ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​អប់រំ​ផ្លូវ​ភេទ​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ហុងកុង​បង្ហាញ​លទ្ធផល​ចម្រុះ


រូបឯកសារ៖ សកម្មជនម្នាក់តុបតែងខ្លួនជាស្រោមអនាម័យ នៅក្នុងទិវាជំងឺអេសដ៍ពិភពលោក នៅទីក្រុងហុងកុង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៤។
រូបឯកសារ៖ សកម្មជនម្នាក់តុបតែងខ្លួនជាស្រោមអនាម័យ នៅក្នុងទិវាជំងឺអេសដ៍ពិភពលោក នៅទីក្រុងហុងកុង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៤។

ការ​អប់រំ​ផ្លូវ​ភេទ​មិន​ត្រូវ​បាន​បង្រៀន​​ជា​មុខវិជ្ជា​តម្រូវ​ជា​ចាំ​បាច់​មួយ ​នៅ​តាម​សាលារៀន​នៅ​ទីក្រុង​ហុងកុង​ទេ ប៉ុន្តែត្រូវ​បាន​គេ​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ក្នុង​មុខ​វិជ្ជា​សីលធម៌​និង​ពលរដ្ឋ។

កាលពី​ក្មេង និស្សិត​ Zack Lee មិន​បាន​ទទួល​ការ​អប់រំ​ផ្លូវភេទ​នៅ​វិទ្យាល័យ Christian ទេ។ ប្រព័ន្ធ​សុខភាព​បន្តពូជ​ត្រូវ​បាន​ពន្យល់​នៅ​ក្នុង​ថ្នាក់​មុខវិជ្ជា​វិទ្យាសាស្រ្ត​ ប៉ុន្តែ​គ្រូ​បង្រៀន​មិន​បាន​ឆ្លើយ​សំណួរ​ស៊ី​ជម្រៅ​ពី​សិស្ស​នោះទេ។

លោក Lee បាន​និយាយ​ថា៖ «ខ្ញុំ​មិនបាន​រៀន​អំពី​ការ​អប់រំ​ផ្លូវ​ភេទ​ទេ កាល​ពេល​នៅ​រៀន​ថ្នាក់​វិទ្យាល័យ ហើយ​គ្រូបង្រៀនមិន​បាន​បង្រៀន​ខ្ញុំ​អ្វី​ទេ។ មិត្ត​ភក្តិ​រួម​សាលា​របស់​ខ្ញុំ​ភាគ​ច្រើន ​គឺ​ដូច​ខ្ញុំ​អ៊ីចឹង ​ពួកគេ​មិន​ដឹង​ពី​វិធី​ប្រើ​ស្រោម​អនាម័យ ហើយ​មិន​ដឹង​ថា​គួរ​រួម​ភេទ​ជាមួយ​មនុស្ស​ស្រី​យ៉ាង​ដូចម្តេច»។

លោក Lee ​និង​មិត្តភក្តិ​ បាន​ងាក​ទៅ​រក​អ៊ីនធឺណិត​ដើម្បី​រក​ចម្លើយ។ នៅ​ទីក្រុង​ហុងកុង ​សិស្ស​និស្សិត​ជា​ធម្មតា​ពឹងផ្អែក​លើ​អ៊ីនធឺណិត ដោយសារ​តែ​ស្តង់ដារ​នៃ​ការ​អប់រំ​ផ្លូវភេទ​ អាច​មាន​ភាព​ខុស​គ្នា​ខ្លាំង​ពី​សាលារៀន​មួយ​ទៅ​សាលារៀន​មួយ​ទៀត។

មិនមែនជាកម្មវិធីសិក្សាចាំបាច់

មន្ទីរ​អប់រំ​ បាន​ប្រកាស​តាម​អ៊ីម៉ែល​ថា​ ការ​អប់រំ​ផ្លូវ​ភេទ​មិន​ត្រូវ​បាន​បង្រៀនជា​មុខវិជ្ជា​តម្រូវ​ជា​ចាំ​បាច់​មួយ ​នៅ​តាម​សាលារៀន​នៅ​ទីក្រុង​ហុងកុង​ទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ត្រូវ​បាន​គេ​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ក្នុង​មុខ​វិជ្ជា​សីលធម៌​និង​ពលរដ្ឋ ដែល​មាន​បំណង​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​ពី «ការ​វិវត្តន៍​ទាំងស្រុង​របស់​មនុស្ស​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ប្រឈម​ក្នុង​សតវត្សរ៍​ទី២១»។

មន្ទីរ​អប់រំ​បាន​បន្ថែមថា​ ជាជាង​ផ្តោត​លើ​ «ទិដ្ឋភាពសរីរវិទ្យា» នៃ​ការ​អប់រំ​ផ្លូវ​ភេទ កម្មវិធី​អប់រំ​ផ្លូវ​ភេទ​ក៏​បង្រៀន​សិស្ស​អំពី​ «ការ​វិវត្តន៍​និង​ការ​រីក​លូតលាស់​ផ្ទាល់​ខ្លួន ការ​សេពគប់​មិត្តភក្តិ ការ​មាន​សេ្នហា អាពាហ៍ពិពាហ៍ និង​សមភាព​យេនឌ័រ»។ ទោះ​យ៉ាងណា​ក្តី តាម​ការ​អនុវត្ត​ជាក់ស្តែង លទ្ធផល​អាច​ខុស​គ្នា​ទៅតាម​ការ​សម្រេច​ចិត្ត​របស់​សាលារៀន​នីមួយ ថាតើ​ត្រូវបង្រៀន​មុខវិជ្ជា​អប់រំ​ផ្លូវ​ភេទ​នេះ​យ៉ាង​ដូចម្តេច។

លទ្ធផលចម្រុះ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ក្នុង​ចំណោម​ក្រុម​សិទ្ធ​មនុស្ស​និង​នាយកដ្ឋាន​សុខាភិបាល​ និង​សមាគម​ផែនការ​គ្រួសារ​ប្រចាំ​ទីក្រុង​ហុងកុង នេះ​បើ​យោងតាម​ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ហុងកុង ឬ​ហៅ​កាត់​ថា (LegCo)។

ជា​មធ្យម សិស្សរៀនមុខវិជ្ជា​អបរំ​ផ្លូវភេទ​បាន​តែ​៣​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​របស់​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ។ សិស្ស​ត្រឹម​តែ​៦០ភាគរយ​ប៉ុណ្ណោះ​ បាន​រៀន​ពី​ការ​បង្កា​មេរោគ​ហ៊ីវ (HIV) ខណៈ​ដែល​៨០​ភាគរយ​ទៀត រៀន​ពី​របៀប​ប្រើ​ស្រោម​អនាម័យ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​ចុងក្រោយកាលពី​ឆ្នាំ​២០១២ ក្នុង​ចំណោម​១៣៤​សាលារៀន​ដែល​ធ្វើ​ឡើង​ដោយ LegCo។​

លទ្ធផលចម្រុះ

លោក​ស្រី​ Julia Sun ប្រធាន​វេទិកា​អនឡាញ​សម្រាប់​បញ្ហា​អប់រំ​ផ្លូវ​ភេទឈ្មោះ Sticky Rice Love បាន​និយាយ​ថា​៖ «អ្វី​ដែល​យើង​សង្កេត​ឃើញ​នោះ​គឺ​ថា ស្ថានភាព​គឺ​រដាក់រដុប។ សាលារៀន​មួយ​ចំនួន​ប្រហែល​ជា​មាន​ការ​អប់រំ​ផ្លូវភេទ​ស៊ីជម្រៅ ​និង​មាន​ម៉ោង​សិក្សា​គ្រប់គ្រាន់ ប៉ុន្តែ​សាលារៀន​ខ្លះទៀត មិន​មាន​បង្រៀន​មុខវិជ្ជា​នេះ​ទាល់តែ​សោះ។ ពួកគេ​គ្មាន​ថ្នាក់​រៀន​មុខ​វិជ្ជា​អប់រំ​ផ្លូវ​ភេទ​ទេ»។

ស្រដៀង​នឹង​ប្រទេស​ភាគ​ច្រើន​ក្នុង​តំបន់​អាស៊ី​ដែរ ឥរិយាបថ​របស់​ពលរដ្ឋ​នៅ​ទីក្រុង​ហុងកុង​ចំពោះ​ការ​រួម​ភេទ មាន​លក្ខណៈ​អភិរក្ស​និយម។ តាម​រយៈ​ការ​សង្កេត​របស់ គេហទំព័រ ​Sticky Rice ឲ្យ​ដឹង​ថា៖ «ប្រជាជន​នៅ​ហុងកុង​មិនងាយ​និយាយ​អំពី​ការ​រួម​ភេទ​ទេ» ហើយ​ការ​សន្ទនា​ភាគ​ច្រើន«ពោរពេញ​ដោយ​ការ​ខ្មាសអៀន​និង​«កំហុស»។

អង្គការ​ជាច្រើន​ដូចជា Sticky Rice ជា​រឿយៗ​ត្រូវ​បាន​អញ្ជើញ​ទៅ​សាលារៀន​ដើម្បី​និយាយ​អំពី​ការ​អប់រំ​ផ្លូវ​ភេទ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិភាក្សា​ គឺ​តែង​តែ​ខុសគ្នា​ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល។​

លោកស្រី Julia Sun លើក​ឡើង​ថា សាលារៀន​ជាច្រើន​ចង់​ពិភាក្សា​អំពី​ការ​បង្កា​ការ​មាន​គភ៌ ដោយ​ផ្តោត​សំខាន់​លើ​ការការ​គ្រប់គ្រង​ខ្លួន​ឯង ប៉ុន្តែ​បែរ​ជា​មើល​រំលង​មេរៀន​សំខាន់ៗ ​ដូចជា​ការ​វិវត្តន៍​ផ្លូវ​ចិត្ត​ ការ​ប្រាស្រ័យ​ទាក់ទង​ និង​ការ​យល់ព្រម។ លោក​ស្រី​ក៏​បាន​បន្ថែម​ថា ប្រធានបទ​ស្តី​ពី​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា និង​អត្តសញ្ញាណ​យេនឌ័រ ក៏​ត្រូវបាន​ចាត់ទុក​ជា​ប្រធានបទចម្រូង​ចម្រាស​ដែរ។

មូលនិធិ​ជំនួយ​ហុង​កុង ​(Hong Kong Aids Foundation) ដែល​ធ្វើការ​ជាមួយ​សាលារៀន​ បាន​និយាយ​ថា សាលារៀន​ជាច្រើន​ស្ទាក់ស្ទើរ​ក្នុងការ​អនុញ្ញាត​ឲ្យ​អង្គការ​ចែកចាយ​ស្រោម​អនាម័យ សូម្បី​តែ​នៅសាកល​វិទ្យាល័យ​ក៏ដោយ។

រូបឯកសារ៖ និសិត្សដែលទើបបញ្ចប់ការសិក្សាថតរូបនៅកន្លែងបាតុកម្ម Occupy Central ដែលស្ថិតនៅ​ក្បែរ​ទីស្នាក់ការកណ្តាលរដ្ឋាភិបាល ទីក្រុងហុងកុង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤។
រូបឯកសារ៖ និសិត្សដែលទើបបញ្ចប់ការសិក្សាថតរូបនៅកន្លែងបាតុកម្ម Occupy Central ដែលស្ថិតនៅ​ក្បែរ​ទីស្នាក់ការកណ្តាលរដ្ឋាភិបាល ទីក្រុងហុងកុង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤។

ស្តង់ដា​អប់រំ​កម្រិត​ខ្ពស់

កំណត់ត្រា​ចម្រុះ​នៃ​ការ​អប់រំ​ផ្លូវ​ភេទ​នេះ មាន​លក្ខណៈ​ផ្ទុយ​គ្នា​ពី​ស្តង់ដារ​អប់រំដ៏​ខ្ពស់​របស់​ហុងកុង​ ដែល​ល្បី​ក្នុង​តំបន់។

សិស្ស​អនុវិទ្យាល័យ​ហុងកុង ​ជាប់​ចំណាត់ថ្នាក់​ទី​២​ក្នុង​ពិភពលោក​សម្រាប់​សមត្ថភាព​អាន​និង​មុខវិជ្ជា​គណិតវិទ្យា នេះ​បើ​តាមការ​ស្រាវជ្រាវ​សាកល​មួយ​កាលពី​ឆ្នាំ​២០១៥ ដោយ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ខណៈ​ដែល​សាកល​វិទ្យាល័យ​ជាច្រើននៅ​ហុងកុង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​មាន​គុណភាព​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ី។

គូ​ប្រជែង​ក្នុង​តំបន់​របស់​ហុងកុង​ ​គឺ​សិង្ហបុរី​និង​តៃវ៉ាន់ ដែលមាន​កម្រិត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ស្រដៀង​គ្នា​ ហើយ​មាន​កម្មវិធីអប់រំ​ផ្លូវ​ភេទ ដែល​តម្រូវ​ឲ្យ​មាន​ជា​ចាំ​បាច់។ ខណៈ​ដែល​ប្រទេស​ម៉ុងហ្គោលី​នៅ​តែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ប្រទេស​មួយ​នេះ​ក៏​ឈាន​មុខ​គេ​ក្នុង​កម្មវិធី​អប់រំ​ផ្លូវ​ភេទ​កម្រិត​ខ្ពស់ ​នៅ​ក្នុង​តំបន់​ដែរ។ នេះ​បើយោង​តាម​មូល​និធិ​ប្រជា​ពលរដ្ឋ​អង្គការ​សហប្រជាជាតិ (United Nations Population Fund)។

ផ្ទុយ​ទៅ​វិញ ​ការ​អប់រំ​ផ្លូវភេទ​នៅ​ហុងកុង​ មាន​លក្ខណៈ​ដូចគ្នា​ច្រើន​នឹង​ប្រទេស​ចិន ដែល​នៅ​ទីនោះ​ការ​អប់រំ​ផ្លូវ​ភេទ​ក៏​មិន​មែន​ជា​ការ​អប់រំ​ដែល​តម្រូវ​ជាចាំ​បាច់ ​ហើយ​ការ​ពិភាក្សា​ពី​សរីរវិទ្យា និង​ការ​បង្កាមេរោគ​ហ៊ីវ​នៅ​មាន​កម្រិត ដោយ​គ្មាន​ការ​ពិភាក្សា​ស៊ីជម្រៅ​ពី​បញ្ហា​យេនឌ័រ​និង​ផ្លូវភេទ​ទេ។ នេះ​បើ​យោង​តាម​លោកស្រី Jo Sauvarin ទីប្រឹក្សា​ភាព​ពេញ​វ័យ​ និង​យុវវ័យ​នៅ​មូលនិធិ​ប្រជា​ពលរដ្ឋ​អង្គការ​សហប្រជាជាតិ​(United Nations Population Fund)។

តួនាទី​សាសនា​ដ៏​មាន​ឥទ្ធិពល

វិធីសាសាស្រ្ត​អប់រំ​បែប​នេះ​តែងតែ​ត្រូវបាន​យក​មក​អនុវត្ត​នៅ​ក្នុង​ទ្វីប​អាស៊ី ដែល​ជា​តំបន់​មួយ​ដើរ​យឺត​ជាង​ទ្វី​បអាហ្រ្វិក​និង​អាមេរិក​ឡាទីន ដែលបាន​បង្កើន​ការ​អប់រំផ្លូវ​ភេទ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​រាលដាល​របស់​មេរោគ​ហ៊ីវ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​រសប់​លោកស្រី Sauvarin។

សាលារៀន​នៅ​ក្នុង​ហុងកុង​ជាច្រើន​ជ្រើស​រើស​យក​វិធីសាស្រ្ត​បែប​ប្រុង​ប្រយ័ត្នក្នុង​ការ​បង្រៀន​ពី​ការ​អប់រំ​ផ្លូវភេទ​ ​ប្រហែល​ជា​ដោយសារ​តែ​ស្ថាប័ន​សាសនា​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​អប់រំយុវវ័យ។

ច្រើន​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​សិស្ស​សរុប គឺជា​សិស្ស​ដែល​ចូល​រៀន​ដោយ​មាន​ជំនឿ​សាសនា​ ដូចជា​គ្រឹស្ត​សាសនា​ ព្រះពុទ្ធ និង Sikh នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល។ អង្គការ​ក្នុង​ស្រុក​ជាច្រើន ក៏​បាន​សង្កត់​ធ្ងន់​លើ​ឥទិ្ធពល​ប្រពៃណី​មួយ​ទៀត​ ​គឺ​ការ​គិត​បែប​ខុងជឺ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​ហុងកុង​ផង​ដែរ។

នៅ​ក្នុង​បរិបទ​បែប​នេះ ការរុញ​ច្រាន​មិន​ឲ្យ​មាន​ការ​អប់រំ​ផ្លូវ​ភេទ​ដ៏​មាន​ប្រសិទ្ធភាព​ក៏​អាច​មក​ពី​ឪពុក​ម្តាយ​ដែល​ពួកគេ​ខ្លាច​ថា​ ការ​អប់រំ​ផ្លូវ​ភេទ​អាច​នឹង​ជំរុញ​កូនៗ​របស់​ពួកគេ​ឲ្យ​សាកល្បង​រួមភេទ។ នេះ​បើ​យោង​តាម​អង្គការ​ក្នុង​ស្រុក។ លោកស្រី​ Sauvarin បាន​និយាយ​ថា​ យ៉ាង​ណា​ក៏​ដោយ ការ​គ្រាន់តែ​ប្រាប់​ពួកគេ​មិន​ឲ្យ​រួម​ភេទ និង​ដាក់​កម្រិត​លើ​ការ​អប់រំ​របស់​ពួកគេ អាច​នឹង​នាំ​មក​នូវ​លទ្ធផល​មិន​ល្អ​ទៅ​វិញ។​

លោក​ស្រី​បាន​និយាយ​ថា៖ «កម្មវិធី​ជាច្រើន​នៅ​ក្នុង​តំបន់​របស់​យើង​ផ្តោត​ខ្លាំង​លើ​កត្តា​ទាំង​នោះ [ដូចជា​ការ​គ្រប់គ្រង​ខ្លួន​ឯង] ដូច្នេះ​វា​គ្មាន​ប្រសិទ្ធភាព​លើ​ការ​ទប់ស្កាត់​ការ​មាន​គភ៌​ ​ឬ​ការ​កាត់​បន្ថយ​មេរោគ​ហ៊ីវ​ទេ បើសិន​ជា​អ្នក​គ្រាន់តែ​ប្រាប់​ពួកគេ​មិន​ឲ្យ​រួម​ភេទ​ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​ដែល​ពួកគេ​ត្រូវ​ការ។ តាម​ពិត កម្មវិធីដែល​អប់រំ​ស៊ី​ជម្រៅ​អំពី​ពី​ផ្លូវ​ភេទ បាន​ពន្យារ​ការ​ផ្តួចផ្តើម​នៃ​ការ​រួមភេទ​ទៅ​វិញ​ទេ»៕

ប្រែសម្រួល​ដោយ​ ទុំ ម្លិះ

XS
SM
MD
LG