចំនួន ១៥ នាក់​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩។

លោក Srisompob Jitpiromsri សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Prince of Songkla ភាគ​ខាង​ត្បូង ប្រទេស​ថៃ ដែល​តាមដាន​ការប្រយុទ្ធ​គ្នា​និង​កិច្ច​ចរចា​សន្តិភាព​នេះ​បាននិយាយ​ថា នៅ​ក្នុង​ទ្រង់ទ្រាយ​និង​ទំហំ​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​ និង​ការ​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិកាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​មាន​សភាព​ខ្លាំងក្លា​ជាងគេ​បំផុត​ក្នុង​រយៈពេល ៥ ឆ្នាំ​មក​នេះ។

ដោយ​មើល​ឃើញ​ពី​ទំហំ​ដ៏​ធំ​នៃ​ការវាយប្រហារនេះ លោក Srisompob បាននិយាយថា លោក​ជឿ​ថា ក្រុមឧទ្ទាមBNR ក៏ចង់ផ្ញើសារ​ទៅ​កាន់​រដ្ឋាភិបាលផងដែរ​ថា​កិច្ចពិភាក្សា​ដំណើរការ​យឺត​ពេក។

លោក​បន្ត​ថា​៖ «​មាន​ការ​ជជែក​គ្នា​ និង​ការ​ខ្វែង​គំនិត​គ្នា​ច្រើន​រវាង​ភាគី​ទាំង​ពីរ។ ពួក​គេ​នឹង​ដោះស្រាយ​បញ្ហា​នេះ​នៅ​ក្នុង​ដំណើរ​ការ​ចរចា​នេះ ប៉ុន្តែ​វា​នឹង​ត្រូវ​ការ​ពេល​មួយ​រយៈ»។ លោក​ថ្លែង​ទៀត​ថា៖ «នេះ​ជា​សារ​មួយ​របស់​ក្រុម​បះបោរ​ដែល​ពួកគេ​ចង់​ពន្លឿន​ដំណើរការ​ចរចា​នេះ»។

លោក​បាន​បន្ថែម​ថា ការ​យក​ជនស៊ីវិល​ជា​គោលដៅ​វាយប្រហារគឺ​ដើម្បី​បញ្ជាក់​ថា ពួកឧទ្ទាម​មាន​បំណង​ចង់​រំឭក​អ្នក​ស្រុក​ថា បុព្វហេតុ​របស់​ពួក​បះបោរ​ត្រូវ​ការ​ពេល​វេលា​យូរ​ទៀត​ដើម្បី​សម្រេច​បាន។

លោក Srisompob បាននិយាយថា៖ «ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ... កម្រិត​នៃ​អំពើ​ហិង្សា​បាន​ធ្លាក់​ចុះ ដូច្នេះ​មនុស្ស​កាន់​តែ​ច្រើន​ឡើង​មាន​អារម្មណ៍​ថា ... ការ​បះបោរ​បាន​បាត់​ទៅ​ហើយ»។

លោក​បាន​បន្ថែម​ថា ការ​វាយប្រហារ​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​«ដើម្បី​ដាស់​តឿន​ប្រជាជន​ថា ទេ នេះមិនមែន​ជា​ស្ថានភាព​ធម្មតា​នោះ​ទេ ​នៅ​តែមាន​រឿង​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​នៅក្នុង​ជម្លោះ​នយោបាយ​នេះ»។

ក្រុមឧទ្ធាម BRN មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួននោះ​ទេ៕



ប្រែសម្រួល​ដោយ អ៊ុន សុដាវី

XS
SM
MD
LG