ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្តី​បារម្ភ​កើន​ឡើង​ចំពោះ​សុខភាព​ចុះ​ខ្សោយ​អស់​រយៈពេល​យូរ​របស់​ព្រះ​មហាក្សត្រ​ថៃ


ស្តេច​ថៃ Bhumibol Adulyadej គង់​នៅ​ក្នុង​ឡាន នៅ​ពេល​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ Siriraj ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥។
ស្តេច​ថៃ Bhumibol Adulyadej គង់​នៅ​ក្នុង​ឡាន នៅ​ពេល​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ Siriraj ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥។

ក្តីបារម្ភ​កំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង​ឡើង​អំពី​ស្ថានភាព​របស់​ព្រះមហាក្សត្រ​ថៃ​ដែល​បាន​សោយរាជ្យ​តាំង​ពី​ឆ្នាំ​១៩៤៦ ហើយ​ការ​ស្នង​រាជ្យ​ចោទ​ជា​បញ្ហា​មែនទែន​នៅ​ប្រទេស​ថៃ។

ក្តីបារម្ភ​កំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង​ឡើង​អំពី​ស្ថានភាព​របស់​ព្រះមហាក្សត្រ​ថៃ​ដែល​បាន​សោយរាជ្យ​តាំង​ពី​ឆ្នាំ​១៩៤៦។

ព្រះនាង​ Chulabhorn ដែល​ជា​បុត្រី​ពៅ​របស់​ព្រះអង្គ​បាន​ធ្វើ​ការ​អំពាវនាវ​ខុសពី​ធម្មតា​មួយ​ទៅ​កាន់​សាធារណជន​កាលពី​សប្តាហ៍​មុន ឲ្យ​មាន​ការ​សូត្រ​ធម៌​ព្យាបាល​ Pochangkaparitra ​តាម​បែប​ពុទ្ធសាសនា​សម្រាប់​ព្រះ​បិតា​របស់​ព្រះនាង​ គឺ​ព្រះមហាក្សត្រ​ Bhumibol ដែល​បាន​គង់​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​នៅ​ក្នុង​រាជធានី​បាងកក។

ព្រះមហាក្សត្រ​ Bhumibol ​ដែល​គេ​ស្គាល់​ថា​ជា​ស្តេច​ រ៉ាម៉ា​ទី​៩ (Rama IX) បាន​បង្ហាញ​ព្រះ​ភ័ក្រ​ជា​លើក​ចុង​ក្រោយ​នៅ​ទីសាធារណៈ​កាល​ពី​ដើម​ខែ​នេះ ​នៅ​ពេល​ដែល​ទ្រង់​យាង​ចេញ​ពី​បន្ទប់​ព្យាបាល​របស់​ព្រះអង្គ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Siriraj។ ចាប់​តាំង​ពី​ពេល​នោះ​មក សេចក្តី​ប្រកាស​វេជ្ជសាស្ត្រ​របស់​ព្រះ​បរម​រាជវាំង​បាន​កត់សម្គាល់​ពីជំងឺ​ឆ្លង​ក្នុង​ឈាម ជំងឺ​គ្រុន​ក្តៅ និង​ជំងឺ​រលាក​សួត។ មាន​សេចក្តី​រាយការណ៍​ថា​ ព្រះ​អង្គ​បាន​ធូរ​ស្បើយ​ជាង​មុន​ ក៏ប៉ុន្តែ​កង្វល់​របស់​ជន​រួម​ជាតិ​ថៃ​នៅ​តែ​កើត​មាន​ដដែរ។

រាជ​ទាយាទ​ Maha Vajiralongkorn ដែលនឹង​ស្នង​រាជ្យ​បន្ត​នោះ​ មិនទទួល​បាន​ការ​ស្រឡាញ់​ពេញ​ចិត្ត​ខ្លាំង​ពី​ព្រះ​មាតា និង​ព្រះ​បិតាទេ។

នៅ​ថ្ងៃអាទិត្យ​ដ៏ក្តៅ​ហួត​ហែង​មួយ​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​ ព្រះ​រាជ​បុត្រ​អង្គ​នេះ​បាន​ដឹកនាំ​ការ​ជិះ​កង់​ទ្រង់ទ្រាយ​ធំ​មួយ​ ដើម្បី​បង្ហាញការ​គោរព​ចំពោះ​ព្រះ​មាតា​របស់​ព្រអង្គ​ គឺ​មហាក្សត្រយានី ​Sirikit ​ដែល​មាន​ព្រះ​ជន្ម​៨៣​ព្រះ​វស្សាជាមួយ​នឹង​សុខភាព​ទ្រុឌទ្រោម។ ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​នៅ​ទូទាំង​ប្រទេស​ ដែល​មាន​អ្នក​ជិះ​កង់​ចំនួន​១៤៥.០០០នាក់ និង​មន្ត្រី​ប៉ូលិស​ចំនួន​៩.០០០នាក់​ចូល​រួម​នោះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​ប្រទេស​ជាតិ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​មួយ​នេះ​ថា​ ​ក្រុម​យោធា​គាំទ្រ​ឲ្យ​ព្រះ​រាជបុត្រ​ឡើង​ស្នង​រាជ្យ​បន្ត។

ចម្ងល់​ពី​ការ​ឡើង​គ្រងរាជ្យ​បន្ត

លោក​សាស្រ្តាចារ្យ​ Pavin Chachavalpongpun ​នៅ​សាកលវិទ្យាល័យ​ក្យូតូ​ (Kyoto) និង​ជា​សាស្រ្តាចារ្យ​ល្បី​មួយ​រូប​នៅ​សាកលវិទ្យាល័យ​ Stanford​ បាន​ពន្យល់​ថា៖ «អ្នក​ដែល​មាន​អំណាច​គឺ​មក​ពី​ខ្សែ​រាជវង្ស​របស់​ព្រះ​មហាក្សត្រយានី​ ហើយ​យើង​ដឹង​ហើយ​ថា​ ព្រះ​មហាក្សត្រយានី​តែងតែ​ចង់​ឲ្យ​ព្រះ​រាជបុត្រ​របស់​ទ្រង់​ឡើង​គ្រង​រាជ្យ​បន្ត»។

លោក​ Thongchai Winichakul ​សាស្រ្តាចារ្យ​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍​នៅ​សាកលវិទ្យាល័យ​ Wisconsin បាន​និយាយ​ថា៖ «បើ​ទោះ​បី​ជា​ផ្នែក​ដទៃ​ទៀត​នៃ​ក្រុម​យោធា​អាច​នឹង​មាន​ទស្សនៈ​យល់​ឃើញ​លាយឡំ​គ្នា​ពាក់ព័ន្ធ​នឹង​រាជទាយាទ​ក៏​ដោយ​ ក៏​ពួកគេ​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​ដែល​ថា​ ព្រះ​រាជ​បុត្រ​គឺ​ជា​ស្តេចដែល​នឹង​ត្រូវ​គ្រង​រាជ្យ​បន្ទាប់»។

លោក​សាស្រ្តាចារ្យ​ Thongchai បាន​និយាយដោយ​ការ​ប្រុងប្រយ័ត្ន​ថា​ ស្ថានភាព​បច្ចុប្បន្ន​នឹង​មិន​ស្ថិតស្ថេរ​ទេ បន្ទាប់​ពី​ការ​សោយ​ទីវង្គត​របស់​ព្រះ​មហាក្សត្រ​ Bhumibol ពីព្រោះ​ថា​ «នឹង​មាន​កត្តា​ពាក់ព័ន្ធជាច្រើន​ផ្សេង​ទៀត។ ខ្ញុំ​គិតថា ​ក្រុម​យោធា​ក៏​មិន​ដឹង​ពី​រឿង​នេះ​ដែរ»។

នៅ​ខណៈ​ដែល​ព្រះ​រាជ​បុត្រត្រូវ​បាន​តែងតាំង​ជា​រាជទាយាទ​សម្រាប់​គ្រង​រាជបល្ល័ង្ក​ ទ្រង់​នៅ​តែ​ជា​តួអង្គ​ដែល​មិន​ងាយ​បង្ហាញ​ព្រះកាយ​នៅ​ទីសាធារណៈ​កាន់​តែ​ខ្លាំង ហើយ​ជីវិត​ឯកជន​របស់​ទ្រង់​គឺ​ជា​ក្តី​កង្វល់​មួយ​ផង​ដែរ។

មនុស្ស​មួយ​ចំនួន​គិត​ថា ព្រះ​នាង Sirindhorn ​ដែល​ជា​ព្រះ​អនុជ​របស់​ទ្រង់​ ហើយ​ដែល​ត្រូវ​បាន​គេ​កោត​សរសើរ​យ៉ាង​ខ្លាំង​សម្រាប់​ការងារ​សប្បុរសធម៌ និង​ការ​ប្រឹងប្រែង​ក្នុង​ផ្នែក​អប់រំ​របស់​ព្រះនាង ​អាច​នឹង​កា្លយ​ជា​អ្នក​ស្នងរាជ្យ។ ប៉ុន្តែ​ព្រះ​នាង​មិន​ទាន់​ត្រូវ​បាន​ទទួល​ការ​តែងតាំង​ជា​ផ្លូវ​ការ​ជា​រាជទាយាទ​ដើម្បី​ស្នង​រាជបល័្លង្ក​នោះ​ទេ។

លោក​សាស្រ្តាចារ្យ​ Pavin បាន​កត់សម្គាល់​ថា អ្នក​ស្មោះស្ម័គ្រ​ជាមួយព្រះ​មហាក្សត្រ​នៅ​ក្នុង​ក្រុង​បាងកក​ពេញ​ចិត្ត​នឹង​ព្រះ​នាង​ Sirindhorn​ យ៉ាង​ខ្លាំង ហើយ​ក្រុម​នេះ​នឹង​ចោទ​ជា​សំណួរ​ថា «តើ​ព្រះ​អង្គ​ដែល​ជ្រើស​តាំង​សម្រាប់​ស្នង​រាជ្យ​សម្បត្តិ​នេះ​ សាកសម​នឹង​ទទួល​បាន​រាជបល្ល័ង្ក​ដែរ​ឬ​ទេ នៅ​ខណៈ​ដែល​យើង​កំពុង​តែ​ខិត​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ព្រះ​មហាក្សត្រ»។

ហើយ​អ្វី​ដែលនៅ​មាន​បញ្ហា​ដែរ​នោះ​ គឺ​ការ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ច្រើន​ជាង​៣៥ ពាន់​លាន​ដុល្លារ​ដែល​ជា​សម្បត្តិ​ក្នុង​ទម្រង់​អចលន​ទ្រព្យ។

គ្មាន​អ្នកណា​ហ៊ាន​ពិភាក្សា​ឲ្យ​ទូលំទូលាយ​លើ​ការ​ស្នង​រាជ្យនេះ​ទេ ហើយ​ប្រធានបទ​ដែល​ពាក់ព័ន្ធ​ដូចជា​ មតិ​យោបល់ដែល​គេ​យល់​ថា​មាន​លក្ខណៈ​រិះគន់ ឬ​គំរាមកំហែង​ដល់​សមាជិក​ជាន់​ខ្ពស់​នៃ​ខ្សែ​រាជវង្ស​អាច​នឹង​បណ្តាល​ឲ្យ​មាន​ការ​ជាប់​ពន្ធនាគារ​រយៈពេល​យូរ ​នៅ​ក្រោម​ច្បាប់​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ​របស់​ថៃ​ (lese majeste law)។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​មុន​ បាន​បង្ហាញ​ក្តីកង្វល់​លើ​ច្បាប់​ព្រហ្មទណ្ឌ​ដែល​ស្ទើរ​តែ​គ្មាន​ការ​កែប្រែ​តាំង​ពី​ឆ្នាំ១៩០៨​មក។

លោក​ស្រី​ Ravina Shamdasani អ្នក​នាំ​ពាក្យ​របស់​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ក្រុង​ហ្សឺណែវ​បាន​និយាយ​ថា៖ «យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​លើ​ការ​បន្ថែម​រយៈពេល​ជាប់​ពន្ធនាគារ​ដែល​ធ្វើ​ឡើង​លើ​ករណី​ជា​ច្រើន​ដោយ​តុលាការ​យោធា ដែល​តុលាការ​នេះ​ខ្លួន​ឯងខកខាន​មិន​បាន​គោរព​តាម​ស្តង់ដា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ រួម​មាន​សិទ្ធិ​ទទួល​បាន​ការ​កាត់​ទោស​ដោយ​យុត្តិធម៌»។

ការ​បំបិទ​ការ​ពិភាក្សា

លោក​ស្រី​ Tyrell Haberkorn សាស្ត្រាចារ្យ​ផ្នែក​បំលាស់ប្តូរ​សង្គម ​និង​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ជាតិ​អូស្រ្តាលី​ (Australian National University) បាន​ដឹង​ថា ការ​ដាក់​ទោស​ធ្ងន់ៗ​សម្រាប់​ការ​បង្ហោះ​ព័ត៌មាន​នៅ​ក្នុង​បណ្តាញ​សង្គម​បង្ហាញ​ឲ្យ​ឃើញ​ថា​ អាជ្ញាធរ​មាន​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ពី​ការ​ប្រឆាំង។

លោក​ស្រី​បាន​បន្ថែម​ថា៖ «អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​អំពី​ករណី​ទាំង​នោះ​គឺ​ថា ករណី​ទាំង​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ញវ័ន្ត​ល្បីៗ​ ឬ​អ្នក​នយោបាយ​នោះ​ទេ ប៉ុន្តែ​វា​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​សាមញ្ញ។ ការ​កាត់​ទោស​ទាំង​នោះ​ហាក់​ដូចជា​ចង់​គំរាម​ដល់​មនុស្ស​សាមញ្ញ​ធម្មតា»។

ការ​ដក​ស្រង់​សម្តី ឬ​ចេញ​ផ្សាយ​ការយល់​ឃើញ​របស់​អ្នក​ដទៃ​ដែល​ចាត់​ទុក​ថា​ប៉ះពាល់​ដល់​ព្រះ​មហាក្សត្រ​ក៏ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ផងដែរ។

ការ​ព្រមាន​លើ​ករណី​ដូច្នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ពេល​ដែល​ក្រុម​ការងារ​ព័ត៌មាន​អន្តរជាតិ​របស់​កាសែត The New York Times មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះ​ពុម្ពព័ត៌មាន​នៅ​ក្នុង​ប្រទេស​ថៃ។

នាង​ Gina Wong​ ប្រធាន​ផ្នែក​សេវាកម្ម​អតិថិជន​របស់​កាសែត​នេះ​ប្រចាំ​ការិយាល័យ​ទីក្រុង​ប៉ារីស​ បាន​សរសេរ​នៅ​ក្នុង​អ៊ីម៉ែល​ផ្ញើ​ទៅ​កាន់​អតិថិជន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ថៃ​ថា៖ «ការ​ហាម​ឃាត់​នោះ​មាន​ពាក់ព័ន្ធ​នឹង​អត្ថបទ​មួយ​ដែល​ក្រុមហ៊ុន​បោះពុម្ភ​ក្នុង​ស្រុក​ដែល​ចុះ​កុងត្រា​ជាមួយ​យើង​យល់​ថា​ វា​ជា​រឿង​រសើប​ខ្លាំង​ពេក​រហូត​ដល់​មិន​អាច​បោះពុម្ភ​បាន។ ការ​សម្រេច​ចិត្ត​នេះ​ ធ្វើឡើង​ដោយ​រោងពុម្ព​តែ​ម្ខាង​ប៉ុណ្ណោះ​ ហើយ​កាសែត New York Times មិន​បាន​យល់​ព្រម​ក្នុង​ការ​ធ្វើ​បែប​នោះ​ទេ»។

អ្នក​ត្រួត​ពិនិត្យ​មើល​ខ្លឹមសារ​អត្ថបទ​របស់​ថៃ​ ជា​ធម្មតា​បិទ​ចោល​អត្ថបទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ឲ្យ​ផ្សាយទៅ​បរទេស​ ដែល​ខ្លឹមសារ​នៃ​អត្ថបទ​ទាំង​នោះ​ត្រូវគេ​ចាត់​ទុក​ថា​មិន​សមរម្យ​ចំពោះ​សមាជិក​គ្រួសារ​រាជវង្ស។

រាជានិយម​មក​ដល់​ផ្លូវ​បំបែក?

ព្រះ​មហាក្សត្រ​ Bhumibol ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាទិទេព​ចាប់​ជាតិ​នៅ​ក្នុង​ប្រទេស​ថៃ។ ព្រះ​អង្គ​គឺ​ជា​ស្តេច​តែ​មួយ​អង្គ​គត់​ដែល​ពលរដ្ឋនៅ​រស់រាន​មាន​ជីវិត​ស្គាល់​ជាង​គេ។ ការ​ចូល​ទីវង្គត​របស់​ព្រះ​អង្គ​នឹង​ធ្វើ​ឲ្យ​រាជាណាចក្រ​នេះ​មាន​ទុក្ខ​សោក​យ៉ាង​ខ្លាំង ​ហើយ​ក៏​នឹង​ជំរុញ​ឲ្យ​មាន​ការ​ស្វែង​រក​អ្នក​ស្នង​រាជ្យ​ដែល​ត្រូវ​បាន​គេ​ពន្យាពេល​ជា​យូរ​មក​ហើយ និង​ជំរុញ​ការ​ពិភាក្សា​ដ៏​ស្ងាត់​ស្ងៀម​អំពី​ការ​ផ្លាស់​ប្តូរ​ខ្សែ​រាជវង្ស​ចក្រី​ (Chakri dynasty) ដែល​បាន​សោយរាជ្យ​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មក​ហើយ​នោះ។

លោក​សាស្ត្រាចារ្យ​ Pavin ដែល​ធ្លាប់​ជាប់​ចោទ​ពី​បទ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ​កាលពី​ពេល​មុន​និយាយ​ថា៖ «រាជាធិបតេយ្យ​មានជម្រើស​ពីរ គឺ​ត្រូវ​តែ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​នៃ​របត់​ក្នុង​ស្រុក​និង​របត់​អន្តរជាតិ។ ដូច្នេះ​ គេ​ត្រូវ​ជ្រើស​រើស​យក​ជម្រើស​មួយ​គឺ​ការ​ធ្វើ​កំណែ​ទម្រង់​ខ្លួន​ឯង​ ឬ​ក៏​ត្រូវ​ប្រឆាំង​នឹង​ការ​ផ្លាស់​ប្តូរ​ ដែលនេះ​អាច​បង្ក​លទ្ធភាព​នៃ​ការ​កាត់​ផ្តាច់​ពី​សាធារណៈ ហើយ​ដួលរលំ»។

លោក​សាស្រ្តាចារ្យ​ Thongchai ដែល​ជា​មេ​ដឹកនាំ​និស្សិត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទសវត្សរ៍​១៩៧០​នៅ​ក្នុង​ប្រទេស​ថៃ​បាន​អះអាង​ថា៖ «ខ្សែ​រាជវង្ស​ចក្រី​បាន​ផ្លាស់​ប្តូរ​ដល់​កម្រិត​មួយ​ដែល​ខ្លួន​មិន​អាច​កែប្រែ​ឲ្យ​ដូច​អតីតកាល​ដ៏​ល្អ​របស់​ខ្លួន​បាន​ទៀតទេ។ អនាគត​របស់​ខ្សែ​រាជវង្ស​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​មួយ​ទសវត្សរ៍​មុន​ម្ល៉េះ។ ដូច្នេះ​ ចូរ​កុំ​ឲ្យ​តម្លៃ​ខ្ពស់​ពេក​ ឬ​ស្តី​បន្ទោស​ដល់​ស្តេច​អង្គ​ក្រោយ​ដែល​នឹង​ក្លាយ​ជា​ស្តេច​រ៉ាម៉ា​ទី១០»។

លោក​ Haberkorn ដែល​ជា​បញ្ញវ័ន្ត​របស់​ថៃ​បាន​កត់​សម្គាល់​ថា​ ការ​គោរព​ដ៏​ជ្រាលជ្រៅ​ដែល​ពលរដ្ឋ​ថៃ​មាន​ចំពោះ​ស្តេច​ Bhumibol «គឺ​មាន​ចំពោះ​តែ​ព្រះ​អង្គ​មួយ​អង្គ​ឯង​គត់​ មិន​មែន​ចំពោះ​ស្ថាប័ន​រាជវាំង​នោះ​ទេ។ សេ្តច​ថ្មី​រ៉ាម៉ា​ទី១០ នឹង​មិន​អាច​ទទួល​បាន​ការ​គោរព​នោះ​ដោយ​ស្វ័យប្រវត្តិដូច​ស្តេច​រ៉ាម៉ា​ទី៩​នោះ​ទេ បើ​ទោះ​ណាទ្រង់​មាន​ងារ​ជា​ស្តេច​ដូចគ្នា​ក៏​ដោយ។ អំណាច​ដែល​មាន​នៅ​ទីនេះ​មិនមែន​ស្ថិត​នៅ​លើ​អ្នក​ស្នង​រាជ្យ​នោះ​ទេ ប៉ុន្តែនៅ​លើ​ប្រជា​ពលរដ្ឋ​ថា​តើ​ពួក​គេនឹង​ធ្វើ​អ្វី​នៅ​ពេល​នោះ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG