ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Aung San Suu Kyi បង្ហាញ​ខ្លួន​​ជា​លើក​ដំបូង​ក្នុង​តុលាការ​​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​យោធា​មក


អ្នកស្រី Aung San Suu Kyi មេដឹកនាំ​​មីយ៉ាន់ម៉ា​ដែល​ត្រូវ​ដក​ចេញ​ពី​​​តំណែង​និង​អតីត​ប្រធានាធិបតី Win Myint បង្ហាញ​ខ្លួន​នៅ​តុលាការ​មួយ​កន្លែង​នៅ​រដ្ឋធានី​ណៃពិដោ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១។

អ្នកស្រី Aung San Suu Kyi បាន​បង្ហាញ​ខ្លួន​ជាលើក​ដំបូង​ក្នុង​តុលាការ​ក្នុងប្រទេស​មីយ៉ាន់ម៉ាកាល​ពី​ថ្ងៃ​ច​ន្ទ​ម្សិលមិញ​ចាប់​តាំង​ពី​អ្នកស្រី​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាចដោយ​រដ្ឋប្រហារ​យោធា​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​កន្លង​ទៅ។

ក្រុម​មេធាវី​របស់​អ្នកស្រី បាន​ប្រាប់​អ្នក​កាសែត​ក្នុង​រដ្ឋធានី​ណៃពិដោ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ថា​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ជាមួយ​អ្នកស្រីរយៈ​ពេល​ចំនួន​៣០​នាទី​ដើម្បី​ពិភាក្សា​ពី​បណ្តឹង​ចោទ​ប្រកាន់មុន​ពេល​សវនាការ​ចាប់​ផ្តើម។ ក្រុម​មេធាវី​របស់​អ្នកស្រី​និយាយ​ថា អ្នកស្រី Aung San Suu Kyi មាន​សុខភាព​ល្អ​និង​សូម​ជូន​ពរ​ដល់ពលរដ្ឋ​មីយ៉ាន់ម៉ា​ទាំង​អស់​ឲ្យ​មាន​សុខភាព​ល្អផង​ដែរ។

អ្នកស្រី​ក៏​បាន​ផ្ញើ​សារ​មួយទៅ​កាន់​គណបក្ស​សម្ព័ន្ធភាព​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី​ដោយ​និយាយ​ថា «ទោះ​បី​ជាមាន​ការ​មិន​ពេញ​ចិត្ត​គ្នា​ក្នុង​ចំណោម​មនុស្សមួយ​ចំនួន​ក៏​គណបក្សមួយ​នេះនឹង​នៅ​តែបន្ត​វត្តមាន​របស់​ខ្លួន​ដរាប​ណា​មាន​ប្រជា​ពលរដ្ឋ​គាំទ្រ»។

ក្រុម​មេធាវី​ក៏​បាន​ជួបក្នុង​រយៈ​ពេល​ខ្លី​ផង​ដែរ​ជាមួយប្រធានាធិបតី​មីយ៉ាន់ម៉ា លោក Win Myint ដែល​ត្រូវ​របប​យោធា​ទម្លាក់​ចេញ​ពី​អំណាច​នោះ។

អ្នកស្រី Suu Kyi ត្រូវ​បាន​របប​យោធា​មីយ៉ាន់ម៉ា​ចាប់​ឃុំ​ខ្លួនចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​មក។ អ្នកស្រី​កំពុង​ប្រឈម​ពី​បទ​ព្រហ្មទណ្ឌ​ជា​ច្រើន​ហើយ​ដែល​ក្នុង​នោះ​ការ​ចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ​ការ​ទទួល​សំណូកខុស​ច្បាប់​ចំនួន​៦សែន​ដុល្លារ។ អ្នកស្រី​ក៏​ទទួល​រង​ការ​ចោទ​ប្រកាន់ពី​បទ​មាន​វិទ្យុ​ទាក់​ទងដែល​គ្មាន​អាជ្ញាបណ្ណ​ប្រើប្រាស់​ការ​បំពាន​ទៅ​លើ​ការការ​រឹត​បន្តឹង​ជំងឺ​កូវីដ១៩ ការ​រំលោភ​ទៅ​លើ​ច្បាប់ទូរគមនាគមន៍​និង​ការ​ញុះញង់ឲ្យ​មានភាព​ច្របូកច្របល់​ជា​សាធារណៈ​ជា​ដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG