ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិតថៃ​ខ្លះ ធ្វើ​ពហិកា​មិន​ចូលរួម​ពិធី​ចែក​សញ្ញាប័ត្រ​ដោយ​ព្រះមហាក្សត្រថៃ


ព្រះមហាក្សត្រ​ថៃ​ ព្រះបាទ Maha Vajiralongkorn យាង​ចូលរួម​ពិធី​ចែកសញ្ញាប័ត្រ​នៅ​សាកល​វិទ្យាល័យ Thammasat (ធម្មសាស្ត្រ) ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
ព្រះមហាក្សត្រ​ថៃ​ ព្រះបាទ Maha Vajiralongkorn យាង​ចូលរួម​ពិធី​ចែកសញ្ញាប័ត្រ​នៅ​សាកល​វិទ្យាល័យ Thammasat (ធម្មសាស្ត្រ) ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

ទីភ្នាក់ងារ​ព័ត៌មាន ​Reuters បាន​រាយការណ៍​ថា ក្រុម​និស្សិត​ដែល​គាំទ្រ​ក្រុម​បាតុករ​ថៃ បាន​ធ្វើ​ពហិកា​មិន​ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រដោយ​ព្រះមហាក្សត្រ​ថៃ​ ព្រះបាទ Maha Vajiralongkorn នៅ​ថ្ងៃ​សុក្រ នៅ​សាកលវិទ្យាល័យ Thammasat (ធម្មសាស្ត្រ) ដើម្បី​សម្ដែង​ការ​ប្រឆាំង​នឹងរបប​រាជានិយម​ក្នុង​អំឡុង​ពេល​តវ៉ា​ឲ្យ​មាន​ការ​កែទម្រង់​ស្ថាប័ន​នេះ។

ពិធី​ចែក​សញ្ញាប័ត្រ ដែល​មានព្រះមហាក្សត្រ​ថៃទ្រង់​ប្រទាន​សញ្ញាប័ត្រ​ដល់​និស្សិត​ដោយ​ផ្ទាល់ព្រះហត្ថ ជា​កិត្តយស​ដល់​និសិ្សត​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ដោយ​រូបថត​ជា​អនុស្សាវរីយ៍​ពី​ពិធី​នេះ​ ភាគ​ច្រើន​ត្រូវ​ពលរដ្ឋថៃដាក់​តាំង​នៅ​តាម​ផ្ទះ​ដោយ​មោទនភាព។

ប៉ុន្តែ​ ការ​តវ៉ា​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​កក្កដាមក​ ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​សាធារណ:​លើ​របប​រាជានិយម​ និង​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្រួម​អំណាច​ និង​ប្រឆាំង​នឹង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ដែល​កំណត់​ឲ្យ​ដាក់​ពន្ធនាគារ​ដល់​ចំនួន១៥​ឆ្នាំ ចំពោះ​ជន​ណា​ដែល​រិះគន់​ព្រះមហាក្សត្រ​ និង​ក្រុមគ្រួសារ​រាជវង្ស។

និស្សិត Suppanat Kingkaew អាយុ​២៣​ឆ្នាំ​ថ្លែង​ថា​ លោកបាន​ធ្វើ​ពហិកាមិន​ចូលរួមក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នេះ ​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​សុក្រ ​និង​ថ្ងៃ​សៅរ៍​នៅសាកលវិទ្យាល័យ Thammasat (ធម្មសាស្ត្រ) ​ក្នុង​ទីក្រុង​បាងកក ជា​ទី​ដែល​ត្រូវ​គេ​មើល​ឃើញថា ជា​ប្រភព​នៃចលនា​នយោបាយ​ជ្រុលនិយម​របស់​ថៃ ហើយ​ធ្លាប់​មាន​ការ​សម្លាប់​រង្គាល​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​ដោយ​កងកម្លាំង​រាជានិយម​ថៃ​កាល​ពី​ឆ្នាំ​១៩៧៦។

និស្សិត​រូប​នេះ ថ្លែងប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ថា៖ «យើង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​សាល ​[​ចែក​សញ្ញាប័ត្រ] មាន​ចំនួន​មនុស្ស​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ ​គឺ​ដើម្បី​ផ្ញើ​សារ​ដោយ​ប្រយោល​ថា​ ពួក​យើង​ខ្លះ​មិន​សប្បាយ​ចិត្ត​នឹង​ស្ថាប័ន​រាជានិយម​ និង​ចង់​ឲ្យ​មាន​កំណែ​ទម្រង់»។

ទាំង​សាកលវិទ្យាល័យ Thammasat និង​ព្រះរាជវាំង​ ​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reutersទេ៕

XS
SM
MD
LG