ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ថៃ​កាត់​ទោស​បណ្ណាធិការ​ម្នាក់​ឲ្យ​ជាប់​គុក​១០​ឆ្នាំ​ចំពោះ​ការ​ប្រមាថ​ព្រះមហាក្សត្រ

  • Daniel Schearf

លោក​បណ្ណាធិការ Somyot Pruksakasemsuk
បាងកក៖ តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​កាត់​ទោស​ឲ្យបណ្ណាធិការ​ទស្សនាវដ្តី​មួយ​រូប​ជាប់​ពន្ធនាគារចំនួន​១០​ឆ្នាំ​ក្រោម​ច្បាប់​ដ៏​ចម្រូងចម្រាស់ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះមហាក្សត្រ​ ដែល​ជនជាតិ​ថៃ​គោរពជា​ទី​សក្ការៈ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch មាន​មូលដ្ឋាន​នៅបូរី​ញូវយ៉ក និយាយ​ថា អាជ្ញាធរ​ថៃ​ទំនង​ជា​បានសំដៅយកបណ្ណាធិការ​រូប​នេះ​ដោយ​សារ​លោក​បាន​តស៊ូ​មតិឲ្យ​មាន​ការ​កែ​ទម្រង់​ច្បាប់​នេះ។

តុលាការ​ថៃ​មួយ​កាល​ពី​ថ្ងៃ​ពុធ​នេះ​បាន​រក​ឃើញ​ថា​ លោក​បណ្ណាធិការ Somyot Pruksakasemsuk មាន​ទោស​ពី​រឿង​បោះពុម្ព​អត្ថបទ​ចំនួន​ពីរ​ដែលត្រូវ​ចាត់​ទុក​ថា​មាន​ខ្លឹមសារ​ប្រមាថ​ព្រះមហាក្សត្រ។
នៅ​ក្រោម​ច្បាប់​ប្រមាថ​ព្រះជេស្តា​ដ៏​តឹងរ៉ឹង​ (Lese Majeste) នាយក​ទស្សនាវដ្តី «សំឡេង​ថាក់ស៊ីន» (Voice of Thaksin) ដែល​លែង​មាន​ដំណើរការ​ ត្រូវ​បាន​គេ​ដាក់​ទោសឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ​សម្រាប់​អត្ថបទ​និមួយៗ។

ច្បាប់​ប្រឆាំង​ការ​ប្រមាថ​ព្រះមហាក្សត្រ​របស់​ប្រទេស​ថៃ​ស្ថិត​នៅ​ក្នុង​ចំណោម​ច្បាប់​ដ៏​តឹងរ៉ឹង​បំផុត​ក្នុង​ពិភពលោក ហើយ​អាច​កំណត់​ឲ្យ​មាន​ការ​ជាប់​ទោស​រហូត​ដល់​១៥​ឆ្នាំ​សម្រាប់​បទ​ល្មើស​មួយ។
សកម្មជន​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស​ការ​កាត់​ទោស​បណ្ណាធិការ​រូប​នេះ​ថា​ជា​រឿង​នយោបាយ។

លោក Sunai Phasuk ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់​អង្គកា​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch នៅ​ក្នុង​ប្រទេស​ថៃ។ លោក​ថា​ អាជ្ញាធរ​ថៃ​ទំនង​ជា​ចាប់​កំហុសលោក​បណ្ណាធិការ​ ដោយ​សារ​រូប​លោក​បាន​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ចំពោះ​ច្បាប់​ប្រឆាំង​ការ​ប្រមាថ​ព្រះមហាក្សត្រ។

លោក Sunai ពន្យល់​ប្រាប់​វីអូអេ​ថា៖ «លោក Somyot ត្រូវ​បាន​ចាប់​ខ្លួននៅក្រោយ​រយៈ​ពេល​លោក​បានធ្វើ​យុទ្ធនាការ​បានត្រឹម​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ប្រមូល​ហត្ថលេខា​ពី​សាធារណជនសុំ​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះមហាក្សត្រ។ ក៏​ប៉ុន្តែ អត្ថបទ​ដែល​ជា​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក ក៏​ដូច​ជាសេចក្តី​សម្រេច​តុលាការ​នៅ​ថ្ងៃ​នេះ គឺ​ត្រូវ​បាន​បោះពុម្ព​ជា​យូរ​មក​ហើយ។»

អ្នក​សរសេរ​អត្ថបទមិន​ត្រូវ​បាន​គេដាក់​ទោស​ទេ។ អង្គការ Human Rights Watch និយាយ​ថា​ អ្នក​សរសេរ​រូប​នោះធ្លាប់​ជា​អ្នក​នាំ​ពាក្យ​របស់​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra ហើយ​បច្ចុប្បន្ន​នេះ​លោក​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជា​ទូទៅ ច្បាប់​បោះពុម្ព​ផ្សាយ​របស់​ប្រទេស​ថៃ ការពារ​បណ្ណាធិការពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លឹមសារ​អត្ថបទដែល​ត្រូវ​សរសេរ​ដោយ​អ្នក​ដទៃ។

ប៉ុន្តែ​លោក Sunai និយាយ​ថា តុលាការបាន​សម្រេចកាល​ពី​ថ្ងៃ​ពុធ​ថា ការ​ប្រមាថ​ព្រះមហាក្សត្រជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ ហើយច្បាប់​នេះ​មាន​អំណាច​លើស​ច្បាប់ដទៃ​ទៀត​ទាំង​អស់។

លោក Sunai ថ្លែង​ថា៖ «ដូច្នេះ​ឥឡូវ​នេះ​ នៅ​ក្នុង​ប្រទេស​ថៃ​មាន​បទដ្ឋានថ្មី​មួយ​ទៀត​ទាក់ទង​នឹង​ទោស​ប្រមាថ​ព្រះមហាក្សត្រ​ គឺ​ថា មិនមាន​សិទ្ធិ​សេរីភាព​ណា​មួយដែល​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ អាចត្រូវ​គេ​លើក​យក​មក​ការពារ​ខ្លួន​ក្នុង​រឿង​នេះ និងធានា​ឲ្យ​មានសិទ្ធិ​ជា​មូលដ្ឋាន​ទេ។ ដូច្នេះ​នេះ​ជា​ពេលវេលា​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ។ ការ​កាត់​ទោស​លោក Somyot ជា​ជំហាន​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​ដែល​បង្ហាញ​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​រង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ។»

លោក Sunai និយាយ​ថា ករណី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ​អាជ្ញាធរ​ថៃកាន់​តែ​សំដៅ​រក​ចាប់​កំហុស​ប្រព័ន្ធ​ផ្សព្វផ្សាយដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចាប់ពិរុទ្ធ​ខ្លួន​ឯង​ (self-censorship) ក្នុង​ការ​ពិភាក្សាណា​មួយ​ជា​សារធារណៈ​អំពី​រឿង​ព្រះមហាក្សត្រ។ លោក​ថា ជា​រៀងរាល់​ខែ​ អាជ្ញាធរបាន​បិទ​គេហទំព័រ​ចំនួន​ជាង​១.០០០ ដោយ​ចោទ​ថា​មាន​ខ្លឹមសារ​ប្រឆាំង​នឹង​ព្រះមហាក្សត្រ។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ តុលាការ​ថៃ​បាន​រក​ឃើញ​ថា អ្នក​គ្រប់គ្រង​គេហទំព័រ​មួយ​រូប​ឈ្មោះ Chiranuch Premchaiporn មាន​កំហុស​ដោយ​សារ​មិន​បាន​លុប​ចោលឲ្យ​ទាន់​ពេល​វេលា នូវមតិ​ដែល​គេ​បាន​សរសេរ​លើ​គេហទំព័រ​ ហើយ​ដែ​លមាន​លក្ខណៈប្រមាថព្រះមហាក្សត្រ។

នាង​ត្រូវ​បាន​តុលាការ​ព្យួរ​ទោស​ជាប់​ពន្ធនាគារ​ចំនួន​៨​ខែ ​ពី​បទ​រំលោភ​លើ​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ ដែល​ជា​ច្បាប់​គេ​ប្រើ​សម្រាប់​កាត់​ទោស​ករណី​ប្រមាថ​ព្រះមហាក្សត្រ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត។

Somyot​ ក៏​បាន​ទទួល​ទោសមួយ​ឆ្នាំ​ក្នុង​ពន្ធនាគារកាល​ពី​ថ្ងៃ​ពុធ​ដែរ​ នៅ​ក្នុង​រឿង​ក្តី​ដាច់​ដោយ​ឡែក​មួយ​ ពី​រឿង​ដែល​លោក​បាន​ចោទ​ថា ​ឧត្តមសេនីយ៍​ថៃ​ម្នាក់​ស្ថិត​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០០៦​ ដែល​បាន​ទម្លាក់​លោក​អតីត​នាយករដ្ឋមន្រ្តី​ Thaksin Shinawatra​ ពី​តំណែង។​

ទស្សនាវដ្តី​និង​លោក​ Somyot​ ជា​អ្នក​រិះគន់​ស្ថាប័ន​រដ្ឋាភិបាល​ និង​ជា​អ្នក​គាំទ្រ​លោក​អតីត​នាយករដ្ឋមន្រ្តី។

លោក​ Thaksin Shinawatra​ ត្រូវ​ចោទ​ប្រកាន់​អំពី​ភាព​មិន​ស្មោះត្រង់​ចំពោះ​រាជាធិបតេយ្យ ហើយ​ឥឡូវ​រស់​នៅ​និរទេស​ខ្លួន​ ដើម្បី​ជៀសវាង​ពន្ធនាគារ​ក្នុងបទ​ចោទ​ប្រកាន់អំពី​រឿង​ពុក​រលួយ។​

នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន​ លោក​ស្រី​ Yingluck Shinawatra​ ជា​ប្អូន​ស្រី​របស់​លោក​ Thaksin។​ គណបក្ស​ Pheu Thai​ របស់​លោក​ស្រី​ បាន​ចូល​កាន់​អំណាច​ ដោយ​សង្ឃឹម​ថា​នឹង​អាច​កែប្រែ​ច្បាប់​ដែល​មាន​ភាពចម្រូងចម្រាស់​នេះ​ តែ​ក្តី​សង្ឃឹម​នេះ​បាន​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស។​

លោក​ David Streckfuss​ ជា​សាស្ត្រាចារ្យ​និង​ជា​អ្នក​និពន្ធ​ម្នាក់​នៅ​ប្រទេស​ថៃ​ ដែល​បាន​សរសេរ​យ៉ាង​ច្រើន​ទាក់ទង​នឹង​អំពី​រឿង Lese Majeste។​ លោក​បាន​និយាយ​ថា​ ការ​ចោទ​ប្រកាន់ភាគ​ច្រើនក្នុង​ពេល​ថ្មីៗ​នេះ​ មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ​ ពីព្រោះ​រដ្ឋាភិបាលមុន​របស់​លោក​ Abhisit Vejjajiva​ ដែល​ជា​អ្នក​គាំទ្រ​រាជាធិបតេយ្យ​ដ៏​មុតមាំ​ម្នាក់​ ជា​អ្នក​ចាប់​ផ្តើម​ការ​ចោទ​ប្រកាន់​ទាំង​នេះ៕

លោក Streckfuss​ និយាយ​ថា៖ «អ្វី​ដែល​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ ដូច​លោក​បាន​និយាយ​ហើយ គឺ​ថា​រដ្ឋាភិបាល​ Pheu Thai​ បាន​ចូល​មក​កាន់​អំណាច​ ដោយ​បាន​សន្យា​ថា យ៉ាង​ហោច​ណាស់​ នឹង​ពិនិត្យ​មើល​ច្បាប់​នេះ​ និង​ឲ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​និង​អ្នក​ជំនាញ​ច្បាប់​ពិនិត្យ​មើល​ច្បាប់​នេះ។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​គិត​ថា​ ប្រហែល​ដោយ​មក​ពី​អ្វី​ដែល​គេ​យល់​ថា​ដើម្បី​ជា​ការគង់វង់​ជីវិតផ្នែក​នយោបាយ​ផ្ទាល់​របស់​គេ គេ​ក៏​ឈប់​និយាយ​អំពី​ច្បាប់​នេះ​ត​ទៅ​ទៀត»៕​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Streckfuss ថ្លែង​ថា​ គេ​ហាក់​ដូច​ជា​ សង្កេត​ឃើញ​ថា ​មាន​ករណី​ថ្មី​អំពី​«ការ​ប្រមាថ​ព្រះ​ចេស្តា»​ Lese Majeste​ តិច​ជាង​មុន​ច្រើន។​ ដូច្នេះ​ ទៅ​អនាគត​ ប្រទេស​ថៃ​ប្រហែល​ជា​នឹង​មាន​ការ​ចោទ​ប្រកាន់​និង​ការ​ពិន័យ​ទោស​តិច​ជាង​មុន។​

ករណី​ប្រមាថ​ព្រះជេស្តា​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង នៅ​ក្រោយ​រដ្ឋប្រហារ​ ឆ្នាំ​ ២០០៦​ ដែល​ទាក់​ទាញឲ្យ​មាន​ការ​ផ្តន្ទាទោស​អន្តរជាតិ​ ចំពោះ​ការ​រំលោភ​ផ្នែក​នយោបាយ។​

លោក​ Streckfuss​ និយាយ​ថា​ ​រឿង​«ប្រមាថ​ព្រះ​ចេស្តា»​នេះ​ បាន​កើន​ឡើងខ្ពស់​បំផុត​ ដល់​ជាង​ ៤០០​ ករណី​ក្នុង​ឆ្នាំ​ ២០១០​ តែ​ផ្ទុយ​ទៅ​វិញ​ ធ្វើ​ឲ្យ​មាន​លទ្ធផល​ជា​អវិជ្ជមាន​ទៅ​លើ​រាជាធិបតេយ្យ​ទៅ​វិញ​ទេ ដោយ​ធ្វើ​ឲ្យ​បញ្ហា​ការ​កាត់ទោស​រឿង«​ប្រមាថ​ព្រះ​ចេស្តា​នេះ»​ រង​ការ​ការ​រិះគន់​និង​ពិនិត្យ​ពិច័យ។​
អាជ្ញាធរ​ថៃ​និយាយ​ថា​ ច្បាប់នេះ​ជា​ការ​ចាំបាច់​សម្រាប់​ការពារ​រាជាធិបតេយ្យ៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់។
XS
SM
MD
LG