ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

គ្រូបង្រៀន​មីយ៉ាន់ម៉ា​ជាង​១២៥.០០០នាក់ ត្រូវគេ​ព្យួរការងារ​ដោយសារ​ប្រឆាំង​រដ្ឋប្រហារ


រូបឯកសារ៖ ក្រុម​គ្រូបង្រៀន​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ស្ថិត​ក្នុង​ឯកសណ្ឋាន ​និងពាក់​​មួក​ប្រពៃណី​របស់​ពួកគេ ចូលរួម​ក្នុង​បាតុកម្ម​មួយ​នៅ​ទីក្រុង Mandalay នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១។

គ្រូ​បង្រៀន​ជាង​១២៥.​០០០​នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ត្រូវបាន​រដ្ឋអំណាច​យោធា​ព្យួរ​ការងារ​ដោយ​សារ​ពួកគេ​ចូលរួម​ចលនា​មិន​ស្តាប់​បង្គាប់​ស៊ីវិល​មួយដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ។ នេះបើ​តាម​មន្រ្តីមួយ​រូបនៃ​សហព័ន្ធ​គ្រូ​បង្រៀន​មីយ៉ាន់​ម៉ា​ ហើយ​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន Reuters យក​មក​ចុះផ្សាយ។

ការ​ព្យួរ​ការងារ​នេះ ​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ មុន​បវេសន​កាល​ឆ្នាំសិក្សា​ថ្មី​ដែល​គ្រូ​បង្រៀន​ និង​មាតា​បិតា​សិស្ស​មួយ​ចំនួន​កំពុង​បន្ត​ធ្វើ​ពហិការ​ក្នុង​យុទ្ធនាការ​ដែល​បាន​ធ្វើឱ្យ​ប្រទេស​ស្ថិត​ក្នុង​ស្ថាន​ភាព​ជាប់គាំង​ចាប់​តាំង​ពី​រដ្ឋប្រហារ​ដែល​បាន​បង្អាក់​ដំណើរ​កំណែ​ទម្រង់​ប្រជា​ធិប​តេយ្យ​ក្នុង​រយៈ​ពេល​១​ទសវត្សរ៍​នេះ។

គ្រូ​បង្រៀន​សរុប​ទាំងអស់​ចំនួន​១២៥.​៩០០​រូប ត្រូវ​បាន​គេព្យួរ​ការងារ​កាលពី​ពេល​ថ្មីៗ​នេះ នេះ​បើតាម​សំដី​មន្រ្តី​មួយរូប​នៃសហ​ព័ន្ធ​គ្រូ​បង្រៀន​ដដែល​នេះ​ ដែល​បដិសេធមិន​ប្រាប់​ឈ្មោះ​ដោយ​ហេតុ​ភ័យ​ខ្លាច​មាន​ការសង​សឹក។ ឈ្មោះ​លោក​ ក៏ស្ថិត​ក្នុង​បញ្ជី​របស់​រដ្ឋាភិបាល​យោធា​ដែល​ចោទ​លោក​ពីបទ​ញុះ​ញង់​ឱ្យមាន​ការស្អប់​រដ្ឋា​ភិបាល។

ក្នុង​រយៈ​ពេល២​ឆ្នាំ​ចុង​ក្រោយ​នេះ មីយ៉ាន់ម៉ា​ មាន​គ្រូ​បង្រៀន​សរុប​ចំនួន​៤៣០.០០០​នាក់​ នេះ​បើ​យោង​តាម​ស្ថិតិ​ថ្មី​បំផុត។

មន្ត្រី​រូប​នោះ​ដែល​ជា​គ្រូ​បង្រៀន​ដែរ​នោះ បាន​និយាយ​ថា៖

«ការ​ព្យួរ​ការងារ​បែប​នេះ ​គឺ​ក្នុង​ន័យ​គំរាម​កំហែង​មនុស្ស​ឱ្យ​ត្រឡប់​ចូល​មក​ធ្វើការ​វិញ។ ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​បណ្តេញ​គ្រូ​បង្រៀនដ៏​ច្រើន​បែប​នេះ​មែន ប្រព័ន្ធ​ទាំងមូល​នឹង​ជាប់​គាំង»។

លោក​និយាយ​បន្ត​ទៀត​ថា​ មាន​គេប្រាប់​លោកថា បទ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​នឹងត្រូវ​គេ​ទម្លាក់​ចោល​ ប្រសិន​បើ​លោក ត្រឡប់​ចូល​មក​បម្រើ​ការងារ​វិញ។

ទីភ្នាក់ងារ​សារ​ព័ត៌​មាន Reuters មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​យោធា​ ឬ​ក្រសួង​អប់រំ​ដើម្បី​បកស្រាយ​លើ​ករណី​នេះ​បាន​ឡើយ​។ កាសែត​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ឈ្មោះ Global New Light of Myanmar បាន​អំពាវ​នាវឱ្យ​គ្រូ​បង្រៀន​ និង​សិស្ស​ទាំងអស់​ត្រឡប់​មក​សាលា​រៀន​វិញ​ ដើម្បី​អាច​ឱ្យ​ប្រព័ន្ធ​អប់រំ​អាចដំណើរ​ការ​ឡើង​វិញ​បាន។

ភាព​រអាក់​រអួល​ដែល​កើត​មាន​តាម​សាលារៀន​នេះ​ ក៏កើត​មាន​ដែរ​ក្នុង​វិស័យ​សុខា​ភិបាល​ និង​ស្ថាប័ន​រដ្ឋា​ភិបាល​ និង​ផ្នែក​ធុរកិច្ច​ឯកជន​ផងដែរ ចាប់តាំង​ពី​ប្រទេស​នេះ ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​ដោយ​សារ​រដ្ឋប្រហារ​ និង​ការ​ចាប់​ខ្លួនមេ​ដឹកនាំ​ជាប់​ឆ្នោត​លោក​ស្រី Aung San Suu Kyi។

តាម​ក្រុម​គ្រូ​បង្រៀន​បាន​បញ្ជាក់​ថា បុគ្គ​លិក​បម្រើ​ការ​តាម​សាកល​វិទ្យា​ល័យ​ប្រហែល១៩.៥០០ នាក់​ ក៏ត្រូវ​បាន​គេព្យួរ​ការងារ​ដែរ។

ការ​ចុះឈ្មោះ​ចូលរៀន​សម្រាប់​ឆមាស​ថ្មី​ក្នុងខែ​មិថុនា​ បានធ្វើឡើង​កាលពី​ពេល​ថ្មីៗនេះ ក៏ប៉ុន្តែ​មាតាបិតា​សិស្ស​ បាន​និយាយ​ថា ពួក​គេ ​មិន​បញ្ជូន​កូនៗ​ទៅ​សាលារៀន​ទេ។

អ្នក​ស្រី Myint អាយុ​៤២ឆ្នាំ​ដែល​មាន​កូនស្រី​អាយុ១៤​ឆ្នាំ​ម្នាក់​បាន​និយាយ​ថា​៖

«ខ្ញុំ ​មិន​នាំ​កូន​ស្រី​ខ្ញុំ​ទៅចុះ​ឈ្មោះ​ចូល​រៀន​ទេ​ ខ្ញុំ​មិន​ចង់​ឱ្យកូន​ស្រីខ្ញុំ​ទទួល​ការ​អប់រំ​ពី​រដ្ឋាភិបាល​យោធា​ផ្តាច់ការ​ឡើយ​។ ខ្ញុំ​ក៏ព្រួយ​បារម្ភ​ពីសុវត្ថិ​ភាព​របស់​នាង​ដែរ»។

សមាគម​ជួយ​អ្នកទោស​នយោបាយ​ភូមា បាន​បញ្ជាក់​ថា និស្សិត​ដែល​ធ្វើ​ការ​តវ៉ា​នៅ​ជួរមុខ​ជា​រៀងរាល់​ថ្ងៃ​ ក៏បាន​និយាយ​ដែរថា ពួក​គេ​នឹង​ធ្វើ​ពិហិការ​មិន​ចូល​រៀន​ផង​ដែរ។ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក មនុស្ស​ជាង​៨០០​នាក់ ​ត្រូវបាន​កង​កម្លាំង​សន្តិ​សុខ​សម្លាប់​ ហើយ​មនុស្ស​ជាង៤.២០០​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​គេចាប់​ខ្លួន រង​ការចោទ​ប្រកាន់​ ឬ​ត្រូវ​បាន​កាត់ទោស។

និស្សិត Lwin អាយុ​១៨​ឆ្នាំ និយាយ​ថា៖

«ខ្ញុំ​ត្រ​ឡប់​ចូល​សាលា​រៀន​វិញ​ លុះ​ត្រា​តែ​យើង​ទទួល​បាន​របប​ប្រជា​ធិបតេយ្យ​មក​វិញ»។

ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​មីយ៉ាន់​ម៉ា ស្ថិត​ក្នុង​ក្រុម​កម្រិត​ទាប​បំផុត​ក្នុង​តំបន់​ និង​ជាប់​ចំណាត់​ថ្នាក់​ទី៩២ ​ក្នុង​ចំណោម​ប្រទេស​ទាំង៩៣​ នៅ​ក្នុង​ការស្ទង់មតិ​សាកល​មួយ​កាលពី​ឆ្នាំ​មុន។

ទោះបី​ក្រោម​ការដឹក​នាំ​របស់​លោក​ស្រី Suu Kyi ដែល​បាន​ខ្នះខ្នែង​លើក​ស្ទួយ​វិស័យ​អប់រំ​ក៏ដោយ​ ការ​ចំណាយថវិកា​ជាតិ​លើ​វិស័យ​នេះ​ មាន​តិចជាង២ភាគរយ​នៃ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)។ ខ្ទង់​ចំណាយ​នេះ ​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ពិភពលោក​ នេះបើ​យោង​តាម​តួ​លេខ​របស់​ធនាគារ​ពិភព​លោក៕

ប្រែ​សម្រួល​ដោយ​លោក កោះ​ សុគន្ធី

XS
SM
MD
LG