ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ថៃ​ប្រឈម​ជាមួយ​នឹង​របប​រាជានិយម ស្របពេល​ដែល​ការតវ៉ា​រីក​កាន់តែ​ធំ​ឡើង


មេដឹកនាំ​និស្សិត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់ ចរចា​ជាមួយ​មន្រ្តី​ប៉ូលិស នៅ​ពេល​ដែល​ពួកគេ​ដើរក្បួន​នៅតាម​ផ្លូវ​ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ទីក្រុង​បាងកក ប្រទេសថៃ​កាលពី​ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។
មេដឹកនាំ​និស្សិត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់ ចរចា​ជាមួយ​មន្រ្តី​ប៉ូលិស នៅ​ពេល​ដែល​ពួកគេ​ដើរក្បួន​នៅតាម​ផ្លូវ​ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ទីក្រុង​បាងកក ប្រទេសថៃ​កាលពី​ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។

ក្រុម​បាតុករ​កាន់​តែ​មាន​ភាព​អង់អាច​ក្លាហាន​ជាង​មុន ក្នុង​រយៈ​ពេល ២ ​ខែ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ព្រះបរម​រាជវាំង​នៃ​ប្រទេស​ថៃ ​និង​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​យោធា ​ដោយ​ពួក​គេ​បាន​បំបែក​នូវ​បំរាម​មិន​ឲ្យ​រិះ​គន់​របប​រាជានិយម​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ។

នៅ​ក្នុង​ការ​ប្រឈម​មុខ​ដោយ​បើក​ចំហ​ប្រឆាំង​នឹង​របប​រាជានិយម​នៃ​ព្រះ​មហាក្សត្រ Maha Vajiralongkorn ​ក្រុម​បាតុករ​រាប់​ពាន់​នាក់​បាន​ដង្ហែ​ក្បួន​នៅ​ក្នុង​ទីក្រុង​បាងកក​ កាល​ពី​ថ្ងៃ​អាទិត្យ ទី២០ ខែកញ្ញា ដើម្បី​បង្ហាញ​ការ​ទាម​ទារ​នានា​របស់​ពួក​គេ​ រួម​មាន​ទាំង​ការ​អំពាវ​នាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​កាត់​បន្ថយ​អំណាច​របស់ព្រះ​អង្គ​ផង។

ក្រុម​បាតុករ​កាន់​តែ​មាន​ភាពក្លាហាន​ជាង​មុន​នៅក្នុង​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​២​ខែ​ចុង​ក្រោយ ​ប្រឆាំង​នឹង​ព្រះ​បរមរាជវាំង​នៃ​ប្រទេស​ថៃ ​ក៏​ដូច​ជា​របប​ដែល​គ្រប់​គ្រង​ដោយ​យោធា។ ទង្វើ​បែប​នេះ​បាន​បំបែក​នូវ​បំរាម​មិនឲ្យ​រិះ​គន់​របប​រាជានិយម​ ​ដែល​ការ​រិះ​គន់​គឺ​ជា​ទង្វើផ្ទុយ​ទៅ​នឹង​ច្បាប់​ដែល​ហាម​មិនឲ្យ​ប្រមាថព្រះ​មហាក្សត្រ។

ព្រះ​បរមរាជវាំង​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ភ្លាមៗ​បាន​ទេ​ កាល​ពី​ថ្ងៃ​អាទិត្យ។ ព្រះ​មហា​ក្សត្រ​ ដែល​ធ្លាប់​បាន​ចំណាយ​ពេល​វេលា​យ៉ាង​យូរ​នៅ​អឺរ៉ុប ពេល​នេះមិន​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​ទេ។

ក្រុម​បាតុករ​ដង្ហែ​ក្បួន​ត្រូវ​បាន​រារាំង​ដោយ​ប៉ូលិស​រាប់​រយ​នាក់​ដែល​គ្មាន​ដោយ​អាវុធ​នៅ​ក្នុង​ដៃ ​តែ​មាន​បំពាក់​ទៅ​ដោយ​របាំង​ការពារ។

ក្រុម​អ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម​បាន​ប្រកាស​ពី​ជ័យ​ជម្នះ​ បន្ទាប់​ពី​ពួក​គេ​បាន​ប្រគល់​លិខិត​មួយ​ទៅ​ឲ្យ​ប៉ូលិស​ដែល​លិខិត​នោះ​រៀប​រាប់​អំពី​ការ​ទាមទារ​នានា​របស់​ពួក​គេ។ លោក​Phakphong ​Phongphetra នាយក​ស្នងការ​ប៉ូលិស​ក្រុង​បាន​និយាយ​ថា លិខិត​នោះ​នឹង​ត្រូវ​ប្រគល់​ជូន​ទៅ​ស្នងការ​ប៉ូលិសជាតិ​ ដើម្បី​សម្រេច​ថា​នឹង​ត្រូវ​ដោះ​ស្រាយ​ដោយ​របៀប​ណា​ទៀត។

លោក Parit ឬ Penguin Chiwarak បាន​ស្រែក​ប្រាប់​ទៅ​ក្រុម​មនុស្ស​ដែល​ធ្វើ​បាតុកម្ម​មុន​ពេល​ពួក​គេ​បំបែក​គ្នា​ថា «ជ័យ​ជម្នះ​ដ៏​ធំធេង​របស់​យើង​ក្នុង​រយៈ​ពេល​ ២ ថ្ងៃ​នេះ​កំពុង​បង្ហាញ​ថា មនុស្ស​សាមញ្ញ​ដូច​ពួក​យើង​ក៏​អាច​ផ្ញើ​លិខិត​ទៅ​កាន់​ខ្សែ​រាជវង្ស​បាន​ដែរ»។

បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បង្អស់​ក្នុងរយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លងទៅ​នេះ ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ ក្រុម​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ស្រែកហ៊ោ​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​របប​រាជានិយម ក៏​ដូចជា​ទាមទារ​ឲ្យ​ដក​លោក​នាយក​រដ្ឋ​មន្ត្រី​ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែល​ជា​អតីត​មេដឹកនាំ​យោធា ហើយ​ទាមទារ​ឲ្យ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត។

កាល​ពី​ព្រឹក​ព្រលឹម​នៅ​ថ្ងៃ​អាទិត្យ ក្រុម​បាតុករ​បាន​ចាក់​ស៊ីម៉ង់ត៍​បិទ​បន្ទះ​ឆ្លាក់​អក្សរ​មួយ នៅ​ជិត​ព្រះបរមរាជវាំងនៅ​រាជធានី​បាងកក នៅ​តំបន់​ដែល​គេ​ស្គាល់​ឈ្មោះ​ថា Sanam Luang។

បន្ទះនោះឆ្លាក់​អក្សរដែលមាន​ខ្លឹមសារ​ថា «នៅ​ទី​នេះ ​មនុស្ស​បាន​បញ្ចេញ​ឆន្ទៈ​របស់ពួក​គេ​ថា ប្រទេស​នេះ​គឺ​ជា​របស់​ប្រជាជន​ ហើយ​វា​មិន​មែន​ជា​ទ្រព្យ​សម្បត្តិ​របស់​ព្រះ​មហាក្សត្រ​ដូច​ដែល​ពួក​គេ​បាន​បោក​ប្រាស់​យើង​នោះ​ទេ»។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក Anucha Burapachaisri បាន​ថ្លែង​ថា ប៉ូលិស​នឹង​មិន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ​ទេ ហើយ​វា​អាស្រ័យ​លើ​ប៉ូលិស​ថា​តើ​ពួក​គេ​នឹង​ត្រូវ​សម្រេចនិង​ដាក់​ទោស​ទណ្ឌ​បែប​ណា​ដល់​ការ​និយាយ​ពាក្យ​ដែល​ខុស​ច្បាប់។

អាជ្ញាធរ​ថៃ​បាន​និយាយ​ថា ការ​រិះ​គន់​ព្រះ​មហាក្សត្រ​គឺ​ជា​ទង្វើ​មិន​អាច​ទទួល​បាន​ទេ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ព្រះ​មហាក្សត្រ​បាន​ឡើង​គ្រង​រាជ្យ​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ «សម្រាប់​តំណែង​ដែល​ជា​ទី​គោរព​សក្ការៈ»៕

ប្រែសម្រួលដោយលោក នៀម ឆេង

XS
SM
MD
LG