ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ព្រួយបារម្ភ​ពី​អំពើ​ហិង្សា​នៅ​​​មីយ៉ាន់ម៉ា​


ក្នុង​រូប​ថត​ពី​បណ្តាញ​សង្គម​នេះ គេ​ឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ចេញ​ពី​​តំបន់​មួយ​នៅ​ទី​ក្រុង Hkamti រដ្ឋ Sagaing ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។ (News Anassador via REUTERS)
ក្នុង​រូប​ថត​ពី​បណ្តាញ​សង្គម​នេះ គេ​ឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ចេញ​ពី​​តំបន់​មួយ​នៅ​ទី​ក្រុង Hkamti រដ្ឋ Sagaing ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។ (News Anassador via REUTERS)

ក្រសួង​ការ​បរទេស​ថៃ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​ប្រទេស​ថៃ​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និង​ចង់ឃើញ​ការ​អនុវត្ត​ជំហាន​នានា​ដែល​មេដឹក​នាំនៅ​អាស៊ី​អាគ្នេយ៍​បាន​ព្រមព្រៀងជាមួយ​មេដឹកនាំ​យោធាមីយ៉ាន់ម៉ា​ដើម្បី​ជួយ​បញ្ចប់​ភាព​វឹកវរ​ចាប់​តំាង​ពី​មាន​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ខែ​កុម្ភ:។​ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​បង្ហាញសញ្ញា​តិច​តួចនៃ​ការ​គោរព​តាម​ការ​មូលមតិ​គ្នា​៥​ចំណុចក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​ក្នុង​ខែ​មេសា​ដែល​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា ឲ្យ​មានការ​ចរចា​នយោបាយ​និង​ការ​តែងតំាង​ប្រេសិត​ពិសេស​ប្រចាំ​តំបន់។​

អ្នក​នាំ​ពាក្យ​ប្រចាំ​ក្រសួង​ការ​បរទេស​ថៃ​លោក Tanee Sangrat ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា៖​«យើង​បាន​តាម​ដាន​សភាព​ការណ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ជាមួយ​នឹង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ជា​ពិសេសចំពោះហេតុការណ៍​ហិង្សា​នៅ​ក្នុង​ផ្នែក​ជាច្រើន​នៃ​ប្រទេស​នេះ»។​

លោក​បាន​បញ្ជាក់​ជាថ្មី​ម្ដង​ទៀត​នូវ​ការ​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា​និង​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់ឃុំ​ទាំង​អស់​និង ​«អនុវត្ត​តាម​ការ​ព្រមព្រៀង​គ្នា​៥​ចំណុច»ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

ក្រុម​ប្រឆាំង​របប​យោធា​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​កង្វះ​សកម្មភាព​តឹងរ៉ឹង​របស់​អាស៊ាន​ហើយ​បាន​និយាយ​ថា​ជំនួប​រវាង​តំណាង​ពីរ​នាក់​របស់​អាស៊ាន​ជាមួយ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក​ Min Aung Hlaing ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ផ្តល់ឱ្យ​លោក​នូវ​ភាព​ស្របច្បាប់​កាន់​តែ​ច្រើន​ប៉ុន្តែ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​ឡើយ។​

ប្រទេស​ថៃ​មាន​ព្រំ​ប្រទល់​ជាប់​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​វែង​ជាង​ប្រទេស​ដទៃ​ទៀត​ហើយ​ប្រទេស​ថៃ​បារម្ភ​ថាជម្លោះ​នេះ​អាច​នាំ​មាន​ការ​ហូរ​ចូល​នៃ​ជនភៀស​ខ្លួន​ច្រើន៕

XS
SM
MD
LG