ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អភិរក្ស​និយម​ថៃ​ព្យាយាម​ដោះស្រាយ​ការ​ទាមទារ​ឱ្យ​ធ្វើ​កំណែ​ទម្រង់​រាជានិយម


រូបឯកសារ៖ ក្រុមបាតុករថៃដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនិងជាសិស្សនិស្សិត លើកម្រាមដៃបី តំណាងឲ្យការតស៊ូប្រឆាំងរបស់ពួកគេ នៅពេលពួកគេធ្វើបាតុកម្មនៅមុខរដ្ឋសភាថៃ នៅទីក្រុងបាងកក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រុមបាតុករថៃដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនិងជាសិស្សនិស្សិត លើកម្រាមដៃបី តំណាងឲ្យការតស៊ូប្រឆាំងរបស់ពួកគេ នៅពេលពួកគេធ្វើបាតុកម្មនៅមុខរដ្ឋសភាថៃ នៅទីក្រុងបាងកក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ចលនា​តវ៉ា​ដែល​ភាគច្រើន​ធ្វើ​ឡើង​តាម​បែប​វិមជ្ឈការ​នៅ​ក្នុង​ប្រទេស​ថៃ និង​តាម​អ៊ីនធឺណិត ​ដែល​កំពុង​វិវត្ត​ទៅ​មុខ​ នឹង​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ដល់​រដ្ឋាភិបាល​អភិរក្ស​និយម​ក្នុង​ប្រទេស​ថៃ​ ក្នុង​ការ​បង្ក្រាប​ការ​ទាមទារ​ឱ្យ​បញ្ចប់​អំណាច​រាជវង្ស​នៅ​ក្នុង​ប្រទេស​នេះ។​

លោក Anon Nampa ដែល​ជា​មេធាវី​សិទ្ធិ​មនុស្ស​មួយ​រូប​ បាន​បំបែក​បម្រាម​រាប់​ទសវត្សរ៍​មក​ហើយ​ដោយ​ប្រឆាំង​នឹង​អំណាច​រាជវង្ស​ជា​សាធារណៈ​ នៅ​ក្នុង​ការ​តវ៉ា​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​មួយ​ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៣ ខែសីហា។

នៅ​ក្នុង​ការ​តវ៉ា​មួយ​ទៀត​ នៅ​មួយ​សប្តាហ៍​ក្រោយ​មក សកម្មជន​នានា​បាន​បង្ហាញ​ផែនការ​ ១០ ចំណុច​ច្បាស់ៗ​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​រាជានិយម​ រួម​មាន​ទាំង​ការ​ហាមឃាត់​ព្រះបរមរាជវាំង​មិន​ឱ្យ​បញ្ចេញ​ទស្សនៈ​នយោបាយ និង​ធ្វើ​និរាករណ៍​ច្បាប់​បរិហារកេរ្តិ៍​ ដែល​អាច​ដាក់​ទោស​អ្នក​រិះគន់​ព្រះមហាក្សត្រ​ ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១៥ ឆ្នាំ។​

ការ​ទាមទារ​របស់​ពួកគេ​បាន​ប្តូរ​គោលដៅ​វិញ នៅ​ទូទាំង​ប្រទេសក្នុង​ការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​សិស្ស​និស្សិត​ ដោយ​ទាមទារ​ឱ្យ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី និង​បញ្ចប់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី Prayut Chan-ocha ដែល​បាន​ដឹកនាំ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​បាន​ដោយ​ជោគជ័យ​ នៅ​ក្នុង​ឆ្នាំ ២០១៤ និង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​មុន ដែល​ត្រូវ​បាន​គេ​គិត​ជា​ទូទៅ​ថា ជា​ការ​បោះឆ្នោត​មាន​ការ​បន្លំ។

រដ្ឋាភិបាល​របស់​លោក Prayut Chan-ocha បាន​ប្រឹងប្រែង​ស្តារ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ តាម​រយៈ​ការ​សន្យា​ដើម្បី​ការពារ និង​អភិរក្ស​រាជានិយម ដែល​ជនជាតិ​ថៃ​ភាគច្រើន​នៅ​តែ​គោរព​ស្រឡាញ់​ដូចជា​ព្រះ​ពាក់​កណ្តាល។​

វ័យ​ក្មេង​និង​ខ្លាំងក្លា

ជនជាតិ​ថៃ​វ័យ​ក្មេង​មិន​សូវ​គោរព​ស្រឡាញ់​រាជានិយម​នោះ​ទេ។ ពួកគេ​បង្កើត​បាន​ជា​ក្រុម​អ្នក​តវ៉ា​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ។ ពួកគេ​មើល​ឃើញ​ថា​ ព្រះបរមរាជវាំង​បាន​ដើរ​តួ​នយោបាយ​ហួស​ដែន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ ដើម្បី​រក្សា​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន។

លោក Prayut បាន​ព្រមាន​អ្នក​តវ៉ា​ឱ្យ​ចៀសវាង​រិះគន់​រាជវង្ស​ កាលពី​ខែ​មិថុនា និង​បាន​និយាយ​ថា ពួកគេ «ពិត​ជា​បាន​ធ្វើ​ហួសហេតុ​ពេក» បន្ទាប់​ពី​ការ​ប្រមូលផ្តុំ​ នៅ​ថ្ងៃទី ១០ ខែសីហា នៅ​ពេល​ដែល​សកម្មជន​បាន​អាន​នូវ​ផែនការ​កំណែទម្រង់​ទាំង​ ១០ ចំណុច​របស់​ពួកគេ។

ចាប់​តាំង​ពី​ពេល​នោះ​មក អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​ជាង​ ១២ នាក់ និង​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​ចោទ​ជាច្រើន ​រាប់​ចាប់​ពី​បទ​បង្ក​ចលាចល និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស។ លោក Anon ដែល​ជា​មេធាវី​សិទ្ធិ​មនុស្ស​មួយ​រូប ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ។

រូបឯកសារ៖ លោក Anon Nampa មេធាវីថៃការពារសិទ្ធិមនុស្ស ត្រូវបានប៉ូលិសថៃនាំខ្លួនចូលស្ថានីយប៉ូលិសនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Anon Nampa មេធាវីថៃការពារសិទ្ធិមនុស្ស ត្រូវបានប៉ូលិសថៃនាំខ្លួនចូលស្ថានីយប៉ូលិសនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០។

ប៉ុន្តែ​លោក David Streckfuss ដែល​ជា​បញ្ញវន្ត​ឯករាជ្យ​និង​ជា​អ្នក​និពន្ធ​អំពី​ប្រវត្តិសាស្ត្រ និង​នយោបាយ​ថៃ​ បាន​និយាយ​ថា ការ​ចាប់​ខ្លួន​ទាំង​នេះ​ទំនង​នឹង​មិន​បញ្ឈប់​ចលនា​ដែល​មើល​ទៅ​ហាក់​ដូចជា​មិន​មាន​ថ្នាក់​ដឹកនាំ​ច្បាស់​លាស់​មួយ​នេះ​នោះ​ទេ។

លោក David Streckfuss បាន​ប្រាប់​ VOA ក្នុង​សម្តី​ដើម​ថា៖ «មនុស្ស​ទាំង​នោះ​ជា​អ្នក​តំណាង​នៃ​ចលនា មិន​មែន​ជា​ថ្នាក់​ដឹកនាំ​ដែល​អ្នក​អាច​ដក​ចេញ​ពី​ថ្នាក់​កំពូល ហើយ​អ្វីៗ​នឹង​ស្ងប់ស្ងាត់​ទៅ​វិញ​នោះ​ទេ»។

លោក Streckfuss បាន​បន្ថែម​ទៀត​ថា ដោយសារ​តែ​ឥឡូវ​នេះ «បញ្ហា​បាន​កើត​ឡើង​ស៊ីជម្រៅ​ទៅ​ហើយ» រដ្ឋាភិបាល​នឹង​ត្រូវ​សម្រេច​ចិត្ត​ថា​ តើ​នឹងត្រូវ​ព្យាយាម​និងដោះស្រាយ​ការ​ដេញដោល​ពី​សាធារណជន​អំពី​រាជានិយម ​ដែល​ជា​បញ្ហា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ឬ​ក៏ធ្វើ​ការ​បង្ក្រាប។

លោក Streckfuss បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​ចង់​និយាយ​ថា វា​នឹង​ទាមទារ​ឱ្យ​មាន​ការ​គាបសង្កត់​ច្រើន​នៅ​ចំណុច​នេះ​ ដើម្បី​បំបិទ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​មនុស្សម្នា​ជាច្រើន​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​នេះ»។

ជម្រើស​ដ៏​លំបាក​ក្នុង​ការ​សម្រេច​ចិត្ត

ក្រុម​យោធា​ថៃ​បាន​ព្យាយាម​ធ្វើ​ឱ្យ​ការ​ជំទាស់​មាន​ភាព​ស្ងប់ស្ងាត់​កាលពី​មុន។ បន្ទាប់​ពី​រដ្ឋប្រហារ​ក្នុង​ឆ្នាំ ២០១៤ ក្រុម​យោធា​របស់​លោក​នាយករដ្ឋមន្ត្រី Prayut បាន​ប្រមូល​យក​សកម្មជន អ្នក​សិក្សា​ស្រាវជ្រាវ និង​អ្នក​កាសែត​ ដែល​ខ្លួន​យល់​ថា ជា​ការ​គំរាម​ដល់​ខ្លួន​ដោយ​ទទួល​បាន​ជោគជ័យ​ខ្លះៗ។

ក្រុម​យោធា​នេះ​បន្ទាប់​មក​បាន​ចំណាយ​ពេល ​៥ ឆ្នាំ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ ២០១៩ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​នេះ​យ៉ាង​ហោចណាស់​មើល​ទៅ​ ដូច​ជា​ប្រទេស​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ម្តង​ទៀត។

លោក Streckfuss បាន​និយាយ​ថា របប​ដែល​បង្កើត​ឡើង​ជា​ថ្មី​របស់​លោក Prayut អាច​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការ​បោះចោល​កម្លាំង​ទាំង​អស់ ​ដើម្បី​ធ្វើ​ការ​ចាប់ខ្លួន​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត ហើយ​យ៉ាង​ហោចណាស់ ​នឹង​ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​ថា​មុននឹង​សម្រេច​ធ្វើ​ដូច្នេះ។ លោក​បាន​បន្ថែម​ថា ក៏​អាច​នឹង​មាន​ហានិភ័យ​ដែរ​ ដោយសារ​តែ​ការ​បង្ក្រាប​កាន់​តែ​ខ្លាំង​របស់​អាជ្ញាធរ ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ងើប​ឡើង​ប្រឆាំង​ ហើយ​មាន​មនុស្ស​កាន់​តែ​ច្រើន​នឹង​ចូលរួម​ជាមួយ​នឹង​ក្រុម​អ្នក​តវ៉ា។

លោក Pavin Chachavalpongpun សាស្ត្រាចារ្យ​រង​នៅ​សាកលវិទ្យាល័យ Kyoto ក្នុង​ប្រទេស​ជប៉ុន​ដែល​សិក្សា​ស្រាវជ្រាវ​លើ​នយោបាយ​ថៃ​ បាន​ព្រមាន​ថា ប្រសិន​បើ​ការ​ទាមទារ​ឱ្យ​មាន​កំណែទម្រង់​រាជានិយម​បន្ត​កើន​ឡើង និង​រាលដាល​ត​ទៅ​ទៀត ពួកគេ​អាច​នឹង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា។​

លោក Pavin Chachavalpongpun បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​នឹង​បន្ត​ពឹងផ្អែក​លើ​ឧបករណ៍​ផ្លូវ​ច្បាប់​នៅ​ពេល​នេះ។ ប៉ុន្តែ​ប្រសិនបើ​ក្រុម​សិស្ស​និស្សិត​បង្ក​ឱ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​ការ​តវ៉ា​របស់​ពួកគេ នោះ​រដ្ឋាភិបាល​អាច​នឹង​ប្រើប្រាស់​កងកម្លាំង។ ក្រុម​សិស្ស​និស្សិត​ [នឹង] មិន​រាថយ​ជាមួយ​នឹង​ការ​ទាមទារ​របស់​ពួកគេ​នោះ​ទេ។ ដូច្នេះ វា​គឺ​ជា​ការ​សាកល្បង​ដ៏​ល្អ​បំផុត​ទៅលើ​ភាព​អត់ធ្មត់​របស់​រដ្ឋាភិបាល​»។

លោក Titipol Phakdeewanich ប្រធាន​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Ubon Ratchathani ​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​និយាយ​ថា ការ​ចាប់​ខ្លួន​ទាំង​នេះ​នឹង​មិន​បញ្ឈប់​ការ​ទាមទារ​ឱ្យ​ធ្វើ​កំណែទម្រង់​នៅ​ក្នុង​ការ​តវ៉ា​នោះ​ទេ ប៉ុន្តែ​អាច​ជួយ​ពន្យឺត​ការ​ទាមទារ​របស់​ពួកគេ។ លោក​បាន​និយាយ​ថា កងកម្លាំង​សន្តិសុខ​នា​ពេល​ថ្មីៗ​នេះ​បាន​គំរាម​ថា​ នឹង​ប្តឹង​សិស្ស​ម្នាក់​ ​ចំពោះ​ការ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​អំពី​រាជានិយម។

អ្នក​ផ្សេង​ត្រូវ​បាន​គេ​ប្តឹង​ឬ​ចាប់​ខ្លួន​រួច​ហើយ​ ចំពោះ​ការ​បង្ហោះ​មតិយោបល់​រិះគន់​ ឬ​គ្រាន់​តែ​ចែករំលែក​ព័ត៌មាន​អំពី​ព្រះមហាក្សត្រ Maha Vajiralongkorn។

លោក Titipol បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «តាម​ពិត​ទៅ ការ​ធ្វើ​បែប​នេះ​បាន​ធ្វើ​ឱ្យ​សិស្ស​និស្សិត​មាន​ការ​ភ័យ​ខ្លាច​ ចំពោះ​អ្វីដែល​អាច​នឹងកើតឡើង​ចំពោះ​ពួកគេ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី បើ​ប្រៀបធៀប​ជាមួយ​ការ​តវ៉ា​នៅ​តាមដង​ផ្លូវ លោក​នៅ​តែ​យល់​ថា អ៊ីនធឺណិតគឺ​ជា​ «តំបន់​មាន​សុវត្ថិភាព» ដែល​នៅ​លើ​អ៊ីនធឺណិត​នេះ ការ​និយាយ​ពី​កំណែ​ទម្រង់​រាជានិយម​បាន​កើន​ឡើង​យ៉ាង​ខ្លាំង និង​ស​បញ្ជាក់​ថា វា​នឹង​កាន់​តែ​ពិបាក​ក្នុង​ការ​បញ្ឈប់។

រូបឯកសារ៖ អ្នកគាំទ្ររបបរាជានិយមម្នាក់កាន់រូបព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn និងព្រះមហាក្សត្រី Suthida នៅក្នុងការប្រមូលផ្តុំមួយរបស់ក្រុមស្តាំនិយមគោរពរបបរាជានិយម Thai Pakdee នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកគាំទ្ររបបរាជានិយមម្នាក់កាន់រូបព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn និងព្រះមហាក្សត្រី Suthida នៅក្នុងការប្រមូលផ្តុំមួយរបស់ក្រុមស្តាំនិយមគោរពរបបរាជានិយម Thai Pakdee នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០។

បដិវត្តន៍​ឌីជីថល

នៅ​ថ្ងៃទី ២៤ ខែសីហា ក្រុមហ៊ុន Facebook បាន​យល់​ព្រម​ចំពោះ​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ដើម្បី​បិទ​ការ​ចេញ​ចូល​ទៅ​ក្នុង​គណនី Royal Marketplace នៅ​ក្នុង​ប្រទេស​ថៃ ដែល​នេះ​ជា​គណនី​ហ្វេសប៊ុក​រិះគន់​ដល់​រាជានិយម​ ដែល​មាន​សមាជិក​ជាង​ ១ លាន​នាក់។

គណនី​នេះ​បង្កើត​ឡើង​ដោយ​លោក Pavin ដែល​អាច​នឹងប្រឈម​មុខ​នឹង​ពាក្យ​បណ្តឹង​ផ្លូវ​ច្បាប់​នៅ​ក្រោម​ច្បាប់​បទឧក្រិដ្ឋកម្ម​កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​ថៃ។ នៅ​ចុង​ខែកញ្ញា​នេះ គណនី​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ប្រហាក់ប្រហែល​នេះ​បាន​ទាក់ទាញ​សមាជិក​ចាស់ៗ​ស្ទើរ​តែ​ទាំង​អស់​មក​វិញ ដោយ​ទទួល​បាន​ការ​ចេញ​ចូល​ទៅ​កាន់​គណនី​នេះ​ នៅ​ក្នុង​ប្រទេស​ថៃ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ជនជាតិ​ថៃ​រាប់​ពាន់​នាក់​ក៏​បាន​ផ្លាស់ប្តូរ​ពី​ការ​ប្រើប្រាស់​កម្មវិធី Twitter ទៅ​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ទៀត​ជំនួស ដែល​មាន​មាន​ឈ្មោះ​ថា Minds ដោយសារ​អ្នក​ប្រើប្រាស់​កម្មវិធី Twitter ដែល​បង្ហោះ​សារ​រិះគន់​ព្រះមហាក្សត្រ​ត្រូវ​បាន​ប៉ូលិស​ទៅ​រក។ គោលនយោបាយ​ឯកជនភាព​ថ្មី​របស់​កម្មវិធី Twitter ក៏​បាន​បង្ក​ឱ្យ​មាន​ភាព​ភ័យខ្លាច​ថា អាច​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចែករំលែក​ទិន្នន័យ​ជាមួយ​នឹង​រដ្ឋាភិបាល។

លោកTitipol បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «រដ្ឋាភិបាល​មិន​អាច​បញ្ឈប់​មនុស្ស​ជំនាន់​នេះ​ទាំង​ស្រុង​មិន​ឱ្យ​គេ​គិត ឬ​ស្វែងរក​ប្រភព​ព័ត៌មាន​ជំនួស​នោះ​ទេ។ វា​មិន​ងាយស្រួល​នោះ​ទេ​ក្នុង​សតវត្សរ៍​ទី ២១ ​នេះ ដោយសារ​មាន​បច្ចេកវិទ្យា​គ្រប់​ប្រភេទ និង​មាន​បណ្តាញ​សង្គម​ផ្សេងៗ​គ្នា​ជាច្រើន»។

លោក Arthit Suriyawongkul សហស្ថាបនិក​នៃ​បណ្តាញ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ថៃ ដែល​ជា​ក្រុម​តស៊ូ​មតិ​ ដើម្បី​សិទ្ធិ​ឌីជីថល​បាន​និយាយ​ថា ការ​ចែករំលែក​សារ​ encrypted ដែល​ជាប់​កូដ​រារាំង​មិនឲ្យ​មាន​ក៏​លួច​ចូល​មើល​ ឬទាញយក​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​កាន់​តែ​មាន​ការ​ពិបាក​ ក្នុង​ការ​តាមដាន និង​បិទ​គណនី​ទាំង​នោះ​ «ដូច្នេះ​មធ្យោបាយបាន​ផ្លាស់ប្តូរ​ហើយ»។​

បើ​តាម​ទ្រឹស្តី​រដ្ឋាភិបាល​អាច​បិទ​ការ​ចេញចូល​ក្នុង​បណ្តាញ​ទាំង​មូល ដូច​នៅ​ក្នុង​ប្រទេស​ចិន ឬ​ធ្វើ​តាម​វិធី​ដែល​ថៃ​បាន​ធ្វើ​ជាមួយ​នឹង​បណ្តាញ​ហ្វេសប៊ុក ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​មាន​រដ្ឋប្រហារ​ក្នុង​ឆ្នាំ២០១៤។ ប៉ុន្តែ​លោក Arthit បាន​និយាយ​ថា​ បណ្តាញ​សង្គម​ធំៗ​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​ចំពោះ​អាជីវកម្ម​ថៃ និង​ចំពោះ​ការ​ឃោសនា​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​បែប​នេះ។

លោក Arthit បាន​និយាយ​ថា ការ​ប្រើ​កម្លាំង​បាយ​ «នឹង​មិន​មាន​ប្រយោជន៍​ទៀត​នោះ​ទេ​ នៅ​ក្នុង​ដំណាក់កាល​ថ្មី​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នេះ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG