ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គាំទ្រ​របប​រាជា​និយម​​រាប់​ពាន់​នាក់ ធ្វើ​បាតុកម្ម​គាំទ្រ​ព្រះ​មហាក្សត្រ​ថៃ


អ្នក​គាំទ្រ​របប​រាជានិយម​នាំ​គ្នា​​ចេញ​មុខ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ព្រះ​មហាក្សត្រ​ថៃ ស្របពេល​ដែល​មាន​បាតុកម្ម​ឲ្យ​ធ្វើ​កំណែ​ទម្រង់​​ស្ថាប័ន​ព្រះ​មហាក្សត្រ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
អ្នក​គាំទ្រ​របប​រាជានិយម​នាំ​គ្នា​​ចេញ​មុខ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ព្រះ​មហាក្សត្រ​ថៃ ស្របពេល​ដែល​មាន​បាតុកម្ម​ឲ្យ​ធ្វើ​កំណែ​ទម្រង់​​ស្ថាប័ន​ព្រះ​មហាក្សត្រ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

ក្រុម​អ្នក​គាំទ្រ​របប​រាជា​និយមពាក់​អាវ​លឿងរាប់ពាន់​នាក់​នៅក្នុងប្រទេស​ថៃ បាន​ចេញ​មកបង្ហាញ​កម្លាំង​របស់​ពួកគេ​ក្នុង​ទ្រង់ទ្រាយ​ធំបំផុត ដើម្បី​គាំទ្រព្រះ​មហាក្សត្រ​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ ស្រប​ពេល​ដែល​មាន​បាតុកម្ម​តវ៉ា​អស់​ជា​ច្រើន​ខែ​កន្លង​មកដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ និងឲ្យ​លោក​នាយក​រដ្ឋមន្ត្រី Prayuth Chan-Ocha ចុះចេញ​ពី​តំណែង។

លោក Bin Bunleurit អតីត​តារា​សម្តែង​ភាពយន្ត​ដែល​ក្រោយ​មក​ក្លាយ​ជា​អ្នកជួយ​សង្គ្រោះ​ស្ម័គ្រចិត្ត និង​ជា​អ្នក​ដែល​បាន​លើក​ទឹក​ចិត្តឲ្យពលរដ្ឋ​ចូលរួម​បាតុកម្ម​នេះ​នៅព្រះ​បរម​រាជវាំងក្នុង​ទីក្រុង​បាងកក បាន​ឲ្យ​ដឹង​ថា៖ «នេះ​ជា​ពេល​ដែល​យើង​ត្រូវ​ចេញ​មកការពារ​ព្រះ​មហាក្សត្រជា​ទី​ស្រឡាញ់​របស់​យើង»។

លោក​បន្ត​ថា៖ «គ្រប់​គ្នាមាន​សិទ្ធិ​ក្នុង​ការ​តស៊ូ​មតិ​សម្រាប់​អ្វី​ដែល​គេ​ចង់ឲ្យ​មាន​ការផ្លាស់ប្ដូរ ប៉ុន្តែ​អ្វី​ទៅ​ជា​ហេតុផល​ដែល​ពួកគេ​ចង់​ឲ្យ​មាន​កំណែ​ទម្រង់​លើ​ស្ថាប័ន​ព្រះ​មហាក្សត្រ​នោះ?»។

ព្រះ​បរម​រាជវាំង​ថៃ​មិន​បាន​បញ្ជាក់​យ៉ាង​ណា​នោះ​ទេ ចាប់​តាំង​ពី​ការ​ប្រឆាំង​តវ៉ាកើត​មាន​ឡើង​តាំង​ពី​ពាក់​កណ្តាល​ខែ​កក្កដាមក។

ក្រុម​អ្នកតវ៉ា​ប្រឆាំង​នឹង​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ បាន​លើក​ឡើង​ថា អំណាច​របស់​ព្រះ​មហាក្សត្រ Maha Vajiralongkorn គឺ​ខ្លាំង​ហួសហេតុ ហើយ​ពួកគេ​ចង់​ឲ្យ​មាន​ការ​លុបចោល​នូវ​ការ​ផ្លាស់ប្តូរ​មួយ​ចំនួន​កន្លង​មក ដែល​ផ្ដល់​អំណាច​ដល់​ព្រះអង្គ​នូវ​ការ​ត្រួតត្រា​ផ្ទាល់​លើ​អង្គភាព​កង​ទ័ពមួយ​ចំនួន ក៏​ដូច​ជា​ទ្រព្យ​សម្បតិ្ត​ដែល​មាន​តម្លៃ​មហាសាលរាប់​ម៉ឺនលាន​ដុល្លារ​របស់​រាជវាំង​ផង​ដែរ។

ពួកគេ​ក៏​បាន​រិះគន់​ផង​ដែរ​ថា ការ​គង់​ប្រថាប់​រយៈពេល​យូរ​របស់​ព្រះ​មហាក្សត្រ Maha Vajiralongkorn នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ គឺ​ជា​ការ​ខាត​បង់​ពេល​វេលា និង​បាន​ចោទ​ព្រះ​អង្គ​ថា​បាន​ផ្ដល់​អំណាច​ត្រួតត្រា​ឲ្យ​ពួក​យោធាអស់​រាប់​ទសវត្សរ៍ ដោយ​ការ​ទទួល​ស្គាល់​នូវ​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល ដូចជា​រដ្ឋប្រហារ​ដែលលោក Prayuth Chan-Ocha បាន​ធ្វើ​កាល​ពី​ឆ្នាំ ២០១៤ ជាដើម៕

XS
SM
MD
LG