ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ AstraZeneca ដោយសារ​បារម្ភ​ពី​ផល​ប៉ះពាល់


បុគ្គលិកសុខាភិបាលថៃម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានសរសេរឈ្មោះលោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha នៅលើដបនោះ នៅមន្ទីរពេទ្យ Bamrasnaradura ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
បុគ្គលិកសុខាភិបាលថៃម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានសរសេរឈ្មោះលោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha នៅលើដបនោះ នៅមន្ទីរពេទ្យ Bamrasnaradura ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

ប្រទេស​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ផ្អាក​ការ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca​ បន្ទាប់​ពី​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​បាន​ផ្អាក​ការ​ចាក់​ជា​បណ្តោះ​អាសន្ន​ ក្រោយ​មាន​សេចក្តី​រាយការណ៍​ថា មនុស្ស​ខ្លះ​បានកក​ឈាម​នៅ​សរសៃ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ពិធី​សាធារណៈមួយ​ចូលរួម​ដោយ​នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ដើម្បី​ទទួល​ការ​ចាក់​វ៉ាក់សាំង​លើក​ទី ១ បាន​ត្រូវលុប​ចោល ខណៈបណ្តាញ​ផ្សាយ​ព័ត៌មាន​រាប់​សិប​បាន​ទៅ​ដល់​រួច​ហើយ មិន​ដល់​មួយ​ម៉ោង​ផង​ មុន​ពេលពិធី​គ្រោងចាប់​ផ្តើម។

ជា​ជំនួស​វិញ ក្រុម​មន្ត្រី​សុខាភិបាល​ថៃបាន​ធ្វើ​សន្និសីទ​កាសែត​ ដើម្បី​ពន្យល់ពី​ការ​ពន្យារ​ពេល​នេះ​ដោយ​ផ្អែក​លើ​ការ​សម្រេចរបស់ប្រទេស​ដាណឺម៉ាក អូទ្រីស ​និង​ប្រទេស​ផ្សេង​ទៀត​ ជា​ការប្រុងប្រយ័ត្ន​ជាមុន។

អាជ្ញាធរ​ដាណាម៉ាក​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​មិន​មាន​ភ័ស្តុតាង​ថា វ៉ាក់សាំង​ AstraZeneca បាន​នាំ​ឲ្យ​មាន​ការ​កក​ឈាម​នៅ​សរសៃ​នោះ​ទេ។

ក្រុម​អ្នក​ជំនាញ​ផ្សេង​ទៀត​បាន​ចង្អុល​បង្ហាញ​ថា វ៉ាក់សាំង​រាប់​លាន​ដូស​របស់​ក្រុមហ៊ុន AstraZeneca ដែល​ត្រូវ​បានចាក់​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត ​រួមទាំង​ចក្រភព​អង់គ្លេស​ផង​ មិនឃើញមានគេ​រាយកាណ៍​ថា បណ្តាល​ឲ្យ​មាន​បញ្ហា​កក​ឈាម​នៅ​សរសៃ ​ឬ​បញ្ហាផ្សេង​នោះ​ទេ។

លោក Yong Poovorawan ជា​ទីប្រឹក្សា​ប្រចាំ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ថៃ បាន​និយាយ​ថា ការ​ពន្យារ​ពេលនេះ គឺ​ដើម្បីស៊ើបអង្កេត​ផល​ប៉ះពាល់​ដែល​ត្រូវ​បានរាយការណ៍​ ហើយ​នឹងមិន​មាន​ប៉ះពាល់​ធំដុំ​ដល់​ការ​ចែកចាយវ៉ាក់សាំង​នោះទេ។

ថៃ​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​កាល​ពី​ខែ​មុន ដោយ​បាន​ចាក់​វ៉ាក់សាំង​មុន​ដំបូង​ចំនួន​ ២០០.០០០ ដូសរបស់​ក្រុមហ៊ុន​ចិន Sinovac និង​របស់​ក្រុមហ៊ុន AstraZeneca ចំនួន​ ១១៧.០០០​ ដូស​ ដែលត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ថៃ។

ប្រទេស​ថៃ​មាន​គោលបំណង​ចាក់​វ៉ាកសាំងចំនួន ​១០ ​លាន​ដូស ​ក្នុង​មួយ​ខែ​ ដោយ​ចាប់​ពី​ខែ​មិថុនា​ទៅ ហើយ​មាន​គម្រោង​ចាក់​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ យ៉ាង​ហោច​ណាស់​ក៏​ចំនួន​ពាក់​កណ្តាល​នៃចំនួនពលរដ្ឋសរុបនៅ​ចុង​ឆ្នាំ​នេះ​ដែរ ថ្វីបើ​មនុស្ស​ខ្លះ​និយាយ​ថា យុទ្ធនាការ​នេះ​មាន​ការ​យឺតយ៉ាវ​ក៏ដោយ៕

XS
SM
MD
LG