ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ជំរុញ​ឲ្យ​ប្រទេស​ថៃ កុំ​និរទេស​សកម្មជន​​ឡាវ


រូបឯកសារ៖ ស្លាកសញ្ញា​​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បាន​ជំរុញ​ប្រទេស​ថៃ ​កុំឲ្យ​និរទេស​សកម្មជន​នយោបាយ​ជាតិ​ឡាវ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួនកាលពី​ចុង​សប្តាហ៍ ដោយសារតែ​ការព្រួយបារម្ភ​ថា លោក​អាច​ត្រូវដាក់​គុក​ដោយ​រដ្ឋាភិបាល​កុម្មុយនីស្ត​ឡាវ ប្រសិន​បើ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វិញ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

តុលាការ​ថៃ​មួយ បាន​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​លោក Keomanivong Khoukham ​មាន​កំហុស​ចំពោះ​ការ​ស្នាក់នៅ​ហួស​ទិដ្ឋាការ​នៅ​ក្នុង​ប្រទេស​ថៃ។ នេះ​ បើ​តាម​ប្រភព​នានា​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និយាយ​ថា លោក Keomanivong បាន​ត្រូវ​ទទួល​ស្គាល់​ដោយ​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR)។

លោក Keomanivong ជា​សមាជិក​នៃ​«ចលនា​ឡាវ​សេរី» (Free Lao) ជា​ក្រុម​ក្រៅ​ផ្លូវការ​មួយដែល​បាន​បង្កើត​ឡើង​ដើម្បី​លើកស្ទួយ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ឡាវ ដែលមាន​សមាសភាពភាគ​ច្រើន​ ជា​កម្មករ​ចំណាក​ស្រុក​និង​សកម្មជនឡាវ​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​ថៃ។

លោក Phil Robertson អនុ​ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «បុគ្គល​នេះ ជា​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​ទទួលស្គាល់​ច្បាស់​ក្រឡែត។ ការបញ្ជូន​លោក​ទៅកាន់​ប្រទេស​ឡាវ​វិញ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ខ្លាំង​បំផុត»។

ប៉ូលិស​ថៃ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ហើយ​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR) បាន​និយាយ​ថា ស្របតាម​គោលនយោបាយ ខ្លួន​មិន​អាច​បញ្ជាក់​អំពី​ករណី ​ឬ​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បាន​ចែករំលែក​រូបភាព​អត្តសញ្ញាណប័ណ្ណ​របស់ UNHCR ដែល​មាន​ឈ្មោះ​ និងរូបថត​របស់​លោក Keomanivong៕

XS
SM
MD
LG