បាងកក ប្រទេសថៃ៖ ក្រុមអ្នកជំនាញប្រឆាំងអំពើពុករលួយបានជួបប្រជុំគ្នានៅក្នុងប្រទេសថៃ ហើយបានផ្តល់អនុសាសន៍ជាច្រើនដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅទូទាំងពិភពលោក។
សន្និសិទ្ធអន្តរជាតិលើកទី១៤ ស្តីពីការប្រឆាំងអំពើពុករលួយ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក បានបញ្ចប់ទៅ ដោយមានការសន្យាពីប្រទេសដែលបានចូលរួមនៅក្នុងសន្និសិទ្ធនេះ ថានឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងគោរពឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងស្តីពីការប្រឆាំងអំពើពុករលួយដែលមានស្រាប់។
ក្រុមប្រឹក្សាមានការសោកស្តាយ ដោយហេតុថា ប្រទេសជាច្រើនមិនទាន់បានផ្តល់សច្ចាប័ន ឬអនុវត្តអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយដែលមានស្រាប់នោះទេ។ អនុសញ្ញានេះបានចូលជាធរមាននៅឆ្នាំ២០០៥ ហើយបានកំណត់សកម្មភាព ស្តីអំពីការទប់ស្កាត់ និងការដាក់អំពើពុករលួយទៅជាបទឧក្រិដ្ឋ ហើយនិងស្តីអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការស្តារឡើងវិញនូវទ្រព្យសម្បត្តិ។
បន្ទាប់ពីការពិភាក្សារយៈពេលបួនថ្ងៃលើបញ្ហាពុករលួយក្នុងផ្នែកឯកជន សន្តិសុខ និងសន្តិភាព គោលនយោបាយការផ្លាស់ប្តូរអាកាសធាតុ និងការដឹកជញ្ជូនជំនួយ ក្រុមប្រឹក្សាបានធ្វើសេចក្តីសន្និដ្ឋានថា អំណាចរបស់សង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវបានឲ្យតម្លៃតិចតួចនាពេលបច្ចុប្បន្ននេះ។
កញ្ញា អែមម៉ា សុវ៉ាណ្ណារ៉ាត់ (Emma Suwannarat) ដែលជាតារាភាពយន្ត គឺជាអ្នកធ្វើបទបង្ហាញសេចក្តីថ្លែងការណ៍នេះ ដោយបានកត់សម្គាល់ពីការវិវត្តដ៍យឺត នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយដែលមានស្រាប់។ កញ្ញាបន្តថា៖
«យើងកត់សម្គាល់ឃើញថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ គឺជាអនុសញ្ញាថ្មីស្រឡាង ពីព្រោះវាជាឧបករណ៍សកលដំបូងបង្អស់មួយដែលត្រូវបានតាក់តែងឡើង ដើម្បីដោះស្រាយបញ្ហាពុករលួយ។ គួរឲ្យសោកស្តាយ ប្រទេសជាច្រើនមិនទាន់បានផ្តល់សច្ចាប័នទៅលើអនុសញ្ញានេះ ឬមានការយឺតយ៉ាវក្នុងការអនុវត្តអនុសញ្ញានេះ»។
សន្និសិទនេះត្រូវបានធ្វើឡើងដំណាលគ្នានឹងជំនួបកំពូលនៃប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្ពស់ជាងគេបង្អស់ G20 នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាទីដែលក្រុមមេដឹកនាំបានសន្យាប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈផែនការប្រឆាំងអំពើពុករលួយរបស់ប្រទេសគេរៀងៗខ្លួន។ សន្និសិទនេះក៏កើតឡើងដំណាលគ្នាផងដែរ ជាមួយនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក APEC ដែលនៅទីនោះក្រុមមេដឹកនាំបានកំណត់ថា អំពើពុករលួយ គឺជាការគំរាមកំហែងមួយទៅនឹងភាពរុងរឿង និងការអភិវឌ្ឍ។
ប្រធានបទសំខាន់ក្នុងរបៀបវារៈនៃសន្និសិទ្ធនេះ គឺបញ្ហាពុករលួយ គោលនយោបាយផ្លាស់ប្តូរអាកាសធាតុ ជាពិសេសគឺផែនការអភិរក្សព្រៃឈើដែលគាំទ្រដោយអង្គការសហប្រជាជាតិ ការកាត់បន្ថយការបញ្ចេញឧស្ម័នកខ្វក់ដែលកើតពីការកាប់បំផ្លាញ និងការរិចរិលព្រៃឈើ ដែលហៅកាត់ថា REDD។
លោកស្រី អែស្ទែល ផាច (Estelle Pach) អ្នកវិភាគផែនការ REDD របស់កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិប្រចាំនៅក្នុងទីក្រុងញ៉ូវយ៉ក បានព្រមានអំពីលទ្ធភាពដែលអាចនឹងនាំឲ្យមានអំពើពុករលួយនៅក្នុងផែនការបច្ចុប្បន្នរបស់REDD។ លោកស្រីថ្លែងថា៖
«ហនិភ័យគឺនៅទីនោះ ពីព្រោះអភិបាលកិច្ចព្រៃឈើគឺមិនល្អឥតខ្ចោះនៅគ្រប់ទីកន្លែងទាំងអស់ទេ។ លំហូរថវិកាដ៏ច្រើនចេញពីយន្តការរបស់ REDDនឹងបង្កើតឲ្យមានសក្តានុពលសម្រាប់អំពើពុករលួយក្នុងទ្រង់ទ្រាយធំ និងទ្រង់ទ្រាយតូច»។
តំណាងជាច្រើនមកពីប្រទេសកំពុងអភិវឌ្ឍ ដូចជាប្រទេសម៉ាល់ឌីវស៍ (Maldives) និយាយថា ប្រទេសរបស់គេមានអារម្មណ៍ថា គេមិនត្រូវបានអនុញ្ញាតឲ្យចូលរួមចរចារ ហើយមានជំនឿតិចតួចចំពោះសេចក្តីស្មោះត្រង់របស់ប្រទេសជឿនលឿន ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការអនុវត្តតាមការសន្យានៅក្នុងផែនការ REDD។
តារាភាពយន្ត អែមម៉ា សុវ៉ាណ្ណារ៉ាត់ ដែលជាអ្នកធ្វើបទបង្ហាញសម្រាប់ក្រុមប្រឹក្សានេះបាននិយាយថា មានឱកាសក្នុងការកសាងទំនុកចិត្ត។ កញ្ញាអែមម៉ាថ្លែងថា៖
«យើងផ្តល់អនុសាសន៍ថា ឱនភាពនៃទំនុកចិត្តរវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសជឿនលឿន នៅក្នុងការចរចារស្តីពីអាកាសធាតុអន្តរជាតិ នឹងត្រូវបានធ្វើឲ្យប្រសើរឡើង ដោយយន្តការថ្មីៗ និងការទទួលខុសត្រូវទៅវិញទៅមក នៅក្នុងកម្រិតអន្តរជាតិ»។
ក្រុមប្រឹក្សាក៏បានផ្តល់អនុសាសន៍ ដើម្បីធ្វើឲ្យប្រសើរឡើងនូវតម្លាភាពធំធេងជាងមុនក្នុងផ្នែកឯកជន និងបានជំរុញឲ្យមានការដឹកនាំ និងឆន្ទៈនយោបាយខ្លាំងជាងមុន ដើម្បីទប់ស្កាត់ និងបង្រ្កាបអំពើពុករលួយនៅក្នុងគ្រប់ទម្រង់ទាំងអស់៕
ប្រែសម្រួលដោយ ឌី ខាំបូលី