ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃដាក់ការ​ប្រើកញ្ឆា​ឲ្យ​ស្របច្បាប់ នាំ​ឱ្យ​មាន​ការបារម្ភពី​សុខភាព​​ និងភាព​​ច្របូក​ច្របល់


ក្រឡកញ្ឆា​ស្ងួត ​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​ហាង​កញ្ឆា Chopaka ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។
ក្រឡកញ្ឆា​ស្ងួត ​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​ហាង​កញ្ឆា Chopaka ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

ប្រទេស​ថៃប្រឈម​នឹង​ការរិះគន់​ខ្លាំងដោយ​ធ្វើឱ្យ​ការប្រើ​កញ្ឆា​ជា​ការត្រឹមត្រូវ​តាម​ច្បាប់​ដោយ​មិនបានចាត់វិធានការ​ប្រឆាំង​នឹង​ការ​ប្រើគ្រឿង​ញៀន​នេះ​លើស​កម្រិត​ហើយមានការ​សង្ស័យ​ថា​អាជ្ញាធរ​មិន​អាចធ្វើ​អ្វី​បានច្រើនដើម្បីបង្អាក់​ការ​ជក់​កញ្ឆា​ជា​ការ​កម្សាន្ត។

ដោយ​កំណត់​ជា​ប្រទេស​ទី​មួយ​ក្នុង​ទ្វីប​អាស៊ី ប្រទេស​ថៃបានដក​កញ្ឆាពី​បញ្ជី​គ្រឿង​ញៀន​របស់​ខ្លូននៅ​ថ្ងៃទី៩ មិថុនា​ដោយធ្វើឱ្យ​ការដឹក​ជញ្ជូន​ចូល ការដឹក​ចេញ​ទៅ​ក្រៅ​ប្រទេស ការផលិត ការ​ចែកចាយ ការប្រើប្រាស់​និង​ការមានកញ្ឆាជា​ការត្រឹមត្រូវ​តាម​ច្បាប់។ នៅ​ពេល​នេះ​គេ​អាច​ដាំ​កញ្ឆា​នៅផ្ទះ នៅក្រោយ​ចុះឈ្មោះ​ជាមួយ​រដ្ឋាភិបាលតាម mobile app ទោះ​ជាអ្នក​ដាំ​កញ្ឆាសម្រាប់លក់​ដូរនៅ​តែ​ត្រូវ​ការ​ដាក់ពាក្យ​សុំ​ការ​អនុញ្ញាត​ក៏​ដោយ។

លោក Anutin Charnvirakul រដ្ឋមន្ត្រីសុខាភិបាល​ថៃ​ដែលជា​អ្នក​គាំទ្រ​ផែនការ​នេះ​បាន​ប្រឹងប្រែងនិយាយ​កុំ​ឱ្យ​ប្រជារាស្ត្រ​ថៃ​ជក់កញ្ឆាដើម្បី​កម្សាន្ត ដោយ​លោក​បាន​គូស បញ្ជាក់​ផលប្រយោជន៍​ខាង​វេជ្ជសាស្ត្រ​របស់​កញ្ឆា​និង​ដែល​អាច​ជា​ដំណាំផ្តល់​ប្រាក់​កាស​បាន។ ក្រសួង​លោក​បាន​ព្រមាន​ថា ជនណា​ដែល​ជក់កញ្ឆាជា​សាធារណៈ​អាច​ត្រូវចោទ​ប្រកាន់​ថា​ធ្វើឱ្យ​មាន«ការសៅហ្មង‍» ត្រូវពិន័យ​ប្រាក់៧០៤ដុល្លារ​និង​ជាប់​ពន្ធនាគារ​បី​ខែ។

លោក Anuthin បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​កាល​សប្តាហ៍​ទី​បី​នៃ​ខែ​មិថុនា​ថា​«បញ្ហាកើត​មានដោយសារ​ការប្រើកញ្ឆាហួស​កម្រិត។ នេះ​មិន​មែន​ជា​គោលដៅ​នៃ​ការ​ប្រើ​កញ្ឆា​ដោយ​សេរី​ទេ។ យើង​ចង់ផ្ចុងផ្តើមការប្រើ​កញ្ឆាក្នុងវិស័យ​វេជ្ជសាស្ត្រនិង​បង្កើន​ប្រាក់​ចំណូល​អ្នក​ដាំ​កញ្ឆា‍»។​

តែ​មនុស្ស​ឯទៀតក្នុង​រដ្ឋាភិបាល​និង​ក្នុង​ក្រសួង​លោកផ្ទាល់​និយាយ​ថា​វិធានការ​នេះ​ធ្វើ​ឡើង​មុន​ការគួរ។

មនុស្សពីរនាក់ដើរកាត់ហាងលក់កញ្ឆា Chopaka ក្នុងទីក្រុងបាងកក ប្រទេសថៃ។
មនុស្សពីរនាក់ដើរកាត់ហាងលក់កញ្ឆា Chopaka ក្នុងទីក្រុងបាងកក ប្រទេសថៃ។

លោក Somsak Akksilp ដែល​ជាប្រធាន​ផ្នែក​សេវា​វេជ្ជសាស្ត្រ​នៅ​ក្រោមការ​គ្រប់គ្រង​របស់​លោកAnutin បាន​និយាយ​ថា​លោក​បារម្ហ​ថាការ​ធ្វើឱ្យ​ការ​ប្រើ​កញ្ឆាជា​ការត្រឹម​ត្រូវ​តាម​ច្បាប់​ដោយ​គ្មានច្បាប់កម្រិត​សម្រាប់តែ​ការប្រើ​ក្នុង​វិស័យ​ពេទ្យ ហើយ​ទោះ​ជា​សម្រាប់​តែ​មនុស្ស​ពេញ​វ័យ​ក៏​ដោយ​ ក៏​អាច​នាំ​ឱ្យ​មានការ​ប្រើ​កញ្ឆា​សម្រាប់​ការ​ជក់​កម្សាន្ត​ដែរ​ដែល​ជា​អ្វី​លោក​ជំទាស់។

លោក​បាន​និយាយប្រាប់​វីអូអេ​ថា«ព្រោះហេតុ​នេះ​ហើយ​បានជា​ខ្ញុំ​និយាយថា​អាជ្ញាធរ​ឯ​ទៀតៗគួរ​ចេញ​បទបញ្ញត្តិឱ្យ​បានឆាប់​តាម​អាចធ្វើ​បាន​សម្រាប់រឹតត្បិត​ការ​ប្រើកញ្ឆា​...ក្នុង​វិស័យ​វេជ្ជសាស្ត្រតែប៉ុណ្ណោះ»។

លោក Somsak Akksilp បាន​បន្ថែម​ថា «ពីព្រោះ​យើង​ដឹង​ថាមាន​ផ្នែកពីរ​នៃប្រាក់​កាក់​គឺអ្វីល្អនិង​អ្វី​មិន​ល្អ។ យើង​មិន​បានដឹងច្រើន​អំពី​កញ្ឆាទេ ដូច្នេះ​យើង​ត្រូវតែ​ដឹង​ថែមទៀត ប្រសិន​បើយើង​ចង់​ប្រើ​កញ្ឆា​សម្រាប់បញ្ហា​ឯ​ទៀតៗ»។

នៅ​ក្នុង​ការចុះ​ផ្សាយមួយ​ក្នុង Facebook លោក Mana Nimitmongkol ប្រធានអង្គការ​ប្រឆាំងអំពើ​ពុក​រលួយរបស់​រដ្ឋាភិបាល​ថៃបានត្អូញត្អែរ​ថា ចំណាត់ការនេះ​ដើម្បី​ធ្វើឱ្យ​ការប្រើ​កញ្ឆា​ជា​ការត្រឹមត្រូវ​តាមច្បាប់ដោយ​គ្មានការត្រួតត្រា«គ្រាន់តែ​ជាពាក្យ​សម្តី​និយាយ​ប៉ុណ្ណោះ»។

កង្វល់​ភាគ​ច្រើនមានអំពីកំណើន​ការប្រើ​កញ្ឆា​ក្នុងចំណោមកុមារ​និង​យុវជនជំទង់។ នៅ​ថ្ងៃ​បន្ទាប់ពី​ការប្រើ​កញ្ឆា​ជា​ការ​ត្រឹមត្រូវ​តាម​ច្បាប់ រាជ​មហាវិទ្យាល័យ​ក្រុម​ពេទ្យ​ជំងឺ កុមារ​បាន​ចេញផ្សាយលិខិត​ចំហ​មួយ​សុំ​រដ្ឋាភិបាល​ឱ្យហាមប្រាមការប្រើ​កញ្ឆានិង​ផលិតផលមាន​កញ្ឆា​ក្នុង​ចំណោម​មនុស្ស​អាយុ​តិច​ជាង២០ឆ្នាំដោយ​គ្មាន​ការយល់​ព្រម​ពី​ពេទ្យ។

ពីរបី​ថ្ងៃ​ក្រោយ​មក លោក Anuthin បានចុះហត្ថលេខា​លើបទបញ្ជាមួយ​បន្ថែម​កញ្ឆា​ក្នុងច្បាប់​ការពារ​និង​ផ្ចុង​ផ្តើមការ​ព្យបាល​បែប​បូរាណនៃ​ប្រទេស​ថៃ ​ដោយមិន​ឱ្យ​យុវ ជនជំទង់ ស្ត្រី​មានផ្ទៃ​ពោះនិងម្តាយ​បំបៅ​កូន​ដោយ​ទឹកដោះ​ប្រើ​កញ្ឆា​ទេ។

អាជ្ញាធរ​សាលា​ក្រុង​បាងកកដែល​ជារាជធានី​នៃប្រទេស​ថៃនិងក្រសួង​ការ​សិក្សា​អប់រំ​ជាន់​ខ្ពស់​ក៏​បានហាម​ប្រាម​មិន​ឱ្យ​មានកញ្ឆាក្នុង​សាលារៀនសាធារណៈ​និង​សាកល​វិទ្យាល័យ​ដែរ។

លោក Somsak បាន​ថ្លែង​ថា​ចំណាត់កា​រ​ទាំង​នេះ​អាច​ជួយបានខ្លះដែរ។

លោកបាន​និយាយ​ថា«វិធានការនេះ​មិនមែន​ធ្វើ​តាមរយៈច្បាប់​ទេ វាជា​បទបញ្ញត្តិ​ស្រុកមួយបែប។ បើ​លោក​អ្នកចង់ឱ្យ​វិធានការ​នេះ​ក្លាយ​ជា​បទបញ្ញត្តិពេញលេញដោយ​ច្បាប់ លោក​អ្នក​ត្រូវ​តែឱ្យ​សភា​អនុម័ត»។

សេចក្តី​ព្រាងច្បាប់​អំពីកញ្ឆានិង​ធ្មៃមានគោលដៅកម្រិត​ការ​ប្រើរុក្ខជាតិទាំងនេះ​បាន​ឆ្លងកាត់​ការពិភាក្សា​គ្នាដំណាក់កាល​ទីមួយក្នុងសភា​កាលពី​ថ្ងៃទី៨មិថុនា តែ​ប្រហែលត្រូវ​រង់ចាំច្រើន​អាទិត្យឬច្រើន​ខែ​សម្រាប់ធ្វើការ​ពិភាក្សាគ្នាជា​លើក​ទី​ពីរឬ​ទីបីនៅ​មុន​ពេល​ក្លាយ​ជា​ច្បាប់។

បទបញ្ញត្តិ​ទាំង​នេះដែល​ត្រូវ​ដាក់​កំហិត​នៅ​ពេល​ជា​មួយ​គ្នា​នេះអាចជួយ​បញ្ជាក់​នៅ​ពេល​នេះ​អំពី​អ្វី​ដែល​មនុស្ស​អាច​ធ្វើបាន​ឬ​មិន​អាច​ធ្វើ​បាន​ជា​មួយ​កញ្ឆា។

អ្នកស្រី Rasmon Kalayasiri នាយិកា​មជ្ឈមណ្ឌល​សិក្សាអំពី​ការ​ញៀននៅសាកលវិទ្យា​ល័យ Chulalongkorn បាន​និយាយ​ថា«តែ...ការណ៍​នេះ​នៅ​តែច្របូក​ច្របល់»។

អ្នកស្រី​បាន​បន្ថែម​ថា ដោយ​ធ្វើឱ្យ​ការប្រើ​កញ្ឆា​ជា​ការត្រឹមត្រូវ​តាម​ច្បាប់​នៅមុនមានច្បាប់​អំពីព្រំដែន​នៃ​ការប្រើ «គឺ​ដូចជា​យើង​តាមរក​បញ្ហា»ជាជាង«​បង្ការ​មិនឱ្យ​មាន​បញ្ហា»។

អ្នកស្រី Rasmon បានពោល​ថា ការសិក្សា​ស្រាវជ្រាវ​ផ្ទាល់​ដោយ​មជ្ឈមណ្ឌលអ្នកស្រី​បង្ហាញ​ថា ការជក់​កញ្ឆា​កម្សាន្តក្នុងចំណោម​ក្រុម​យុវជនអាយុពី១៨ទៅ១៩ឆ្នាំ​បានកើន​ឡើងពីរដង​ដល់ប្រមាណ​២%ក្នុង​ចំណោម​យុវជន​ក្នុង​ក្រុម​អាយុនេះចាប់តាំង​ពី​ឆ្នាំ ២០១៩មក។ អ្នក​ស្រី​ព្រួយ​បារម្ភ​ថា ដោយសារនៅ​ពេល​នេះ​រដ្ឋាភិបាល​ជំរុញ​ខ្លាំង​អំពី​ផល​ប្រយោជន៍កញ្ឆា ការណ៍​នេះ​នាំ​ឱ្យយុវជន​ជំទង់​និង​មនុស្ស​ពេញ​វ័យច្រើន​ជាង​មុន​ប្រើ​កញ្ឆា។ ការ​ប្រើ​កញ្ឆា​ច្រើន​បណ្ដាល​ឱ្យ​អ្នក​ប្រើម្នាក់ក្នុង​បណ្តា​អ្នក​ប្រើ​កញ្ឆា​ទៀង​ទាត់១០នាក់​មានបញ្ហា​សុខភាព មានរួមបញ្ចូលការញៀន​និងជំងឺផ្លូវ​ចិត្ត​ផង​ដែរ។

លោក Taopiphop Limjittrakorn ជា​សមាជិកសភាមកពី​គណបក្ស​ប្រឆាំង Move Forward។ លោក​បាន​និយាយអំពីវិធានការ​រដ្ឋាភិបាលស្តី​ពី​កញ្ឆា​ថា«ខ្ញុំ​យល់​ថាសាធារណជន​ប្រាកដជាច្របូក​ច្របល់ខ្លាំង​អំពី​វិធានការ​នេះ»។

លោក Taopiphop បាន​និយាយថា​លោកគាំទ្រ​ច្បាប់ដែលហាមប្រាមមិន​ឱ្យ​កុមារ​និង​យុ​វជន​ជំទង់​ប្រើ​កញ្ឆានិង​បង្ខំ​អ្នក​លក់កញ្ឆា​ដែល​អាច​បរិភោគ​បាន​ឱ្យ​បង្ហាញ​ដូស

Tetrahydrocannabinol នៅក្នុង​ផលិតផល​ពួក​គេ។ តែអ្នក​ដែល​ថា​ខ្ឡួន​ជា«អ្នក​ជក់​កញ្ឆា» រូប​នេះ​ក៏​អនុគ្រោះ​ដល់ការ​ជក់​កញ្ឆា​កម្សាន្ត ហើយ​សង្ស័យ​ថា​រដ្ឋាភិបាលនៅ​ពេលនេះមិន​អាច​ទប់ទល់នឹង​ការប្រើ​កញ្ឆា​នៅ​ពេលធ្វើឱ្យ​ការប្រើនេះត្រឹមត្រូវ​តាម​ច្បាប់​នៅមុន​ពេល​មានត្រួតពិនិត្យខ្លាំងក្លា។

លោកបានថ្លែងថា«បើលោក​អ្នកដោះលែង​ខ្លាឱ្យ​ចូលក្នុង​ព្រៃ ជា​ការពិបាក​ធ្វើឱ្យ​វាត្រឡប់​មក​វិញ»។

អ្នកស្រី Chokwan Chopaka (ឆ្វេង) បង្ហាញផលិតផលខ្លះរបស់នាងដល់បេក្ខជនការងារនៅហាងកញ្ឆារបស់នាងក្នុងទីក្រុងបាងកក។
អ្នកស្រី Chokwan Chopaka (ឆ្វេង) បង្ហាញផលិតផលខ្លះរបស់នាងដល់បេក្ខជនការងារនៅហាងកញ្ឆារបស់នាងក្នុងទីក្រុងបាងកក។

អ្នកស្រី Chokwan Chopaka បានហៅ​ការបើកឱ្យ​ប្រើកញ្ឆា​ថា​ជា«ការប្រើ​កញ្ឆាដោយ​សេរី​សម្រាប់​មនុស្សគ្រប់គ្នា»ដែល​គ្មាន​ការទទួល​ខុសត្រូវ។

រូបស្លឹក​កញ្ឆា​ធំមួយ​ជា​ភ្លើងneonពណ៌​បៃតងជាកំណត់​សម្គាល់​ហាងលក់​កញ្ឆា​តូច​មួយ​របស់​អ្នកស្រី​មាន​ឈ្មោះ​ថា​ Chopaka នៅ​កណ្តាល​ក្រុង​បាងកក។ នៅ​ក្នុង​ហាង​នេះ​មាន​ដាក់តាំង​កញ្ឆា​ស្ងួតក្នុង​ក្រឡ​កែវ​ដោយដាក់ឈ្មោះ​ដូច​ជា​ថា«blue gelato» «banana hammock» និង «orange deluxe sugarcane»។

ដោយ​ប្តេជ្ញាលក់កញ្ឆាដោយ​មានការ​ទទួល​ខុសត្រូវ អ្នកស្រី Chokwan មិន​បាន​លក់​កញ្ឆាឱ្យ​នរណា​ដែលមាន​អាយុតិច​ជាង២០ឆ្នាំ​ទេ ទោះ​ជា​មុន​ពេល​រដ្ឋាភិបាល​បាន​ប្រាប់​អ្នកលក់​មិនឱ្យធ្វើ​ដូច្នេះ​ក៏​ដោយ។ អ្នក​ស្រី​បាន​ពោល​ថា«ទោះជា​កូនស្រី​ខ្ញុំក៏ត្រូវ​តែ​ចាំនៅ​ខាងក្រៅ​ដែរ»។

ហាង​នេះ​បានបើក​កាល​ពី​ខែ​មីនាដោយ​លក់ស្ករ​គ្រាប់មាន​រសជាតិ​កញ្ឆា តែ​អាជីវកម្ម​នេះប្រសើរ​ជាងមុន​ច្រើន​នៅ​ពេល​ចាប់​ផ្តើម​លក់​កញ្ឆា​នៅ​ថ្ងៃទី១០មិថុនា។ អ្នក​ស្រី Chokwan បាននិយាយ​ថាអ្នក​ស្រី​ប្រាកដ​ក្នុង​ចិត្ត​ថាពួក​អតិថិជន​អ្នក​ស្រី​ភាគ​ច្រើន​ជក់​កញ្ឆា​ដើម្បី​សប្បាយ​ ហើយ​អ្នក​ស្រីជឿថា​ពួក​គេគួរ​មានសិទ្ធិដូច​ការការផឹកភេសជ្ជៈ​ស្រ វឹង​ដែរ​។តែ​ជាជាងធ្វើ​ច្បាប់​ដើម្បីបំបាត់​ការ​ប្រថុយ​ប្រថាន​ អ្នកស្រីមានជំនឿថារដ្ឋាភិ បាល​ក៏​អាច​ចាត់ការ​ថែមទៀតដើម្បីបង្រៀន​ប្រជារាស្ត្រ​អំពី​ការប្រើ​ការកញ្ឆា​ដោយ​មានការ​ទទួល​ខុសត្រូវ​បែប​ណា។

អ្នកស្រី Chokwan បាននិយាយ​ថា«ពេល​នេះ​ជា​ពេល​វេលា​ដែល​យើង​គួរអប់រំ​មិន​មែន​គ្រាន់តែ​ដាក់​កញ្ឆា​ចោលហើយរំពឹង​ថាមនុស្ស​មិនប្រើ​វា​ទេ ពីព្រោះ​គ្មានវិធី​ណា​មួយ​ដែល​លោកអ្នកអាចបញ្ឈប់មនុស្ស​មិន​ឱ្យ​ប្រើ​កញ្ឆាទេ»។

ការិយាល័យ​លោក Anutin បាន​ផ្ញើ​សំណើ​វីអូអេ​សុំ​សម្ភាសន៍ទៅ​រដ្ឋបាលអាហារ​និង​ឱសថ​នៃ​ក្រសួង​សុខាភិបាល​ថៃ​ដែល​បានបញ្ជូនសំណួរត្រឡប់​មកការិយាល័យ​លោក Anutin វិញ៕

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG