ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​អនុញ្ញាត​ឱ្យ​ពលករ​ចំណាក​ស្រុក​រាប់​ពាន់​នាក់​ពន្យារ​អាជ្ញាប័ណ្ណណ​ការងារ


រូបឯកសារ៖ ពលករចំណាកស្រុកមីយ៉ាន់ម៉ា កំពុងធ្វើការនៅរោងចក្រផលិតក្រណាត់មួយកន្លែង នៅខេត្ត Pathum Thani ប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨។
រូបឯកសារ៖ ពលករចំណាកស្រុកមីយ៉ាន់ម៉ា កំពុងធ្វើការនៅរោងចក្រផលិតក្រណាត់មួយកន្លែង នៅខេត្ត Pathum Thani ប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨។

ពលករ​ចំណាក​ស្រុក​រាប់ពាន់នាក់​នៅ​ប្រទេស​ថៃ​ ដែល​លិខិត​អនុញ្ញាត​ឱ្យ​ធ្វើការ​របស់​ពួក​គេត្រូវ​ផុត​កំណត់​នោះ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​នេះ រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត ​ប៉ុន្តែ​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​បាន​និយាយ​ថា​ ការ​ចំណាយ​លើ​ការ​ពន្យារ​ពេល​នេះ ​អាច​ជំរុញ​ឱ្យ​មាន​បំណុល​និង​ការ​កេងប្រវ័ញ្ច​កម្មករ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ Reuters។​

ក្រសួង​ការងារ​ថៃ​នៅ​សប្តាហ៍​នេះ ​បាន​និយាយ​ថា ​ជន​ចំណាក​ស្រុក​សរុប​ប្រមាណ​ ១៣០.០០០​ នាក់​ មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ កម្ពុជា​ និង​ឡាវ​ ដែល​បាន​ចូល​ប្រទេស​នេះ ​ក្រោម​កិច្ចព្រមព្រៀង​ការងារ​ទ្វេភាគី​ ហើយ​ដែល​លិខិត​អនុញ្ញាត​របស់​ពួក​គេ​ត្រូវ​ផុត​កំណត់​ចាប់​ពី​ខែ​នេះ​រហូតដល់​ខែ​ធ្នូ​ ឆ្នាំ​ ២០២១​នោះ​ នឹង​មាន​សិទ្ធិ​ពន្យារ។​

រដ្ឋមន្រ្តី​ក្រសួង​ការងារ​ថៃ លោក ​Suchat Chomklin​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ធ្វើ​ដូច្នេះ​គឺ​ដើម្បី​កាត់បន្ថយ​ការ​រាលដាល​នៃ​វីរុសកូរ៉ូណា និង​ដោះស្រាយ​កង្វះខាត​ពលកម្ម​ និង​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ ដែល​មក​ប្រទេស​ថៃ​ដោយ​ស្របច្បាប់»។

ប្រទេស​ថៃ​មាន​ពលករ​ចំណាក​ស្រុក​ ដែល​បាន​ចុះ​ឈ្មោះ​ប្រហែល ​២,៨​ លាន​នាក់ ដែលភាគច្រើន​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ កម្ពុជា​ និង​ឡាវ។ ប៉ុន្តែ​អង្គការ​សហប្រជាជាតិបាន​ប៉ាន់​ប្រមាណ​ថា​ មាន​ពលករ​ចំនួន​ ២ ​លាន​បន្ថែម​ទៀត ធ្វើការ​ដោយ​គ្មាន​ការ​ចុះ​បញ្ជី​ផ្លូវការ​នៅ​ទូទាំង​ប្រទេស​ថៃ ​ក្នុង​វិស័យ​ជាច្រើន​ដូច​ជា​នេសាទ​ សំណង់​និង​កសិកម្ម។​

កាល​ពី​ខែ​មីនា យ៉ាងហោច​ណាស់​មាន​ពលករ​ចំណាក​ស្រុក​ចំនួន​ ៩០.០០០ ​នាក់​ បានសម្រុក​ចេញ​ពី​ប្រទេស​ថៃ​ នៅ​ពេល​ព្រំដែន​គោក​ត្រូវ​បាន​បិទ​នៅ​ពេល​នោះ​ ដើម្បី​ទប់ស្កាត់រាតត្បាតនៃ​ជំងឺ​កូវីដ១៩។​រហូត​មកដល់​ពេល​នេះ ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​ ចំនួន​ ៦០ ​នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​យ៉ាង​ហោច​ណាស់ ​៣.៨៥០ ​នាក់។​

ជនចំណាក​ស្រុក​ដែល​ចង់​ពន្យារ​ការ​អនុញ្ញាតឱ្យ​ធ្វើ​ការ​បន្ត​នេះ ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​សុខភាព​ និង​បង់ថ្លៃ​សេវា​ចំនួន ​១.៩០០​ បាត ​គឺ​ប្រមាណ​ ៦៣​ ដុល្លារ​ដែល​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​អ្នក​ធ្វើ​យុទ្ធនាការ ​ដែលថា ​ការ​ចំណាយ​នេះ​អាច​ត្រូវ​បាន​បំប៉ោង ​ដោយ​និយោជក​និង​មេខ្យល់​ការងារ​ និង​ជំរុញ​ឱ្យ​កម្មករ​ជំពាក់​បំណុល​កាន់​តែ​ច្រើន៕

XS
SM
MD
LG