ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ពង្រឹង​ការ​គ្រប់គ្រង​កាំភ្លើង បន្ទាប់ពី​មាន​ហេតុការណ៍​សម្លាប់​រង្គាល​នៅ​មណ្ឌល​ថែទាំ​កុមារ


រូបឯកសារ​៖ បុរស​ម្នាក់​មើល​កាំភ្លើង​ដែល​គេ​ដាក់​លក់​ក្នុង​ហាង​លក់​អាវុធ​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១២។
រូបឯកសារ​៖ បុរស​ម្នាក់​មើល​កាំភ្លើង​ដែល​គេ​ដាក់​លក់​ក្នុង​ហាង​លក់​អាវុធ​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១២។

អាជ្ញាធរ​ថៃ​បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពួកគេ​កំពុង​រៀបចំ​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ​ដើម្បី​គ្រប់គ្រង​កាំភ្លើង បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់​សម្លាប់​រង្គាល​បាន​កើតឡើង​កាលពី​ដើម​ខែ​តុលា​កន្លង​ទៅ​នេះ​នៅ​មណ្ឌល​ថែទាំ​កុមារ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ថៃ ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំងមូល​មាន​ការ​រន្ធត់​តក់ស្លុត​យ៉ាង​ខ្លាំង។

ប៉ុន្តែ​អ្នក​ជំនាញ​នានា​មាន​ចម្ងល់​ថា​តើ​វិធានការ​ទាំង​នេះ​នឹង​អាច​បញ្ឈប់ ឬ​កាត់​បន្ថយ​បាន​កម្រិត​ណា​នូវ​ហេតុការណ៍​ដូចនេះ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ជា​ប្រទេស​មួយ​មាន​អត្រា​អ្នក​កាន់កាប់​អាវុធ​ខ្ពស់​បំផុត​មួយ​នៅ​ទ្វីប​អាស៊ី។

កាលពី​ថ្ងៃ​ទី ៦ ខែ​តុលា អតីត​មន្រ្តី​ប៉ូលិស​ម្នាក់​ឈ្មោះ Panya Kamrab បាន​សម្រុក​ចូល​មណ្ឌល​ថែទាំ​កុមារ​មួយ​កន្លែង​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ ដោយ​ប្រដាប់​នូវ​កាំភ្លើង​និង​កាំបិត​ធំ​មួយ។ បន្ទាប់ពី​បាន​បាញ់​រះ​សម្រុក​ចូល​ក្នុង​មណ្ឌល​ថែទាំ​កុមារ​នោះ​មក ជន​នេះ​បាន​សម្លាប់​មនុស្ស ៣៦ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កុមារ​ចំនួន ២៣ នាក់​ផង​ដែរ ហើយ​បន្ទាប់មក ជន​នេះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​សម្លាប់​ប្រពន្ធ​និង​កូន​ប្រុស​របស់​ខ្លួន​មុន​ពេល​សម្លាប់​ខ្លួន​ឯង។

ប៉ូលិស​បាន​និយាយ​ថា ជន​នេះ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​កាលពី​ខែ​មិថុនា​ដោយសារ​ហេតុផល​គ្រឿង​ញៀន និង​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដើម្បី​កាត់ទោស​ពី​បទ​ចោទ​ប្រកាន់​ថា​បាន​កាន់កាប់​គ្រឿង​ញៀន​ខុស​ច្បាប់។

រូបឯកសារ៖​ ស្ត្រី​ម្នាក់​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​មួយ​នៅ​កន្លែង​ថែទាំ​កុមារ នៅ​ក្រុង Uthai Sawan ខេត្ត Nong Bua Lam Phu ប្រទេស​ថៃ ថ្ងៃទី ១១ ខែតុលា​ ឆ្នាំ២០២២។
រូបឯកសារ៖​ ស្ត្រី​ម្នាក់​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​មួយ​នៅ​កន្លែង​ថែទាំ​កុមារ នៅ​ក្រុង Uthai Sawan ខេត្ត Nong Bua Lam Phu ប្រទេស​ថៃ ថ្ងៃទី ១១ ខែតុលា​ ឆ្នាំ២០២២។

អាជ្ញាធរ​មិន​បាន​បង្ហាញ​អំពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​បាញ់​សម្លាប់​រង្គាល​នេះ​ទេ ប៉ុន្តែ​សោកនាដកម្ម​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ការ​រីក​សាយភាយ​កាំភ្លើង​និង​អំពើ​ហិង្សា​ដោយសារ​កាំភ្លើង​នៅ​ប្រទេស​ថៃ។

ប្រទេស​ថៃ​ដែល​មាន​ប្រជាជន​ចំនួន ៦៩ លាន​នាក់ មាន​កាំភ្លើង​ចំនួន​ប្រមាណ ១០ លាន ៣ សែន​ដើម​ដែល​កាន់កាប់​ជា​លក្ខណៈ​ឯកជន ដោយ​ក្នុង​នោះ​កាំភ្លើង​ជាង ៤ លាន​ដើម​គឺ​ជា​កាំភ្លើង​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ បើ​គិត​ត្រឹម​ឆ្នាំ ២០១៧ ដែល​ជា​ឆ្នាំ​ចុងក្រោយ​បង្អស់​ដែល​វេបសាយ GunPolicy.org ដែល​ជា​គម្រោង​មួយ​របស់​សាកលវិទ្យាល័យ Sydney (University of Sydney) មាន​ទិន្នន័យ​អំពី​រឿង​នេះ។

អត្រា​នេះ​គឺ​ស្មើ​នឹង​កាំភ្លើង​ច្រើន​ជាង​មួយ​ដើម​សម្រាប់​ពលរដ្ឋ​ថៃ ៧ នាក់ ដែល​ជា​អត្រា​ខ្ពស់​ជាង​គេ​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​គិត​មក​ទល់​នឹង​ពេល​នេះ។

នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ហេតុការណ៍​បាញ់​សម្លាប់​រង្គាល​នេះ នាយករដ្ឋមន្រ្តី​ថៃ​លោក Prayut Chan-ocha បាន​ដឹកនាំ​ការ​ប្រជុំ​ពិសេស​មួយ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​កាលពី​ថ្ងៃ​ទី ១២ ខែ​តុលា ដើម្បី​ស្វែងរក​មធ្យោបាយ​កាត់​បន្ថយ​កម្មសិទ្ធិ​កាំភ្លើង​ស្រប​ច្បាប់ និង​ដាក់​កំហិត​លើ​ទីផ្សារ​ងងឹត​ដែល​កំពុង​តែ​រីក​ដុះដាល។

លោក​ឧត្តមសេនីយ៍​ទោ Achayon Kraithong អ្នក​នាំពាក្យ​នគរបាល​ភូមិន្ទ​ថៃ បាន​និយាយ​ថា សំណើ​នាំមុខ​នានា​ដែល​កំពុង​ធ្វើ​ឡើង​មាន​ដូចជា ការ​ដាក់​បញ្ចូល​នូវ​ការ​វាយតម្លៃ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ទៅ​ក្នុង​ដំណើរការ​ផ្តល់​អាជ្ញាបណ្ណ​កាន់កាប់​កាំភ្លើង និង​ការ​តម្រូវ​ឱ្យ​មាន​ការ​វាយតម្លៃ​ឡើង​វិញ​ជា​ប្រចាំ​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​ម្ចាស់​កម្មសិទ្ធិ​កាំភ្លើង​ជាដើម។

លោក​បាន​ប្រាប់ VOA ថា៖ «ប៉ូលិស [បាន​ស្នើ] ថា មុន​ពេល​អ្នក​អាច​មាន​សិទ្ធិ​កាន់​កាំភ្លើង​បាន អ្នក​ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​វេជ្ជបណ្ឌិត​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ជា​មុន​សិន។ ហើយ​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​កាំភ្លើង​និង​អាជ្ញាបណ្ណ​រួច​ហើយ ប្រហែល​ជា [រាល់] មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ម្ដង … អ្នក​ត្រូវ​មាន​ការ​បញ្ជាក់​ពី​វេជ្ជបណ្ឌិត​ថា អ្នក​អាច​មាន​សិទ្ធិ [កាន់] កាំភ្លើង​ជា​បន្ត​ទៀត​បាន»។

នៅ​ក្រោម​ផែនការ​នេះ អ្នក​មើល​ការ​ខុសត្រូវ​នៅ​កន្លែង​ធ្វើការ ឬ​មន្រ្តី​រដ្ឋាភិបាល​មូលដ្ឋាន​ក៏​នឹង​ត្រូវ​តម្រូវ​ឱ្យ​បញ្ជាក់​អំពី​អត្តចរិត​របស់​អ្នក​ដាក់​សំណើ​សុំ​កាន់​កាំភ្លើង​ផង​ដែរ។

រូបឯកសារ៖ អ្នក​លក់កាំភ្លើង​ម្នាក់​បង្ហាញ​កាំភ្លើង​ដែល​ដាក់លក់​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ អ្នក​លក់កាំភ្លើង​ម្នាក់​បង្ហាញ​កាំភ្លើង​ដែល​ដាក់លក់​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២។

«កង្វះ​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព»

លោក Achayon បាន​និយាយ​ថា ប៉ូលិស​ក៏​មាន​ផែនការ​បង្កើន​ការ​តាមដាន​លើ​ការ​លក់​កាំភ្លើង​ខុស​ច្បាប់​តាម​អនឡាញ និង​លើក​កម្ពស់​ការ​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​រវាង​ទីភ្នាក់ងារ​ផ្សេងៗ​ផង​ដែរ។

ពួកគេ​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​លើកលែង​ទោស​សម្រាប់​ម្ចាស់​កាំភ្លើង​ដែល​មិន​មាន​អាជ្ញាបណ្ណ​ផង​ដែរ។ ការ​លើកលែង​ទោស​នេះ​នឹង​អនុញ្ញាត​ឱ្យ​ម្ចាស់​កាំភ្លើង​មាន​ឱកាស​យក​កាំភ្លើង​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​ដោយ​មិនមាន​ការ​ដាក់​ទោស​ពៃរ៍។ ការ​កាន់កាប់​កាំភ្លើង​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ១០ ឆ្នាំ។

នាយករដ្ឋមន្រ្តី​ថៃ​លោក Prayut និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ថៃ​លោក Anupong Paojinda គាំទ្រ​សំណើ​ខាង​លើ​នេះ​នៅ​ពេល​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ការ​ប្រជុំ​ពិសេស​នេះ។

លោក Chavanut Janekarn ដែល​ជា​អ្នក​សិក្សា​ផ្នែក​បទ​ឧក្រិដ្ឋ​វិទ្យា​និង​ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ Thammasat ក្នុង​ប្រទេស​ថៃ និង​ដែល​បាន​ធ្វើ​ជា​មន្រ្តី​ប៉ូលិស​អស់​រយៈពេល ២៥ ឆ្នាំ​មក​នេះ បាន​និយាយ​ថា ផែនការ​នេះ​យ៉ាង​ហោច​ណាស់​នឹង​អាច​ជួយ​ការពារ​មិន​ឱ្យ​កាំភ្លើង​ធ្លាក់​ចូល​ក្នុង​ដៃ​មនុស្ស​អាក្រក់​មួយ​ចំនួន​បាន។

លោក​បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​គិត​ថា យើង​គួរ​មាន​ការ​វាយតម្លៃ​លើ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត និង​ការ​វាយតម្លៃ​លើ​លក្ខណ​សម្បត្តិ​របស់​បុគ្គល​ជា​យូរ​មក​ហើយ។ វា​មិន​អាច​ដោះស្រាយ​បាន​គ្រប់​បញ្ហា​នោះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ វា​អាច​បង្ការ​មិន​ឱ្យ​មាន [អំពើ​ហិង្សា​ដោយសារ​កាំភ្លើង] មួយ​ចំនួន​កើតឡើង​បាន»។

លោក Michael Picard អ្នក​ជំនាញ​ឯករាជ្យ​ផ្នែក​គោល​នយោបាយ​ស្តីពី​កាំភ្លើង ដែល​ពី​មុន​បាន​ធ្វើការ​ឱ្យ​វេបសាយ GunPolicy.org ប្រចាំ​នៅ​ប្រទេស​ថៃ មាន​មន្ទិល​ច្រើន​ជាង​នេះ។

លោក​បាន​និយាយ​ថា កម្មវិធី​ផ្តល់​អាជ្ញាបណ្ណ​កាន់កាប់​កាំភ្លើង​របស់​ប្រទេស​ថៃ​នា​ពេល​បច្ចុប្បន្ន​គឺ​មាន​ភាព​តឹងរ៉ឹង​លើ​ឯកសារ​ជាង​ការ​អនុវត្ត​ជាក់ស្ដែង ហើយ​លោក​បារម្ភ​ថា ការ​អនុវត្ត​បែប​ធូរ​រលុង​ដូច​គ្នា​នេះ​នឹង​មាន​ដដែល​នៅ​ក្រោយ​ការ​បង្កើត​ច្បាប់​ថ្មី​ណា​មួយ។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «សម្រាប់​ដំណើរការ​នៃ​ការ​ទទួល​បាន​អាជ្ញាបណ្ណ​កាន់កាប់​កាំភ្លើង​គឺ​ថា ជា​ទូទៅ ប្រសិនបើ​អ្នក​បង់​សំណូក អ្នក​អាច​ទទួល​បាន​មុន​គេ ហើយ​អ្នក​អាច​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​មួយ​ចំនួន​បាន​យ៉ាង​លឿន ដែល​ជា​ទូទៅ​ការ​ត្រួត​ពិនិត្យ​ទាំង​នេះ​គឺ​ត្រូវការ​ពេលវេលា​យូរ ឬ​ធ្វើ​ឡើង​ដោយ​ល្អិតល្អន់​ជាង​នេះ។ ដូច្នេះ ខ្ញុំ​មិន​គិត​ថា វិធានការ​ថ្មី​នេះ​នឹង​ដោះស្រាយ​បញ្ហា​ឫសគល់​នៃ​ការ​រីក​សាយភាយ​កាំភ្លើង​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ ដែល​ជា​ទូទៅ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​តាម​ស្ថាប័ន»។

លោក Paul Chamber សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ Naresuan ក្នុង​ប្រទេស​ថៃ ដែល​សិក្សា​អំពី​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​នេះ បាន​យល់ស្រប​ចំពោះ​ការ​លើកឡើង​នេះ។

លោក Chamber និយាយ​ដូច្នេះ​ថា៖ «បញ្ហា​ធំ​បំផុត​របស់​ប្រទេស​ថៃ​ពាក់ព័ន្ធ​នឹង​ច្បាប់​និង​កាំភ្លើង​គឺ​កង្វះ​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព»។

លោក​បាន​បន្ថែម​ថា រាល់​កម្មវិធី​លើកលែង​ទោស​ណា​មួយ​ក៏​នឹង​ត្រូវ​យក​មក​អនុវត្ត​ដោយ​មិន​បាន​ហ្មត់ចត់​ផង​ដែរ។

លោក Chavanut បាន​និយាយ​ថា វិធានការ​លើកលែង​ទោស​កាលពី​លើក​មុនៗ​នៅ​ក្នុង​ប្រទេស​ថៃ​សម្រាប់​ការ​កាន់កាប់​កាំភ្លើង​និង​អាវុធ​ខុស​ច្បាប់​ដទៃ​ទៀត គឺ​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ប៉ុន្មាន​នោះ​ទេ ដែល​ករណី​នេះ​គឺ​ប្រហែល​ជា​ដោយសារតែ​ឧក្រិដ្ឋជន​ជឿ​ថា ឱកាស​ដែល​អាជ្ញាធរ​អាច​ចាប់​ខ្លួន​ពួកគេ​បាន​គឺ​មាន​ទាប​បំផុត ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​ញញើត​និង​មិន​មក​បង្ហាញ​ខ្លួន​ដើម្បី​ទទួល​ការ​លើកលែង​ទោស។

រូបឯកសារ៖ បុរស​ម្នាក់​សម្អាត​កាំភ្លើង​របស់​គាត់​នៅ​ក្នុង​ផ្ទះ​នៅ​ជាយ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ បុរស​ម្នាក់​សម្អាត​កាំភ្លើង​របស់​គាត់​នៅ​ក្នុង​ផ្ទះ​នៅ​ជាយ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២។

ចម្ងល់​អំពី «កំណែ​ទម្រង់​ទូលំទូលាយ»

លោក Picard មាន​ការ​ពេញចិត្ត​ចំពោះ​កម្មវិធី​លើកលែង​ទោស​ដែល​បាន​ស្នើ​ឡើង​នេះ ដោយសារ​លោក​ធ្លាប់​បាន​ឃើញ​ចំណាត់ការ​ដូចនេះ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​និង​នូវែលសេឡង់។

លោក​បាន​និយាយ​ថា កម្មវិធី​លើកលែង​ទោស​ចំពោះ​ការ​កាន់កាប់​កាំភ្លើង​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ឆ្នាំ ២០០៣ បាន​ជួយ​ឱ្យ​មាន​ការ​ប្រមូល​បាន​កាំភ្លើង​វែង កាំភ្លើង​គ្រាប់​ត្រយូត​ចេក​បាញ់​រថក្រោះ និង​អាវុធ​ធុន​តូច​ប្រភេទ​ធ្ងន់​ផ្សេង​ទៀត​ដែល​បាន​ហូរ​ចូល​មក​និង​ឆ្លងកាត់​ប្រទេស​ថៃ​ដោយសារ​ក្រុម​ឧទ្ទាម​ជា​ច្រើន​ដែល​ធ្វើ​សកម្មភាព​ពាសពេញ​ប្រទេស​នៅ​ពេល​នោះ។

ទោះជា​យ៉ាង​នេះ​ក្តី លោក Picard ជឿ​ថា កម្មវិធី​លើកលែង​ទោស​លើក​នេះ​មិន​បាន​ដោះស្រាយ​ឱ្យ​ចំ​លើ​ចំណុច​ខ្វះខាត​ជា​មូលដ្ឋាន​មួយ​ទៀត​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​គ្រប់គ្រង​អាវុធ​នៅ​ប្រទេស​ថៃ ក្រៅពី​អំពើ​ពុករលួយ​នោះ​ទេ ដែល​នោះ​គឺ​របៀប​ដែល​រដ្ឋាភិបាល​បំពាក់​អាវុធ​ដល់​ប៉ូលិស ទាហាន និង​មន្រ្តី​ដទៃ​ទៀត។

នៅ​ក្រោម​កម្មវិធី «កាំភ្លើង​សម្រាប់​សន្តិសុខ» ដែល​មាន​ជា​យូរ​មក​ហើយ​របស់​ប្រទេស​ថៃ មន្រ្តី​រាជការ​ជាច្រើន​អាច​ទិញ​អាវុធ​ជា​ច្រើន​ប្រភេទ​ដោយ​មិន​ចាំបាច់​បង់​ពន្ធ​និង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ រហូត​ដល់​ពាក់​កណ្តាល​នៃ​តម្លៃ​នៅ​ទីផ្សារ។ មន្ត្រី​រាជការ​ទាំង​នោះ ដែល​រួម​មាន​ទាំង​ទាហាន​និង​ប៉ូលិស​ផង​ដែរ បាន​ប្រើ​កម្មវិធី​នេះ​ដើម្បី​កាន់កាប់​អាវុធ​ជាប់​ខ្លួន​ដើម្បី​បំពេញ​ការងារ។

លោក Chavanut បាន​និយាយ​ថា អាជ្ញាធរ​និង​មន្រ្តី​នានា​តែង​ប្រើ​កម្មវិធី​នេះ​ដើម្បី​ប្រមូល​ទុក​អាវុធ​ ហើយ​រក្សា​ទុក​អាវុធ​ទាំង​នោះ​នៅ​ចន្លោះ​ពេល​ដែល​តម្រូវ​ឱ្យ​រង់ចាំ​មួយ និង​លក់​ទៅ​វិញ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ។ ករណី​នេះ​បាន​ជំរុញ​ឱ្យ​មាន​ការ​កើនឡើង​នូវ​កម្មសិទ្ធិ​កាន់កាប់​កាំភ្លើង​នៅ​ក្នុង​ប្រទេស​ថៃ។

លោក Picard បាន​លើកឡើង​ថា ការ​ស្រាវជ្រាវ​របស់​លោក​ផ្ទាល់​អំពី​ប្រទេស​ថៃ​បាន​បង្ហាញ​ថា កាំភ្លើង​ជា​ច្រើន​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទីផ្សារ​ងងឹត​ផង​ដែរ។

លោក Picard បាន​បន្ថែម​ថា ជា​ទូទៅ រដ្ឋាភិបាល​អាច​លុបចោល​កម្មវិធី​នេះ និង​ផ្តល់​ឱ្យ​ប៉ូលិស​និង​ទាហាន​គ្រប់​រូប​នូវ​អាវុធ​ដែល​ពួកគេ​ត្រូវការ​នៅ​ពេល​ដែល​ត្រូវ​បំពេញ​ភារកិច្ច​តែ​ប៉ុណ្ណោះ ដូច​នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ភាគ​ច្រើន​ដូច្នេះ​ដែរ។

ប៉ុន្តែ​លោក Chavanut បាន​និយាយ​ថា ការ​ធ្វើ​ដូច្នេះ​គឺ «មិន​អាច​ទៅ​រួច» នោះ​ទេ​តាម​លក្ខណៈ​ប្រតិបត្តិ​ជាក់ស្ដែង ដោយសារតែ​វា​តម្រូវ​ឱ្យ​មាន​ការ​រៀបចំ​កញ្ចប់​ថវិកា​ទ្រង់ទ្រាយ​ធំ​ឡើង​វិញ។

កន្លង​មក ប៉ូលិស​បាន​បញ្ជាក់​ថា កាំភ្លើង​ដែល​ជន​ឈ្មោះ Panya បាន​ប្រើ​នៅ​ក្នុង​ការ​បាញ់​សម្លាប់​រង្គាល​នៅ​ឯ​មណ្ឌល​ថែទាំ​កុមារ​នេះ​គឺ​ត្រូវ​បាន​ទិញ​នៅ​ក្រោម​កម្មវិធី​បញ្ចុះ​តម្លៃ ហើយ​ជន​នេះ​មាន​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​កាំភ្លើង​នេះ បើ​ទោះបីជា​ជន​នេះ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​អស់​រយៈពេល​ជា​ច្រើន​ខែ​ក្រោយ​មក​ដោយសារ​ហេតុផល​គ្រឿង​ញៀន​ក៏ដោយ។

លោក Picard បាន​បញ្ជាក់​ដូច្នេះ​ថា៖ «នេះ​គឺ​ពិតជា​បញ្ហា​ដ៏​ធំ​មួយ និង​ជា​អ្វី​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ...គិតគូរ​ឡើង​វិញ​ឱ្យ​បាន​ទូលំទូលាយ។ នេះ​មិនមែន​ជា​អ្វី​ដែល​តម្រូវ​ឱ្យ​មាន​ការ​កែប្រែ​បន្តិចបន្តួច​នោះ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​តម្រូវ​ឱ្យ​មាន​ការ​កែ​ទម្រង់​ទ្រង់ទ្រាយ​ធំ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG