ផ្នែកផ្សាយជាភាសាកូរ៉េនៃវីអូអេបានរាយការណ៍ថា ពួកប៉ូលិសថៃបានចាប់ខ្លួនអ្នកផ្សព្វផ្សាយគ្រឹស្តសាសនាអាមេរិកាំងមានដើមកំណើតកូរ៉េម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានរត់ពន្ធជនជាតិកូរ៉េខាងជើង៧នាក់ចូលក្នុងប្រទេសនៃទ្វីបអាស៊ីអាគ្នេយ៍នេះ។ អ្នកផ្សាយគ្រឹស្តសាសនារូបនេះដែលរស់នៅក្នុងប្រទេសថៃយូរយាមកហើយ ហើយដែលគេស្គាល់ថាមានត្រកូល លី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទក្រោយពីលោកបានសារភាពថាបានជួយពួកជនជាតិកូរ៉េខាងជើងរត់ចោលជួរឱ្យឆ្លងកាត់ព្រំដែននៅក្រោយបានទទួលការហៅទូរស័ព្ទពីជនជាតិកូរ៉េម្នាក់នៅក្នុងប្រទេសឡាវដែលបានសុំឱ្យលោកជួយ។ ជនជាតិកូរ៉េខាងជើងទាំង៧នាក់នោះក៏ត្រូវបានចាប់ខ្លួនជាមួយលោកលីដែរ។ អ្នកនាំពាក្យម្នាក់នៃស្ថានទូតស.រ.អា.ក្នុងប្រទេសថៃបាននិយាយថា លោកបានដឹងអំពីព័ត៌មានដែលថាពលរដ្ឋស.រ.អា.ម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ៕