ប្រទេសភូមាបានប្រាប់ឲ្យដឹងថា ខ្លួនបានចោទប្រកាន់សមាជិកនាវិក២០នាក់ដែលត្រូវគេរកឃើញនៅផ្ទៃសមុទ្រកាលពីខែមុនដែលបានដឹកកម្មករចំណាកស្រុក២០៨នាក់។
លោកមេធាវី Aung Kyaw Nyunt បានប្រាប់វីអូអេផ្សាយជាភាសាភូមាកាលពីថ្ងៃពុធថា បុរសទាំងនោះរួមមានអ្នកបើកនាវាជាតិថៃម្នាក់ ដែលត្រូវតុលាការកាត់ទោសឲ្យម្នាក់ៗជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។
លោកនិយាយថា «ពួកគេត្រូវជាប់ពន្ធនាគារនៅក្រោមច្បាប់អន្តោប្រវេសន៍ មិនមែនបទចោទប្រកាន់ពីការជួញដូរមនុស្សទេ។ ពួកគេបានសារភាពទទួលទោសចំពោះការចោទប្រកាន់ទាំងនេះ។ ដូច្នេះ តុលាការបានសម្រេចកាត់ទោសពួកគេ។ ក៏ប៉ុន្តែ ពួកគេ នឹងនៅតែប្រឈមការចោទប្រកាន់ពីការជួញមនុស្ស។ ពួកគេជាសមាជិកក្រុមនាវិកនោះ»។
កប៉ាល់នោះត្រូវបានគេរកឃើញនៅផ្ទៃទឹកប្រទេសភូមាកាលពីចុងខែឧសភា។ កប៉ាល់នោះបានដឹកជនចំណាកស្រុក២០៨នាក់ ភាគច្រើននៃជនចំណាកស្រុកទាំងអស់នោះ ក្រោយមក បានប្រាប់វីអូអេថា ពួកគេបានត្រូវគេឃុំឃាំងក្នុងគុកនៅក្រោមស្ថានភាពដ៏គួរឲ្យភ័យខ្លាចអស់រយៈពេល៣ខែនៅឯសមុទ្រ។
ក្នុងចំណោមជនចំណាកស្រុកទាំងអស់នោះ ៨នាក់ត្រូវបានគេរកឃើញថា មកពីប្រទេសបង់ក្លាដែស ហើយក្រោយមក ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍។ នៅដើមខែនេះ វីអូអេត្រូវបានគេផ្តល់សិទ្ធិឲ្យជួបបុរសទាំងនោះ។ បុរសខ្លះបាននិយាយថា ពួកគេបានត្រូវគេចាប់ជំរិតពីកំពង់ផែ Cox’s Bazar ហើយនិងកំពង់ផែផ្សេងទៀតនៅក្នុងប្រទេសបង់ក្លាដែស ហើយបានលក់ពួកគេទៅឲ្យពួកអ្នកជួញដូរមនុស្ស៕