ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​សេដ្ឋកិច្ច៖ ​ពលករ​ដែល​វិលត្រឡប់​ដូច​ទឹក​បាក់​ទំនប់​អាច​ផ្តល់​ផល​ល្អ​និង​អាក្រក់​

  • គង់ សុឋានរិទ្ធ

កម្មករ​​កម្ពុជា​រង់ចាំ​ឯកសារ​នៅ​ការិយាល័យ​ប៉ូលិស​ក្រុង​អារញ្ញប្រទេស (Aranyaprathet) ខេត្តស្រះកែវ​ប្រទេស​ថៃ​ ខណៈ​ដែល​​រៀប​ចំ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​​វិញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៤។
ការ​ព្រួយ​បារម្ភ​អំពី​ផល​វិបាក​ការងារ​បាន​កើត​ឡើងនៅ​ពេល​ដែល​ចំនួន​នៃ​ពលករ​កម្ពុជា​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​កាន់​តែ​ច្រើន​ឡើង​ត្រូវ​បាន​បញ្ជូនមក​កាន់​ប្រទេស​កម្ពុជា​វិញ។

រហូត​មក​ទល់​ថ្ងៃ​ច័ន្ទ​ទី​១៦​ខែមិថុនា​នេះ​ពលករ​កម្ពុជា​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​អាជ្ញាធរ​ថៃមាន​ចំនួន​យ៉ាង​តិច​១៦​ម៉ឺន​នាក់។

លោកJoe Lowry ​អ្នក​នាំ​ពាក្យ​អង្គការ​អន្តរជាតិ​សម្រាប់​ទេសន្តរប្រវេសន៍​(International Organization for Migrations (IOM) ប្រចាំ​តំបន់​អាស៊ី​មាន​ប្រសាន៍​ថា​ការ​បញ្ជូន​ពលករ​កម្ពុជា​ខុសច្បាប់​ចេញ​ពី​ប្រទេស​ថៃ​នៅ​ពេល​នេះនឹង​បង្ក​ឲ្យ​មាន​ផលវិបាក​មួយ​ចំនួន​ដល់​ប្រទេស​កម្ពុជា​ដែល​កំពុង​មានវិបតិ្ត​ខ្វះ​ការងារ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​វា​នឹង​មាន​ការ​លំបាក​សម្រាប់​សហគមន៍​របស់​ពួកគេ​ក្នុង​ការ​ទទួល​យក​មនុស្ស​ដ៏​ច្រើន​បែប​នេះ​យ៉ាង​គំហុក​ពីព្រោះ​ថា​ ពលករ​កម្ពុជា​ទាំង​នេះ​មក​ពី​ទីក្រុង ​ឬ​ភូមិ​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច។ ​ពួក​គេ​ធ្វើ​ចំណាក​ស្រុក​ដោយសារ​ពួកគេ​មិន​អាច​រក​ការងារ​បាន​ធ្វើ​បាន។ ​ដូច្នេះ​បើ​ទោះជា​ពួកគេ​វិល​ត្រឡប់​មក​វិញក៏​ពួក​គេ​នៅ​តែ​ត្រូវ​ការ​ការងារ​ធ្វើ​ ពួកគេ​ត្រូវការ​ផ្ទះសម្បែង ​ចំណី​អាហារ។ ​ពួកគេ​ត្រូវការ​ការ​ថែទាំ​សុខភាព ​សាលារៀន​ និង​ត្រូវ​ការ​សេវាកម្ម​សង្គម​ផ្សេងៗ​ទៀត។ ដូចនេះ​វាជា​ការ​ពិបាក​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​របស់​ពួក​គេ»។
កម្មករ​ខ្មែរ​ឡើង​ជិះ​រថយន្ត​យោធា​ថៃ​ខណៈ​ពេល​ដែល​ពួក​គេ​រៀប​នឹង​ឆ្លង​ព្រំដែន​ថៃ-កម្ពុជា​ត្រង់​ចំណុច​អារញ្ញប្រទេស​ខេត្ត​ស្រះកែវ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ​ឆ្នាំ​២០១៦។
កម្មករ​ខ្មែរ​ឡើង​ជិះ​រថយន្ត​យោធា​ថៃ​ខណៈ​ពេល​ដែល​ពួក​គេ​រៀប​នឹង​ឆ្លង​ព្រំដែន​ថៃ-កម្ពុជា​ត្រង់​ចំណុច​អារញ្ញប្រទេស​ខេត្ត​ស្រះកែវ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ​ឆ្នាំ​២០១៦។

អង្គការ ​IOM​ បាន​ជួយ​ផ្នែក​ដឹក​ជញ្ជូន​ពលករ​កម្ពុជា​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ទៅ​កាន់​ខេត្ត​កំណើត​របស់​ពលករ​ទាំង​នោះ​វិញ​ហើយ​រហូត​មក​ទល់​ពេល​នេះ​ IOM ​បាន​ដឹកជញ្ជូន​ពលករសរុប​ប្រមាន​៦​ម៉ឺន​នាក់​ក្នុង​ចំណោម​ពលករ​សរុប។ ​នេះ​បើ​យោង​តាម​លោក ​Joe Lowry ​ដែល​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទី​ក្រុង​បាងកក។

ពលករ​កម្ពុជា​ដែល​បានទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​ស្រប​ច្បាប់​និង​ខុស​ច្បាប់​មាន​ចំនួន​ជាង​៤០ម៉ឺន​នាក់។​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ប្រទេសថៃ​បាន​បើក​យុទ្ធនាការ​មួយ​បោស​សម្អាត​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ទី​ក្រុង​បាងកក​ចាត់​ទុក​ថា​ជន​អន្តោប្រវេសន៍​ទាំង​នេះ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​រដ្ឋាភិបាល​របស់​ខ្លួនដែល​កើត​ចេញ​ពី​រដ្ឋ​ប្រហារ​នោះ​ហើយ​ក្រុង​បាងកក​នឹង​បញ្ជូន​ចេញ​ពី​ប្រទេសថៃ​នៅ​ពេល​ដែល​រក​ឃើញ​ពលករ​ខុស​ច្បាប់។

លោកJoe Lowry ​បញ្ជាក់​ថា ​IOM ​រក​ឃើញ​ថា ពលករ​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​រហូត​មក​ទល់​នឹងយប់​ថ្ងៃ​អាទិត្យ​មាន​ចំនួន​ជា​ង​១២ម៉ឺន​នាក់។​ ប៉ុន្តែ​លោក​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​គោ ស៊ុំសារឿន ​ឲ្យ​ដឹងថា​ពលករ​កម្ពុជា​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មកវិញ​នោះ​បាន​កើន​ដល់​១៦​ម៉ឺននាក់​ហើយ​មក​ទល់នឹងរសៀល​ថ្ងៃ​ច័ន្ទ​នេះ។

​លោក ចាន់ សុផល ​អ្នក​សេដ្ឋកិច្ច​មួយ​រូប​និង​ជាអ្នក​នាំពាក្យ​នៃ​សមាគម​សេដ្ឋកិច្ច​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​បញ្ជូនពលករ​ខ្មែរ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​អាច​ផ្តល់​ផល​ប្រយោជន៍​ផង​និង​ផល​វិបាក​ផង​ដល់​ប្រទេស​កម្ពុជា។

សម្រាប់​លោក​ចាន់ សុផល ​យល់​ថា​ផល​ចំណេញនោះ​គឺ​ថា ​ក្រុម​យុវជន​ពលករ​ពេញ​កម្លាំង​ត្រូវ​វិល​ត្រឡប់​មក​វិញ​ក្រុម​គ្រួសារ​របស់​ពួកគេ​វិញ​និង​រក​ការងារ​នៅ​ក្នុង​ស្រុកដូចជា​ក្នុង​វិស័យ​កសិកម្ម​និង​រោង​ចក្រ​កាត់ដេរ​ជាដើម។

ប៉ុន្តែ​ផល​វិបាក​នោះ​គឺថា​ពលករ​ដែលបាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ថៃ​ទាំង​គ្រួសារ​ហើយ​នៅ​ពេល​ដែល​ត្រូវ​បញ្ជូន​ត្រឡប់មកវិញ​នោះពួក​គេ​នឹង​មាន​តម្រូវការ​ច្រើន​សម្រាប់​ការ​រស់នៅ។

លោក​ចាន់ សុផល ​បន្ថែម​ថា​រដ្ឋា​ភិបាល​គួរ​តែ​បង្កើន​ទី​ផ្សារ​ការងារ​តាមរយៈ​ការ​បង្កើន​ការ​វិនិយោគ​បន្ថែម​ទៀត​ហើយ​ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ដល់ការអភិវឌ្ឍន៍​ក្នុង​ស្រុក​ប្រសើរ​ជាង​ពលករ​ចាក​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

«រដ្ឋា​ភិបាល​គួរតែ​ខំ​កែ​ទម្រង់​ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​សម្រួល​ដល់​បិរយាកាស​វិនិយោគ​ដល់​ជន​បរទេស​ក្តី​ដល់​ជនជាតិ​កម្ពុជា​ផ្ទាល់​ក្តី​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ងាយ​ស្រួល​ដល់​ផ្នែក​ទី​ផ្សារ​និង​ការ​វិនិយោគ​ឲ្យ​មាន​ជំនឿ​ពី​អ្នក​រកស៊ី​ធំ​តូច​ក្តី​ពីព្រោះ​ថា​ពលកម្ម​យើង​មក​ពី​ប្រទេស​ថៃ​ដែល​មាន​ជំនាញ​មាន​បទពិសោធន៍​អាច​ជួយ​អភិវឌ្ឍន៍​នៅ​ក្នុង​ស្រុក​យើង​បាន»។

លោក​ហេង សួរ ​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​អះអាង​ថា​ រដ្ឋាភិបាល​បាន​សម្រេច​បង្កើតវគ្គបណ្តុះ​បណ្តាល​ការងារ​ដល់​ពលករ​កម្ពុជា​ដែលត្រូវ​បញ្ជូន​ត្រឡប់​មកវិញ​នេះ​ចំនួន​៣៨​កន្លែង​នៅ​ទូទាំង​ប្រទេស។

យ៉ាងណា​ក៏ដោយ​ទីផ្សារ​ការងារ​របស់​ពល​ករ​កម្ពុជា​នៅ​ក្នុង​ស្រុក​ទំនង​ជា​មិន​អាច​ទទួល​បាន​ផល​កម្រៃ​ស្មើ​នឹង​ផល​កម្រៃ​ក្នុង​ការ​ធ្វើ​ជា​កម្មករ​ក្នុង​ប្រទេស​ថៃ​នោះ​ឡើយ។

​លោកចាន់ សុផល ​យល់​ថា ​ពលករ​កម្ពុជា​នឹង​អាច​វិល​ត្រឡប់​ទៅ​កាន់​ប្រទេសថៃ​វិញ​នៅ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​ស្ងប់​ស្ងាត់៕
XS
SM
MD
LG