ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​សម្រេច​បន្ត​ក្រឹត្យ​គ្រា​មាន​អាសន្ន ​៣​ខែ​ទៀត​ ក្នុង​ខេត្ត​១៩​ និង​រាជធានី​បាងកក​


ទាហាន​ថៃ​ និង​​ប៉ូលិស​បង្រ្កាប​កូដកម្ម​ឈរ​នៅ​ខាង​ក្រៅ​របង​បន្លា​លួស​ ដែល​ត្រូវ​បាន​ដាក់​ព័ទ្ធ​ជុំ​វិញ​សង្កាត់​ទេសចរណ៍​ក្នុង​ទីក្រុង​បាងកក​នៅ​ខែ​ឧសភា​នេះ​។​
ទាហាន​ថៃ​ និង​​ប៉ូលិស​បង្រ្កាប​កូដកម្ម​ឈរ​នៅ​ខាង​ក្រៅ​របង​បន្លា​លួស​ ដែល​ត្រូវ​បាន​ដាក់​ព័ទ្ធ​ជុំ​វិញ​សង្កាត់​ទេសចរណ៍​ក្នុង​ទីក្រុង​បាងកក​នៅ​ខែ​ឧសភា​នេះ​។​

រដ្ឋាភិបាល​ថៃបាន​បន្ត​ស្ថានភាព​គ្រា​មាន​អាសន្ន​ សម្រាប់​រយៈ​ពេល​៣​ខែ​ទៀត​ ក្នុង​ខេត្ត​១៩​ រួម​បញ្ចូល​ទាំង​រាជធានី​បាងកក​ផង​ ពីព្រោះ​តែ​សេចក្តី​ភ័យ​ខ្លាច​ក្រែង​អំពើ​ហិង្សា​បន្ត​កើត​មាន​ឡើង​ជា​ថ្មី​ទៀត។

សេចក្តី​សម្រេច​ដើម្បី​បន្ត​ស្ថានភាព​គ្រា​មាន​អាសន្ន​រយៈពេល​៣​ខែ​ទៀត​ បាន​ធ្វើ​ឡើង​នៅ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​ប្រចាំ​សប្តាហ៍​របស់​រដ្ឋាភិបាល។​ ក្រឹត្យ​ក្នុង​គ្រា​អាសន្ន​ បាន​ត្រូវ​ដក​ចេញ​ពី​ខេត្ត​៥​ផ្សេង​ទៀត​ បន្ទាប់​ពី​ពេល​កំណត់​៣​ខែ​បាន​កន្លង​ផុត​ទៅ។

កាល​ពី​ពេល​មុន​នេះ​ កងទ័ព​ថៃ​បាន​ស្នើ​បន្ត​ស្ថានភាព​គ្រា​មាន​អាសន្ន​រយៈ​ពេល​៣ខែ​បន្ថែម​ទៀត​ នៅ​ក្នុង​ខេត្ត​ចំនួន​២៤​ ដែល​ចាប់​ផ្តើម​នៅ​ដើម​ខែ​មេសា​នៅ​ពេល​ដែល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ឡើង​ដល់​កំពូល។

ច្បាប់​បាន​ត្រូវ​ដាក់​ឱ្យ​ប្រើ​ក្នុង​អម្លុង​ពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ​ជា​ច្រើន​នៅ​ដើម​ឆ្នាំ​នេះ​ ដែល​ក្នុង​នោះ​មាន​មនុស្ស​៩០​នាក់​បាន​ត្រូវ​គេ​សម្លាប់​ ហើយ​ជាង​១​ពាន់​៤​រយ​នាក់​បាន​រង​របួស។​ បាតុកម្ម​នោះ​បាន​ដឹកនាំ​ដោយ​ពួក​អ្នក​គាំទ្រ​អតីត​នាយក​រដ្ឋមន្រ្តី​ Thaksin​ Shinawatra​ ដែល​បាន​ស្ថិត​នៅ​និរទេស​ខ្លួន​ ក្នុង​ការ​ប្រឈម​មុខ​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធធនាគារ​ ២​ ឆ្នាំ​ ចំពោះ​អំពើ​ពុករលួយ។

លោក​ Panitan​ Wattayanagorn​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​និយាយ​ថា នៅ​ពេល​ដែល​ស្ថានភាព​សន្តិសុខ​បាន​ល្អ​ប្រសើរ​ឡើង​ ការ​ព្រួយ​កង្វល់​នៅតែ​មាន​លើ​ការ​គម្រាម​កំហែង​ក្នុង​រាជធានី​បាងកក។

“នៅ​មាន​ការ​ប៉ុនប៉ង​បង្ក​ឱ្យ​មាន​បញ្ហា​ឬ​សកម្មភាព​ខ្លះ​ ដោយ​រួម​បញ្ចូល​ទាំង​វិទ្ធង្សនា។​ មាន​ការ​ប៉ុនប៉ង​ប្រើប្រាស់​បណ្តាញ​ផ្សាយ​ព៌តមាន​ខ្លះ ដើម្បី​ជម្រុញ​ប្រជារាស្រ្ត​ឱ្យ​ប្រឈម​មុខ​ដាក់​គ្នា។​ ក៏​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​មាន​ការ​រាលដាល​នូវ​អំពើ​ហិង្សា​ដល់​សង្គម​ក្នុង​របៀប​ផ្សេងៗ​ទៀត​ដែរ។​ ហេតុ​ដូច្នេះ​ហើយ​ ការ​ប្រើ​ប្រាស់​ក្រឹត្យ​សម្រាប់​គា្រ​អាសន្ន​នៅតែ​ជា​ការ​ចាំបាច់​ក្នុង​តំបន់​ខ្លះ”។

ក្រឹត្យ​នោះ​កាល​ពី​ដំបូង​បាន​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៧​ ខែ​មេសា​ ៣​សប្តាហ៍​ បន្ទាប់​ពី​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​អំពាវនាវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​មុន​ពេល​កំណត់។​ ក៏ប៉ុន្តែ​ភាព​តានតឹង​បាន​កើន​ឡើង​នៅ​ដើម​ខែ​មេសា​ បន្ទាប់​ពី​ពួក​ប្រកាន់​នយោបាយ​តឹងរ៉ឹង​របស់​ពួក​អាវ​ក្រហម​បាន​រាត​ត្បាត​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​និង​សភា​ជាតិ។

ការ​ប្រយុទ្ធ​យ៉ាង​សាហាវ​រវាង​កងសម្លាំង​សន្តិសុខ​និង​ពួក​បាតុករ​នៅ​ថ្ងៃ​ទី​១០ ​ខែ​មេសា ​បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់​ឬ​រងរបួស។

បន្ទាប់​ពី​សេចក្តី​ស្នើ​មួយ​របស់​ដ្ឋាភិបាល​ដើម្បី​ឱ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ​ បាន​ទទួលបរាជ័យ​នៅ​ដើម​ខែ​ឧសភា​មក​ ភាពតានតឹង​បាន​រីក​កាន់​តែ​ធំ​ឡើង។​ ពួក​យោធា​បាន​ចាត់​វិធានការ​បញ្ចប់​បាតុកម្ម​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​ទៀត។

លោក​ Chris​ Baker​ ជា​អ្នក​និពន្ធ​និង​ជា​អ្នក​ស្រាវជ្រាវ​អំពី​នយោបាយ​និង​ប្រវត្តិសាស្រ្ត​ថៃ​ថ្លែង​ថា​ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​តើ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ត្រូវការ​រក្សា​ក្រឹត្យ​នោះ​ទេ។

“រដ្ឋាភិបាល​មិន​បាន​ផ្តល់​មូលហេតុ​ជាក់លាក់​ថា ​តើ​ហេតុអ្វី​ពួក​គេ​កំពុង​ធ្វើ​យ៉ាង​ដូចនេះ​ទេ។​ មាន​ការ​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ពេល​នេះ​ ពី​ឧប្បត្តិហេតុ​តូចៗមួយ​ចំនួន​ដែល​បាន​កើត​មាន​ឡើង​ -- ដូច​ជា​ការ​បំផ្ទុះ​គ្រាប់បែក​មិន​បាន​សម្រេច​ ហើយ​នឹង​គ្រឿង​ផ្ទុះ​តួចៗ​ -- ក៏ប៉ុន្តែ​បញ្ហា​ទាំងអស់​នេះ​ហាក់​ដូច​ជា​មិន​អាច​បូក​បញ្ចូល​គ្នា​សម្រាប់​ការ​ពារ​ហេតុផល​ដើម្បី​រក្សា​ទុក​ច្បាប់​ស្ថានភាព​គ្រា​អាសន្ន​ដ៏​ធ្ងន់​សម្រាប់​អនុវត្តត​ទៅ​ទៀត​នោះ​បាន​ទេ”។

លោក​ Baker​ និយាយ​ទៀត​ថា​ លោក​រំពឹង​ថា ​ប្រទេស​ក្រៅ​ខ្លះ ​អាច​ធ្វើ​ការ​បញ្ចុះបញ្ចូល​ស្ងាត់ៗ​ដល់​ប្រទេស​ថៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​ឱ្យ​លប់​ចោល​ក្រឹត្យ​នោះ​ ដែល​នៅ​គ្រប​ដណ្តប់​ក្នុង​ប្រទេស​ប្រហែល​១/៣។

ក្រុម​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ទេសចរណ៍​ថៃ​ក៏​បាន​អំពាវនាវ​ឱ្យ​លប់ចោល​ក្រឹត្យ​នោះ​ដែរ​ ដោយ​បាន​និយាយ​ថា​ ក្រឹត្យ​នោះ​មាន​ផល​ប៉ះពាល់​មិន​ល្អ​លើ​ពួកអ្នក​វិនិយោគទុន​បរទេស​ និង​លើ​ពាណិជ្ជកម្ម។​ ប្រទេស​ជា​ច្រើន​នៅ​តែ​រក្សា​ការ​ព្រមាន​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ។

អង្គការ​ International​ Crisis​ ICG​ ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ Brussels​ បាន​អំពាវនាវ​ឱ្យ​លប់​ចោល​ស្ថានភាព​ក្នុង​គ្រាអាសន្ន​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​និង​ជាបន្ទាន់។​ អង្គការ​ International​ Crisis​ ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បញ្ចប់​ក្រឹត្យ​រយៈពេល​៣​ខែ​ ជា​កាយវិការ​ដ៏​សំខាន់​មួយ​ ប្រសិន​បើ​ប្រទេស​ថៃ​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ផ្សះផ្សារ​ជាតិ​នោះ។​ ក្រឹត្យ​នោះ​ហាមឃាត់​ការ​ជួបជុំ​ខាង​នយោបាយ​ និង​បន្ថយ​កិច្ចប្រតិបត្តិការ​របស់​បណ្តាញ​ផ្សាយ​ព៌តមាន​ ហើយ​នឹង​ផ្អឹប​ខ្ទង់​គណនេយ្យ​ធនាគារ​របស់​ពួក​មេ​ដឹកនាំ​និង​ពួក​អ្នក​គាំទ្រ​ប្រឆាំង​រដ្ឋាភិបាល​សំខាន់ៗ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ រដ្ឋាភិបាល​បាន​បង្ក្រាប​ទៅ​លើ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ដោយ​ធ្វើ​ការ​ចាប់ខ្លួន​ពួក​មេ​ដឹកនាំ​ ហើយ​នឹង​ពួក​អ្នក​គាំទ្រ​អាវ​ក្រហម​ល្បីៗ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា​ ពួក​បាតុករ​មួយ​ចំនួន​ធំ​ បាន​ត្រូវ​ឃុំ​ខ្លួន ​ទោះ​បី​តួលេខ​ពិតប្រាកដ​មិន​អាច​ផ្ទៀងផ្ទាត់​បាន​ក៏​ដោយ។

រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​បង្កើត​គណៈកម្មការ​មួយ​ចំនួន​ដើម្បី​ស៊ើប​អង្កេត​ការ​បង្ហូរ​ឈាម​ ហើយ​នឹង​ធ្វើ​ការ​កែទម្រង់​សំខាន់ៗ​ដើម្បី​ដោះស្រាយ​បញ្ហាជ្រៅៗ​ខាងផ្នែក​នយោបាយ។​ គណៈកម្មការ​ទាំង​នោះ​ និង​ត្រូវ​បញ្ចប់​សេចក្តី​រាយការណ៍​របស់​ខ្លួន​នៅ​ចុង​ឆ្នាំ​នេះ៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG