ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រុម​ឧទ្ទាម​មីយ៉ាន់ម៉ា​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​របស់​​យោធា​​​ ​មួយ​ថ្ងៃ​ក្រោយ​​បាតុករ​៨​នាក់​ ត្រូវ​អាជ្ញាធរ​បាញ់​ស្លាប់


រូបឯកសារ៖ កងកម្លាំង​ក្រុម​ជាតិសាសន៍​ភាគតិច Karen ត្រូវ​បាន​គេ​មើលឃើញ​នៅ​ទីតាំង​នោះ បន្ទាប់​ពី​ដុត​បំផ្លាញ​អគារ​មួយ​នៅ​ខាង​ក្នុង​មូលដ្ឋាន​យោធា​មីយ៉ាន់ម៉ា​ក្បែរ​ព្រំដែន​ថៃ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

កងទ័ពឯករាជ្យ Kachin​ ឬ​ KIA ​ដែល​ជា​ក្រុម​ឧទ្ទាម​មាន​អំណាច​ខ្លាំងបំផុត​មួយ​ក្នុង​ចំណោម​ក្រុម​ឧទ្ទាមនានា​នៅមីយ៉ាន់ម៉ា​នោះ បាន​គូស​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទថា​ ខ្លួន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធាមួយ​គ្រឿង បន្ទាប់​ពី​មាន​ការ​បាញ់​តប​តមួយ​ ក្រោយ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាសដោយ​កង​កម្លាំងយោធាមីយ៉ាន់ម៉ា។ នេះ​បើតាម​ការលើក​ឡើង​របស់​មន្ត្រី​ម្នាក់​នៃ​ក្រុម​កង​ទ័ព​ឯករាជ្យ ​KIA ហើយ​ដែល​ត្រូវផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters នោះ។​

ប្រធាននាយកដ្ឋាន​ព័ត៌មាន​របស់​កង​កម្លាំង​ឯករាជ្យ KIA​ លោក Naw Bu បាន​ឲ្យ​ដឹង​ថា​ ឧទ្ធម្ភាគចក្រ​របស់​ក្រុមយោធា ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ប្រហែល​ជា​ម៉ោង​១០:២០​នាទី​ព្រឹក​នៅ​ជិតភូមិ​មួយ​ក្នុង​តំបន់​ Moemauk ​ក្នុង​ខេត្ត Kachin។ ​ ​

​អង្គការ​សហប្រជាជាតិ ​ប៉ាន់​ប្រមាណ​ថា ជន​ស៊ីវិល​រាប់​ម៉ឺន​នាក់​ បានរត់​គេច​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​ ដោយ​សារ​ការ​វាយ​ប្រហារ​គ្នារវាង​កង​កម្លាំង​យោធាមីយ៉ាន់ម៉ា​ និង​ក្រុម​បះបោរ​ជនជាតិ​ភាគ​តិច​ នៅ​ក្នុង​តំបន់​ដាច់​ស្រយាលភាគ​ខាង​ជើង​និង​ខាង​កើតរបស់​ប្រទេស​មីយ៉ាន់ម៉ា​នោះ។​ ជម្លោះ​នេះ​កាន់​តែ​តាន​តឹងឡើង​ ក្រោយ​ពេល​ដែល​ក្រុម​ឧត្តមសេនីយ៍យោធា​បាន​ដណ្តើម​ក្តោបក្តាប់​អំណាចនៅ​ក្នុងរដ្ឋប្រហារ​យោធាមួយ​កាលពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ដែល​បាន​ទម្លាក់រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់អ្នក​ស្រី​ Aung San Suu Kyi នោះ។

ដោយ​ឡែក កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ កង​កម្លាំង​សន្តិសុខមីយ៉ាន់ម៉ា​ បានបើក​ការ​បាញ់​ប្រហារ​ទៅ​លើបាតុកម្ម​ប្រឆាំង​ទ្រង់​ទ្រាយ​ធំ​មួយ​ចំនួន​ ដោយ​បាន​សម្លាប់ក្រុម​បាតុករចំនួន​៨​នាក់។ នេះ​បើតាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន។​ ​

​បាតុកម្មប្រឆាំង​ទាំង​នេះ ដែល​កន្លង​មក​ហាក់​ថមថយ​បន្តិច​វិញ ត្រូវ​បានរៀប​ចំជា​ផ្នែក​មួយ​នៃ​ការ​ប្រឆាំង​តវ៉ាដោយ​សហគមន៍​ជន​ជាតិ​មីយ៉ាន់ម៉ានៅ​ជុំវិញ​ពិភពលោក​ ដើម្បីប្រារព្ធ​នូវ​អ្វី​ដែល​អ្នក​រៀប​ចំ​ហៅ​ថាជា​«បដិវត្តន៍​រដូវ​ផ្ការីក​សាកល​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា» (global Myanmar spring revolution)។

សមាគម​ជួយ​អ្នក​ទោស​នយោបាយមីយ៉ាន់ម៉ា​ បាន​ឲ្យ​ដឹង​ថា​ កងសន្តិសុខ​មីយ៉ាន់ម៉ា​ បាន​សម្លាប់​អ្នក​ប្រឆាំង​តវ៉ា​យ៉ាង​ហោច​ណាស់ ​៧៦៥​នាក់​ហើយ​ ចាប់​តាំង​ពី​ក្រុមយោធា​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​មក។​ ប៉ុន្តែ​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters នៅ​មិន​ទាន់​អាច​ផ្ទៀងផ្ទាត់​ចំនួន​អ្នក​ស្លាប់​នេះនៅ​ឡើយ៕​

XS
SM
MD
LG