ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​ថៃ​នឹង​បង្កើត​ច្បាប់​តាមដាន​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចំពោះ​ករណី​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ជាតិ


ទាហាន​ថៃ​ឈរ​យាម​កន្លែង​មួយ​ដើម្បី​ការពារ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​វិមាន​ឯករាជ្យ Victory Monument នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។

នៅ​ក្នុង​ប្រទេស​ថៃ គម្រោង​ថ្មី​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប៉ូលិស​តាម​ដាន និង​បង្អាក់​ដល់​ការ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ក្នុង​ករណី​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ជាតិ ត្រូវ​បាន​បញ្ជូន​ដល់​គណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ប៉ូលិស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​វិវត្តន៍​នេះ​មាន​គោល​បំណង​អនុញ្ញាត​ឲ្យ​ប៉ូលិស​មាន​សិទ្ធិ​លួច​ស្ដាប់​ការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន ដោយ​ធ្វើ​ការ​កែប្រែ​ច្បាប់​ព្រហ្មទណ្ឌ​ឆ្នាំ ១៩៣៤។ ការ​វិវត្តន៍​នេះ​ក៏​ជា​វិធានការ​សន្តិសុខ​ថ្មី​បំផុត​ផង​ដែរ​ ដែល​អនុវត្ត​ដោយ​រដ្ឋាភិបាល​យោធា ដែល​បាន​ឡើង​កាន់​អំណាច​បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ ២០១៤ កន្លង​មក។

អ្នក​នាំ​ពាក្យ​ប៉ូលិស​លោក Dechnarong Sutthicharnbancha បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «កិច្ចប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​បាន​ឯកភាព​គ្នា​លើ​គោលការណ៍​អនុញ្ញាត​ឲ្យ​ប៉ូលិស​មាន​សិទ្ធិ​ចម្លង​ទុក​នូវ​ការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​សម្រាប់​ករណី​ពាក់ព័ន្ធ​នឹង​បញ្ហា​បទ​ឧក្រិដ្ឋ​ផ្សេងៗ‍»។

លោក​បាន​បន្ថែម​ថា មាន​ជំហាន​ជា​ច្រើន​ត្រូវ​ធ្វើ​រហូត​ដល់​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត។

មន្ត្រី​ប៉ូលិស​រូប​ណា​ដែល​មាន​គោល​បំណង​ចង់​តាមដាន​ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ណា​មួយ ត្រូវ​សុំ​សិទ្ធិ​អនុញ្ញាត​ពី​តុលាការ​ជា​មុន​សិន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​មួយ​រូប​ស្ថិត​ក្នុង​ក្រុម​អ្នក​កែប្រែ​ច្បាប់​នេះ ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ហេតុ​ថា លោក​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​ឡើយ។

មន្ត្រី​ប៉ូលិស​រូប​នោះ​បាន​បញ្ជាក់​ថា ករណី​មួយ​ចំនួន​ដែល​ប៉ូលិស​អាច​សុំ​សិទ្ធិ​ពី​តុលាការ​ដើម្បី​តាម​ដាន​សំឡេង​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បាន ដូចជា​ករណី​ឧក្រិដ្ឋកម្ម ករណី​ពាក់ព័ន្ធ​សន្តិសុខ​ជាតិ ករណី​ពាក់ព័ន្ធ​ការ​ប្រមាថ​ព្រះមហាក្សត្រ​និង​រាជវង្សានុវង្ស និង​បទឧក្រិដ្ឋ​ឆ្លង​ប្រទេស​ជា​ដើម។ ចំណែក​ឯ​ករណី​នយោបាយ​វិញ​គឺ​មិន​មាន​ការ​ពាក់ព័ន្ធ​ទេ។

ការ​វិវត្តន៍​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ។

លោក Sunai Phasuk អ្នក​ស្រាវជ្រាវ​អំពី​កិច្ចការ​ប្រទេស​ថៃ​មក​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​ហៅ​គំនិត​នេះ​ថា​ជា​គំនិត​ដែល​គួរ​ឲ្យ​ព្រួញ​បារម្ភ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «គំនិត​នេះ​គឺ​ពិតជា​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយ​ហេតុ​ថា​វា​បាន​ផ្ដល់​សិទ្ធិ​ដល់​អាជ្ញាធរ​ថៃ​ក្នុង​ការ​ចោទប្រកាន់​ករណី​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​តាម​ទំនើង​ចិត្ត។ ជំហាន​មួយ​ចំនួន​ត្រូវតែ​បង្កើត​ឡើង​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​អនុវត្ត​ខុស​ដោយ​ពួក​អាជ្ញាធរ»៕

XS
SM
MD
LG