ច្បាប់ដ៏ចម្រូងចម្រាស់របស់ថៃ ដែលមានការដាក់ពិន័យយ៉ាងខ្លាំងចំពោះការបរិហារព្រះកិត្តិនាមក្រុមព្រះរាជវង្សានុវង្សនៃប្រទេសនេះត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងនៅសប្តាហ៍នេះ ក្នុងនោះក៏មានទាំងក្រុមអ្នករិះគន់ច្បាប់នេះផងដែរ។ ក្រុមការពារសិទ្ធិមនុស្សកំពុងអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសនេះ ឲ្យធ្វើការកែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ ឬ Les Majeste Law ហើយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការអធិប្បាយរិះគន់កាលពីពេលថ្មីៗនេះ ទៅលើការដាក់ពន្ធនាគារក្នុងរយៈពេលដ៏យូរដល់ជនល្មើសនៅក្រោមនៅច្បាប់នេះ។
សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដោយអង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានឲ្យដឹងថា ប្រទេសថៃគួរតែបញ្ឈប់ការអនុវត្តច្បាប់បរិហារព្រះកិត្តិនាមព្រះមហាក្សត្រ ដែលដាក់ទោសលើការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិ ដោយសារតែច្បាប់នេះបានធ្វើឲ្យមនុស្សជាច្រើនជាប់ពន្ធនាគារ ឬប្រឈមនឹងការកាត់ទោសដោយតុលាការយោធាដោយគ្មានការតវ៉ាទៅសាលាឧទ្ធរណ៍។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានបង្ហាញការព្រួយបារម្ភអំពី «ការរឹតបន្តឹងដ៏ខ្លាំងហួសហេតុរបស់ប្រទេសថៃទៅលើការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិ»។
ច្បាប់បរិហារព្រះកិត្តិនាមព្រះមហាក្សត្រ ឬច្បាប់ប្រមាថព្រះមហាក្សត្រ Les Majeste Law ត្រូវបានអនុវត្តយ៉ាងតឹងរឹងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមរដ្ឋាភិបាលដែលត្រូវបានបោះឆ្នោតជ្រើសរើសតាមបែបលិទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែត្រូវបានអនុវត្តកាន់តែខ្លាំងឡើងថែមទៀត តាំងពីយោធាបានចូលកាន់អំណាចនៅខែឧសភាឆ្នាំមុន។
នៅក្រោមក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ ច្បាប់នេះមានរួមបញ្ចូលទាំងការដាក់ទោសទៅលើអ្នកទាំងឡាយណាដែល «បរិហារ ជេរប្រមាថ ឬគំរាម» ដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី និងព្រះរាជវង្សានុវង្សជិតដិតរបស់ព្រះមហាក្សត្រ ដោយជាប់ពន្ធនាគាររយៈពេលរហូតដល់១៥ឆ្នាំ ឬយូរជាងនេះ។
សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានធ្វើឡើង គ្រាដែលប៉ូលិសថៃចាប់ផ្តើមការស៊ើបអង្កេតមួយទៅលើការថ្លែងសុន្ទរកថារបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក Glyn Davies ដែលបានធ្វើឡើងកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ នៅពេលដែលលោកបានរិះគន់ទៅលើការគ្រប់គ្រងផ្នែកនយោបាយ និងយោធា ដែលកាន់តែមានការរឹតបន្តឹងខ្លាំងឡើងនៅប្រទេសថៃ។
លោក Davies ក៏បានលើកឡើងអំពីការព្រួយបារម្ភចំពោះអ្វីដែលលោកហៅថា «ការកាត់ទោសឲ្យជាប់ពន្ធនាគារដែលមិនធ្លាប់មានពីមុនមក» ដែលបានធ្វើឡើងដោយតុលាការយោធាចំពោះប្រជាពលរដ្ឋ។ វាបានបំពានច្បាប់ប្រមាថព្រះមហាក្សត្រ ឬ Les Majeste Law។
ក៏ប៉ុន្តែ លោក Kiat Sittheeamorn ដែលជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យថៃ (Thailand's Democrat Party) ដែលបានជួបលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃនោះថ្លែងថា បស្ចឹមប្រទេសត្រូវមានភាពប្រយ័ត្នប្រយែងជាងមុនចំពោះការអនុវត្តច្បាប់នៅក្នុងប្រទេសថៃ។
«ច្បាប់ដែលការពារមេដឹកនាំប្រទេស គឺជាច្បាប់មួយដែលត្រូវអនុវត្តជាធម្មតា។ ច្បាប់នោះត្រូវបានទទួលស្គាល់ជាអន្តរជាតិ ទោះបីជានៅក្នុងសហរដ្ឋអាមេរិកក៏មានច្បាប់ដូចនោះដែរ (ច្បាប់ការពារប្រធានាធិបតី)។ ដូច្នេះ ការយល់អំពីរបៀបដែលច្បាប់ត្រូវបានប្រើប្រាស់ជាផ្នែកមួយ ដែលខ្ញុំជឿថាមានការយល់ច្រឡំច្រើន»។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅប្រទេសថៃ លោក Mark Kent ក៏បានចូលរួមក្នុងការជជែកវែកញែកបញ្ហានេះដែរ ក្រោយពីរដ្ឋាភិបាលយោធា ដែលជាទូទៅបានហាមប្រាមមិនឲ្យមានការធ្វើបាតុកម្មនយោបាយនៅក្នុងប្រទេសនោះ បានអនុញ្ញាតឲ្យអ្នកគាំទ្រព្រះមហាក្សត្រធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតអាមេរិក ក្រោយពីការថ្លែងរបស់លោក Glyn Davies។
នៅសប្តាហ៍នេះ របាយការណ៍មួយដែលចេញផ្សាយដោយអង្គការទប់ស្កាត់វិបត្តិអន្តរជាតិដែលហៅកាត់ថា (ICG) ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល (Brussels) បានឲ្យដឹងថា រដ្ឋាភិបាលយោធាថៃបរាជ័យក្នុងការបន្ធូរបន្ថយស្ថានភាពនយោបាយនិងការប្រទាញប្រទង់គ្នានៅក្នុងសង្គម ក្នុងខណៈពេលដែលមានការពិភាក្សាអំពី «ថាតើនរណានឹងឡើងគ្រងរាជបន្តពីព្រះមហាក្សត្របច្ចុប្បន្ន» នេះ។
ក៏ប៉ុន្តែ ការវាយតម្លៃនៅក្នុងរបាយការណ៍នេះបានបន្ថែមទៀតថា ក្រោយពីរយៈពេលមួយទសវត្សរ៍នៃវិបត្តិនយោបាយ ប្រជាពលរដ្ឋថៃភាគច្រើន «ហាក់ដូចជាសុខចិត្តទទួលយករបៀបគ្រប់គ្រងរបស់យោធា» ក្នុងអំឡុងពេលនៃការគ្រងរាជរយៈពេលជិត៦៩ឆ្នាំនៃព្រះមហាក្សត្រ Bhumipol Adulyadej។
អ្នកវិភាគនយោបាយដទៃទៀតបានថ្លែងថា ពួកគេរំពឹងថា ភាពវឹកវរផ្នែកនយោបាយនៅក្នុងឆ្នាំ២០១៦ នឹងមានតទៅទៀត រួមទាំងការកើនឡើងនៃការបែកបាក់នៅក្នុងជួរយោធាផងដែរ។
រដ្ឋាភិបាលយោធាថៃដែលកំពុងក្តាប់អំណាចយ៉ាងតឹងក្នុងដៃថ្លែងថា នៅពេលណាដែលច្បាប់រដ្ឋធម្មនុញ្ញត្រូវបានកែទម្រង់នោះ ការបោះឆ្នោតទូទៅថ្មីមួយនឹងអាចត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០១៧៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់