ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា៖ ការជួញដូរ​មនុស្ស​គឺ​ជាការ​ប្រមាថ​ដល់​សេចក្តី​ថ្លៃ​ថ្នូ​ររបស់​មនុស្ស​ជាតិ


​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​John Kerry ​មាន​ប្រសាសន៍នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ក្នុង​ពេល​ដែល​របាយការណ៍​ស្តីពី​ការ​ជួញដូរមនុស្ស​ត្រូវ​បាន​បញ្ចេញ​ កាលពីថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០១៥។
​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​John Kerry ​មាន​ប្រសាសន៍នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ក្នុង​ពេល​ដែល​របាយការណ៍​ស្តីពី​ការ​ជួញដូរមនុស្ស​ត្រូវ​បាន​បញ្ចេញ​ កាលពីថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០១៥។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​រាលដាល​នៃ​ការជួញ​ដូរ​មនុស្ស​កំពុង​ជួយបង្កើន​ទ្រព្យសម្បត្តិ​នៅ​លើ​ពិភពលោក ​ដែលធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ត្រូវ​បានគេកេង​យក​ប្រយោជន៍​ដោយ​ពួក​អ្នក​គ្រប់​គ្រង​លើ​ក្រុម​កម្មករ​និង​ពួក​អ្នក​ធ្វើ​ពាណិជ្ជកម្ម​ខាង​ផ្លូវ​ភេទ​នៅគ្រប់​ប្រទេស​ក្នុង​ពិភពលោក។

នៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​ក្រសួង​ការបរទេស​បាន​ហៅ​ការកេង​យក​ប្រយោជន៍​ខាង​ពលកម្ម​នេះ​ថា ​ជា​ទាសភាព​សម័យ​ទំនើប ​ការ​ធ្វើ​បាបក្មេង​ស្រី​និង​ស្រ្តី​ឲ្យ​ធ្លាក់​ចូល​ក្នុង​ពេស្យាចារ​ហើយ​និង​ការ​បង្ខំ​បុរស ​ស្រ្តី​ និង​កូនក្មេង​ឲ្យ​ធ្វើ​ការងារផ្សេងៗ​នៅ​ទូទាំង​សាកលលោក​ដែល​ទទួល​បាន​កម្រៃ​ទាប​បំផុត។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​John Kerry ​មាន​ប្រសាសន៍​ថា ​ការ​ជួញ​ដូរ​មនុស្សនិង​ទាសភាព​សម័យ​ទំនើប ​ជា​ឧស្សាហកម្ម​ដែល​មាន​ទឹក​ប្រាក់​ប្រចាំ​ឆ្នាំ​១៥០​ពាន់​លាន​ដុល្លា។​ លោករដ្ឋ​មន្រ្តី​ ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​របាយការណ៍​នៅ​ឆ្នាំ​នេះ ​អំពាវនាវ​ជា​ចាំបាច់​ឲ្យ​មានចំណាត់​ការ ​ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នានា​ពង្រឹង​និង​អនុវត្ត​ច្បាប់​របស់​ខ្លួន។

លោករដ្ឋ​មន្រ្តី ​Kerry​ មាន​ប្រសាសន៍​ទៀត​ថា៖ «ដូចជា​ប្រទេស​ផ្សេង​ៗ​ទៀត​ដែរ ​យើង ​មាន​ការ​ទទួល​ខុសត្រូវ​ដើម្បី​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ធ្វើ​ការ​ងារ​ដោយ​ការ​បង្ខិត​បង្ខំ​ហើយ​និងពាណិជ្ជកម្ម​ផ្លូវភេទ‍»។

របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ ​«ការ​ជួញ​ដូរ​មនុស្ស​គ្មាន​ព្រំ​ដែន​ និង​គ្មាន​ការ​គោរព​ច្បាប់​ទេ។ ​វា​កើត​មាន​ឡើង​នៅក្នុង​ទីផ្សារពលកម្ម​ត្រឹមត្រូវ​តាម​ច្បាប់​និង​ទីផ្សារ​ពលកម្ម​ខុស​ច្បាប់ ​ទាំង​នៅ​ក្នុង​ឧស្សាហកម្ម​ត្រឹម​ត្រូវ​តាម​ច្បាប់​និង​ខុស​ច្បាប់ ​ដែល​កំពុង​ប៉ះ​ពាល់​កម្មករ​ដែល​មាន​ជំនាញ​និង​គ្មាន​ជំនាញ​មក​ពី​គ្រប់​ស្រទាប់​នៃ​ការ​អប់​រំ​ទាំងអស់‍»៕

XS
SM
MD
LG