គណៈកម្មាធិការជាតិសិទ្ធិមនុស្សរបស់ប្រទេសថៃបានបរិហារនៅថ្ងៃពុធនេះថា ក្រុមហ៊ុនដ៏ធំចំនួនពីររបស់ប្រទេសថៃដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាសម្រាប់ដាំដំណាំអំពៅនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តកោះកុងបានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ថ្លែងក្នុងសន្និសីទកាសែតធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ គណៈកម្មាធិការជាតិសិទ្ធិមនុស្សដែលជាស្ថាបន័សិទ្ធិមនុស្សឯករាជ្យបង្កើតឡើងដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃបាននិយាយថា ក្រុមហ៊ុនមីត្រផល (Mitr Phol Suger Cooperation) ទទួលបានដីសម្បទានប្រហែលជិត២ម៉ឺនហិកតាកាលពីឆ្នាំ២០០៨សម្រាប់ដាំអំពៅក្នុងខេត្តបន្ទាយមានជ័យ។
ក៏ប៉ុន្តែមានបណ្តឹងជាច្រើនពីក្រុមប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីការវិនិយោគនេះ។
ក្នុងនោះប្រជាពលរដ្ឋសរុបប្រហែលជាង៦០០គ្រួសារនិងផ្ទៃដីដំាដុះរបស់ប្រជាពលរដ្ឋជាង១ម៉ឺនហិកតាត្រូវបានប៉ះពាល់ដោយការឈូសឆាយដើម្បីដាំអំពៅរបស់ក្រុមហ៊ុនខាងលើនេះ។
ហើយកាលពីពីរឆ្នាំមុននេះ ក្រុមហ៊ុនរបស់ប្រទេសថៃមួយទៀតឈ្មោះថា ក្រុមហ៊ុនខនគែនស៊ូហ្គើរ ហៅកាត់ថា ខេអេសអ៊ិល (Khon Kaen Suger Industry Public Company Limited) ដែលបានបោះទុនវិនិយោគក្នុងស្រុកស្រែអំបិលខេត្តកោះកុងសម្រាប់ដាំអំពៅ ក៏ត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដូចគ្នានេះដែរ។
ប្រជាពលរដ្ឋជាង២០០គ្រួសារបានបាត់បង់ដីធ្លីនិងផ្ទះសម្បែងដោយសារការពង្រីកយកដីរបស់ក្រុមហ៊ុន ហើយមិនមានសំណងត្រឹមត្រូវនោះទេ។
គណៈកម្មាធិការជាតិសិទ្ធិមនុស្សរបស់ប្រទេសថៃដដែលរិះគន់បន្ថែមថា ក្រុមហ៊ុនមីត្រផលបានបរាជ័យក្នុងការអនុវត្តតាមគោលការណ៍ច្បាប់និងគតិយុត្តិនានាក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនមីត្រផល (Mitr Phol Suger Cooperation) គឺជាក្រុមហ៊ុនមេនៃក្រុមហ៊ុន៣ផ្សេងទៀតដូចជា Angkor Sugar Company, Tonle Sugar Cane Company និង Cane Suger Valley Company ដែលកំពុងដំាអំពៅនៅក្នុងខេត្តឧត្តរមានជ័យ។
ថ្លែងក្នុងសន្និសីទកាសែតធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ លោកនីរ៉ាន់ ពីតាកវាត់ឆារា (Niran Pitakwatchara) ប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សប្រទេសថៃថ្លែងថា ការវាយតម្លៃខាងលើធ្វើឡើងក្រោយពេលដែលគណៈកម្មាធិការជាតិសិទ្ធិមនុស្សរបស់ថៃបានធ្វើការស៊ើបអង្កេតរួចរាល់កាលពីពេលថ្មីនេះ។
ដោយឡែកក្រុមហ៊ុនរបស់ថៃនៅក្នុងខេត្តកោះកុងវិញ គណៈកម្មការរបស់លោកបានធ្វើការស៊ើបអង្កេតអស់រយៈពេលជាង២ឆ្នាំមកហើយ។
លោក នីរ៉ាន់ ពីតាកវាត់ឆារា បញ្ជាក់ថា គណៈកម្មាធិការរបស់លោកនឹងចងក្រងជារបាយការណ៍នៃការរំលោភសិទ្ធិមនុស្សនេះដើម្បីដាក់ជូនដល់រដ្ឋាភិបាលប្រទេសថៃ អង្គការសហប្រជាតិ និងសហគមន៍អឺរ៉ុបប្រចាំនៅប្រទេសថៃ។
«ពីព្រោះថៃគឺជាប្រទេសហត្ថលេខីមួយនៃគោលការណ៍គោរពសិទ្ធិមនុស្សរបស់អាស៊ាន ដូច្នេះហើយវាជាការសំខាន់របស់ក្រុមអ្នករកស៊ីដែលត្រូវគោរពតាមគោលការណ៍សិទ្ធិមនុស្ស»។
អ្នកស្រី ហ៊ុយ ម៉ៃ គឺជាតំណាងប្រជាពលរដ្ឋដែលរងគ្រោះក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនដំណាំអំពៅប្រទេសថៃមីត្រផល (Mitr Phol) ក្នុងខេត្តឧត្តរមានជ័យ។ អ្នកស្រីថ្លែងថា នៅឆ្នាំ២០០៨ ក្រុមហ៊ុនបានឈូសឆាយនិងដុតកម្ទេទផ្ទះសម្បែងប្រជាពលរដ្ឋ។
អ្នកស្រីថ្លែងថា៖ «បើប្រជាជនគាត់ចេញមុខតវ៉ា ខ្ញុំដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរថ្នាក់ខេត្តហ្នឹង ពួកអាជ្ញាធរហ្នឹងបំបាត់ភស្តុតាង មិនមានការដោះស្រាយជូនដល់ប្រជាពលរដ្ឋឡើយ។ ប្រជាពលរដ្ឋខ្ញុំមានការភ័យខ្លាចបើសិនតែមាននរណាហ៊ានដាក់ពាក្យបណ្តឹងនៅកន្លែងណា គឺមានប្រព័ន្ធតុលាការដេញចាប់ខ្លួនជានិច្ច។»
រីឯលោកតេង កែវ គឺជាតំណាងប្រជាពលរដ្ឋមកពីស្រុកស្រែអំបិល ខេត្តកោះកុង។ លោកថ្លែងថា ក្រុមហ៊ុនរបស់ថៃគឺខនគែនស៊ូហ្គើរបានចាប់ផ្តើមដុតបំផ្លាញនិងឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់លោកនៅឆ្នាំ២០០៦មកម៉្លេះ។
ហើយក្រុមប្រជាពលរដ្ឋបានស្វែងរកអន្តរាគមន៍ពីមន្ត្រីអាជ្ញាធរថ្នាក់ខេត្តរហូតដល់ឡើងមកទីក្រុងភ្នំពេញ ប៉ុន្តែគ្មានអ្នកអើពើរកដំណោះស្រាយដល់ពួកគាត់ឡើយ។
«ខ្ញុំសូមសំណូមពរទៅដល់រដ្ឋាភិបាលពីព្រោះរដ្ឋាភិបាលបានផ្តល់ដីទៅឲ្យក្រុមហ៊ុនសម្រាប់ធ្វើវិនិយោគ ធ្វើកសិឧស្សាហកម្ម ថាឲ្យប្រជាពលរដ្ឋរីកចម្រើនប៉ុន្តែផ្ទុយទៅវិញប្រជាពលរដ្ឋយើងខ្ញុំហិនហោចកាន់តែខ្លាំងដោយសារការផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុន។»
លោក យ៉េង វីរៈ នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍សម្តែងសុទិដ្ឋិនិយមថា របាយការណ៍របស់គណៈកម្មាធិការជាតិសិទ្ធិមនុស្សរបស់ថៃដែលនឹងចេញនៅពេលខាងមុខនឹងជួយដាក់សម្ពាធបន្ថែមលើក្រុមហ៊ុនឲ្យគោរពតាមគោលការណ៍សិទ្ធិមនុស្ស។
វីអូអេសំឡេងសហរដ្ឋអាមេរិកមិនអាចស្នើសុំសេចក្តីអធិប្បាយពីអាជ្ញាធរខេត្តឧត្តរមានជ័យនិងតំណាងក្រុមហ៊ុនទាំងពីរបានឡើយ រហូតមកទល់ល្ងាចថ្ងៃពុធនេះ។
យោងតាមរបាយការណ៍ចេញផ្សាយរបស់អង្គការសមធម៌កម្ពុជាបានឲ្យដឹងថា ការនាំស្ករអំពៅពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបបានកើនឡើងពី៥១.០០០ដុល្លារនៅឆ្នាំ ២០០៩ រហូតដល់ជាង១៣,៩ពាន់លានដុល្លារនៅឆ្នាំ២០១១៕